« មេរៀនទី ៧ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការឱបក្រសោបនូវសេចក្ដីយុត្តិធម៌ សេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់របស់ព្រះ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ៧ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ៧ ឯកសាររៀបចំសម្រាប់ថ្នាក់
ការឱបក្រសោបនូវសេចក្ដីយុត្តិធម៌ សេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់របស់ព្រះ
ម៉ូសេបានបង្រៀនថា ព្រះយេហូវ៉ាគឺ « ត្រឹមត្រូវ និងទៀងត្រង់ » ( ចោទិយកថា ៣២:៤ ) ។ គាត់បាននិយាយផងដែរថា ព្រះអម្ចាស់គឺ « មេត្តាករុណា និងទន់សន្ដោស » ( សូមមើល និក្ខមនំ ៣៤:៦ ) ។ តើអ្នកធ្លាប់ងឿងឆ្ងល់ថា តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចមានទាំងសេចក្ដីយុត្តិធម៌ និង សេចក្ដីមេត្តាករុណាដោយរបៀបណា ? គុណលក្ខណៈដ៏ទេវភាពទាំងនេះមិនត្រឹមតែបង្រៀនពីសេចក្តីស្រឡាញ់របស់ព្រះចំពោះអ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់ជាឧទាហរណ៍មួយអំពីរបៀប ដែលអ្នកអាចបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកដទៃផងដែរ ។
កំណត់ចំណាំ នៅក្នុងព្រះគម្ពីរ ព្រះបរមងារជា ព្រះ អាចសំដៅទៅលើទាំងព្រះវរបិតាសួគ៌ ឬ ព្រះយេស៊ូវគ្រីស្ទ ។ អង្គទាំងទ្វេបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ នូវលក្ខណៈដ៏ទេវភាពទាំងអស់ ។ អ្វីក៏ដោយដែលយើងរៀនអំពីអង្គមួយ គឺដូចគ្នាទៅនឹងអង្គមួយទៀតដែរ ( សូមមើល យ៉ូហាន ១៤:៩; ១៧:២១ ) ។
ផ្នែកទី ១
តើសេចក្ដីយុត្តិធម៌នៃព្រះ អាចបង្រៀនខ្ញុំអ្វីខ្លះអំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ?
មនុស្សមួយចំនួនគិតថា « ព្រះនៃគម្ពីរសញ្ញាចាស់ » មានអាកប្បកិរិយាខុសពី « ព្រះនៃគម្ពីរសញ្ញាថ្មី » ។ ពួកគេមើលឃើញព្រះនៃព្រះគម្ពីរសញ្ញាចាស់ ព្រះយេហូវ៉ា ជាការសងសឹក មានការទាមទារ និងឃោរឃៅ ។ ហើយពួកគេមើលឃើញព្រះនៃព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវគ្រីស្ទ ជាអង្គសប្បុរស អភ័យទោស និងមានក្តីមេត្តាករុណា ។ ប៉ុន្តែ ដូចអ្វីដែលអ្នកបានរៀនក្នុងមេរៀនមុនថា « [ ព្រះយេស៊ូវគ្រីស្ទ ] គឺជាព្រះយេហូវ៉ាដ៏អស្ចារ្យ នៃព្រះគម្ពីរសញ្ញាចាស់ [ ហើយ ] ជាព្រះមែស៊ី នៃព្រះគម្ពីរសញ្ញាថ្មី » (« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ChurchofJesusChrist.org ) ។ តើព្រះតែមួយអាចមានទាំង ចិត្តតឹងរឹង និង ចិត្តល្អ ខឹងក្រោធ និង អត់សង្កត់ យុត្តិធម៌ និង ក្ដីមេត្តាដោយរបៀបណា ?
គុណលក្ខណៈដែលហាក់ដូចជាផ្ទុយគ្នាទាំងនេះ គឺជាឧទាហរណ៍នៃជម្រៅ និងទំហំនៃចរិកលក្ខណៈរបស់ព្រះ ។ ការយល់ដឹងអំពីរបៀបដែលទ្រង់មានលក្ខណៈទាំងអស់នេះ អនុញ្ញាតឲ្យយើងទុកចិត្តទ្រង់ខ្លាំងជាងមុន ។ សូមគិតអំពីបញ្ហាដែលយើងអាចជួបប្រទះក្នុងជីវិតរបស់យើង ប្រសិនបើយើងទទួលយកទិដ្ឋភាពនៃលក្ខណៈដ៏ទេវភាពរបស់ព្រះ—ថាទ្រង់ ទាំង យុត្តិធម៌ និងតឹងរឹង ឬ មានក្ដីមេត្តា និងអត់ទោស ។ នៅពេលអ្នកសិក្សាព្រះគម្ពីរ សូមគិតអំពីរបៀបដែលគុណលក្ខណៈរបស់ព្រះ ទាំងអស់ មានទំនាក់ទំនងនឹងសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះរបស់ទ្រង់ ។
សូមយើងចាប់ផ្ដើមជាមួយគុណលក្ខណៈនៃសេចក្ដីយុត្តិធម៌ តើពាក្យនេះនាំឲ្យអ្នកគិតអ្វីខ្លះនៅក្នុងចិត្ត ? ពេលខ្លះ នៅក្នុងព្រះគម្ពីរ សេចក្ដីយុត្តិធម៌របស់ព្រះស្ដាប់ទៅដូចជាឃោរឃៅណាស់ ។ ដំណើររឿងខ្លះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ប្រើពាក្យដូចជា កំហឹង និង ខឹងក្រោធ ដើម្បីពិពណ៌នាអំពីសេចក្ដីយុត្តិធម៍របស់ព្រះ ចំពោះមនុស្សមិនស្តាប់បង្គាប់ និងទុច្ចរិត ( សូមមើល អេសាយ ១:៤; យេរេមា ៣២:៣០; Topical Guide « God, Indignation of » ) ។ ឧទាហរណ៍ ៖ ដោយសារការមិនគោរពប្រតិបត្តិរបស់ប្រជាជន នោះក្រុងសូដុំម និងក្រុងកូម៉ូរ៉ាត្រូវបានបំផ្លាញចោលដោយភ្លើងពីលើមេឃ ( សូមមើល លោកុប្បត្តិ ១៩:១៥–២៥ )សាសន៍អ៊ីស្រាអែលត្រូវបានធ្វើឲ្យខ្ចាត់ខ្ចាយដោយស្រុកអាសស៊ើរ ( សូមមើល ពង្សាវតារក្សត្រ ទី ២ ១៥:២៧–៣១ )ហើយសាសន៍យូដាក៏ត្រូវពួកបាប៊ីឡូនចាប់ជាឈ្លើយ ( សូមមើល ពង្សាវតារក្សត្រ ទី ២ ២៤:១០–១៦ ) ។ ជារួម មនុស្សទុច្ចរិតច្រើនតែជួបប្រទះនឹងទម្ងន់នៃសេចក្ដីយុត្តិធម៌របស់ព្រះ ។
ពេលយើងអានអំពីសេចក្ដីក្រោធរបស់ព្រះ យើងមិនគួរសន្មតថា អារម្មណ៍និងការបង្ហាញកំហឹងរបស់យើងក្នុងនាមជាមនុស្សដែលបានធ្លាក់នោះ គឺដូចគ្នានឹងសេចក្ដីក្រោធដ៏សុចរិតរបស់ព្រះដែរនោះទេ ។ ដូចដែលព្យាការីអេសាយបានរំឭកយើងថា « ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គំនិតយើង មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ » ( អេសាយ ៥៥:៨ ) ។
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានពន្យល់ខ្លឹមសារនៃឃ្លានេះ ៖
យើងអានម្ដងហើយម្ដងទៀតនៅក្នុងព្រះគម្ពីរប៊ីប និងព្រះគម្ពីរសម័យទំនើបអំពីសេចក្ដីក្រោធរបស់ព្រះចំពោះមនុស្សទុច្ចរិត និងអំពីសកម្មភាពរបស់ទ្រង់នៅក្នុងព្រះពិរោធរបស់ទ្រង់ដាក់អស់អ្នកដែលរំលងក្រឹត្យវិន័យរបស់ទ្រង់ ។ តើសេចក្ដីក្រោធ និងសេចក្ដីពិរោធ គឺជាភស្ដុតាងនៃសេចក្ដីស្រឡាញ់របស់ទ្រង់ដោយរបៀបណា ? … សេចក្ដីស្រឡាញ់របស់ព្រះ គឺល្អឥតខ្ចោះណាស់ ដែលទ្រង់តម្រូវដោយក្ដីស្រឡាញ់ ឲ្យយើងគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ដោយសារតែទ្រង់ដឹងថា មានតែតាមរយៈការគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ទ្រង់ប៉ុណ្ណោះ ទើបយើងអាចប្រែក្លាយជាល្អឥតខ្ចោះ ដូចទ្រង់ដូច្នោះដែរ ។ ដោយហេតុនេះហើយ សេចក្ដីក្រោធរបស់ព្រះ និងព្រះពិរោធរបស់ទ្រង់ មិនមែនជាការផ្ទុយពីសេចក្តីស្រឡាញ់របស់ទ្រង់ទេ ប៉ុន្តែជាភស្តុតាងនៃសេចក្តីស្រឡាញ់របស់ទ្រង់វិញ ។ ( « Love and Law » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២៧ )
ពេលវេលានៃសេចក្ដីយុត្តិធម៌របស់ព្រះ ក៏ជាសញ្ញានៃសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះកូនចៅរបស់ទ្រង់ផងដែរ ។ សូមយករឿងរបស់ណូអេ និងទឹកជំនន់ជាគំរូ ។ នៅជំនាន់របស់ណូអេ « ផែនដីបានពុករលួយនៅចំពោះព្រះ » ( ម៉ូសេ ៨:២៨ ) ។ អំពើហឹង្សាបានរីករាលដាល ហើយមនុស្សនៅតែបន្តប្រព្រឹត្តអំពើអាក្រក់ ។ អស់រយៈពេលប្រហែល ១២០ ឆ្នាំមកហើយ ដែលណូអេបានព្រមានប្រជាជនថា ប្រសិនបើពួកគេមិនប្រែចិត្តទេ ពួកគេនឹងត្រូវបំផ្លាញចោលដោយទឹកជំនន់ ( សូមមើល ម៉ូសេ ៨:១៧–៣០ )។ ពួកគេមិនអើពើនឹងការអង្វរដែលពេញដោយក្តីស្រឡាញ់របស់ព្រះទេ ហើយគ្រប់គ្នាបានស្លាប់ក្នុងទឹកជំនន់ លើកលែងតែណូអេ និងក្រុមគ្រួសាររបស់លោកប៉ុណ្ណោះ ( សូមមើល លោកុប្បត្តិ ៨:១៥–២១ ) ។
ពេលមើលដំបូងមួយភ្លែត ព្រឹត្តិការណ៍នេះហាក់ដូចជាកិច្ចការដ៏តឹងរឹង និងយុត្តិធម៌យ៉ាងពិតប្រាកដ ។ ប៉ុន្តែ តាមការនិមិត្តមួយដែលព្យាការីហេណុកបានទទួលពីជំនាន់របស់ណូអេ យើងទទួលបានការយល់ដឹងដ៏គួរឲ្យកត់សម្គាល់អំពីទំនាក់ទំនងរវាងសេចក្ដីយុត្តិធម៌របស់ព្រះ និងសេចក្ដីស្រឡាញ់របស់ទ្រង់ ។
ទាក់ទងនឹងទិដ្ឋភាពបែបនេះ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងដូច្នេះ ៖
វាជាស្ថានភាពតែមួយគត់ដែលបង្រៀនអ្វីជាច្រើនអំពីនិស្ស័យដ៏ពិតនៃព្រះ ជាងសន្ធិសញ្ញាអំពីទ្រឹស្ដីធម្មតាទាំងអស់អាចបង្រៀនបាន ។ …
ឱ នោះជារូបភាពនៃការប្រាស្រ័យទាក់ទងរបស់ព្រះនៅក្នុងជីវិតរបស់យើង ដែលមិនអាចលុបចោលបានឡើយ ! តើវាងាយស្រួលយ៉ាងណាទៅ ដើម្បីស្រឡាញ់នរណាម្នាក់ដែលស្រឡាញ់តែយើងម្នាក់យ៉ាងខ្លាំងនោះ ! ( « The Grandeur of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧២ )
ពេលអ្នកគិតអំពីអត្ថន័យនៃសេចក្ដីស្រឡាញ់របស់ព្រះចំពោះអ្នក សូមគិតអំពីវិធីដ៏ល្អបំផុតដើម្បីពិពណ៌នាវាទៅកាន់អ្នកដទៃ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
មានវិធីជាច្រើនដើម្បីពិពណ៌នា និងនិយាយអំពីសេចក្ដីស្រឡាញ់របស់ព្រះ ។ ពាក្យមួយដែលយើងស្ដាប់ឮញឹកញាប់នាសព្វថ្ងៃនេះ គឺថាសេចក្ដីស្រឡាញ់របស់ព្រះគឺ « គ្មានលក្ខខណ្ឌ » ។ ខណៈដែលក្នុងន័យមួយគឺជាការពិត អ្នកពិពណ៌នាថា គ្មានលក្ខខណ្ឌ គឺពុំមាននៅក្នុងព្រះគម្ពីរទេ ។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់របស់ទ្រង់ត្រូវបានពិពណ៌នានៅក្នុងព្រះគម្ពីរថាជា « សេចក្ដីស្រឡាញ់ដ៏ធំនិងអស្ចារ្យ » [ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៣ ] « សេចក្ដីស្រឡាញ់ដែលពេញខ្នាត » [យ៉ូហាន ទី ១ ៤:១៨; មរ៉ូណៃ ៨:១៦ ] « សេចក្ដីស្រឡាញ់ដែលប្រោសលោះ » [អាល់ម៉ា ៥:២៦] និង « សេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប » [យេរេមា ៣១:៣] ។ ទាំងនេះគឺជាពាក្យដែលល្អប្រសើរជាង ពីព្រោះពាក្យ ឥតលក្ខខណ្ឌ អាចបង្វែរចំណាប់អារម្មណ៍អំពីសេចក្ដីស្រឡាញ់នៃព្រះដោយខុសឆ្គង ដូចជា ព្រះអត់ធ្មត់ ហើយលើកលែងឲ្យអ្វីៗដែលយើងធ្វើ ដោយសារតែសេចក្ដីស្រឡាញ់របស់ទ្រង់គឺឥតលក្ខខណ្ឌ ឬ ព្រះពុំតម្រូវអ្វីពីយើងទេ ដោយសារសេចក្ដីស្រឡាញ់របស់ទ្រង់គឺឥតលក្ខខណ្ឌ ឬ មនុស្សទាំងអស់ត្រូវបានសង្គ្រោះនៅក្នុងនគរស្ថានសួគ៌នៃព្រះ ដោយសារសេចក្ដីស្រឡាញ់របស់ទ្រង់គឺឥតលក្ខខណ្ឌ ។ សេចក្ដីស្រឡាញ់របស់ព្រះគឺឥតព្រំដែន ហើយនឹងមានជារៀងរហូត ប៉ុន្តែវាមានន័យបែបណាចំពោះយើងម្នាក់ៗនោះ គឺអាស្រ័យលើរបៀបដែលយើងឆ្លើយតបចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ប៉ុណ្ណោះ ។ ( « Abide in My Love » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៤៨ )
ផ្នែកទី ២
តើសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់អាចបង្រៀនខ្ញុំអ្វីខ្លះអំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ?
វាពិតជាមានអារម្មណ៍ល្អដែលព្រះប្រទានពរដល់យើង ពេលយើងស្តាប់បង្គាប់ ។ ប៉ុន្តែវាពិបាកក្នុងការទទួលបានផលវិបាកសម្រាប់ការជ្រើសរើសមិនល្អរបស់យើងផ្ទាល់ ។ ហើយនៅពេលដែលមានផលវិបាកធ្ងន់ធ្ងរ វាអាចជារឿងដ៏គួរឲ្យរន្ធត់ ។ នៅពេលនោះ យើងអាចនឹងទូលអង្វរព្រះអម្ចាស់សម្រាប់សេចក្ដីមេត្តាករុណា ។
ផ្ទុយទៅវិញ ក្នុងករណីជាច្រើនទៀត អ្នកដែលប្រព្រឹត្តអំពើបាបមិនបានដឹងពីតម្រូវការនៃសេចក្ដីមេត្តាករុណារបស់ព្រះឡើយ ។ សូមពិចារណាអំពីករណីរបស់ កូរីអានតុនដែលជាកូនប្រុសរបស់អាលម៉ា ។ បន្ទាប់ពីបោះបង់បេសកកម្មរបស់គាត់ ហើយបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរមួយចំនួន កូរីអានតុនបានយល់ថាវាជា « ភាពអយុត្តិធម៌ » សម្រាប់មនុស្សមានបាបដែលត្រូវទទួលទោស និងជួបប្រទះនូវទុក្ខវេទនា ( សូមមើល អាលម៉ា ៤២:១ ) ។
ដោយសេចក្តីស្រឡាញ់ផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅចំពោះអ្នក និងមនុស្សគ្រប់គ្នា ព្រះយេស៊ូវគ្រីស្ទឈរនៅចន្លោះយើង និងសេចក្ដីយុត្តិធម៌ដែលរង់ចាំយើង ( សូមមើល ម៉ូសាយ ១៥:៩ ) ។ ទ្រង់បានបង់ថ្លៃដ៏ថ្លៃថ្លា សម្រាប់អំពើបាបយើង ។ ហើយទ្រង់ចង់ពង្រីកសេចក្តីមេត្តាដល់អ្នកដែលប្រែចិត្ត ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:១៦–១៨ ) ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ពេលនោះជាទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយបានមានប្រសាសន៍ ៖
យើងពុំអាចរកវិធីរបស់យើងត្រឡប់ទៅស្ថានសួគ៌ទេ ព្រោះតម្រូវការនៃសេចក្ដីយុត្តិធម៌ឈរជារបាំង ដែលយើងគ្មានអំណាចដើម្បីយកឈ្នះដោយខ្លួនឯងឡើយ ។
ប៉ុន្តែ អ្វីៗមិនបាត់បង់ទាំងអស់ទេ ។ …
ទោះបើអំពើបាបរបស់យើង អាចពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ។ ដោយសារព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់យើង « បានថ្វាយព្រះអង្គទ្រង់ ទុកជាថ្លៃលោះមនុស្សទាំងអស់ » [ ធីម៉ូថេទី ១ ២:៦ ] នោះច្រកចូលទៅកាន់នគរអស់កល្បជានិច្ចរបស់ទ្រង់ត្រូវបានប្រទានដល់យើង ។ ( «The Gift of Grace » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៨ )
សូមគិតម្ដងទៀតអំពីទស្សនៈរបស់ហេណុកនៃទឹកជំនន់ ។ ហេណុកបានរៀនថា នៅក្នុងពិភពវិញ្ញាណ សូម្បីតែអ្នកមិនស្តាប់បង្គាប់ដែលបានស្លាប់ក្នុងទឹកជំនន់នៅទីបំផុតអាចចេញមក ហើយឈរ « នៅខាងស្ដាំដៃនៃព្រះ » ប្រសិនបើពួកគេអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្តពីអំពើបាបរបស់ពួកគេ ( ម៉ូសេ ៧:៥៧សូមមើលផងដែរ ម៉ូសេ ៧:៣៨ ៥៥–៥៦; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៦–៨ ២៨–៣៧ ) ។
អែលឌើរ លីន ជី រ៉ូប៊ីន នៃក្រុមចិតសិបនាក់ បានបង្រៀនរបៀបដែលព្រះគុណរបស់ព្រះអម្ចាស់ផ្តល់ឲ្យយើងនូវឱកាសជាច្រើនដើម្បីផ្លាស់ប្តូរ ៖
យើងទាំងអស់គ្នាឆ្ងល់យ៉ាងអស្ចារ្យនូវព្រះគុណនៃព្រះអង្គសង្គ្រោះ ក្នុងការប្រទានដល់យើងនូវឱកាសទីពីរដើម្បីយកឈ្នះលើអំពើបាប ឬភាពបរាជ័យនៃដួងចិត្ត ។
គ្មាននរណាម្នាក់នៅខាងយើងច្រើនជាងព្រះអង្គសង្គ្រោះនោះទេ ។ …
ការដឹងថា ផ្លូវតូច ហើយចង្អៀតពោរពេញដោយការសាកល្បង ហើយថា ភាពបរាជ័យគឺជាអ្វីដែលកើតឡើងប្រចាំថ្ងៃសម្រាប់ពួកយើង នោះព្រះអង្គសង្គ្រោះបានបង់ថ្លៃឥតដែនកំណត់ ដើម្បីប្រទានឱកាសជាច្រើនដល់យើង ឲ្យបានជាប់ដោយជោគជ័យនូវការលាកល្បងក្នុងជីវិតលើផែនដីរបស់យើង ។ …
ដោយសារយើងពុំចង់ ឈប់ផ្លាស់ប្តូរ រហូតដល់យើងក្លាយដូចជាព្រះអង្គសង្គ្រោះរបស់យើង នោះយើងត្រូវបន្តក្រោកឡើងគ្រប់ពេលដែលយើងដួល ជាមួយនឹងបំណងប្រាថ្នាដើម្បីបន្តលូតលាស់ និងរីកចម្រើនទោះបីជាយើងមានភាពទន់ខ្សោយក្តី ។ ( « Until Seventy Times Seven » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២២ និង ២៣ )