ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១២ ឯកសារ​​គ្រូបង្រៀន ៖ ការស្វែងរក​សេចក្តីពិត​ដ៏​បរិសុទ្ធ​នៅក្នុង​ការបង្រៀន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ


« មេរៀនទី ១២ ឯកសារ​​គ្រូបង្រៀន ៖ ការស្វែងរក​សេចក្តីពិត​ដ៏​បរិសុទ្ធ​នៅក្នុង​ការបង្រៀន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ » ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ១២ ឯកសារគ្រូបង្រៀន » ​ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀន​ទី ១២ ឯកសារ​គ្រូបង្រៀន

ការស្វែងរក​សេចក្តីពិត​ដ៏​បរិសុទ្ធ​នៅក្នុង​ការបង្រៀន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ ៖ « គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដ៏​បរិសុទ្ធ​គឺ​មាន​អានុភាព​ណាស់ ។ វា​ផ្លាស់ប្តូរ​ជីវិត​មនុស្ស​គ្រប់គ្នា​ដែល​យល់​ពី​គោលលទ្ធិ​នេះ ហើយ​ស្វែងរក​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ » ( « Pure Truth, Pure Doctrine, and Pure Revelation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦ ) ។ នៅ​ក្នុងមេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ចែកចាយ ពី​របៀប​ដែល​ជីវិត​របស់​ពួកគេ​បានទទួល​ឥទ្ធិពល​ដោយ​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​ក៏​នឹង​ពិភាក្សា​អំពី​អត្ថន័យ​នៃ​ដំណឹងល្អ ហើយ​អញ្ជើញ​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​កាន់តែ​ផ្តោត​លើ​ការរស់នៅ​តាម​ដំណឹងល្អ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​សេចក្តីពិត​ដែល​ផ្លាស់ប្តូរ​ជីវិត ។

អ្នក​អាច​បង្ហាញ​រូបភាព​ដែល​អមមក​ជាមួយ ឬ​រូបភាព​ផ្សេង​ទៀត ដែល​អ្នក​ជ្រើសរើស​ចេញពី​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​ហេតុផល​ដែល​អាច​មាន ថា​ហេតុអ្វី « [ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា ] គ្រូបង្រៀន​ដ៏​អស្ចារ្យ​បំផុត​ដែល​មិន​ធ្លាប់​មាន ឬ​មិន​ធ្លាប់​រស់នៅ » ( ជែហ្វ្រី អ័រ ហូឡិន « Teaching, Preaching, Healing » Ensign ខែ មករា ឆ្នាំ ២០០៣ ទំព័រ ៣៣ ) ។

ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ភាព​ជាសិស្ស ដោយ​ចាស្ទីន ខូនស្ស

ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​ការពិភាក្សា​ប្រកប​ដោយ​អត្ថន័យ អ្នក​អាច​សួរសំណួរ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

  • តើ​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ឥទ្ធិពល​អ្វី​ខ្លះ​ទៅ​លើ​អ្នក​ដែល​បាន​ឮ​ទ្រង់​បង្រៀន ? ( អ្នក​ក៏​អាច​ចង់​រំឭក​ឧទាហរណ៍​ដែល​មាន​នៅ​ក្នុង ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ នេះ​ផងដែរ ) ។ តើ​ការបង្រៀន​របស់​ទ្រង់​មាន​ឥទ្ធិពល​អ្វីខ្លះ​នៅក្នុង​ជីវិត​របស់​អ្នក ?

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ ប្រសិនបើ​យើង​ចង់​ឲ្យ​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ និង​ស្ថិតស្ថេរ​នៅក្នុង​ជីវិត​របស់​យើង ? ( អ្នក​អាច​មើល យ៉ូហាន ៣:២១; ៧:១៧; ១៣:១៧ និង សេចក្តីថ្លែងការណ៍​ដោយ​អែលឌើរ ហូឡិន នៅក្នុង​ផ្នែកទី ១ នៃ​ឯកសារ​រៀបចំ​នេះ ។ បន្ទាប់មក​អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​ដូច​ខាងក្រោម​នេះ ៖ កាល​ដែល​យើង​ធ្វើតាម​ការបង្រៀន​របស់​ព្រះអម្ចាស់ យើង​អាច​ដឹង​ពី​ភាពពេញលេញ​របស់​សេចក្តី​ពិត​នោះ កាន់តែ​មាន​ពន្លឺ និង​ដកពិសោធន៍​សុភមង្គល ) ។

សូម​រំឭក​សិស្ស​ថា​នៅក្នុង ផ្នែកទី ១ នៃ​ឯកសារ​រៀបចំ​នេះ ពួកគេ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ជ្រើសរើស​ការបង្រៀន​របស់​ព្រះអង្គសង្រ្គោះ​ដែល​បាន​ជះឥទ្ធិពល​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ពួកគេ​ក៏​អាច​រកមើល​ការបង្រៀន​ដែលពួកគេ​គិតថា​អាច​ទាក់ទង​នឹង​ជីវិត​របស់​ពួកគេ​ផងដែរ ។ សូម​ផ្ដល់​ពេល​ពីរ​បី​នាទី​ឲ្យ​សិស្ស​រំឭក​បទគម្ពីរ​របស់​ពួកគេ ហើយនឹង ​សំណួរ​ដែល​ទាក់ទង​ចំនួន​បី នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​នេះ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ដែល​មិនទាន់​បានធ្វើ​សកម្មភាព​នៅឡើយ ឲ្យ​ស្វែងរក​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ពួកគេ​អាច​ចែកចាយ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ពួកគេ​បាន​ជ្រើសរើស និង​ចម្លើយ​របស់ពួកគេ​ចំពោះ​សំណួរ​យ៉ាងហោចណាស់​មួយ​ក្នុង​ចំណោម​សំណួរ​ទាំងបី​ពី​ឯកសារ​រៀបចំ​នេះ ។ អ្នក​អាច​ធ្វើ​សកម្មភាព​នេះ​ជា​ថ្នាក់ ឬ​បែងចែក​សិស្ស​ជា​ក្រុម​តូចៗ ហើយ​ស្នើសុំ​ឲ្យ​ពួកគេ​ប្ដូរវេន​គ្នា​ចែកចាយ ។

ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​ពួក​សាសន៍​នីហ្វៃ​ពី​អត្ថន័យ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។

សូម​អាន​សាច់​រឿង​ខាង​ក្រោម​ជាមួយគ្នា ។

អាមីលៀ​បាន​ត្រឡប់​មក​សកម្មភាព​នៅ​សាសនាចក្រ​វិញ​ថ្មីៗ​នេះ បន្ទាប់ពី​បានឃ្លាត​ឆ្ងាយ​អស់​ជាច្រើន​ឆ្នាំ​មក ។ ខណៈ​ដែល​មនុស្ស​មាន​ចិត្តល្អ​ចំពោះ​នាង ជារឿយៗ​នាង​មាន​អារម្មណ៍​វង្វេង និង​បាក់​ទឹកចិត្ត​ក្នុង​អំឡុងពេល​សុន្ទរកថា និង​មេរៀន ។ ដោយ​ការខកចិត្ត ថ្ងៃ​មួយ​នាង​និយាយ​ទៅ​កាន់​អ្នក​ថា « នៅ​ថ្ងៃ​មួយ ខ្ញុំ​បាន​ឮ​គេ​និយាយ​ថា ដំណឹងល្អ​មាន​ន័យ​ថា ‹ សេចក្តី​ដែល​ដឹង​ថា​ល្អ › ។ វា​ប្រាកដ​ណាស់​ថា​ខ្ញុំ​មិន​មាន​អារម្មណ៍​បែប​ហ្នឹង​ទេ ។ ដំណឹងល្អ​ហាក់ដូចជា​ពិបាក​យល់​ណាស់ ហើយ​ក៏​មាន​ការរំពឹងទុក​ជាច្រើន​ដែរ ។ វា​មាន​អារម្មណ៍​ថា​ជា​បន្ទុក​ជាជាង​ពរជ័យ » ។

  • តើ​មាន​អ្វី​អាច​កើតឡើង​ក្នុង​អំឡុងពេល​នៃ​សុន្ទរកថា មេរៀន ឬ​ការពិភាក្សា​អំពី​ដំណឹង​ល្អ​ដែល​អាច​ធ្វើ​ឲ្យ​នរណា​ម្នាក់​មាន​អារម្មណ៍​ដូច​អាមីលៀ ?

  • តើ​អាមីលៀ​អាច​យល់​ខុស​អ្វីខ្លះ​អំពី​អត្ថន័យ និង​គោលបំណង​នៃ​ដំណឹងល្អ​នេះ ?

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

រៀន​ជាមួយ​សិស្ស ។ បន្ទាប់ពី​ការឆ្លងកាត់​ផល​អាក្រក់​នៃ​បព្វជិត នោះ​សមាជិក​សាសនាចក្រ​ក្នុង​ជំនាន់​របស់​អាលម៉ា ដែល​នៅ​តែ​ស្មោះត្រង់​គឺ « ឈរ​យ៉ាង​ខ្ជាប់​ខ្ជួន » ( អាលម៉ា ១:២៥ ) នៅក្នុង​សេចក្តីជំនឿ និង​ដឹង​ថា « ពួក​សង្ឃ​មិន​រាប់​ថា​ខ្លួន​ខ្ពស់​ជាង​ពួក​អ្នក​ស្ដាប់​ឡើយ ដ្បិត​អ្នក​ផ្សាយ​សាសនា​មិន​ប្រសើរ​ជាង​អ្នក​ស្ដាប់​ទេ ឯ​គ្រូបង្រៀន​ក៏​មិន​ប្រសើរ​ជាង​អ្នក​រៀន​ដែរ ម្ល៉ោះ​ហើយ ពួក​គេ​ស្មើ​គ្នា​ទាំង​អស់ » ( អាលម៉ា ១:២៦ ) ។ នៅពេល​អ្នក​ចាត់ទុក​សិស្ស​ស្មើ​នឹង​អ្នក នោះ​អ្នក​នឹង​​បើក​ចិត្តជាងមុនដើម្បីរៀន​ជាមួយពួកគេ និងរៀន​ពី​ពួកគេ ។ សូម​សញ្ជឹងគិត​ពី​របៀប​ដែល​សិស្ស​របស់​អ្នក​អាច​មាន​អារម្មណ៍ នៅពេល​អ្នក​បង្ហាញ​ចំណាប់​អារម្មណ៍​ពិតប្រាកដ​ចំពោះ​អ្វី​ដែល​ពួកគេ​គិត និង​មាន​អារម្មណ៍ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក នីហ្វៃទី ៣ ២៧:១៣–១៤, ១៩–២១ ហើយ​រកមើល​ធាតុ​សំខាន់ៗ​នៃ​ដំណឹងល្អ​ដូច​ដែល​បាន​បង្រៀន​ដោយ​ព្រះអង្គ​សង្រ្គោះ ។

ដើម្បី​ជំរុញ​ឲ្យ​មាន​ការពិភាក្សា​ប្រកប​ដោយ​អត្ថន័យ បន្ទាប់មក​អ្នក​អាច​សួរ​សំណួរ​ស្រដៀង​នឹង​សំណួរដូច​ខាងក្រោម ៖

  • យោង​តាម​ព្រះអង្គ​សង្គ្រោះ តើ​អ្វី​ជា​ធាតុ​គ្រឹះ និង​ពរជ័យ​ដ៏​ធំ​នៃ​ការរស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់ ? ( សូម​ជួយ​សិស្ស​ស្វែងរក​សេចក្តីពិត​ដូច​ខាងក្រោម ៖ នៅពេល​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ប្រែចិត្ត ទទួល​បុណ្យ​ជ្រមុជទឹក ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ស៊ូទ្រាំ​ដល់​ចុងបំផុត នោះ​យើង​អាច​ឈរ​ដោយ​​ស្អាតស្អំ​នៅ​ចំពោះ​ព្រះ​នៅថ្ងៃ​ចុងក្រោយ ) ។

  • តើ​ការដាក់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ចំណុចសំខាន់​នៃ​ដំណឹង​ល្អ អាច​ផ្លាស់ប្តូរ​របៀប​ដែល​អាមីលៀ​មាន​ទស្សនៈ និង​អារម្មណ៍​អំពី​ដំណឹងល្អ​ដោយ​របៀប​ណា ? តើ​ការផ្ដោតលើ​ព្រះអង្គ​សង្គ្រោះ​មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​គិត និង​រស់នៅ​តាម​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

  • តើ​បញ្ហា​អ្វីខ្លះ​ដែល​យើង​អាច​ជួបប្រទះ នៅពេល​យើង​បាត់បង់​ការផ្តោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ធាតុ​សំខាន់​នៃ​ដំណឹងល្អ​របស់​ទ្រង់ ? ( អ្នក​អាច​ចង់​ពិនិត្យ​ឡើងវិញ សេចក្ដី​ថ្លែងការណ៍​ដោយ​បងប្រុស​ដានីយ៉ែល ខេ ជឺដ នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ) ។ តើ​មាន​រឿង​អ្វី​ខ្លះ ដែល​បណ្តាល​ឲ្យ​អ្នក​បាត់បង់​ការ​ផ្តោត​លើ​មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹង​ល្អ ? តើ​អ្វី​ដែល​បាន​ជួយ​អ្នក​ច្រើន​បំផុត​ឲ្យផ្ដោត​លើ​មូលដ្ឋានគ្រឹះ​នោះ ?

សូមអញ្ជើញ​សិស្ស​ឲ្យ​មើល សេចក្តី​ថ្លែងការណ៍​ដោយ​ប្រធាន​ឌៀរថើរ អេហ្វ អុជដូហ្វ នៅក្នុង​ផ្នែកទី ២ នៃ​ឯកសារ​រៀបចំ​នេះ និង​កត់ត្រា​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ផ្តោតអារម្មណ៍​ប្រសើរ​ជាង​អំពី​គោលការណ៍​គ្រឹះ និង​ការ​អនុវត្តតាម​ដំណឹងល្អ​នេះ ។

អ្នក​ក៏​អាច​សួរ​ក្រែង​សិស្ស​ខ្លះ​នឹង​មាន​ឆន្ទៈ​ក្នុង​ការចែកចាយ​អ្វី​ដែល​ពួកគេ​អាច​នឹង​ធ្វើ​ដើម្បី​ផ្ដោត​លើ​អ្វី​ដែល​សំខាន់​បំផុត នៅពេល​ពួកគេ​ខិតខំ​រស់នៅ​តាម​ដំណឹងល្អ ។

ដើម្បី​បញ្ចប់ អ្នក ឬ​សិស្ស​អាច​ថ្លែង​ទីបន្ទាល់​អំពី​ភាព​ស្រស់ស្អាត និង​អានុភាព​នៃ​ការរស់នៅ​តាម​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សម្រាប់​ពេល​ក្រោយ

សូម​ពិចារណា​ការផ្ញើសារ​ដូច​ខាងក្រោម​ទៅកាន់​សិស្ស​នៅ​អំឡុង​សប្តាហ៍ ៖ សូមមើល « Be a Minister: Become Part of Someone’s Life » ( ០:៣៤ ) និង​គិត​អំពី​អ្វី​ដែល​អ្នក​អាច​រៀន​អំពី​ការងារបម្រើ​ចេញពី ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ១៣ ។

0:34