« មេរៀនទី ២៧ ឯកសារគ្រូបង្រៀន ៖ ការស្វែងរកក្ដីសង្ឃឹមក្នុងពន្លឺ និងជីវិតនៃពិភពលោក » ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ២៧ ឯកសារគ្រូបង្រៀន » ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ២៧ ឯកសារគ្រូបង្រៀន
ការស្វែងរកក្ដីសង្ឃឹមក្នុងពន្លឺ និងជីវិតនៃពិភពលោក
សិស្សអាចមានអារម្មណ៍សោកសៅ បាក់ទឹកចិត្ត និងអស់សង្ឃឹមដោយសារហេតុផលជាច្រើន ។ ផ្ទុយទៅវិញ ពួកគេអាចពោរពេញទៅដោយអានុភាពនៃក្តីសង្ឃឹម នៅពេលពួកគេផ្ដោតលើពន្លឺនៃពិភពលោក គឺព្រះយេស៊ូវគ្រីស្ទនោះ ។ នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសគិតពិចារណាពីអ្វីដែលពួកគេអាចធ្វើដើម្បីបង្កើនក្តីសង្ឃឹមរបស់ពួកគេលើទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
ព្រះយេស៊ូវគ្រីស្ទប្រកាសថាទ្រង់គឺជាពន្លឺ និងជាជីវិតនៃពិភពលោកនេះ ។
ដើម្បីចាប់ផ្តើមមេរៀននេះ អ្នកអាចបង្ហាញរូបភាពខាងក្រោម ៖
-
បទគម្ពីរនិយាយពីមនុស្សដែល « ដើរទៅមកក្នុងសេចក្ដីងងឹត » ឬ « [ កំពុង ] អង្គុយនៅទីងងឹត » ( សូមមើល ទំនុកដំកើង ៨២:៥; គោលលទ្ធិ និងសេចក្តីសញ្ញា ៩៥:៦, ១២; ទំនុកដំកើង ១០៧:១០–១១; លូកា ១:៧៩ ) ។ តើអ្នកគិតថាសេចក្តីងងឹតនេះអាចតំណាងឲ្យអ្វី ?
សូមអានឲ្យឮៗ យ៉ូហាន ៨:១២ និង ម៉ូសាយ ១៦:៩ ហើយស្នើសុំសិស្សឲ្យមើលពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចជួយយើងឲ្យយកឈ្នះលើភាពងងឹត ។ សូមបង្ហាញសេចក្ដីពិតដូចតទៅនេះនៅលើក្ដារខៀន ៖ កាលយើងធ្វើតាមព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹងធ្វើជាពន្លឺ និងជាជីវិតនៃជីវិតរបស់យើង ។
-
តើព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺផង និងជីវិតរបស់យើងផងតាមរបៀបណាខ្លះ ? ( បើចាំបាច់ សូមអញ្ជើញសិស្សឲ្យរំឭកឡើងវិញនូវ សេចក្ដីថ្លែងការណ៍របស់ប្រធាន ដាល្លិន អេក អូក មកពីផ្នែកទី ១ នៃឯកសាររៀបចំនេះ ) ។
ដើម្បីជួយសិស្សឲ្យស្វែងរកភាពទាក់ទងនៅក្នុងមេរៀននេះ នោះអ្នកអាចបង្ហាញ និងអានសំណួរខាងក្រោមឲ្យឮៗ ។ អ្នកអាចអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីសំណួរទាំងនេះខណៈដែលពួកគេមើលវីដេអូ « The Light That Shineth in Darkness » ( ២:១៩ ) ។
-
តើការធ្វើតាមព្រះយេស៊ូវគ្រីស្ទដែលជាពន្លឺ និងជីវិតនៃពិភពលោកនេះផ្តល់ពរ ពង្រឹង និងជួយខ្ញុំដោយរបៀបណា ?
-
តើនៅពេលណាដែលអ្នកបានដកពិសោធន៍ពន្លឺ ឬជីវិតដែលព្រះយេស៊ូវគ្រីស្ទប្រទានឲ្យ ? តើភាពខុសប្លែកអ្វីខ្លះដែលវាបានធ្វើ ឬវាអាចធ្វើនៅក្នុងជីវិតរបស់អ្នក ?
បន្ទាប់ពីមើលវីដេអូនេះហើយ សូមអញ្ជើញសិស្សឲ្យកត់ត្រាគំនិតមួយចំនួនដែលពួកគេបានមានអំពីសំណួរទាំងនេះ ។ អ្នកអាចឲ្យពួកគេពិភាក្សាពីចម្លើយរបស់ពួកគេជាថ្នាក់រៀន ឬជាក្រុមតូចៗ ។
អ្នកអាចបង្ហាញរូបភាពព្រះវិហារបរិសុទ្ធសលត៍ លេក ដែលបានភ្ជាប់មកជាមួយ ហើយអានជាមួយគ្នានូវ សេចក្តីថ្លែងការណ៍ដោយ ស៊ីស្ទើរ សារ៉ុន អូប៊ែង នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំនេះ ។ ឬអ្នកអាចបង្ហាញអ្វីដែលដូចគ្នា វគ្គវីដេអូ ( ០:០០–១:១៧ ) មកពីសុន្ទរកថារបស់គាត់ « ព្រះគ្រីស្ទ ៖ ជាពន្លឺដែលបំភ្លឺនៅក្នុងភាពងងឹត » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៣–៧៤ ) ។
-
តើមានរបៀបណាខ្លះដែលមារសត្រូវ « វាខំធ្វើឲ្យពន្លឺយើងស្រអាប់ ផ្ដាច់ទំនាក់ទំនងរបស់យើង » ឬកាត់យើងចេញពីពន្លឺរបស់ព្រះអង្គសង្គ្រោះ ? ( សារ៉ុន អូប៊ែង « ព្រះគ្រីស្ទ ៖ ជាពន្លឺដែលបំភ្លឺនៅក្នុងភាពងងឹត » ទំព័រ ៧៣ ) ។
-
តើមានរបៀបណាខ្លះដែលយើងអាចភ្ជាប់ ឬបន្តភ្ជាប់ទៅនឹងព្រះយេស៊ូវគ្រីស្ទ ជាប្រភពពិតនៃពន្លឺ និងជីវិត ? ( អ្នកអាចអញ្ជើញសិស្សឲ្យកត់ត្រាអ្វីដែល ពួកគេអាចធ្វើ ) ។
សេចក្តីសង្ឃឹមកើនឡើងកាលយើងជ្រើសការផ្តោតអារម្មណ៍របស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ។
សូមបង្ហាញសេចក្តីពិតដូចតទៅ នេះចេញពី « ព្រះយេស៊ូវគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ៖ ព្រះយេស៊ូវគ្រីស្ទ « ជាពន្លឺ ជីវិត និងក្តីសង្ឃឹមដល់ពិភពលោក » ។
អាស្រ័យលើតម្រូវការរបស់សិស្សអ្នក វាអាចមានប្រយោជន៍ដើម្បីពិនិត្យមើលឡើងវិញដោយសង្ខេបនូវនិយមន័យនៃក្តីសង្ឃឹម និង សេចក្តីថ្លែងការរបស់អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំនេះ ។ បន្ទាប់មកអ្នកអាចសួរ ៖
-
ពេលយើងមើលទៅព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ជាប្រភពនៃក្តីសង្ឃឹមចុងក្រោយរបស់យើង តើយើងមានពរជ័យដោយរបៀបណា ? ហេតុអ្វីវាមានប្រយោជន៍ដើម្បីដឹងថាក្តីសង្ឃឹមក៏ជាអំណោយទានផងដែរនោះ ?
អ្នកអាចអញ្ជើញសិស្សឲ្យគិតអំពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលអាចនឹងមានអារម្មណ៍បាក់ទឹកចិត្ត សោកសៅ ឯកកោ ភិតភ័យ ឬព្រួយបារម្ភ ។ សូមអញ្ជើញសិស្សឲ្យមើលឡើងវិញ មរ៉ូណៃ ៧:៤០–៤២ និង អេធើរ ១២:៤ ដោយរកមើលសេចក្តីពិតអំពីក្តីសង្ឃឹមទៅលើព្រះគ្រីស្ទ ដែលអាចផ្លាស់ប្តូររបៀបដែលយើងឆ្លងកាត់ក្នុងជីវិត ។
បន្ទាប់ពីអនុញ្ញាតឲ្យសិស្សមានពេលគ្រប់គ្រាន់ដើម្បីសិក្សារួចហើយ សូមអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយសេចក្ដីពិតដែលពួកគេបានរកឃើញ និងរបៀបដែលសេចក្ដីពិតទាំងនេះអាចបង្កើនក្ដីសង្ឃឹមរបស់នរណាម្នាក់លើព្រះគ្រីស្ទ ។
សូមពិចារណាស្នើសុំឲ្យសិស្សយោងទៅ ដំណើររឿងក្នុងព្រះគម្ពីរដែលពួកគេបានជ្រើសរើសធ្វើការសិក្សាចេញពីផ្នែកទី ២ នៃឯកសាររៀបចំនេះ ។ សូមផ្តល់ពេលឲ្យសិស្សពីរបីនាទីដើម្បីមើលឡើងវិញពីអ្វីដែលពួកគេបានសិក្សា ។ សូមបំបែកសិស្សជាក្រុមតូចៗ ហើយសុំសិស្សឲ្យចែកចាយដំណើររឿងក្នុងព្រះគម្ពីររបស់ពួកគេ និងអ្វីដែលពួកគេបានរៀនពីដំណើររឿងនេះអំពីក្ដីសង្ឃឹមលើព្រះគ្រីស្ទ ។
ដើម្បីជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃការមានក្ដីសង្ឃឹមលើព្រះគ្រីស្ទ នោះអ្នកអាចបង្ហាញទាំងអស់ ឬមួយផ្នែកនៃសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អុជដូហ្វ ដែលកំពុងបម្រើក្នុងគណៈប្រធានទីមួយនាពេលនោះ ។ បន្ទាប់ពីសិស្សមានពេលមួយនាទីដើម្បីអាន និងសញ្ជឹងគិតពីសេចក្ដីថ្លែងការណ៍នេះហើយ អ្នកអាចអញ្ជើញសិស្សម្នាក់ ឬពីរនាក់ឲ្យថ្លែងទីបន្ទាល់អំពីក្ដីសង្ឃឹមរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងពីរបៀបដែលវាមានឥទ្ធិពលលើជីវិតរបស់ពួកគេ ។
ជាមួយយេរេមា ខ្ញុំសូមប្រកាសថា « មានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ា » [ យេរេមា ១៧:៧ ] ។
ជាមួយនឹងយ៉ូអែលខ្ញុំសូមថ្លែងទីបន្ទាល់ថា « ព្រះយេហូវ៉ា[ គឺ ] ធ្វើជាទីពំនាក់ដល់រាស្ត្រទ្រង់ ហើយជាទីមាំមួន ដល់ពួកកូនចៅអ៊ីស្រាអែល » [ យ៉ូអែល ៣:១៦ ] ។
ជាមួយនីហ្វៃ ខ្ញុំសូមប្រកាសថា « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប ។ ហេតុដូច្នោះហើយ បើសិនជាអ្នករាល់គ្នាខិតខំជឿនទៅមុខ ដោយទទួលនូវព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត មើលចុះនោះព្រះវរបិតាទ្រង់មានព្រះបន្ទូលថា ៖ អ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » [ នីហ្វៃទី២ ៣១:២០ ] ។ …
ហើយចំពោះអស់អ្នកដែលរងទុក្ខ—ចំពោះអស់អ្នកដែលបាក់ទឹកចិត្ត ព្រួយបារម្ភ ឬឯកោ—ខ្ញុំសូមនិយាយដោយក្ដីស្រឡាញ់ និងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះអ្នកថា កុំចុះចាញ់ ។
កុំចុះចាញ់ ។
ចូរកុំបណ្តោយឲ្យក្តីអស់សង្ឃឹមយកឈ្នះលើស្មារតីរបស់អ្នកឡើយ ។
ចូរឱបក្រសោប ហើយពឹងផ្អែកលើក្តីសង្ឃឹមនៃពួកអ៊ីស្រាអែល ដ្បិតសេចក្តីស្រឡាញ់នៃព្រះរាជបុត្រានៃព្រះ បំភ្លឺភាពងងឹតទាំងអស់ បន្ទន់សេចក្តីទុក្ខទាំងអស់ ហើយធ្វើឲ្យចិត្តរីករាយ ។ ( « The Infinite Power of Hope » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៤ )
សូមអញ្ជើញសិស្សឲ្យគិតពិចារណាពីសំណួរដូចតទៅនេះ ហើយកត់ត្រាការយល់ដឹង ចំណាប់អារម្មណ៍ ឬអារម្មណ៍របស់ពួកគេ ៖
-
តើអ្នកបានរៀនអ្វីនៅថ្ងៃនេះ ដែលអាចជួយអ្នករកឃើញក្តីសង្ឃឹមនៅអំឡុងពេលស្មុគស្មាញ ឬអស់សង្ឃឹម ?
-
តើរឿងសាមញ្ញអ្វីខ្លះដែលអ្នក អាចធ្វើដើម្បីបង្កើនសេចក្តីជំនឿ និងក្តីសង្ឃឹមរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ?
សម្រាប់ពេលក្រោយ
ដើម្បីជួយរៀបចំសិស្សសម្រាប់ថ្នាក់ចុងក្រោយនៅក្នុងវគ្គសិក្សានេះ អ្នកអាចផ្ញើសារដូចខាងក្រោមនេះនៅអំឡុងសប្តាហ៍ ៖ កាលអ្នកសិក្សា ឯកសាររៀបចំ ចុងក្រោយសម្រាប់ថ្នាក់ សូមសញ្ជឹងគិតពីអ្វីដែលអ្នកអាចរៀនចេញពីវគ្គសិក្សានេះ ។ តើអ្វីដែលអ្នកបានរៀនមានឥទ្ធិពលលើការយល់ដឹង និងសេចក្តីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?