« មេរៀនទី ៣ ឯកសារគ្រូបង្រៀន ៖ ការដាក់ទីទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្គ្រោះ និងអ្នកដឹកនាំរបស់យើងមុនជីវិតលើផែនដី » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ៣ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បរបស់ទ្រង់
មេរៀនទី ៣ ឯកសារគ្រូបង្រៀន
ការដាក់ទីទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្គ្រោះ និងអ្នកដឹកនាំរបស់យើងមុនជីវិតលើផែនដី
នៅក្នុងជីវិតមុនជីវិតលើផែនដីនេះ ព្រះវរបិតាសួគ៌បានបង្រៀនយើងអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ ។ នៅទីនោះ យើងមានឱកាសក្រោកគាំទ្រផែនការរបស់ទ្រង់ និងគាំទ្រព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់យើង ។ នៅក្នុងមេរៀននេះ សិស្សនឹងរកឃើញមូលហេតុដែលយើងបានដាក់ទីទុកចិត្តទៅលើព្រះយេស៊ូវគ្រីស្ទ ដើម្បីធ្វើជាព្រះអង្គសង្គ្រោះ និងជាអ្នកដឹកនាំរបស់យើងនៅក្នុងជីវិតមុនជីវិតលើផែនដីនេះ ។ សិស្សក៏នឹងពិចារណាពីរបៀបដើម្បីឈរជាមួយទ្រង់ក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងសាតាំង និងកម្លាំងរបស់វាក្នុងជីវិតនេះផងដែរ ។
យោបល់សម្រាប់ការបង្រៀន
ព្រះយេស៊ូវគ្រីស្ទត្រូវបានជ្រើសរើសដើម្បីធ្វើជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើងតាំងពីដើមដំបូងមក ។
សូមចំណាយពេលពីរបីនាទីនៅក្នុងថ្នាក់ ដើម្បីស្វែងរកសេចក្ដីពិតដែលត្រូវបានបើកសម្ដែងអំពីជីវិតមុនជីវិតលើផែនដីរបស់យើង ។ ( ប្រសិនបើចាំបាច់ សូមឲ្យសិស្សជ្រើសរើស ផ្នែកទី ១ ឬផ្នែកទី ២ នៃឯកសាររៀបចំ ហើយរំឭកវាដោយសង្ខេបឡើងវិញ ។ សិស្សអាចរកឃើញសេចក្ដីពិតមួយ ឬច្រើននៃសេចក្ដីពិតដូចតទៅ ៖ នៅក្នុងក្រុមប្រឹក្សាដ៏ធំមហិមា ព្រះវរបិតាសួគ៌បានបង្ហាញផែនការនៃសេចក្តីសង្គ្រោះរបស់ទ្រង់ ដើម្បីយើងអាចត្រឡប់ទៅវត្តមានរបស់ទ្រង់ ហើយប្រែក្លាយដូចជាទ្រង់ ។ ឆន្ទៈរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីធ្វើជាព្រះអង្គសង្គ្រោះរបស់យើង គឺសំខាន់ចំពោះជោគជ័យនៃផែនការរបស់ព្រះវរបិតាសួគ៌ ។ នៅក្នុងជីវិតមុនជីវិតលើផែនដីនេះ ព្រះយេស៊ូវគ្រីស្ទគឺជាអង្គដ៏អស្ចារ្យបំផុត និងមានព្រះបញ្ញាញាណឈ្លាសវៃជាងបុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌ ) ។
នៅពេលដែលការពិភាក្សាក្នុងថ្នាក់របស់អ្នករីកចម្រើន សូមពិចារណាថាតើសំណួរខាងក្រោមមួយណាដែលអ្នកអាចសួរ ដែលទាក់ទងនឹងសិស្សរបស់អ្នកបំផុត ។ ( កំណត់ចំណាំ ដើម្បីជំរុញបទពិសោធន៍នៃការផ្លាស់ប្រែចិត្ត វាអាចជាការប្រសើរក្នុងការសួរសំណួរតិចជាងមុន និងមានការពិភាក្សាកាន់តែស៊ីជម្រៅអំពីប្រធានបទមួយចំនួន ជាជាងការព្យាយាមសួរសំណួរដែលបានផ្តល់ឲ្យទាំងអស់ ) ។
-
តើចំណេះដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះអាចផ្តល់ពរដល់នរណាម្នាក់ដែលមានអារម្មណ៍ថាជីវិតរបស់ពួកគេគ្មានន័យ ឬគ្មានគោលបំណងដោយរបៀបណា ? ( អ្នកអាចរំឭកឡើងវិញនូវ សេចក្ដីថ្លែងការណ៍ដោយអែលឌើរ រ៉ូបឺត ឌី ហែល នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ) ។ តើចំណេះដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះបានជួយអ្នកក្នុងគ្រាលំបាកយ៉ាងដូចម្ដេច ?
-
ហេតុអ្វីបានជាត្រូវការព្រះអង្គសង្គ្រោះមួយអង្គនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ? ( សូមមើល ផ្នែកទី ១ នៃឯកសាររៀបចំ ) ។
-
ដោយពិចារណាលើការចំណាយផ្ទាល់ខ្លួនដែលព្រះយេស៊ូវគ្រីស្ទបានចំណាយដើម្បីធួនសម្រាប់អំពើបាបរបស់យើង តើអ្វីខ្លះជាគំនិត ឬអារម្មណ៍ដែលអ្នកមានអំពីព្រះឆន្ទៈរបស់ទ្រង់ក្នុងការក្លាយជាព្រះអង្គសង្គ្រោះរបស់យើង ? ( សូមមើល ម៉ូសេ ៤:២ ) ។
-
តើអ័ប្រាហាំបានរៀនអ្វីខ្លះអំពីឋានៈពិសេសរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតមុនជីវិតលើផែនដីនេះ ? ( វាអាចមានប្រយោជន៍ក្នុងការទាញយកសេចក្តីពិតដែលបានបង្រៀននៅក្នុង ផ្នែកទី ២ នៃឯកសាររៀបចំ ) ។ តើការដឹងពីភាពអស្ចារ្យមុនជីវិតលើផែនដីរបស់ព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកដាក់ទីទុកចិត្តលើទ្រង់ដោយរបៀបណាជាមួយនឹងឧបសគ្គដែលអ្នកប្រឈមមុខ ?
ដើម្បីបញ្ចប់មេរៀនផ្នែកនេះ អ្នកអាចសុំឲ្យសិស្សស្រមៃមើលថាតើវាដូចម្តេចក្នុងការមានវត្តមាននៅក្នុងក្រុមប្រឹក្សាដ៏ធំមហិមា នៅពេលដែលព្រះវរបិតាសួគ៌បានបង្ហាញអំពីផែនការនៃសេចក្តីសង្គ្រោះ ហើយព្រះយេស៊ូវគ្រីស្ទត្រូវបានជ្រើសរើសឲ្យធ្វើជាព្រះអង្គសង្គ្រោះរបស់យើង ។ សូមអញ្ជើញសិស្សម្នាក់ ឬពីរនាក់ឲ្យចែកចាយគំនិត និងអារម្មណ៍របស់ពួកគេ ។
ដោយមានជំនួយពីព្រះយេស៊ូវគ្រីស្ទ យើងអាចយកឈ្នះការប្រយុទ្ធជាមួយសាតាំង និងអ្នកដើរតាមវាបាន ។
សូមដាក់បង្ហាញរូបភាពដែលភ្ជាប់មកជាមួយ អំពីសង្គ្រាមនៅស្ថានសួគ៌ ។ សូមអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលរូបភាពនេះអាចខុសពីអ្វីដែលយើងដឹងពីវិវរណៈសម័យទំនើបអំពីសង្រ្គាមនៅស្ថានសួគ៌ ។ ( សូមលើកទឹកចិត្តសិស្សឲ្យផ្តោតលើ ម៉ូសេ ៤:១–៤, វិវរណៈ ១២:៧–១១ និង សេចក្ដីថ្លែងការណ៍ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី នៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំ ) ។
នៅពេលសិស្សចែកចាយគំនិតរបស់ពួកគេ សូមពិចារណាសួរសំណួរដូចខាងក្រោម ៖
-
ហេតុអ្វីបានជាសាតាំងបះបោរ ? តើអ្វីជាយុទ្ធសាស្ត្ររបស់វាក្នុងអំឡុងសង្គ្រាមនៅស្ថានសួគ៌ ? ( សូមមើល ម៉ូសេ ៤:១, ៣–៤; វិវរណៈ ១២:៧–៩ ) ។ តើវាប្រើយុទ្ធសាស្ត្រទាំងនេះយ៉ាងដូចម្ដេចនៅសម័យយើង ?
-
យោងតាម វិវរណៈ ១២:១១ តើយើងបានយកឈ្នះការប្រយុទ្ធប្រឆាំងនឹងសាតាំងនិងអ្នកដើរតាមវាដោយរបៀបណាក្នុងជីវិតមុនជីវិតលើផែនដីនេះ ? ( អ្នកអាចបន្ថែមការពិភាក្សារបស់អ្នកដោយរំឭកឡើងវិញនូវ សេចក្ដីថ្លែងការណ៍ដោយ បងប្រុស អាម៉ាត អេស ខូរប៊ីត នៅក្នុងឯកសាររៀបចំ ។ សូមជួយសិស្សស្វែងរកសេចក្ដីពិតដូចខាងក្រោម ហើយសរសេរវានៅលើក្ដារខៀន ៖ ដូចដែលយើងបានធ្វើក្នុងជីវិតមុនជីវិតលើផែនដី នោះយើងអាចយកឈ្នះលើអំណាចរបស់សាតាំង តាមរយៈសេចក្ដីជំនឿលើដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងទីបន្ទាល់របស់យើងអំពីទ្រង់ ) ។
-
តើទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់បានជួយអ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងសាតាំង និងការល្បួងរបស់វាដោយរបៀបណា ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីបង្កើនទីទុកចិត្តរបស់អ្នកលើសមត្ថភាពរបស់ព្រះអង្គសង្គ្រោះ ក្នុងការជួយអ្នកយកឈ្នះលើអំណាចរបស់សាតាំង ?
ដើម្បីបញ្ចប់ថ្នាក់ អ្នកអាចបង្ហាញ ហើយអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ជ័គ ក្លេប៊ីនហ្គាត នៃពួកចិតសិបនាក់ ៖
[ ក្នុងអំឡុងសង្គ្រាមនៅស្ថានសួគ៌ ] ពួកយើងដែលប្រដាប់ដោយសេចក្តីជំនឿលើដង្វាយធួននាពេលអនាគតនៃព្រះយេស៊ូវគ្រីស្ទ ដែលបានទទួលថាមពលដោយទីបន្ទាល់អំពីតួនាទីដ៏ទេវភាពរបស់ទ្រង់ អ្នកដែលមានចំណេះដឹងខាងវិញ្ញាណ និងភាពក្លាហានក្នុងការប្រើវាដើម្បីការពារព្រះនាមដ៏ពិសិដ្ឋរបស់ទ្រង់ បានប្រយុទ្ធនៅជួរមុខនៃសង្គ្រាមពាក្យសំដី ។ យ៉ូហានបានបង្រៀនថា វិញ្ញាណដ៏ក្លាហានទាំងនោះ និងអ្នកដទៃទៀតបានយកឈ្នះលូស៊ីហ្វើរ « ដោយឈាមនៃកូនចៀម និង ដោយសារសេចក្តីបន្ទាល់របស់ពួកគេ » ( វិវរណៈ ១២:១១ការសង្កត់ន័យត្រូវបានបន្ថែម ) ។
មែនហើយ ការសន្យារបស់ព្រះអង្គសង្គ្រោះ និងស្នាមលោហិតនៅឯគែតសេម៉ានី និងកាល់វ៉ារីបានយកឈ្នះសង្គ្រាមមុនជីវិតលើផែនដីនេះ ។ ប៉ុន្តែ ភាពក្លាហាន និង ទីបន្ទាល់មុនជីវិតលើផែនដីរបស់យើង ឆន្ទៈរបស់យើងក្នុងការពន្យល់វែកញែក និងបញ្ចុះបញ្ចូលវិញ្ញាណដទៃទៀត ក៏បានជួយទប់ស្កាត់ជំនោរនៃភាពមិនពិតពីការរីករាលដាលដោយមិនមានការប្រឆាំងផងដែរ !
ដោយបានបញ្ចប់ដំណើរបំពេញកាតព្វកិច្ចមុនជីវិតលើផែនដីដោយជោគជ័យក្នុងការការពាររបស់ទ្រង់ យើងបានក្លាយជាសាក្សីនៃព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ។ ប្រាកដណាស់ ដោយបានបង្ហាញឲ្យយើងឃើញក្នុងការប្រយុទ្ធ ហើយត្រូវបានធានាយ៉ាងអស់ពីចិត្តនិងដោយភាពក្លាហានរបស់យើង នោះក្រោយមកព្រះអម្ចាស់បានមានបន្ទូលអំពីយើង—សមាជិកនៃវង្សអ៊ីស្រាអែល—« ឯងរាល់គ្នាជាស្មរបន្ទាល់របស់យើង » ( អេសាយ ៤៣:១០ ) ។ សូមយើងសួរខ្លួនឯងថា ៖ តើការប្រកាសនេះនៅតែជាការពិតសម្រាប់យើងនាសព្វថ្ងៃនេះឬទេ ? ( ជ័គ ក្លេប៊ីនហ្គាត « Defending the Faith » Ensign ខែ កញ្ញា ឆ្នាំ ២០១៧ ទំព័រ ៤៩–៥០ )
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីសេចក្ដីថ្លែងការណ៍របស់អែលឌើរ ជ័គ ក្លេប៊ីនហ្គាត ហើយកំណត់ពីអ្វីដែលពួកគេអាចធ្វើដើម្បីឈរជាមួយព្រះយេស៊ូវគ្រីស្ទនៅក្នុងជំនាន់របស់យើង ។ អ្នកអាចអញ្ជើញសិស្សឲ្យកត់ត្រាគំនិត និងអារម្មណ៍របស់ពួកគេ ។
សម្រាប់ពេលក្រោយ
ក្នុងអំឡុងសប្តាហ៍ អ្នកអាចផ្ញើការអញ្ជើញខាងក្រោមទៅកាន់សិស្ស ៖ នៅពេលអ្នកអាន ឯកសាររៀបចំសម្រាប់មេរៀនទី ៤ និងសញ្ជឹងគិតអំពីអព្ភូតហេតុនៃការបង្កបង្កើត សូមពិចារណាផ្ញើឲ្យខ្ញុំ ឬយកមកថ្នាក់នូវរូបភាពនៃការបង្កបង្កើតរបស់ព្រះ ដែលអ្នកយល់ថាជាការបំផុសគំនិតពិសេស ។