« មេរៀនទី ១៣ ឯកសារគ្រូបង្រៀន ៖ ការងារបម្រើដូចជាព្រះអង្គសង្រ្គោះ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ១៣ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ១៣ ឯកសារគ្រូបង្រៀន
ការងារបម្រើដូចជាព្រះអង្គសង្រ្គោះ
នៅក្នុងព្រះជន្មរបស់ទ្រង់ ព្រះអង្គសង្រ្គោះបានធ្វើការងារបម្រើដល់អ្នកដទៃ កាលដែលទ្រង់បានពង្រឹងសេចក្តីជំនឿ បានប្រទានពរ បានព្យាបាល បានលួងលោម និងបានអភ័យទោស ។ នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសពន្យល់ពីអត្ថន័យនៃការធ្វើការងារបម្រើដូចជាព្រះអង្គសង្រ្គោះ ។ ពួកគេក៏នឹងពិចារណារបៀបដូចជាព្រះគ្រីស្ទដែលពួកគេអាចធ្វើការងារបម្រើដល់អ្នកដែលនៅជុំវិញពួកគេផងដែរ ។
យោបល់សម្រាប់ការបង្រៀន
ព្រះអង្គសង្គ្រោះគឺជាគំរូដ៏ល្អឥតខ្ចោះរបស់យើងពីរបៀបដើម្បីធ្វើការងារបម្រើដោយក្តីស្រឡាញ់ ។
អ្នកអាចចាប់ផ្តើមថ្នាក់ដោយការដាក់តាំងរូបភាពរបស់ព្រះអង្គសង្រ្គោះលាងជើងឲ្យពួកសាវករបស់ទ្រង់ ។ ឬអ្នកអាចបង្ហាញ « The Last Supper » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ០:៥០ ។
-
តើយើងអាចរៀនអ្វីខ្លះអំពីការងារបម្រើចេញពីព្រះយេស៊ូវ ដែលលាងជើងឲ្យពួកសាវករបស់ទ្រង់ ? ( សូមពិចារណារំឭកឡើងវិញក្នុង សេចក្ដីថ្លែងការណ៍ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំនេះ ) ។
សូមរំឭកសិស្សថា បន្ទាប់ពីលាងជើងឲ្យសាវករបស់ទ្រង់ហើយ ព្រះអង្គសង្រ្គោះបានប្រទានព្រះបញ្ញត្តិថ្មីមួយដល់ពួកគេ ។ សូមពិចារណាអានជាមួយគ្នាក្នុង យ៉ូហាន ១៣:៣៤–៣៥ ហើយដាក់តាំងសេចក្តីពិតដូចខាងក្រោម ៖ យើងអាចត្រូវបានស្គាល់ថាជាសិស្សរបស់ព្រះគ្រីស្ទ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក ដូចជាទ្រង់ស្រឡាញ់យើង ។
នៅពេលអ្នកអញ្ជើញសិស្សឲ្យចែកចាយពីអ្វីដែលសេចក្ដីពិតនេះអាចមានន័យសម្រាប់ភាពជាសិស្សផ្ទាល់ខ្លួនរបស់ពួកគេ នោះអ្នកអាចពិភាក្សាអំពីសំណួរមួយ ឬច្រើនខាងក្រោមនេះ ៖
-
តើការស្រឡាញ់អ្នកដទៃដូចជាព្រះអង្គសង្គ្រោះបានស្រឡាញ់យើង អាចជះឥទ្ធិពលដល់របៀបដែលអ្នកធ្វើការងារបម្រើយ៉ាងដូចម្ដេច ?
-
តើអ្វីបានជួយអ្នកឲ្យបម្រើដោយសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទដ៏អស្ចារ្យ ?
-
តើយើងអាចដឹងថានរណាត្រូវការជំនួយរបស់យើងដោយរបៀបណា ហើយយើងអាចធ្វើអ្វីបានខ្លះ ? ( ជាផ្នែកមួយនៃការពិភាក្សារបស់អ្នក អ្នកអាចនឹងពិនិត្យមើល និងពិភាក្សាសេចក្ដីថ្លែងការណ៍របស់ ប្រធាន រ័សុល អិម ណិលសុន និង ប្រធាន ហិនរី ប៊ី អាវរិង ក្នុងផ្នែកទី ១ នៃឯកសាររៀបចំនេះ ) ។
សូមពិចារណាអំពីការអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីរបៀបដែលពួកគេទទួលអារម្មណ៍នៃស្រឡាញ់របស់ព្រះអង្គសង្គ្រោះក្នុងជីវិតរបស់ពួកគេ កាលដែលពួកគេបានធ្វើការងារបម្រើដល់អ្នកដទៃ ឬដូចដែលអ្នកដទៃទៀតបានបម្រើពួកគេ ។
អ្នកអាចដាក់តាំងសេចក្តីថ្លែងការណ៍ដែលមិនពេញលេញដូចខាងក្រោមនៅលើក្តារខៀន ៖ យើងអាចធ្វើការងារបម្រើដោយសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ នៅពេលយើង …
សូមរំឭកសិស្សថា នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំដែលពួកគេត្រូវបានអញ្ជើញឲ្យ សិក្សា និងពិចារណាអំពីគំរូនៃការងារបម្រើរបស់ព្រះអង្កសង្រ្គោះ ។ សូមបែងចែកសិស្សឲ្យធ្វើការជាក្រុមតូចៗ ។ សូមអញ្ជើញពួកគេឲ្យពិនិត្យមើលឧទាហរណ៍ក្នុងខគម្ពីរដែលពួកគេបានសិក្សា និងចំណាប់អារម្មណ៍ដែលពួកគេបានកត់ត្រា ។ បង្ហាញ ឬផ្តល់ឲ្យក្រុមនីមួយៗនូវច្បាប់ចម្លងនៃសំណួរខាងក្រោម ហើយអញ្ជើញសិស្សឲ្យពិភាក្សាវាជាមួយគ្នា ។
-
តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍បំផុតអំពីរបៀបដែលព្រះអង្គសង្គ្រោះបានធ្វើការងារបម្រើក្នុងដំណើររឿងដែលអ្នកបានសិក្សានេះ ?
-
តើយើងអាចធ្វើតាមគំរូរបស់ទ្រង់ កាលយើងធ្វើការងារបម្រើដល់អ្នកដទៃដោយរបៀបណា ? ( ដោយជាផ្នែកមួយនៃការពិភាក្សារបស់អ្នក នោះអ្នកគួរមើលឡើងវិញជាមួយគ្នានូវសេចក្តីថ្លែងការណ៍ដោយ ប្រធាន ជីន ប៊ី ប៊ីងហាំ និង ស៊ីស្ទើរ សារ៉ុន អូប៊ែង នៅក្នុងផ្នែកទី១ នៃឯកសាររៀបចំនេះ ហើយចែកចាយអ្វីដែលអ្នកចូលចិត្តពីសេចក្តីថ្លែងការណ៍នេះ ) ។
-
តើការខិតខំរបស់អ្នកក្នុងការងារបម្រើដូចជាព្រះអង្គសង្គ្រោះ បានជួយអ្នកឲ្យចូលទៅជិតទ្រង់ដោយរបៀបណា ?
អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយជាមួយថ្នាក់នូវអ្វីដែលជ្រើសរើសចេញពីការពិភាក្សាជាក្រុមរបស់ពួកគេ ។ អ្នកអាចបន្ថែមសេចក្តីបញ្ចប់ជាច្រើនទៅនឹងសេចក្តីថ្លែងការណ៍ដែលមិនពេញលេញនៅលើក្ដារខៀន នៅពេលសិស្សចែកចាយ ។
យើងអាចរៀនស្រឡាញ់ និងធ្វើការងារបម្រើដល់កូនចៅទាំងអស់របស់ព្រះ ។
សូមពិចារណារំឭកឡើងវិញជាថ្នាក់នូវរឿងប្រៀបប្រដូចនៃសាសន៍សាម៉ារីដែលមានចិត្តល្អនៅក្នុង លូកា ១០:២៥–៣៧ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យប្រៀបធៀបអាកប្បកិរិយា និងទង្វើរបស់សង្ឃ និងពួកលេវីទៅនឹងពួកសាសន៍សាម៉ារី ។ សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេរៀនចេញពីរឿងប្រៀបប្រដូចអំពីការធ្វើការងារបម្រើដល់អ្នកដទៃដូចព្រះអង្គសង្គ្រោះបានធ្វើ ។ ដើម្បីលើកទឹកចិត្តឲ្យមានការគិត និងការចែកចាយឲ្យកាន់តែស៊ីជម្រៅ អ្នកអាចសួរសំណួរមួយចំនួនដូចខាងក្រោម ៖
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះជ្រើសរើសសាសន៍សាម៉ារីជាគំរូដែលយើងគួរធ្វើតាម ?
-
តើសាសន៍សាម៉ារីក្នុងរឿងប្រៀបប្រដូចអាចប្រដូចទៅនឹងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
-
តើអ្វីដែលអាចរារាំងយើងពីការធ្វើការងារបម្រើដល់អ្នកដទៃដូចព្រះអង្គសង្គ្រោះធ្វើ ? តើយើងអាចទទួលបានជំនួយពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដើម្បីយកឈ្នះលើឧបសគ្គទាំងនេះដោយរបៀបណា ?
ដើម្បីជួយសិស្សពិចារណាអំពីរបៀបដែលពួកគេអាចធ្វើការងារបម្រើតាមរបៀបដូចព្រះគ្រីស្ទ សូមបង្ហាញ ឬប្រគល់ក្រដាសមួយសន្លឹកដោយមានស្ថានភាពដូចខាងក្រោម ( អ្នកក៏អាចលើកយកបញ្ហាមួយចំនួនរបស់អ្នកផងដែរ ) ។ អ្នកអាចអញ្ជើញសិស្សឲ្យជ្រើសរើសបញ្ហាពីរបី ហើយពិភាក្សាអំពីបញ្ហាប្រឈមដែលពួកគេបង្ហាញក៏ដូចជាការងារបម្រើតាមរបៀបដូចជាព្រះគ្រីស្ទនៅក្នុងស្ថានភាពនីមួយៗដែរ ។ អ្នកអាចឲ្យសិស្សធ្វើសកម្មភាពនេះជាថ្នាក់ ឬជាក្រុមតូចៗ ។
សូមអញ្ជើញសិស្សឲ្យពិចារណា និងកត់ត្រាគំនិតរបស់ពួកគេអំពីសំណួរដូចខាងក្រោមនេះ ៖
-
តើនរណាដែលអ្នកមានចំណាប់អារម្មណ៍ដើម្បីលើកស្ទួយ ពង្រឹង ឬលើកទឹកចិត្ត ?
-
តើការបម្រើដូចជាព្រះគ្រីស្ទអ្វីខ្លះដែលអ្នកអាចធ្វើសម្រាប់បុគ្គលនេះ ?
សូមពិចារណាពីការថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការធ្វើសកម្មភាពលើចំណាប់អារម្មណ៍ខាងវិញ្ញាណ ដើម្បីផ្តល់ពរដល់ជីវិតអ្នកដទៃ និងពីអំណរដែលអាចកើតមានតាមរយៈការធ្វើការងារបម្រើដូចជាព្រះអង្គសង្រ្គោះ ។
សម្រាប់ពេលក្រោយ
ក្នុងអំឡុងសប្តាហ៍នេះ សូមពិចារណាផ្ញើសារខាងក្រោមនេះទៅសិស្ស ឬបង្កើតសាររបស់អ្នកផ្ទាល់ ៖ នៅពេលអ្នកសិក្សា ឯកសាររៀបចំសម្រាប់មេរៀនទី ១៤ សូមពិចារណាអំពីអព្ភូតហេតុដ៏អស្ចារ្យបំផុតដែលអ្នកអាចជួប ។