ថ្នាក់​វិទ្យាស្ថាន
សេចក្តី​ផ្តើម​ស្តីពី​ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេ​ស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( សាសនា ២៥០ )


« សេចក្តី​ផ្តើម​ស្តីពី ព្រះយេ​ស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( សាសនា ២៥០ ) » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេ​ស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« សេចក្តី​ផ្តើម » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

សេចក្តី​ផ្តើម​ស្តីពី ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេ​ស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( សាសនា ២៥០ )

សូម​ស្វាគមន៍​មកកាន់​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់ទ្រង់ ! ប្រធាន រ័សុល អិម ណិលសុន​បាន​ប្រកាស​ថា « មិន​ដែល​មាន​ពេល​ណា​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​ពិភព​លោក​នេះ ដែល​ចំណេះដឹង​អំពី​ព្រះអង្គ​សង្រ្គោះ​របស់​យើង​មាន​សារៈសំខាន់​ផ្ទាល់ខ្លួន ហើយ​ទាក់ទង​នឹង ព្រលឹង​មនុស្ស​គ្រប់គ្នា​យ៉ាងខ្លាំង​ដូច្នេះ​នោះទេ ( « Pure Truth, Pure Doctrine, and Pure Revelation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦ ) ។ វគ្គ​សិក្សា​នេះ​នឹង​ផ្តល់​ឲ្យ​សិស្ស​អ្នក​នូវ​ឱកាស​ដ៏​អស្ចារ្យ ដើម្បី​បង្កើន​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដុះខាត់​ការយល់​ដឹង​របស់​ពួកគេ​អំពី​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់ទ្រង់ និង​បង្កើន​ទំនុកចិត្ត​របស់​ពួកគេ​ដើម្បី​ទទួល​បាន​អំណាច និង​ដង្វាយធួន​របស់​ទ្រង់​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

តើ​អ្វី​ជា​គោល​បំណង​នៃ​វគ្គ​សិក្សា​នេះ ?

គោលបំណង​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា គឺ​ដើម្បី « ជួយ​ដល់​យុវវ័យ និង​យុវមជ្ឈិម​វ័យ​ឲ្យយល់ និង​ពឹង​ផ្អែក​ទៅ​លើ​ការ​បង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​នឹង​ទទួល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន​ពួកគេ​ផ្ទាល់ ក្រុមគ្រួសារ​របស់​ពួកគេ និង​មនុស្ស​ដទៃ​ទៀត ទទួល​ជីវិត​ដ៏នៅ​អស់​កល្ប​ជានិច្ច​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​របស់​ពួកគេ » ( ការ​បង្រៀន និង​ការរៀន​សូត្រ​ដំណឹងល្អ ៖ សៀវភៅ​ក្បួន​ខ្នាត​សម្រាប់​គ្រូបង្រៀន និង​ថ្នាក់​ដឹកនាំ​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា [ ឆ្នាំ ២០១២ ] ទំព័រ x ) ។

កម្មវិធី​សិក្សា​នេះ​ត្រូវ​បាន​រៀបរៀង​ឡើង​ដើម្បី​ជួយ​អ្នក និង​សិស្ស​របស់​អ្នក​បំពេញ​គោលបំណង​នេះ​ដោយ

  • ការចូលរួម​ក្នុង​បទពិសោធន៍​សិក្សា​ដែល​បង្កើន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​ពង្រឹង សម្អាត និង​ធ្វើ​ឲ្យ​អ្នក​ឥតខ្ចោះ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់

  • បង្កើន​សមត្ថភាព​របស់​អ្នក​ដើម្បី​ទទួល​វិវរណៈ

  • ការស្វែងយល់ ការពន្យល់ និង​ការថ្លែង​ទីបន្ទាល់​ពី​តួនាទី​ដ៏​ទេវភាព ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បំពេញ​នៅក្នុង​ផែនការ​នៃ​ការ ប្រោសលោះ​របស់​ព្រះ​វរបិតា​សួគ៌

  • ការពង្រឹង​ការប្តេជ្ញាចិត្ត​ដើម្បី​ធ្វើជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ការរក្សា​បទបញ្ញត្តិ​របស់ទ្រង់ និង​គោរព​ទំនាក់​ទំនង​នៃ​សេចក្តី​សញ្ញា​របស់​អ្នក​ជាមួយ​ទ្រង់ និង

  • ការធ្វើ​ឲ្យ​សេចក្តី​ស្រឡាញ់​របស់​អ្នក​កាន់តែ​ស៊ីជម្រៅ​ចំពោះ​ព្រះអង្គសង្រ្គោះ និង​រកមើល​ផ្លូវ​ដើម្បី​បង្ហាញ​អំណរគុណ​សម្រាប់​ទ្រង់ និង​ព្រះវរបិតាសួគ៌​របស់​អ្នក ។

តើ​វគ្គសិក្សា​នេះ​រៀបចំ​យ៉ាង​ដូចម្តេច ?

វគ្គ​សិក្សា​នេះ​ត្រូវ​បាន​បែងចែក​ជា​ប្រាំមួយ​ជំពូក ដែល​មាន ២៨ មេរៀន ។ រាល់​ជំពូក​នីមួយៗ​គ្របដណ្តប់​ទិដ្ឋភាព​សំខាន់ៗ​នៃ​បេសកកម្ម​ជីវិត​មុន​ផែនដី ជីវិត​លើ​ផែនដី ឬ​ជីវិត​ក្រោយ​ពីជីវិត​លើ​ផែនដី​របស់​ព្រះអម្ចាស់ ។

មេរៀន​នីមួយៗ​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ថ្នាក់​ដែល​មាន​រយៈពេល ៥០ នាទី ។ សម្រាប់​ថ្នាក់​ទាំងឡាយ​ដែល​ជួប​គ្នា​តែ​ម្តង​ក្នុង​មួយ​សប្តាហ៍​ដែល​មាន​រយៈពេល ៩០ នាទី លោកគ្រូ អ្នកគ្រូ​អាច​បញ្ចូល​មេរៀន​ពីរ​ជាមួយ​គ្នា ពីព្រោះ​មេរៀន​នៅ​ក្នុង​ជំពូក​នីមួយៗ​គឺ​មាន​ជាប់​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​តាម​ប្រធានបទ ។

មេរៀន​នីមួយៗ​មាន​នូវ​ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ និង​ឯកសារ​គ្រូ​បង្រៀន ។ មេរៀន​ទាំង​នេះ​ត្រូវបាន​រៀបរៀង​ឡើង​ដើម្បី​អញ្ជើញ​ឲ្យ​មាន​ការរៀបចំ​ដ៏​ហ្មត់ចត់ លើក​ទឹកចិត្ត​ឲ្យ​សិស្ស​ចូលរួម​បង្កើនការ​រៀនសូត្រ​ឲ្យ​ស៊ី​ជម្រៅ និង​នាំ​មក​នូវ​សកម្មភាព​ដែល​ជួយ​ពួកគេ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

កាល​អ្នក​សិក្សា​កម្មវិធី​សិក្សា​នេះ សូម​អធិស្ឋាន​ទូលសុំ​ជំនួយ​របស់​ព្រះអម្ចាស់​ដើម្បី​អ្នក​ដឹង​ពី​របៀប​បំពេញ​តម្រូវការ​របស់​សិស្ស​អ្នក​បាន​ល្អ​បំផុត ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ជាពិសេស—សូម​ស្តាប់ សូម​ស្ដាប់​តាម​ព្រះវិញ្ញាណ ។ សូម​ទុកពេល​បន្ថែម​សម្រាប់​រៀបចំ​ផែនការ​មេរៀន​របស់​អ្នក ។ ប្រសិនបើ​អ្នក​ត្រូវ​រៀបចំ​មេរៀន​ខ្លី​បន្តិច​ដើម្បី​ថ្លែង​ទីបន្ទាល់​របស់​អ្នក ហើយ​ពញ្ញាក់​អារម្មណ៍​ឲ្យ​មាន​ការពិភាក្សា​មួយ​ស្តី​ពី​បញ្ហា​សម័យ​បច្ចុប្បន្ន​នេះ សូម​ធ្វើ​វា ពេល​មាន​ការបំផុស​គំនិត និង​ការ​ប្រាប់​ពី​ព្រះវិញ្ញាណ​ដោយ​ត្រឹមត្រូវ ។ …

… សូម​ចាំ​ថា សិស្ស​ពុំ​មែន​ជា​ថូ​មួយ​ដើម្បី​ចាក់​បំពេញ​ទេ តែ​សិស្ស​គឺ​ជា​ភ្លើង​មួយ​ដែល​ត្រូវ​ដុត​ឲ្យ​ឆេះ​សន្ធោសន្ធៅ ។ ( « ពួក​ទេវតា និង​សេចក្ដី​អស្ចារ្យ » [ សន្ទរកថា​ដែល​បាន​ថ្លែង​នៅ​ការចាក់ផ្សាយ​ស្តីពី​ការបំពាក់បំប៉ន​របស់​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ] broadcasts.ChurchofJesusChrist.org )

ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់​គឺ​មាន​គោលបំណង​ដើម្បី​ឲ្យ​អ្នក និង​សិស្ស​របស់​អ្នក​យក​មក​សិក្សា​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ថ្នាក់រៀន ។ វា​រួម​មាន​ទាំង​ការបង្រៀន​មក​ពី​បទគម្ពីរ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ វីដេអូ និង​ផ្នែក « ចង់​បាន​បន្ថែម​ទៀត​ទេ ? » ដែល​ផ្ដល់​ធនធាន​បន្ថែម​ទៀត​ទាក់ទង​នឹង​ប្រធានបទ​មេរៀន​នោះ ។

ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់​ក៏​មាន​នូវ​សំណួរ និង​សកម្មភាព​ទាំងឡាយ​ដែល​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​រៀន​សូត្រ​យ៉ាង​ស៊ី​ជម្រៅ និង​ការរៀបចំ​ក្នុង​ការចូលរួម​ក្នុង​ការពិភាក្សា​ក្នុង​ថ្នាក់ ។ ឧទាហរណ៍ នៅក្នុង​ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ នៅ​មេរៀន​ទី ៤ « ការស្វែង​រក​គោលបំណង និងសេចក្ដី​អំណរ​នៅក្នុង​ការបង្ក​បង្កើត​របស់​ព្រះអម្ចាស់ » សិស្ស​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​សកម្មភាព​ដូច​ខាងក្រោម ៖

មេរៀន​ទី ៤ សកម្មភាព​សម្តែង

ប្រើប្រាស់​ឯកសារ​រៀបចំ​នេះ​នឹង​ជួយ​សិស្ស​ឲ្យ « ស្វែងរក​ការ​រៀន​សូត្រ គឺ​ដោយ​សារ​ការ​សិក្សា និង​ដោយ​សារ​សេចក្ដី​ជំនឿ​ផង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:១១៨ ) ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ ដេវីឌ អេ បែដណា

ការរៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ​តម្រូវ​ឲ្យ​មាន​កិច្ចខិត​ខំ​ខាង​វិញ្ញាណ ខាង​សតិអារម្មណ៍ និង​ខាង​រូបកាយ ហើយ​ពុំ​មែន​គ្រាន់​តែ​ជា​ការ​ទទួលភាព​អកម្ម​នោះ​ទេ ។ …

… សិស្ស​ម្នាក់​ត្រូវតែ​អនុវត្ត​សេចក្ដីជំនឿ ហើយ​ធ្វើ​សកម្មភាព ដើម្បី​ទទួលបាន​ចំណេះដឹង​សម្រាប់​ខ្លួន​គេ​ផ្ទាល់ ។ ( « Seek Learning by Faith » Ensign ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៦៤ )

អ្នក​អាច​នឹង​ស្វែងរក​ឱកាស​ដើម្បី​ពង្រឹង​ដល់​សិស្ស​នូវ​ការសន្យា​របស់​ព្រះអម្ចាស់​ថា អស់​អ្នក​ដែល​ស្វែងរក​ការរៀនសូត្រ​ខាង​វិញ្ញាណ​ដោយ​ស្មោះ​នឹង​ទទួល​បាន​វា ( សូមមើល ម៉ាថាយ ៧:៧; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:៦១; ៨៨:៦៣ ) ។

ឯកសារ​គ្រូបង្រៀន

នៅ​ក្នុង​បុព្វកថា​នៃ​ឯកសារ​គ្រូ​សម្រាប់​មេរៀន​នីមួយៗ អ្នក​នឹង​រក​ឃើញ​ការពិពណ៌នា​នៃ​លទ្ធផល​ដែល​អ្នក​សិក្សា​ចង់​បាន ។ សេចក្ដីផ្ដើម​នេះ​បន្ដ​ដោយ​គំនិត​យោបល់​សម្រាប់​ការ​បង្រៀន ដែល​ផ្តល់​ជាគម្រោង​មេរៀន ការបង្រៀន​ចេញពី​ព្រះគម្ពីរ និង​ថ្នាក់ដឹកនាំ សាសនាចក្រ សេចក្តីពិត​ដែល​ត្រូវ​បញ្ជាក់ន័យ ជំនួយ​ការពិភាក្សា ព្រមទាំង​គំនិត​អនុវត្ត ។

នៅពេល​អ្នក​សិក្សា​ឯកសារ​គ្រូ​បង្រៀន សូម​យក​ចិត្ត​ទុក្ខ​ដាក់​ទៅ​លើ​របៀប​ដែល​វា​ទាញ​យក​មក​ពី​ការរៀបចំ​របស់​សិស្ស ។ ការពឹងផ្អែក​ទៅ​លើការ​រៀបចំ​របស់​សិស្ស​ជាទៀងទាត់ នឹងជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៏​ថា​សំខាន់ ក្នុង​ការរៀបចំ​សម្រាប់​គ្រប់​ថ្នាក់ ។ ( ចំណាំ ៖ សូម​ចាំ​ថា ប្រសិន​បើ​អ្នក​ណែនាំ​មាតិកា​បន្ថែម​ក្នុង​អំឡុងពេល​ថ្នាក់​រៀន នោះ​ពេលវេលា​ដែល​បាន​ចំណាយ​ធ្វើដូច្នេះ​អាច​បង្អាក់​សិស្ស​ពី​ការចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​មាន​អារម្មណ៍​នៅពេល​ពួកគេ​សិក្សា​ឯកសារ​រៀបចំ​នេះ ) ។

សំណួរ​ដំបូង​ខាង​ក្រោម​នេះចេញ​ពី មេរៀនទី ៤ គឺ​ជា​ឧទាហរណ៍​មួយអំពី​របៀប​ដែល​ឯកសារ​គ្រូបង្រៀន ផ្តោត​លើ​ការ​រៀបចំ​របស់​សិស្ស ៖

មេរៀន​ទី ៤ សំណួរ​ដែល​កាត់​ចេញ
រូបតំណាង​ការសញ្ជឹងគិត

ពិចារណាអំពីការរៀបចំដើម្បីបង្រៀន​វគ្គសិក្សានេះ

ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​សិស្ស​របស់​អ្នក​នឹង​ធ្វើ​ពី​មុន​ថ្នាក់​ចាប់​ផ្តើម​ដែរ សូម​ចំណាយ​ពេល​ដើម្បី​ពិចារណា នៅ​ពេល​អ្នក​រៀបចំខ្លួន​បង្រៀន​វគ្គសិក្សា​នេះ ។ ដំបូង​សូម​មើល​មេរៀន​មួយ​ឬ​ពីរ ដើម្បី​ឲ្យ​ស្គាល់​ពី​ឯកសារ​រៀបចំខ្លួន​សម្រាប់​ថ្នាក់ និង​ឯកសារ​គ្រូបង្រៀន ។ សូម​កត់ចំណាំ​ពីរបៀប​ដែល​ឯកសារ​ទាំងនេះ​ត្រូវ​បាន​រចនាឡើង​ដើម្បី​ប្រើប្រាស់​រួមគ្នា នៅពេលអ្នក​រៀបចំ​ខ្លួន​បង្រៀន ។ បន្ទាប់មក សូម​ពិចារណា​ពី​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អាកប្បកិរិយា ឬ​វិធីសាស្រ្ត​អ្វីខ្លះ​ដែល​អ្នក​អាច​រើសយក​ដើម្បី​ប្រើប្រាស់​ឯកសារ​ទាំងនេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​សិស្ស​របស់​អ្នក ?

  • តើ​របៀប​ណា​ខ្លះ​ដែល​អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ពួកគេ​អាច​មាន​បទពិសោធន៍​កាន់តែ​រឹងមាំ​នៅក្នុង​ថ្នាក់ ?

  • តើ​អ្នក​អាច​ធ្វើ​ដូច​ម្តេច​ដើម្បី​រួម​បញ្ចូល​សិស្ស​ដែល​មិន​បាន​សិក្សា​ឯកសារ​រៀបចំ ?

តើ​ខ្ញុំ​អាច​រៀបចំ​ខ្លួន​បង្រៀន​ឲ្យ​មាន​ប្រសិទ្ធភាព​ដោយ​របៀប​ណា ?

ព្រះវរបិតានឹងជួយអ្នក នៅ​ពេល​អ្នក​រៀបចំ​ខ្លួន​បង្រៀន​បុត្រា​បុត្រី​របស់ទ្រង់ ។ ការខិតខំ​របស់អ្នក​ដើម្បី​សិក្សា​បទគម្ពីរ និង​រស់នៅ​តាម​ដំណឹងល្អ​ដោយ​ឧស្សាហ៍​ព្យាយាម នឹង​ជួយ​ឲ្យ​អ្នក​មាន​លក្ខណៈ​សម្បត្តិ​ក្នុង​ការទទួល​បាន​ការណែនាំ​ពី​ព្រះវិញ្ញាណ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១:២១ ) ។

អ្នក​អាច​ឃើញ​ថា វា​អាច​មាន​ប្រយោជន៍ ពេល​សួរ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម​នេះ កាល​អ្នក​រៀបចំ​ខ្លួន​រៀន និង​បង្រៀន​ដល់​សិស្ស​របស់​អ្នក ៖

  • តើ​ខ្ញុំ​បាន​អធិស្ឋាន​ដើម្បី​ទទួល​បាន​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ដើម្បី​ដឹង​ពី​សេចក្តី​ត្រូវការ​របស់​សិស្ស​ខ្ញុំ​ដែរ​ឬ​ទេ ? តើ​ខ្ញុំ​អាច​ដឹង​ថា​អ្វី​ដែល​អាច​ពាក់ព័ន្ធ​បំផុត​ចំពោះ​ពួកគេ​ដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​មាន​អារម្មណ៏​ថា មាន​គ្រឹះ​គ្រប់គ្រាន់​នៅ​ក្នុង​ព្រះគម្ពីរ ឯកសារ​ការរៀបចំ និង​ឯកសារ​គ្រូបង្រៀន​ដែរ​ឬ​ទេ ? តើ​មាន​អ្វី​ខ្លះ​ដែល​ខ្ញុំ​ចាំ​បាច់​ត្រូវ​កែសម្រួល​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​សិស្ស​ខ្ញុំ ?

  • តើ​ខ្ញុំអាច​ជួយសិស្ស​ខ្ញុំ​ឲ្យ​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ ហើយ​រៀនសូត្រ​ពី​ព្រះវិញ្ញាណបរិសុទ្ធ​នៅក្នុង​មេរៀន​នេះ​ដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​អាច​ជួយ​ដល់​សិស្ស​ម្នាក់ៗ​របស់​ខ្ញុំ ឲ្យ​ចូលរួម​ចំណែក​បាន​យ៉ាង​ពេញលេញ​ដោយ​របៀប​ណា ? តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​មាន​ពេល​ដែល​ពួកគេ​ត្រូវការ​ក្នុង​អំឡុង​ថ្នាក់ ដើម្បី​រៀបចំ​ផែនការ​ផ្ទាល់​ខ្លួន​ក្នុង​ការអនុវត្ត​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន​ដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​អាច​បង្កើត​នូវ​បរិយាកាស​រៀនសូត្រ​មួយ​ដែល​សិស្ស​មាន​អារម្មណ៍​ថា​មាន​តម្លៃ ត្រូវ​បាន​គេ​ទទួល​ស្គាល់ និង​មាន​សុវត្ថិភាព​ដើម្បី​ចែកចាយ និង​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​របៀបណា ? ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧៨, ១២២ ) ។

តើ​ខ្ញុំ​អាច​កែ​សម្រួល​មេរៀន​ទាំងឡាយ​សម្រាប់​សិស្ស​ពិការ​ដោយ​របៀប​ណា ?

នៅពេល​អ្នក​រៀបចំ​ខ្លួន​បង្រៀន សូម​គិត​ដល់​សិស្ស​ដែល​មាន​តម្រូវការ​ពិសេស​ផង​ដែរ ។ សូម​កែសម្រួល​សកម្មភាព និង​ការរំពឹងទុក​ទាំងឡាយ​ដើម្បី​បញ្ចូល​សិស្ស​ទាំងនេះ ហើយ​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ជោគជ័យ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ប្រឹក្សា​ជាមួយ​នឹង​ធនធាន​ទាំងឡាយ នៅ​លើ​ទំព័រពិការភាព នៅ​គេហទំព័រ disabilities.ChurchofJesusChrist.org ។

តើ​អ្វី​ជា​ក្តី​រំពឹងទុក​ពី​សិស្ស ដើម្បី​ទទួល​បាន​ក្រេដីឌ ?

ដើម្បី​ទទួលបាន​ក្រេដីឌ​ដើម្បី​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាស្ថាន សិស្ស​ទាំងឡាយ​ត្រូវតម្រូវឲ្យ

  1. សិក្សាសម្ភាររៀបចំ​ឲ្យ​បានយ៉ាងតិចណាស់ឲ្យបាន ៧៥ ភាគរយនៃមេរៀន

  2. មាន​វត្តមាន​ក្នុង​ថ្នាក់ ៧៥ ភាគរយ និង

  3. បញ្ចប់​បទពិសោធន៍​រៀនសូត្រ​មួយ​ដូច​តទៅ​នេះ ៖ សរសេរ​សៀវភៅ​កំណត់ហេតុ​សិក្សា​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​អធិប្បាយ​ទាំងបី ឬ​រៀបចំ​ហើយ​បំពេញ គម្រោង​រៀន​សូត្រ ( ដោយមាន​ការអនុមតិ​ពី​គ្រូ​បង្រៀន ) របស់​ពួកគេ​ដែល​ទាក់ទង​ទៅ​នឹង​មាតិកា​នៃ​វគ្គ​សិក្សា​នេះ ឬ​កត់ត្រា​ចម្លើយ​ចំពោះ​សំណួរ និង​សកម្មភាព​ទាំងអស់​នៅក្នុង​ឯកសារ​រៀបចំ​នេះ ។ ( ចំណាំ ៖ សិស្ស​មិន​ចាំបាច់​ដាក់​ជូន​កំណត់ហេតុ​ការសិក្សា ឬ​ចម្លើយ​របស់​ពួកគេ​មកកាន់​អ្នក​នៅ​ចុងបញ្ចប់​នៃ​ឆមាស​ទេ គឺ​ពួកគេ​គ្រាន់តែ​ត្រូវ​បង្ហាញ​អ្នក​ពីអ្វីដែល​ពួកគេ​បានបំពេញ​ប៉ុណ្ណោះ ) ។ សូម​ស្វែងរក​ព័ត៌មាន​លម្អិត​ថែម​ទៀត​នៅ​លើ​គេហទំព័រ បទពិសោធន៍​នៃ​ការលើក​កម្ពស់​ដល់​ការរៀនសូត្រ​ថ្នាក់​វិទ្យាស្ថាន ។

រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​ពិចារណា​អំពី​ប្រភេទ​នៃ​បទពិសោធន៏​ដែល​អ្នក​សង្ឃឹម​ថា​សិស្ស​របស់​អ្នក​នឹង​មាន​នៅ​ក្នុង​វគ្គសិក្សា​នេះ ។ សូម​សរសេរ​គំនិត​របស់​អ្នក​ពីរបី អំពី​របៀប​ដែល​អ្នក​មាន​ផែនការ​ជួយ​សិស្ស ឲ្យ​មាន​បទពិសោធន៍​នៃ​ការរៀន​សូត្រ​ដ៏មាន​អត្ថន័យ ។