« មេរៀនទី ៤ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការស្វែងរកគោលបំណង និងសេចក្ដីអំណរនៅក្នុងការបង្កបង្កើតរបស់ព្រះអម្ចាស់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ៤ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ៤ ឯកសាររៀបចំសម្រាប់ថ្នាក់
ការស្វែងរកគោលបំណង និងសេចក្ដីអំណរនៅក្នុងការបង្កបង្កើតរបស់ព្រះអម្ចាស់
ប្រធាន អិម រ័សុល បាឡឺដក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា ៖ « ចូរគិតពីអ្វីដែលនឹងកើតឡើង ប្រសិនបើយើងទាំងអស់គ្នាចំណាយពេលមើលយ៉ាងយកចិត្តទុកដាក់នូវភាពដ៏អស្ចារ្យនៃធម្មជាតិដែលនៅជុំវិញយើង ហើយលះបង់ខ្លួនយើងដើម្បីរៀនបន្ថែមអំពីពិភពលោកដែលព្រះបានបង្កើតសម្រាប់យើង ! » ( « God’s Love for His Children » Ensign ខែ ឧសភា ឆ្នាំ ១៩៨៨ ទំព័រ ៥៧ ) ។ នៅពេលអ្នកគិតអំពីអព្ភូតហេតុនៃការបង្កបង្កើត សូមពិចារណាអំពីអ្វីដែលអ្នកអាចរៀនអំពីព្រះដ៏បង្កបង្កើត និងគោលបំណងរបស់ទ្រង់សម្រាប់យើង ។
ផ្នែកទី ១
តើការយល់ដឹងអំពីគោលបំណងនៃការបង្កបង្កើតអាចនាំមកនូវអត្ថន័យបន្ថែមដល់ជីវិតរបស់ខ្ញុំយ៉ាងដូចម្តេច ?
តើអ្នកមានគំនិត និងអារម្មណ៍អ្វីខ្លះ ពេលសំឡឹងមើលទៅដួងតារាទាំងឡាយនៅលើមេឃនាពេលរាត្រី—ប្រហែលជាឆ្ងល់ ស្ញប់ស្ញែង គោរព ឬសូម្បីតែមានអារម្មណ៍ថាមិនសំខាន់ ?
វិទ្យាសាស្រ្តនៃតារាសាស្ត្រផ្តល់ឲ្យយើងនូវទិដ្ឋភាពនៃទំហំដ៏គួរឲ្យភ្ញាក់ផ្អើលនៃសកលលោក ។ នៅក្នុងកាឡាក់ស៊ីរបស់យើងតែមួយមានផ្កាយ « ចន្លោះពី ២០០ ទៅ ៤០០ ពាន់លាន ។ ប៉ុន្តែ វាគ្រាន់តែជាកាឡាក់ស៊ីមួយក្នុងចំណោមកាឡាក់ស៊ីរាប់ពាន់លានប៉ុណ្ណោះ ។ … រួមជាមួយគ្នា កាឡាក់ស៊ីទាំងអស់នៅក្នុងសកលលោកដែលអាចមើលឃើញមានផ្កាយប្រមាណជា ៣០ ពាន់លាន ។ ប៉ុន្តែចំនួននោះអាចជាប្រភាគតូចមួយនៃចំនួនទាំងអស់ដែលមាន ( អរ វ៉ល់ ចនសិន « Worlds without Number » Ensign ខែ សីហា ឆ្នាំ ២០១៣ ទំព័រ ៤៥ ) ។
នៅក្នុងការនិមិត្តដ៏អស្ចារ្យនៃការបង្កបង្កើត ម៉ូសេបានឃើញផែនដីរបស់យើង និងអ្នកស្រុករបស់វា ហើយបន្ទាប់មកលោកបានរៀនអំពីការពង្រីកដ៏ធំនៃសកលលោក ។ លោកបានរៀនផងដែរថា ក្រោមការដឹកនាំរបស់ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទបានបង្កើតវត្ថុសព្វសារពើ ( សូមមើល ម៉ូសេ ២:១; សូមមើលផងដែរ ម៉ូសាយ ៣:៨; យ៉ូហាន ១:១–៣ ) ។ ដោយឃើញស្នាព្រះហស្តរបស់ព្រះ ម៉ូសេ « មានចិត្តអស្ចារ្យ និងឆ្ងល់ជាអនេក » ( ម៉ូសេ ១:៨ ) ហើយបានសួរថា « ព្រះករុណាវិសេស សូមប្រាប់ទូលបង្គំថា ម្ដេចក៏មានការណ៍នេះ ហើយថាតើព្រះអង្គបានបង្កើតរបស់ទាំងនេះតាមរបៀបណា ? » (ម៉ូសេ ១:៣០សូមមើលផងដែរ ខ ២៧–៣៧ ) ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះជាសមាជិកម្នាក់នៅក្នុងគណៈប្រធានទីមួយបានថ្លែងអំពីគោលបំណងរបស់ព្រះចំពោះការបង្កបង្កើត ៖
ព្រះបានមានបន្ទូលដោយផ្ទាល់ថា យើងគឺជាមូលហេតុដែលទ្រង់បានបង្កើតពិភពលោកនេះ ! កិច្ចការ និងសិរីល្អរបស់ទ្រង់—គោលបំណងនៃចក្រវាលដ៏រុងរឿងនេះ—គឺដើម្បីសង្គ្រោះ និងតម្កើងមនុស្សលោក ។ … ព្រះវរបិតាសួគ៌របស់យើងបានបង្កើតសកលលោក ដើម្បីឲ្យយើងអាចឈោងទៅដល់សក្ដានុពលរបស់យើងក្នុងនាមជាបុត្រា និងបុត្រីរបស់ទ្រង់ ។
នេះគឺជាមតិផ្ទុយមួយរបស់មនុស្ស ៖ បើប្រៀបនឹងព្រះ មនុស្សគឺគ្មានជាអ្វីសោះ ប៉ុន្តែយើងគឺជាអ្វីៗទាំងអស់ចំពោះព្រះ ។ ( « You Matter to Him » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២០ )
ផ្នែកទី ២
តើខ្ញុំអាចរកឃើញសេចក្ដីអំណរបន្ថែមទៀតនៅក្នុងការបង្កបង្កើតរបស់ទ្រង់ដោយរបៀបណា ?
បន្ទាប់ពីផ្ទៃមេឃ និងផែនដីត្រូវបានបង្កើតឡើង ព្រះបានសម្រាកនៅថ្ងៃទីប្រាំពីរពីគ្រប់ទាំងកិច្ចការរបស់ទ្រង់ ហើយបានមានបន្ទូលថា « គ្រប់របស់ទាំងអស់ដែលយើងបានធ្វើនោះរួចជាស្រេច ហើយយើងជាព្រះ បានឃើញថារបស់ទាំងនោះសុទ្ធតែល្អ » ( ម៉ូសេ ៣:២ ) ។ បន្ទាប់មក ទ្រង់បានប្រទានពរដល់ថ្ងៃទីប្រាំពីរ ។ តើអ្នករៀនអ្វីខ្លះអំពីព្រះដ៏បង្កបង្កើតកាលដែលទ្រង់ទុកពេលមួយដើម្បីមើលភាពស្រស់ស្អាតនៃការបង្កបង្កើត ? នៅសប្តាហ៍មុន តើអ្នកបានឆ្លៀតពេលញឹកញាប់ប៉ុណ្ណាដើម្បីសម្រាក ហើយរីករាយនឹងការបង្កបង្កើតរបស់ព្រះអម្ចាស់ ?
នៅក្នុងវិវរណៈមួយទៅកាន់ព្យាការី យ៉ូសែប ស្ម៊ីធ ព្រះអង្គសង្គ្រោះបានចង្អុលបង្ហាញពរជ័យខាងសាច់ឈាម និងខាងវិញ្ញាណដែលប្រទានដល់អ្នកដែលរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៩–១៩ ) ។ ពរជ័យទាំងនេះរួមមានភាពរីករាយនឹង « ផលបរិបូរនៃផែនដី » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:១៦ ) ។
ក្នុងចំណោមអច្ឆរិយវត្ថុទាំងអស់នៅលើផែនដី យើងគឺជាការបង្កបង្កើតដ៏អស្ចារ្យបំផុតរបស់ព្រះ ។ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ « ក៏យាងចុះទៅ បង្កើតមនុស្សឲ្យដូចរូបព្រះទាំងឡាយ … ជាប្រុសជាស្រី » ( អ័ប្រាហាំ ៤:២៦–២៧ ) ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានថ្លែងទីបន្ទាល់ ៖
រូបកាយរបស់យើងគឺពិសិដ្ឋ ។ យើងត្រូវបានបង្កើតតាមរូបភាពនៃព្រះ ។ រូបកាយយើងគឺអស្ចារ្យណាស់ ជាការបង្កបង្កើតដ៏ខ្ពង់ខ្ពស់របស់ព្រះ ។ ( « Be Ye Clean » Ensign ខែឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៤៨ )
ការទទួលយករូបកាយគឺសំខាន់សម្រាប់ភាពរីកចម្រើនដ៏អស់កល្បជានិច្ចរបស់យើង ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:៣៣–៣៤ ) ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
រូបកាយខាងសាច់ឈាមរបស់យើងធ្វើឲ្យមានបទពិសោធន៍ដ៏ទូលំទូលាយ ជ្រាលជ្រៅ និងប្រពលភាព ដែលជាធម្មតាពុំអាចទទួលបាននៅក្នុងជីវិតមុនជីវិតលើផែនដីរបស់យើងបានទេ ។ ( « We Believe in Being Chaste » Liahona ខែឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១ )
ផ្ទុយពីព្រះអង្គសង្គ្រោះ សាតាំងបំប្លែងគោលបំណងដ៏ទេវភាពនៃរូបកាយរបស់យើង ហើយទាក់ទាញយើងឲ្យប្រើវាខុស ។ ប្រធាន ស៊ូសាន ដុបលយូ ថែនណឺ អតីតប្រធានយុវនារីទូទៅបានបង្រៀន ៖
[ សាតាំង ] ល្បួងមនុស្សជាច្រើនមិនឲ្យគោរពអំណោយដ៏អស្ចារ្យនៃរូបកាយនេះ តាមរយៈភាពមិនបរិសុទ្ធ ភាពមិនរាបសា ភាពបណ្តែតបណ្តោយ និងការញៀន ។ វាបានល្បួងអ្នកខ្លះឲ្យមើលងាយរូបកាយរបស់ពួកគេ ហើយអ្នកផ្សេងទៀត វាល្បួងឲ្យគោរពបូជារូបកាយរបស់ពួកគេ ។ ក្នុងករណីណាមួយក៏ដោយ វាទាក់ទាញពិភពលោកឲ្យចាត់ទុករូបកាយគ្រាន់តែជាវត្ថុមួយប៉ុណ្ណោះ ។ …
រូបកាយរបស់យើងគឺជាព្រះវិហារបរិសុទ្ធរបស់យើង ។ យើងមិនអន់នោះទេ ប៉ុន្តែ កាន់តែដូច ជាព្រះវរបិតាសួគ៌ ដោយសារយើងត្រូវបានបង្កើតឲ្យដូចរូបអង្កទ្រង់ ។ … សូមឲ្យយើងគោរពភាពបរិសុទ្ធនៃរូបកាយក្នុងពេលនៃជីវិតលើផែនដីនេះ ដើម្បីព្រះអម្ចាស់អាចញែកវាជាបរិសុទ្ធ ហើយតម្កើងវាអស់កល្បជានិច្ច ។ ( « The Sanctity of the Body » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ១៣, ១៥ )
ផ្នែកទី ៣
តើខ្ញុំអាចធ្វើឲ្យការយល់ដឹងរបស់ខ្ញុំកាន់តែស៊ីជម្រៅអំពីការបង្កបង្កើតរបស់ព្រះអម្ចាស់ដោយការសិក្សាព្រះគម្ពីរ និងវិទ្យាសាស្ត្រដោយរបៀបណា ?
របៀបមួយដែលយើងអាចរៀនអំពីការបង្កបង្កើតរបស់ព្រះ គឺតាមរយៈវិទ្យាសាស្ត្រ ។ ឧទាហរណ៍ ៖ យើងបានរៀនច្រើនអំពីដំណើរការនៃរាងកាយមនុស្ស តាមរយៈការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ អំពីជីវចម្រុះតាមរយៈបរិស្ថានវិទ្យាអេកូឡូស៊ី អំពីគំរូអាកាសធាតុតាមរយៈឧតុនិយម និងអ្វីៗជាច្រើនទៀត ។
ប្រហែលជាមានពេលខ្លះ អ្នករៀនអ្វីមួយពីវិទ្យាសាស្ត្រដែលហាក់ដូចជាផ្ទុយនឹងបទគម្ពីរ ។ នៅពេលអ្នកជួបប្រទះនឹងអ្វីដែលហាក់មិនស្របគ្នា ទស្សនដូចខាងក្រោមពីប្រធាន រ័សុល អិម ណិលសុន អាចផ្តល់ជាជំនួយ ៖
គ្មានភាពមិនស្របគ្នារវាងវិទ្យាសាស្ត្រ និង សាសនាឡើយ ។ ភាពមិនស្របគ្នាកើតឡើងមកពីការយល់ដឹងមិនពេញលេញនៃវិទ្យាសាស្ត្រ ឬ សាសនា ឬក៏ទាំងពីរ ។ …
… រាល់សេចក្ដីពិតគឺជាផ្នែកមួយនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ មិនថាសេចក្តីពិតបានមកពីមន្ទីរពិសោធន៍វិទ្យាសាស្ត្រ ឬ ដោយវិវរណៈមកពីព្រះនោះទេ វាគឺស្របគ្នា ។ ( « Church Leaders Gather at BYU’s Life Sciences Building for Dedication » Church Newsថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៥ ChurchofJesusChrist.org ) ។
ខណៈពេលដែលវិទ្យាសាស្ត្រអាចជួយយើងពន្យល់អំពី របៀប ដែលដំណើរការធម្មជាតិកើតឡើង នោះដំណឹងល្អរបស់ព្រះអម្ចាស់ផ្តោតលើ មូលហេតុ ។ វិទ្យាសាស្ត្រ និងសាសនាតែងតែដោះស្រាយក្រុមសំណួរផ្សេងៗគ្នា ។ ព្យាការីនៅក្នុងបទគម្ពីរសង្កត់ធ្ងន់ជាចម្បងនូវអ្វីដែលយើងត្រូវយល់អំពីព្រះដ៏បង្កបង្កើត និងគោលបំណងរបស់ទ្រង់ ។ ( សូមមើល « Science and Our Search for Truth » New Era ខែ កក្កដា ឆ្នាំ ២០១៦ ទំព័រ ២៦–២៩ ) ។ ក្នុងការនិយាយអំពីដែនកំណត់នៃចំណេះដឹងផ្នែកវិទ្យាសាស្ត្រ ប្រធាន ដាល្លិន អេក អូកបានបង្រៀន ៖
វិធីសាស្ត្របែបវិទ្យាសាស្ត្រដឹកនាំយើងទៅរកអ្វីមួយដែលយើងហៅថាសេចក្ដីពិតខាងវិទ្យាសាស្ត្រ ។ ប៉ុន្តែ ‹ សេចក្តីពិតខាងវិទ្យាសាស្ត្រ › ពុំមែនជាគោលបំណងពេញលេញនៃជីវិតទេ ។ អ្នកទាំងឡាយដែលពុំរៀន ‹ ដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង › ទេ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨ ) នោះនឹងកំណត់ការយល់ដឹងរបស់ខ្លួនអំពីសេចក្ដីពិតនៅត្រឹមតែអ្វីដែលពួកគេអាចបញ្ជាក់បានតាមរបៀបបែបវិទ្យាសាស្ត្រប៉ុណ្ណោះ ។ …
យើងរកឃើញសេចក្ដីពិត និងអំណរស្ថិតស្ថេរតាមរយៈការមកស្គាល់ និងការធ្វើតាមសេចក្ដីពិតអំពីអត្តសញ្ញាណរបស់យើង ខ្លឹមសារនៃជីវិតលើផែនដី និងកន្លែងដែលយើងទៅពេលយើងស្លាប់ ។ សេចក្ដីពិតទាំងនោះមិនអាចរៀនបានដោយប្រើវិធីសាស្ត្របែបវិទ្យាសាស្ត្រ ឬខាងលោកិយបានទេ ។ ( « Truth and the Plan » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ២៥ )
នៅពេលយើងបញ្ចូលការរៀនសូត្ររបស់យើងខាងវិញ្ញាណ និងខាងវិទ្យាសាស្រ្តរួមគ្នាអំពីការបង្កបង្កើត នោះវាអាចធ្វើឲ្យការយល់ដឹងរបស់យើងអំពីព្រះកាន់តែស៊ីជម្រៅទោះបីជាយើងនៅតែមានសំណួរដែលមិនទាន់មានចម្លើយក៏ដោយ ។ នៅពេលអ្នកគិតអំពីសំណួររបស់អ្នកផ្ទាល់ សូមចាំថា ក្នុងអំឡុងសហស្សវត្សរ៍ អ្វីៗទាំងអស់នឹងត្រូវបានបើកសម្ដែង រួមមាន « របស់របរដែលនៅខាងលើ និងរបស់របរដែលនៅខាងក្រោម របស់របរដែលនៅក្នុងផែនដី និងនៅលើផែនដី និងនៅលើស្ថានសួគ៌ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១០១:៣៤ ) ។