« មេរៀនទី ១ ឯកសារគ្រូបង្រៀន ៖ ការទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះដើម្បីរៀនអំពីទ្រង់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ១ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ១ ឯកសារគ្រូបង្រៀន
ការទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះដើម្បីរៀនអំពីទ្រង់
វគ្គសិក្សានេះផ្ដល់ឲ្យអ្នកនិងសិស្សរបស់អ្នកនូវឱកាសដ៏អស្ចារ្យ ដើម្បីបង្កើនសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ។ នៅក្នុងមេរៀននេះ សិស្សនឹងពិចារណាពីអ្វីដែលពួកគេអាចធ្វើ ដើម្បីទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះដើម្បីរៀនអំពីទ្រង់ឲ្យបានពេញលេញជាងមុន ។ ពួកគេក៏នឹងពិចារណាអំពីសារៈសំខាន់នៃការរៀនសេចក្ដីពិតខាងវិញ្ញាណ តាមរយៈការសិក្សា និងសេចក្ដី ជំនឿផងដែរ ។
យោបល់សម្រាប់ការបង្រៀន
ព្រះយេស៊ូវគ្រីស្ទអញ្ជើញមនុស្សទាំងអស់ឲ្យរៀនអំពីទ្រង់ ។
កំណត់ចំណាំ ចំណុចសំខាន់នៃបេសកកម្មរបស់ថ្នាក់វិទ្យាស្ថាន គឺការជំរុញបរិយាកាសមួយដែលមនុស្សគ្រប់គ្នាមានអារម្មណ៍ថាមានសុវត្ថិភាព ការគាំទ្រ និងមានតម្លៃ ។ ដើម្បីជួយបង្កើតអារម្មណ៍នៃកម្មសិទ្ធិ សូមពិចារណាចំណាយពេលខ្លះពេលចាប់ផ្ដើមថ្នាក់រៀនដើម្បីស្គាល់គ្នាទៅវិញទៅមក ។ អ្នកអាចរកមើលវិធីនានាដើម្បីជួយសិស្សទាំងអស់មានអារម្មណ៍ស្វាគមន៍ និងទទួលបានក្ដីស្រឡាញ់នៅក្នុងថ្នាក់របស់អ្នកពេញមួយវគ្គសិក្សា ។
ដើម្បីចាប់ផ្ដើមថ្នាក់ សូមពិចារណាបង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ ហើយចែកចាយអារម្មណ៍របស់អ្នកខ្លីៗអំពីទ្រង់ ។ អ្នកក៏អាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអារម្មណ៍របស់ពួកគេចំពោះព្រះអង្គសង្គ្រោះផងដែរ ។
សូមអាន ម៉ាថាយ ១១:២៨–៣០ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:២៣ ជាមួយសិស្សក្នុងថ្នាក់ ហើយសួរពួកគេនូវអ្វីដែលលេចធ្លោសម្រាប់ពួកគេអំពីការអញ្ជើញទាំងនេះ និងពរជ័យដែលបានសន្យា ។ អ្នកគួរសង្កត់ធ្ងន់លើលក្ខណផ្ទាល់ខ្លួន និងក្តីស្រឡាញ់នៃការអញ្ជើញទាំងនេះ នៅពេលសិស្សរកឃើញសេចក្តីពិតដូចតទៅនេះ ៖ ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងម្នាក់ៗឲ្យរៀនអំពីទ្រង់ និងដកពិសោធន៍ភាពសុខសាន្តរបស់ទ្រង់ ។
-
តើអ្នកគិតថា ការរៀនអំពីព្រះយេស៊ូវគ្រីស្ទមានន័យយ៉ាងដូចម្ដេច ? ( បើចាំបាច់ សូមអញ្ជើញសិស្សឲ្យរំឭកឡើងវិញនូវ សេចក្ដីថ្លែងការណ៍របស់អែលឌើរ គីម ប៊ី ក្លាក នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ) ។
-
ហេតុអ្វីបានជាអ្នកគិតថាពរជ័យនៃសេចក្ដីសុខសាន្ត ការសម្រាក និងការសម្រាលបន្ទុកទាក់ទងនឹងការរៀនអំពីព្រះយេស៊ូវគ្រីស្ទ ? តើអ្នកបានដកពិសោធន៍ពរជ័យទាំងនេះតាមរបៀបណាខ្លះ ?
អ្នកអាចសរសេរឃ្លា ដំណឹងល្អ = សេចក្ដីល្អដែលត្រូវដឹង នៅលើក្ដារខៀន ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី ៣ ២៧:១៣–១៦, ២០–២១ ហើយពិភាក្សាជាមួយដៃគូម្នាក់ ឬជាក្រុមតូចៗនូវសំណួរដូចតទៅ ។
-
យោងតាមព្រះអង្គសង្គ្រោះ តើអ្វីខ្លះជាសេចក្តីពិតស្នូលនៃដំណឹងល្អរបស់ទ្រង់ ? ហេតុអ្វីសេចក្ដីពិតទាំងនេះគឺជាសេចក្ដីល្អដែលត្រូវដឹង ? ( អ្នកអាចរំឭកឡើងវិញនូវ សេចក្ដីថ្លែងការណ៍ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ) ។
-
តើការរៀន និងការរស់នៅតាមដំណឹងល្អបានជួយអ្នករៀនអំពីព្រះអង្គសង្គ្រោះ ហើយប្រែក្លាយកាន់តែដូចទ្រង់តាមរបៀបណាខ្លះ ?
ព្រះអម្ចាស់បានបង្រៀនយើងអំពីរបៀបដើម្បីរៀនសេចក្ដីពិតខាងវិញ្ញាណ ។
ដើម្បីជួយសិស្សឲ្យសញ្ជឹងគិតពីសារៈសំខាន់នៃ របៀប ដែលយើងអាចរៀនសេចក្ដីពិតខាងវិញ្ញាណអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ អ្នកអាចបង្ហាញសាច់រឿងដូចខាងក្រោមនេះ ៖
អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយការឆ្លើយតបរបស់ពួកគេជាមួយដៃគូ ហើយបន្ទាប់មកពិភាក្សាក្នុងថ្នាក់អំពីកម្រិតនៃការពឹងផ្អែកលើវិធីសាស្រ្តវិទ្យាសាស្រ្ត ដើម្បីរៀនអំពីព្រះអង្គសង្គ្រោះ ។ ( អ្នកអាចចែកចាយ សេចក្ដីថ្លែងការណ៍របស់អែលឌើរ ប៉ុល វី ចនសុន នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ) ។ ដើម្បីឲ្យការពិភាក្សាកាន់តែស៊ីជម្រៅ សូមពិចារណាសួរសំណួរមួយ ឬច្រើននៃសំណួរខាងក្រោមនេះ ៖
-
តើអ្វីទៅជារបៀបរបស់ព្រះអម្ចាស់ក្នុងការរៀនអំពីសេចក្ដីពិតខាងវិញ្ញាណ ? ( សូមពិចារណាអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:១១៨ ) ។
-
តើការរៀនដោយសេចក្ដីជំនឿ មានន័យដូចម្ដេច ? ( វាអាចជាប្រយោជន៍ដើម្បីរំឭកឡើងវិញនូវ សេចក្ដីថ្លែងការណ៍របស់ប្រធាន រ័សុល អិមណិលសុន នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ។ អ្នកអាចជួយសិស្សកំណត់នូវសេចក្ដីពិតស្រដៀងគ្នានេះផងដែរ ៖ នៅពេលយើងស្វែងរកដើម្បីរៀនដំណឹងល្អដោយការប្រព្រឹត្តដោយសេចក្តីជំនឿ នោះជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទនឹងកើនឡើង ) ។
-
តើមានគំរូអ្វីខ្លះ របស់មនុស្សនៅក្នុងព្រះគម្ពីរ ឬមនុស្សដែលអ្នកស្គាល់ ដែលបានរៀនដោយការប្រព្រឹត្តដោយសេចក្តីជំនឿ ? សូមចំណាយពេលមួយនាទី ហើយគិតពីពេលមួយដែលអ្នកបានរៀនអ្វីមួយអំពីព្រះយេស៊ូវគ្រីស្ទ ដោយសារអ្នកបានប្រព្រឹត្តដោយសេចក្ដី ជំនឿ ។ តើអ្នកបានរៀនអ្វីខ្លះអំពីទ្រង់ ?
អ្នកគួរឲ្យពេលដល់សិស្សពីរបីនាទី ដើម្បីសញ្ជឹងគិត និងកត់ត្រា អ្វី ដែលពួកគេចង់រៀនបំផុតអំពីព្រះអង្គសង្គ្រោះក្នុងអំឡុងវគ្គសិក្សានេះ និង របៀប ដែលពួកគេអាចពង្រឹងសមត្ថភាពរបស់ពួកគេ ដើម្បីរៀនពីទ្រង់ ។ សូមលើកទឹកចិត្តពួកគេឲ្យកត់ត្រានូវគោលដៅរបស់ពួកគេ ។ សូមរកឱកាសដើម្បីឲ្យសិស្សរំឭកឡើងវិញនូវគោលដៅរបស់ពួកគេនៅសប្ដាហ៍បន្ទាប់ ។
សម្រាប់ពេលក្រោយ
សូមលើកទឹកចិត្តសិស្សពេលពួកគេ សិក្សាសម្រាប់ថ្នាក់បន្ទាប់ ឲ្យរកមើលអ្វីដែលព្រះនាម និងព្រះបរមងារផ្សេងៗរបស់ព្រះយេស៊ូវគ្រីស្ទបង្រៀនយើងអំពីទ្រង់ ។ ឬអ្នកអាចអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីមូលហេតុដែលយើងហៅព្រះអង្គសង្គ្រោះថាជា « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ។