« មេរៀនទី ៩ ឯកសារគ្រូបង្រៀន ៖ ការមានអំណរនៅក្នុងការប្រសូតដ៏ទេវភាពនៃព្រះយេស៊ូវគ្រីស្ទ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ៩ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ៩ ឯកសារគ្រូបង្រៀន
ការមានសេចក្ដីអំណរនៅក្នុងការប្រសូតដ៏ទេវភាពនៃព្រះយេស៊ូវគ្រីស្ទ
ដូចដែលទេវតាបានប្រកាសថា កំណើតរបស់ព្រះយេស៊ូវគ្រីស្ទគឺជាមូលហេតុដើម្បីមាន « សេចក្ដីអំណរយ៉ាងអស្ចារ្យ » ( លូកា ២:១០ ) ។ នៅអំឡុងថ្នាក់នេះ សិស្សនឹងមានឱកាសពន្យល់ពីមូលហេតុដែលពូជពង្សដ៏ពិសេសរបស់ព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ចំពោះទ្រង់ដើម្បីក្លាយជាព្រះអង្គសង្គ្រោះរបស់យើង ។ សិស្សក៏នឹងត្រូវបានអញ្ជើញឲ្យចែកចាយអារម្មណ៍របស់ពួកគេអំពីសេចក្ដីស្រឡាញ់ដ៏ទេវភាពដែលបង្ហាញដោយការយាងចុះមកនៃព្រះ និងរបៀបដែលសេចក្ដីស្រឡាញ់នោះអាចជះឥទ្ធិពលដល់ជម្រើសដែលពួកគេធ្វើ ។
យោបល់សម្រាប់ការបង្រៀន
ម៉ារីរៀនថាគាត់នឹងធ្វើជាមាតារបស់ព្រះរាជបុត្រានៃព្រះ ។
សូមគូរបន្ទាត់តាងខាងក្រោមនៅលើក្ដារខៀន ហើយអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយពីលក្ខណៈពិសេសដែលពួកគេបានទទួលពីឪពុកម្ដាយរបស់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យមើល លូកា ១:៣០–៣៥ និងរកមើលពីរបៀបដែលទេវតាកាព្រីយ៉ែលបានពិពណ៌នាពីបុត្រដែលម៉ារានឹងមានគគ៌នោះ ។
សូមគូសបន្ទាត់តាងដូចខាងក្រោមដាក់លើក្ដារខៀន ។
ដើម្បីជួយសិស្សគិតអំពីសារៈសំខាន់នៃព្រះមាតាបិតាដ៏វិសេសរបស់ព្រះយេស៊ូវគ្រីស្ទ សូមពិចារណាសួរសំណួរមួយចំនួនដូចខាងក្រោមនេះ ៖
-
តើលក្ខណៈពិសេសអ្វីខ្លះដែលព្រះយេស៊ូវគ្រីស្ទបានទទួលមរតកពីម៉ារា ? ទទួលពីព្រះវរបិតាសួគ៌ ?
-
តើព្រះមាតាបិតាដ៏វិសេសរបស់ព្រះយេស៊ូវគ្រីស្ទទាក់ទងនឹងដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់យ៉ាងដូចម្ដេច ? ( ជាផ្នែកមួយនៃការពិភាក្សា អ្នកអាចពិនិត្យមើលជាមួយនឹងសិស្សអំពី យ៉ូហាន ១០:១៧–១៨ និង សេចក្ដីថ្លែងការណ៍ដោយប្រធាន រ័សុល អិម ណិលសុន ក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ។ សូមជួយសិស្សឲ្យស្គាល់សេចក្ដីពិតមួយដូចតទៅនេះ ៖ ដោយសារតែព្រះមាតាបិតាដ៏វិសេសរបស់ទ្រង់ ទើបព្រះយេស៊ូវគ្រីស្ទមានព្រះចេស្ដាដើម្បីធួនសម្រាប់អំពើបាបរបស់យើង ព្រមទាំងលះបង់ព្រះជន្មរបស់ទ្រង់ ហើយមានព្រះជន្មរស់ឡើងវិញម្តងទៀត ) ។
ដើម្បីជួយសិស្សឲ្យគិតកាន់តែស៊ីជម្រៅអំពីគោលលទ្ធិនេះ អ្នកអាចអញ្ជើញពួកគេឲ្យកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់ពួកគេអំពីសំណួរទាំងនេះ ៖
-
តើលក្ខណៈសម្បត្តិទាំងពីរនេះរបស់ព្រះយេស៊ូវគ្រីស្ទអាចបង្រៀនអ្នកអំពីសមត្ថភាពរបស់ទ្រង់ក្នុងការប្រដូចនឹងអ្នកក្នុងជីវិតរមែងស្លាប់យ៉ាងដូចម្ដេច ?
-
តើឃ្លានៅក្នុងប្រយោគនេះមកពី « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់របស់ពួកសាវក » ( មាននៅលើគេហទំព័រ ChurchofJesusChrist.org ) មានទំនាក់ទំនងនឹងគ្នា និងចំពោះអ្នក ៖ « [ ព្រះយេស៊ូវគ្រីស្ទ ] គឺជាព្រះរាជបុត្រាច្បងបង្អស់នៃព្រះវរបិតា ជាព្រះរាជបុត្រាបង្កើតតែមួយនៅក្នុងសាច់ឈាម ជាព្រះដ៏ប្រោសលោះនៃពិភពលោក » ដោយរបៀបណា ?
នីហ្វៃបានឃើញនៅក្នុងការនិមិត្តអំពីការយាងចុះមកនៃព្រះ ។
សូមពិចារណាបង្ហាញរូបភាពខាងក្រោមអំពីព្រះយេស៊ូវ ជាព្រះបង្កបង្កើតនៃពិភពលោកនេះ ជាទារកដែលគ្មានទីពឹង និងជារូបទោលនៅលើឈើឆ្កាង ។ សូមសួរសិស្សថាតើរូបភាពទាំងនេះបង្រៀនអ្វីខ្លះអំពីការយាងចុះមករបស់ព្រះយេស៊ូវគ្រីស្ទ ? ប្រសិនបើចាំបាច់ សូមអាន និយមន័យនៃពាក្យ ការយាងចុះមកនៃព្រះ ដែលមាននៅផ្នែកទី ២ នៃឯកសាររៀបចំ ។
ដើម្បីបន្តការពិភាក្សានេះ អ្នកអាចរៀបចំសិស្សជាក្រុមតូចៗ ហើយផ្តល់ឲ្យក្រុមនីមួយៗនូវច្បាប់ចម្លងនៃសំណៅចែកខាងក្រោម ។
បន្ទាប់ពីមានពេលពិភាក្សាគ្រប់គ្រាន់ហើយ អ្នកអាចដាក់បង្ហាញ ហើយចែកចាយអារម្មណ៍របស់អ្នកអំពីសេចក្ដីថ្លែងការណ៍ដូចតទៅនេះ ៖ ការយាងចុះមកនៃព្រះយេស៊ូវគ្រីស្ទបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចំពោះយើងម្នាក់ៗ ។
-
តើយើងអាចរៀនអ្វីខ្លះមកពីព្រះអង្គសង្គ្រោះតាមរយៈគំរូរបស់ទ្រង់នៅក្នុងការយាងចុះមកដើម្បីជួយយើងដែលជាមនុស្សតូចទាប ? ( ប្រសិនបើចាំបាច់ សិស្សអាចរំឭក សេចក្តីថ្លែងការណ៍របស់ប៊ីស្សព រីឆាដ ស៊ី អេដហ្គី នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ។ សិស្សក៏អាចពិចារណាមួយនាទីអំពីរបៀបដែលពួកគេអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ នៅពេលពួកគេខិតខំផ្ដល់ការងារបម្រើ និងបម្រើបុត្រាបុត្រីគ្រប់រូបរបស់ព្រះវរបិតាសួគ៌ ) ។
សូមរំឭកសិស្សថា នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ពួកគេត្រូវបានអញ្ជើញឲ្យ អាន ឬស្ដាប់ទំនុកច្រៀងនៃទំនុកតម្កើង ដែលថ្លែងពីការយាងចុះមករបស់ព្រះអង្គសង្គ្រោះ ។ សិស្សអាចរំឭកទំនុកតម្កើងមួយ រួចហើយចែកចាយជាមួយនឹងសិស្សផ្សេងទៀតនូវពាក្យ និងឃ្លាមកពីទំនុកតម្កើងនោះដែលពួកគេចាប់អារម្មណ៍បំផុត ។ ប្រសិនបើមានពេល អ្នកក៏គួរតែច្រៀងទំនុកតម្កើងទាំងនេះរួមគ្នាមួយ ឬពីរវគ្គ ។
ដើម្បីជួយសិស្សឲ្យអនុវត្តអ្វីដែលពួកគេបានរៀន និងមានអារម្មណ៍អំឡុងថ្នាក់រៀន សូមអញ្ជើញពួកគេឲ្យពិចារណា ហើយកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម ឬសំណួរមួយដែលអ្នកបានជ្រើសរើស ៖
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីបង្ហាញព្រះអង្គសង្គ្រោះអំពីការដឹងគុណរបស់អ្នកចំពោះព្រះឆន្ទៈរបស់ទ្រង់ដើម្បីយាងចុះមក ដើម្បីទ្រង់អាចប្រោសលោះ និងសង្គ្រោះអ្នក ?
សម្រាប់ពេលក្រោយ
ដើម្បីរំឭកសិស្សឲ្យសិក្សា ឯកសាររៀបចំសម្រាប់មេរៀនលើកក្រោយ សូមពិចារណាផ្ញើសារដូចតទៅនេះ ឬសារមួយរបស់អ្នកផ្ទាល់ ៖ តើព្រះអង្គសង្គ្រោះមានអាទិភាពយ៉ាងណាដែរនៅក្នុងជីវិតរបស់អ្នកសប្ដាហ៍នេះ ? សូមពិចារណាពីរបៀបដែលឯកសាររៀបចំសម្រាប់មេរៀនទី ១០ អាចជួយអ្នកឆ្លើយសំណួរនេះ ។