« មេរៀនទី ២៥ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការខិតខំដើម្បីធ្វើជាសិស្សដ៏ស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ » ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ២៥ ឯកសាររៀបចំសម្រាប់ថ្នាក់ » ការខិតខំដើម្បីធ្វើជាសិស្សដ៏ស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ
មេរៀនទី ២៥ ឯកសាររៀបចំសម្រាប់ថ្នាក់
ការខិតខំដើម្បីធ្វើជាសិស្សដ៏ស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ
រៀងរាល់ថ្ងៃ យើងមានឱកាសដើម្បីគោរពដល់សេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់យើង ដោយការធ្វើជាសិស្សដ៏ពិតរបស់ព្រះអង្គសង្រ្គោះ ។ ក្នុងនាមជាសិស្សរបស់ទ្រង់ យើងប្តេជ្ញាចិត្តដើម្បីធ្វើតាមព្រះអង្គសង្រ្គោះ និងរស់នៅស្របតាមការបង្រៀនរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៤១:៥ ) ។ ជាសំណាងល្អ ភាពជាសិស្សមិនមែនជាការប្រណាំង ឬការប្រកួតប្រជែងនោះទេ ។ ផ្ទុយទៅវិញ វាជាដំណើរពេញមួយជីវិតដែលយើងធ្វើដោយមានការគាំទ្រពីព្រះយេស៊ូវគ្រីស្ទ និងសិស្សដទៃទៀត ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។ កាលអ្នកសិក្សាសេចក្ដីពិតដែលបានបង្រៀននៅក្នុងជំពូកចុងក្រោយនេះ សូមពិចារណាអំពីជំនួយ និងពរជ័យដែលអ្នកអាចទទួលបាន កាលអ្នកខិតខំធ្វើជាសិស្សដ៏ស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ ។
ផ្នែកទី ១
តើខ្ញុំអាចរៀនអ្វីខ្លះអំពីភាពជាសិស្សចេញពីគំរូរបស់ព្រះអង្គសង្គ្រោះ ?
សិស្សគឺជាអ្នកដើរតាមដែលមានចិត្តល្អ ។ ហើយគ្មាននរណាធ្វើជាគំរូដល់ភាពជាសិស្សដូចជាព្រះយេស៊ូវគ្រីស្ទឡើយ ។ ភាពជាសិស្សរបស់ទ្រង់ កាលទ្រង់បានធ្វើតាមព្រះទ័យរបស់ព្រះវរបិតាទ្រង់ និងសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះអ្នកដទៃ គឺជាគំរូដ៏អស្ចារ្យសម្រាប់យើង ។ នៅពីរបីម៉ោងមុនពេលព្រះអង្គសង្គ្រោះនឹងត្រូវរងទុក្ខនៅក្នុងសួនច្បារគែតសេម៉ានី ដើម្បីបំពេញព្រះទ័យរបស់ព្រះវរបិតាទ្រង់ ទ្រង់បានឈប់ដើម្បីលាងជើងរបស់ពួកសាវកទ្រង់ដោយទន់ភ្លន់ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពិពណ៌នាឱកាសនេះថា ៖
កាលដែលពិធីជប់លៀងដ៏ពិសិដ្ឋនៃបុណ្យរំលងចុងក្រោយកំពុងរៀបចំ នោះព្រះយេស៊ូវកំពុងមានព្រះទ័យក្តុកក្តួលយ៉ាងខ្លាំង ។ មានតែទ្រង់ទេដែលដឹងពីអ្វីដែលកើតនៅពេលខាងមុខភ្លាមៗ ។ …
កាលនៅកណ្តាលនៃការទទួលទានអាហារនេះ និងការមានព្រះទ័យក្តុកក្តួលបែបនេះព្រះគ្រីស្ទបានក្រោកឡើងដោយស្ងាត់ស្ងៀម ប្រុងប្រៀបព្រះអង្គទ្រង់ដូចជាទាសករ ឬអ្នកបម្រើ ហើយបានលុតជង្គង់លាងជើងឲ្យពួកសាវក ។ … រហូតដល់វិនាទីចុងក្រោយ—និងលើសពីនោះទៅទៀត—ទ្រង់បានធ្វើជាអ្នកបម្រើដែលគាំទ្រដល់ពួកគេជានិច្ច ។ ( « He Loved Them unto the End » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ២៥ )
បន្ទាប់ពីការបម្រើដ៏ពិសិដ្ឋនេះ ព្រះយេស៊ូវបានបង្រៀនសេចក្តីពិតដល់សាវកទ្រង់ ដែលអាចដឹកនាំយើងទាំងអស់គ្នា កាលយើងស្វែងរកធ្វើជាសិស្សរបស់ទ្រង់ ។
ស៊ីស្ទើរ សីលវ៉ា អេច អាល់រីឌ អតីតទីប្រឹក្សា នៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅបានមានប្រសាសន៍ ៖
យើងត្រូវតែស្រឡាញ់គ្នាទៅវិញទៅមក និងបម្រើគ្នាទៅវិញទៅមក ។ ជាការពិតណាស់ នេះគឺជាខ្លឹមសារនៃភាពជាសិស្សនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទពិតប្រាកដ ។ ( « The Essence of Discipleship » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៤ )
ផ្នែកទី ២
តើអ្វីដែលជាតម្រូវការពីខ្ញុំក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ?
ព្រះយេស៊ូវ បានកំណត់បទដ្ឋានសម្រាប់ភាពជាសិស្សដូចតទៅនេះ « បើអ្នកណាចង់ មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងទាំងផ្ទុកឈើឆ្កាងខ្លួនរាល់ តែថ្ងៃ ហើយមកតាមខ្ញុំចុះ » ( លូកា ៩:២៣ ) ។ ទ្រង់បានពន្យល់ថា « បើសិនជាអ្នកណាចង់ផ្ទុកឈើឆ្កាងរបស់ខ្លួន នោះគឺត្រូវលះកាត់ចិត្តខ្លួនឯងចេញពីអស់ទាំងអំពើដ៏ឥតសុចរិត និងគ្រប់ទាំងសេចក្ដីសម្រើបខាងលោកិយ ហើយកាន់តាមបញ្ញត្តិទាំងឡាយរបស់ខ្ញុំចុះ » ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ១៦:២៦ សូមមើលផងដែរ ខទី ២៥ [ នៅក្នុងបទជម្រើសនានាចេញពីការបកប្រែព្រះគម្ពីរប៊ីបដោយយ៉ូសែប ស៊្មីធ ] ) ។
អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ការផ្ទុកឈើឆ្កាងយើង ហើយធ្វើតាមព្រះអង្គសង្គ្រោះតម្រូវឲ្យយើងធ្វើតាមគំរូទ្រង់ ហើយខិតខំក្លាយដូចជាទ្រង់ ហើយប្រឈមនឹងស្ថានភាពជីវិតដោយអំណត់ កាត់ចិត្តចោលចំណង់ខាងសាច់ឈាម ហើយរង់ចាំព្រះអម្ចាស់ ។ ( « Take Up Our Cross » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១១៥–១១៦ )
អ្នកគ្រប់គ្រងស្ដុកស្ដម្ភវ័យកំលោះម្នាក់បានទូលសួរព្រះអង្គសង្គ្រោះពីអ្វីដែលគាត់អាចធ្វើ ដើម្បីទទួលបានជីវិតដ៏អស់កល្បជានិច្ច ។
អែលឌើរ លែរី អរ ឡ័ររ៉ែន នៃក្រុមចិតសិបនាក់ បានបង្រៀនរបៀបដែលយើងអាចអនុវត្តដំណើររឿងក្នុងព្រះគម្ពីរទៅនឹងជីវិតរបស់យើង ៖
ខ្ញុំសូមផ្ដល់យោបល់ឲ្យអ្នកចូលរួម ធ្វើលំហាត់ខាងវិញ្ញាណមួយនៅពេលណាមួយឆាប់ៗនេះ អាចជាយប់នេះអំឡុងពេលអ្នកអធិស្ឋាន ។ សូមទូលសួរព្រះអម្ចាស់ដោយរាបសានូវសំណួរដូចតទៅនេះ ៖ « តើមានអ្វីកំពុងរារាំងទូលបង្គំមិនឲ្យរីកចម្រើនបាន ? » ឬសំណួរម្យ៉ាងទៀត ៖ « តើនៅខ្វះអ្វីទៀត ? » បន្ទាប់មក សូមរង់ចាំចម្លើយដោយស្ងប់ស្ងៀម ។ បើអ្នកសួរដោយស្មោះ ចម្លើយនឹងផ្ដល់ឲ្យយ៉ាងច្បាស់ក្នុងពេលឆាប់ៗ ។ វានឹងជាវិវរណៈដែលបម្រុងទុកសម្រាប់អ្នក ។ ( « What Lack I Yet? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៣៥ )
ព្រះគម្ពីរបង្រៀនយើងថា ជាអកុសល អ្នកកំលោះស្ដុកស្ដម្ភវ័យក្មេងនៅក្នុងដំណើររឿងនេះ « នោះក៏ចេញទៅទាំងព្រួយចិត្ត ព្រោះមានទ្រព្យសម្បត្តិជាច្រើន » ( ម៉ាថាយ ១៩:២២ ) ។ ដើម្បីធ្វើជាសិស្សរបស់ព្រះអម្ចាស់ វាតែងតែតម្រូវឲ្យមានការលះបង់ ។ ប៉ុន្តែប្រធាន ជែមស៍ អ៊ី ហ្វោស្ត ខណៈកំពុងបម្រើនៅក្នុងគណៈប្រធានទីមួយ បានពន្យល់ ៖
ដោយការពិចារណាលើការសន្យាដ៏អស្ចារ្យរបស់ព្រះអង្គសង្គ្រោះដើម្បីទទួលបានសេចក្តីសុខសាន្តនៅក្នុងជីវិតនេះ និងជីវិតអស់កល្បជានិច្ច នៅបរលោកនាយ នោះភាពជាសិស្សគឺមានតម្លៃសមនឹងបង់ថ្លៃ ។ វាគឺជាតម្លៃដែលយើង មិន អាចបង់បាន ។ តាមការវាស់វែង តម្រូវការនៃភាពជាសិស្សគឺតិច តិចជាង ពរជ័យដែលបានសន្យាខ្លាំងណាស់ ។ ( « Discipleship » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ២០ )
ផ្នែកទី ៣
តើខ្ញុំអាចរឹងមាំ និងទ្រទ្រង់ដោយរបៀបណា កាលខ្ញុំប្រឈមមុខនឹងបញ្ហានៃភាពជាសិស្សនេះ ?
ប្រសិនបើ នៅពេលខ្លះ អ្នកងឿងឆ្ងល់ ថាតើពរជ័យនៃភាពជាសិស្សដែលបានសន្យាទុកនោះ សមនឹងតម្លៃដែរឬទេ នោះសូមចងចាំការណ៍នេះថា ៖ « មាគ៌ា [ របស់ព្រះអម្ចាស់ ] គឺជាផ្លូវដែលនាំទៅរកសុភមង្គលក្នុងជីវិតនេះ និងជីវិតដ៏នៅអស់កល្បជានិច្ចក្នុងពិភពដែលនឹងមកដល់ » ( « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » មាននៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ព្យាការីយ៉ាកុបបានថ្លែងទីបន្ទាល់ ៖ « ពួកសុចរិតជាពួកបរិសុទ្ធនៃព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ពួកគេដែលជឿដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ពួកគេដែលបានស៊ូទ្រាំនូវឈើឆ្កាងទាំងឡាយនៃពិភពលោក … នឹងគ្រងនគរព្រះទុកជាមរតក … ហើយសេចក្ដីអំណររបស់គេនឹងបានពោរពេញរហូតតទៅ » ( នីហ្វៃទី ២ ៩:១៨ ) ។
អ្នកអាចសួរខ្លួនឯងនូវអ្វីដែលព្រះអង្គសង្រ្គោះបានសួរពួកសិស្សរបស់ទ្រង់ជាយូរមកហើយ ៖ « ដ្បិតបើមនុស្សណា នឹងបានលោកីយ៍ទាំង មូល តែបាត់ព្រលឹងទៅនោះ តើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬ តើមនុស្សនឹងយកអ្វីទៅដូរឲ្យ បានព្រលឹងខ្លួនវិញ ? » ( ម៉ាថាយ ១៦:២៦ ) ។
ព្រះអម្ចាស់មិនត្រឹមតែសន្យាដល់ពួកសិស្សរបស់ទ្រង់នូវរង្វាន់ដ៏អស់កល្បជានិច្ចនោះទេ ប៉ុន្តែទ្រង់ក៏បានសន្យាដល់យើង កាល យើងព្យាយាមដើម្បីធ្វើតាមទ្រង់ ។ របៀបមួយក្នុងចំណោមរបៀបទាំងនោះដែលទ្រង់ប្រទានពរដល់យើងគឺតាមរយៈការផ្តល់ឲ្យយើងនូវអំណរដ៏យូរអង្វែងក្នុងជីវិតនេះ ។ ប៉ុន្តែ ក៏មានពរជ័យជាច្រើនដែលយើងទទួលផងដែរ ។ នៅក្នុងសំបុត្រមួយទៅកាន់ពួករ៉ូម សាវកប៉ុល បានគិតពិចារណាពីវិធីមួយចំនួនដែលព្រះអម្ចាស់គាំទ្រដល់អស់អ្នកដែលដើរតាមទ្រង់ ទោះជាពួកគេជួបនឹងឧបសគ្គផ្ទាល់ខ្លួនក៏ដោយ ។