« មេរៀនទី ១៧ ឯកសារគ្រូបង្រៀន ៖ ការស្វែងរកសេចក្ដីសង្ឃឹមនៅក្នុងជ័យជំនះលើសេចក្ដីស្លាប់របស់ព្រះយេស៊ូវគ្រីស្ទ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ១៧ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ១៧ ឯកសារគ្រូបង្រៀន
ការស្វែងរកសេចក្ដីសង្ឃឹមនៅក្នុងជ័យជំនះលើសេចក្ដីស្លាប់របស់ព្រះយេស៊ូវគ្រីស្ទ
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានបង្រៀន ៖ « ដំណើររស់ឡើងវិញពីសេចក្តីស្លាប់គឺជាកត្តាដ៏ចាំបាច់ផ្ទាល់ខ្លួនដែលធានាដល់សេចក្តីជំនឿរបស់យើង ។ វាបន្ថែមអត្ថន័យដល់គោលលទ្ធិរបស់យើង បន្ថែមការលើកទឹកចិត្តដល់អាកប្បកិរិយា និងបន្ថែមសេចក្តីសង្ឈឹមចំពោះអនាគតរបស់យើង ( « តើព្រះអង្គសង្គ្រោះរបស់យើងបានធ្វើអ្វីខ្លះសម្រាប់យើង ? » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៥ ) ។ ក្នុងអំឡុងមេរៀននេះ សិស្សនឹងពិភាក្សាអំពីភាពពិតនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអម្ចាស់ ហើយចែកចាយពីរបៀបដែលវាផ្តល់ក្តីសង្ឃឹមដល់ពួកគេ នៅពេលប្រឈមមុខនឹងបញ្ហាដែលកើតឡើងជាមួយនឹងរូបកាយរមែងស្លាប់។
យោបល់សម្រាប់ការបង្រៀន
មានសាក្សីផ្ទាល់ភ្នែកជាច្រើនបានថ្លែងទីបន្ទាល់អំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
អ្នកអាចចាប់ផ្តើមថ្នាក់ដោយអញ្ជើញសិស្សឲ្យសរសេរពីរបីប្រយោគអំពីមូលហេតុដែលការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់សម្រាប់ពួកគេដោយផ្ទាល់ ។ បន្ទាប់មកផ្តល់ពេលវេលាខ្លះឲ្យពួកគេដើម្បីចែកចាយជាក្រុមតូចៗ ឬជាថ្នាក់ ។ អ្នកអាចសួរសំណួរខាងក្រោមមួយ ឬច្រើន ដើម្បីវាយតម្លៃពីអ្វីដែលសិស្សអាចនឹងត្រូវការពិភាក្សាឲ្យកាន់តែលម្អិតក្នុងអំឡុងពេលរៀនមេរៀននេះ ៖
-
ហេតុអ្វីបានជារូបកាយរបស់យើងមានសារៈសំខាន់ខ្លាំងម្ល៉េះចំពោះ ជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង ? ( សូមមើល ផ្នែកទី ២ នៃឯកសាររៀបចំនេះ ) ។
-
តើនឹងមានអ្វីកើតឡើង ប្រសិនបើពុំមានការមានព្រះជន្មរស់ឡើងវិញនោះ ? ( សូមមើល កូរិនថូសទី ១ ១៥:១៧–២២ និង នីហ្វៃទី ២ ៩:៨–៩ ) ។
-
ហេតុអ្វីបានជាវាអាចសំខាន់ដើម្បីពង្រឹងការយល់ដឹង និងទីបន្ទាល់របស់អ្នកអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ? ( អ្នកអាចរំឭកឡើងវិញនូវ សេចក្ដីថ្លែងការណ៍ដោយប្រធានអ៊ែសរ៉ា ថាហ្វ ប៊ែនសឹន នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំនេះ ) ។
សូមពិចារណាដាក់បង្ហាញរូបភាពព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ បង្ហាញព្រះកាយដល់នាងម៉ារានៅឯផ្នូរ ។ សូមអាន ម៉ាថាយ ២០:១៤–១៨ ជាមួយគ្នាហើយឲ្យសិស្សស្រមៃមើលថាតើវាមានសភាពបែបណាចំពោះម៉ារា ដែលមើលឃើញព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញ ។ សូមអញ្ជើញសិស្សឲ្យចែកចាយគំនិត អារម្មណ៍ ឬចំណាប់អារម្មណ៍របស់ពួកគេ ។
សូមរំឭកសិស្សថានៅក្នុង ផ្នែកទី ១ នៃឯកសាររៀបចំនេះ ពួកគេត្រូវបានអញ្ជើញឲ្យជ្រើសរើសដំណើររឿងពីសាក្សីផ្ទាល់ភ្នែកនៃព្រះគ្រីស្ទដែលបានមានព្រះជន្មរស់ឡើងវិញ ហើយកត់ត្រាគំនិត និងអារម្មណ៍របស់ពួកគេអំពីព្រឹត្តិការណ៍នោះ ។ សូមទុកពេលឲ្យសិស្សរំឭកវគ្គបទគម្ពីររបស់ពួកគេ ឬជ្រើសរើសគម្ពីរមួយប្រសិនបើចាំបាច់ ។ បន្ទាប់មកឲ្យពួកគេបង្កើតជាក្រុមតូចៗ ហើយអញ្ជើញពួកគេចែកចាយពីអ្វីដែលពួកគេបានរៀនចេញពីដំណើររឿងទាំងឡាយដែលពួកគេបានសិក្សា ។ បន្ទាប់មកអ្នកអាចសួរ ៖
-
តើដំណើររឿងនៃការមានព្រះជន្មរស់ឡើងវិញនេះ អាចមានឥទ្ធិពលលើសេចក្តីជំនឿរបស់នរណាម្នាក់ទៅលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
អ្នកអាចដាក់បង្ហាញស្ថានភាពដូចខាងក្រោម ៖ សូមពិចារណាពីរបៀបដែលអ្នកអាចឆ្លើយតបទៅនឹងមិត្តម្នាក់ដែលនិយាយថា « ខ្ញុំជឿថាព្រះយេស៊ូវគ្រីស្ទគឺជាគ្រូ និងជាអ្នកដឹកនាំសាសនាដ៏អស្ចារ្យ ។ ខ្ញុំទទួលស្គាល់ការបង្រៀនប្រកបដោយសីលធម៌របស់ទ្រង់ ប៉ុន្តែខ្ញុំមិនជឿថា ការមានព្រះជន្មរស់ឡើងវិញពិតជាកើតឡើងនោះទេ » ។
ដោយជាផ្នែកមួយនៃការពិភាក្សារបស់អ្នក នោះអ្នកអាចសួរសំណួរមួយចំនួនដូចខាងក្រោម ៖
-
តើសាវកប៉ុលអាចនឹងឆ្លើយតបយ៉ាងណាចំពោះសេចក្ដីថ្លែងការណ៍នេះ ? ( អ្នកអាចចង់រំឭកក្នុង កូរិនថូស ទី១ ១៥:១៤,១៧–២២ ។ សិស្សអាចនឹងរកឃើញសេចក្ដីពិតមួយដែលស្រដៀងដូចខាងក្រោមនេះ ៖ ការមានព្រះជន្មរស់ឡើងវិញមានសារៈសំខាន់ណាស់ចំពោះដំណឹងល្អរបស់ព្រះអម្ចាស់ ។ ដោយសារការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នោះមនុស្សគ្រប់រូបនឹងបានរស់ឡើងវិញដែរ ) ។
-
ហេតុអ្វីបានជាការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទសំខាន់ចំពោះដំណឹងល្អរបស់ទ្រង់ ? តើសេចក្តីពិតអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់អ្វីខ្លះដែលបានបញ្ជាក់ដោយសារទ្រង់បានមាន ព្រះជន្មរស់ឡើងវិញ ? ( អ្នកអាចចង់រំឭកក្នុង សេចក្ដីថ្លែងការណ៍របស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំនេះ ) ។
-
តើអ្នកមានគំនិតនិងអារម្មណ៍យ៉ាងណាដោយដឹងថាដោយសារតែព្រះយេស៊ូវគ្រីស្ទនោះមនុស្សទាំងអស់—រួមទាំងអ្នក—នឹងបានរស់ឡើងវិញដែរ ? ( ប្រសិនបើអ្នកចង់ អ្នកក៏អាចចែកចាយអារម្មណ៍របស់អ្នកអំពីសំណួរនេះផងដែរ ) ។
ប៉ុលបង្រៀនថា យើងអាចរីករាយដោយសារជ័យជំនៈ របស់ព្រះយេស៊ូវគ្រីស្ទលើសេចក្តីស្លាប់ ។
សូមចែកចាយដំណើររឿងខាងក្រោមអំពី អាលីសា កូនស្រីរបស់អែលឌើរ ប៉ុល វី ចនសុន នៃពួកចិតសិបនាក់ ៖
ជិតមួយឆ្នាំកន្លងទៅហើយ ដែលកូនស្រីរបស់យើង អាលីសាបានស្លាប់ ។ នាងបានពុះពារនឹងជំងឺមហារីក ជិតប្រាំបីឆ្នាំ ដោយឆ្លងកាត់ការវះកាត់ជាច្រើនដង ទទួលការព្យាបាលផ្សេងៗជាច្រើនលើក មានអព្ភូតហេតុដ៏រំជើបរំជួលនានា និង ការខកចិត្តជាខ្លាំង ។ យើងបានឃើញពីស្ថានភាពរូបកាយនាងចុះទ្រុឌទ្រោម កាលនាងឈានដល់ទីបញ្ចប់នៃជីវិតរមែងស្លាប់របស់នាង ។ វាពិតជារឿងមួយដ៏ឈឺចាប់ណាស់ ដែលឃើញការណ៍នោះកើតឡើងចំពោះកូនស្រីជាទីស្រឡាញ់របស់យើង—កែវភ្នែកដ៏ភ្លឺថ្លារបស់កូនស្រីដ៏តូចរបស់យើង ដែលបានធំឡើងជាក្មេងមានទេព្យកោសល្យ ជាស្រ្តី ជាភរិយា និងជាម្តាយដ៏អស្ចារ្យ ។ ខ្ញុំបានគិតថា ខ្ញុំនឹងខូចចិត្តខ្លាំងណាស់ ។ ( « And There Shall Be No More Death » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១២១ )
-
តើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានដកពិសោធន៍អារម្មណ៍ស្រដៀងគ្នានេះដែរឬទេ ? ប្រសិនបើមាន តើកាលៈទេសៈនោះមានសភាពបែបណា ?
សូមអញ្ជើញសិស្សឲ្យរំឭកឡើងវិញ សេចក្ដីថ្លែងការណ៍ដោយអែលឌើរ ចនសុន នៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំនេះ កូរិនថូសទី ១ ១៥:៥២–៥៥ ។ អ្នកអាចផ្ដល់យោបល់ឲ្យពួកគេស្វែងរកការបង្រៀនដែលអាចផ្ដល់ការលួងលោមចិត្ត និងសេចក្តីសង្ឃឹម ។ បន្ទាប់មកអ្នកអាចសួរ ៖
-
តើគោលលទ្ធិនៃការមានព្រះរស់ឡើងវិញអាចផ្ដល់ការលួងលោមចិត្ត និងសេចក្តីសង្ឃឹម ដល់មនុស្សដែលកំពុងពុះពារនឹងជំងឺធ្ងន់ធ្ងរ របួសដែលធ្វើឲ្យជីវិតផ្លាស់ប្តូរ ភាពមិនប្រក្រតីពីកំណើត ឬមរណភាពរបស់មនុស្សជាទីស្រឡាញ់ដោយរបៀបណា ? ( សិស្សអាចនឹងរកឃើញសេចក្ដីពិតមួយដែលស្រដៀងគ្នាដូចខាងក្រោម ៖ យើងនឹងរស់ឡើងវិញជាមួយនឹងរូបកាយមិនពុករលួយ និងអមតៈ ) ។
-
តើនៅពេលណាដែលការយល់ដឹងពីភាពពិតនៃការរស់ឡើងវិញបានជួយអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ?
សូមពិចារណាចែកចាយអំពីបទពិសោធន៍របស់អាលីសា បន្ថែមទៀត ។
អាលីសា បានស្រាវជ្រាវរកអត្រារស់រានមានជីវិតរបស់មនុស្សដែលមានជំងឺ មហារីកដូចនាង ហើយស្ថិតិដែលរកឃើញនោះគឺមានតិចណាស់ ។ នាងបានសរសេរ ៖ « ប៉ុន្តែ មានការព្យាបាលមួយ ដូច្នោះខ្ញុំមិនភិតភ័យឡើយ ។ ព្រះយេស៊ូវបានព្យាបាលជំងឺមហារីករបស់ខ្ញុំ និងរបស់អ្នកហើយ ។… ខ្ញុំ នឹង បានប្រសើរជាងមុន ។ ខ្ញុំសប្បាយចិត្តដែលខ្ញុំបានដឹងពីរឿងនេះ » ។
យើងអាចប្តូរពាក្យថា ជំងឺមហារីក ដោយពាក្យផ្សេងៗនៃ ការឈឺចាប់ខាងរូបកាយផ្លូវចិត្ត ឬ សតិអារម្មណ៍ដែលយើងឆ្លងកាត់ ។ ដោយសារការមានព្រះជន្មរស់ឡើងវិញ នោះឧបសគ្គទាំងនោះក៏ត្រូវបានព្យាបាលឲ្យជាផងដែរ ។ ( « And There Shall Be No More Death » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១២២ )
-
តើយើងអាចរៀនអ្វីខ្លះពីបទពិសោធន៍របស់អាលីសា និងរបស់អែលឌើរ ចនសុន ?
សូមពិចារណាច្រៀងទំនុកតម្ដើងបទ « ទ្រង់រស់ឡើងវិញ ! » ( ទំនុកតម្ដើង ទំព័រ ១២១ ) ឬ សូមមើលវីដេអូ « He Lives—Celebrate Easter Because Jesus Christ Lives » ( ២:២៦ ) ។
បន្ទាប់មក សូមបង្ហាញសំណួរខាងក្រោម ឬសំណួរមួយចំនួនទៀតដែលអ្នកមានអារម្មណ៍ថាអាចទាក់ទងនឹងសិស្សរបស់អ្នកបំផុត ហើយអញ្ជើញសិស្សឲ្យពិចារណា និងកត់ត្រាគំនិត អារម្មណ៍ និងចំណាប់អារម្មណ៍របស់ពួកគេ ។
-
តើការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះបាននាំមកឲ្យអ្នកនូវសេចក្តីសុខសាន្ត និងសេចក្តីសង្ឃឹមដល់អ្នក កាលដែលអ្នកប្រឈមមុខនឹងបញ្ហានៃជីវិតរមែងស្លាប់ឬតើវាអាចកើតឡើងដោយរបៀបណា ?
-
តើអ្នកអាចប្រើអ្វីដែលអ្នកបានរៀនអំពីការមានព្រះជន្មរស់ឡើងវិញដើម្បីពង្រឹងទីបន្ទាល់របស់អ្នក ឬ ទីបន្ទាល់របស់អ្នកផ្សេងទៀតដោយរបៀបណា ?
ក្រោយពីមានពេលសរសេរគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីអ្វីដែលពួកគេបានសរសេរ ។
សម្រាប់ពេលក្រោយ
ដើម្បីលើកទឹកចិត្តឲ្យមានការរៀបចំសម្រាប់ថ្នាក់លើកក្រោយ នោះអ្នកអាចផ្ញើសារលិខិតខាងក្រោមដល់សិស្ស ៖ នៅពេលអ្នកសិក្សា ឯកសាររៀបចំសម្រាប់មេរៀនទី ១៨ សូមគិតអំពីតួនាទីដែលព្រះគុណមាននៅក្នុងជីវិតរបស់អ្នក ។