ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១១ ឯកសារ​គ្រូបង្រៀន ៖ រីករាយ​នឹង​ពរជ័យ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់


« មេរៀន​ទី ១១ ឯកសារ​​គ្រូបង្រៀន ៖ រីករាយ​នឹង​ពរជ័យ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ » ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ១១ ឯកសារគ្រូបង្រៀន » ​ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀន​ទី ១១ ឯកសារ​គ្រូបង្រៀន

រីករាយ​នឹង​ពរជ័យ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់

អំឡុងពេល​នៃ​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែងស្លាប់​របស់ទ្រង់ ហើយ​ជាថ្មី​ម្ដងទៀត​នៅ​ថ្ងៃចុង​ក្រោយ ព្រះយេស៊ូវគ្រីស្ទ​បានហៅ​ពួកសាវក ហើយ​បាន​រៀបចំ​សាសនាចក្រ​របស់​ទ្រង់ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ដើម្បី​ពិចារណា​អំពី​ពរជ័យ​ទាំងឡាយ​ដែល​មាន​សម្រាប់​ពួកគេ​តាមរយៈ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ ពួកគេ​ក៏​នឹង​ពិចារណា​ផងដែរ​នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​កែលម្អ​បទពិសោធន៍​ផ្ទាល់ខ្លួន និង​អ្នក​ដទៃ​ទៀត​នៅក្នុង​សាសនាចក្រ​នេះ ។

យោបល់​សម្រាប់​ការបង្រៀន

យើង​អាច​ស្វែងរក​គោលបំណង​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ត្រូវ​គោរព​ដល់​សាសនា​ដទៃ ។ នៅពេល​អ្នក​ពិភាក្សា​អំពី​ពរជ័យ​ដ៏​ពិសេស​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ សូម​ធានា​ឲ្យ​បាន​ថា​ការពិភាក្សា​របស់​អ្នក​គឺ​គោរព​ចំពោះ​ជំនឿ​ផ្សេងទៀត ។ វា​អាច​មាន​សារៈសំខាន់​ក្នុងការ​សង្កត់ធ្ងន់​ទៅលើ​ការរួម​ចំណែក​ដ៏​សំខាន់ និង​វិជ្ជមាន​ដែល​សាសនា​ផ្សេងទៀត​បានធ្វើ​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​បន្តធ្វើ​នៅសម័យ​របស់យើង ។

អ្នក​អាច​ចាប់ផ្តើម​ថ្នាក់​ដោយ​ការចែកចាយ​នូវ​សាច់រឿង​ដូច​ខាងក្រោម ៖

អ៊ីស្សាប៊ែឡា​ទើបតែ​ឈប់​ទៅ​ព្រះវិហារ​នៅពេល​ថ្មីៗ​នេះ ។ នាង​ចាប់ផ្តើម​ជឿថា នាង​អាច​មាន​ព្រះវិញ្ញាណ​ដោយ​ពុំចាំបាច់​ចូលរួម​នៅក្នុង​ព្រះវិហារ​នោះទេ ។ បន្ទាប់ពី​ប្រាប់​អ្នក​អំពី​ពេល​ខ្លះ​ដែល​នាង​មាន​មាន​ព្រះ​វិញ្ញាណ​​ដោយ​ខ្លួននាង នោះ​នាង​សួរ​អ្នក​ថា​ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​ការចូលរួម​ក្នុង​ព្រះវិហារ​គឺ​សំខាន់ ។

  • តើ​ទស្សនៈ​នេះ​មាន​លក្ខណៈ​ទូទៅ​ប៉ុណ្ណា​នៅក្នុង​ចំណោម​យុវវ័យ​ដែល​អ្នក​ស្គាល់ ?

  • តើ​អ្នក​នឹង​ឆ្លើយ​សំណួរ​របស់​អ៊ីស្សាប៊ែឡា​យ៉ាងដូចម្ដេច ?

បន្ទាប់ពី​សិស្ស​ចែកចាយ​ហើយ នោះ​អ្នក​អាច​សរសេរ​ចំណងជើង​ខាងក្រោម​នៅលើ​ក្តារខៀន ៖ ពរជ័យ​ទាំងឡាយ​នៃ​ការ​ចូលរួម​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គំនិត​របស់​ពួកគេ​នៅក្រោម​ចំណងជើង​នេះ ។

សិស្ស​អាច​សរសេរ​ពរជ័យ​មួយ​ចំនួន​ខាងក្រោម​នេះ ៖ ការទទួល និង​ប្រើប្រាស់​សិទ្ធិ​អំណាច​បព្វជិតភាព និង​កូនសោ ការទទួល​ពិធីបរិសុទ្ធ និង​ការធ្វើ​សេចក្តីសញ្ញា ការរៀន​គោលលទ្ធិ​ដ៏​បរិសុទ្ធ និង​ច្បាស់លាស់ ការទទួល​ជំនួយ​ក្នុងការ​ប្រែចិត្ត ការស្វែងរក​ឱកាស​ដើម្បី​ប្រមូលផ្តុំ​វង្ស​អ៊ីស្រាអែល ការជួយ​ជនក្រីក្រ និង​បំពេញ​តម្រូវការ​មនុស្សធម៌ ការចូលរួម​ក្នុងកិច្ចការ​ព្រះវិហារបរិសុទ្ធ​សម្រាប់​មរណជន មាន​ឱកាស​បម្រើ និង​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ និង​ពង្រឹង​ក្រុម​គ្រួសារ ។

  • តើ​ពរជ័យ​មួយ​ណា​ដែល​អ្នក​គិត​ថា​មាន​លក្ខណៈ​ពិសេស​សម្រាប់​សាសនាចក្រ​របស់​ព្រះអម្ចាស់ ?

នៅ​ពេល​អ្នក​មាន​ការពិភាក្សា​នេះ សូម​ពិចារណា​ពី​សកម្មភាព និង​សំណួរ​ខាងក្រោម​មួយ​ណា​ដែល​នឹង​មាន​សារៈប្រយោជន៍​ដើម្បី​បញ្ជាក់​ពី​ពរជ័យ​ពិសេស​នៃ​សាសនាចក្រ ។ ( ប្រហែល​ជា​អ្នក​នឹង​មិនមាន​ពេល​ដើម្បី​ពិភាក្សា​ពី​ប្រធានបទ​ទាំងអស់​នោះ​ទេ ។ អ្នក​ក៏​អាច​ជ្រើសរើស​ស្វែងយល់​ស៊ីជម្រៅ​នៃ​ផ្នែក​ផ្សេងៗ​នៃ​ការពិភាក្សា​នេះ​ផងដែរ ) ។

សិទ្ធិ​អំណាច​បព្វជិតភាព និង​កូនសោ​ទាំងឡាយ

អ្នក​អាច​សូម​ឲ្យ​សិស្ស​សម្តែង​នូវ​សាច់រឿង​ខាងក្រោម​នេះ​ជា​ដៃគូ ៖

មិត្តភក្តិ​របស់​អ្នក​ដែល​បង្ហាញ​ចំណាប់អារម្មណ៍​នៅក្នុង​សាសនាចក្រ​និយាយ​ថា « ខ្ញុំ​យល់​ថា ព្រះវិហារ​របស់​ឯង​បានដឹកនាំ​ដោយ​ពួកសាវក ។ តើ​ពួកគាត់​ខុសគ្នា​នឹង​ពួក​អ្នកដឹកនាំ នៅ​ព្រះវិហារ​ផ្សេងៗ​ដោយ​របៀប​ណា ?

សិស្ស​អាច​អាន អេភេសូរ ២:១៩–២០; ម៉ាថាយ ១០:១, ៧–៨; ១៦:១៩; កិច្ចការ ១:២១–២២ និង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:២៣ ជាមួយគ្នា​ដើម្បី​ចាប់ផ្តើម​សកម្មភាព​នេះ ។ ( អ្នក​អាច​នឹង​ចង់​វាយតម្លៃ​ការយល់ដឹង​របស់​សិស្ស​អំពី​កូនសោ​បព្វជិតភាព ហើយ​បន្ថែម​លើ​ការយល់​ដឹង​របស់​ពួកគេ ប្រសិនបើ​ចាំបាច់ ។ សូមមើល​សុន្ទរកថា​របស់​ប្រធាន​រ័សុល អិម ណិលសុន ៖ « Keys of the Priesthood » [ Ensign ខែ តុលា ឆ្នាំ ២០០៥ ទំព័រ ៤០–៤៤ ] សូម​យោង​ទៅ​ផ្នែក « ចង់​បាន​បន្ថែម​ទៀត​ទេ ? » នៃ​ឯកសាររៀបចំ​នេះ​ផងដែរ ) ។

  • តើ​ពរជ័យ​អ្វី​ខ្លះ​អាច​បានមក​តែ​តាមរយៈ​អានុភាព និង​សិទ្ធិអំណាច​នៃ​បព្វជិតភាព​បរិសុទ្ធ​ប៉ុណ្ណោះ ? ( សូម​ពិចារណា​រំឭក​សេចក្ដី​ថ្លែងការណ៍​ដោយ ប្រធាន ដាល្លិន អេក អូក និង អែលឌើរ រ៉ូបឺត ឌី ហែល នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​នេះ ) ។ តើ​នៅពេល​ណា​ដែល​អ្នក​បាន​ដកពិសោធន៍​ពរជ័យ​ទាំងនេះ ?

ពិធីបរិសុទ្ធ​បព្វជិតភាព និង​សេចក្តីសញ្ញា

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ការទទួល​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ និង​ការធ្វើ​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​ជាមួយ​ព្រះ ? ( អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​ពរជ័យ​ដែល​កំពុង​រង់ចាំ​ពួកគេ នៅពេល​ពួកគេ​បន្ត​ដើរ​ទៅមុខ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​នេះ ) ។

ការបញ្ជាក់​អំពី​គោលលទ្ធិ​របស់​ព្រះអម្ចាស់

  • តើ​យើងទទួលបានការការពារ​ពី « គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្ដី​បង្រៀន » ( អេភេសូរ ៤:១៤ ) កាល​ដែល​យើង​ចូលរួម​ក្នុង​សាសនាចក្រដោយរបៀបណា ? ( សូមមើល អេភេសូរ ៤:១១–១៤ ជាមួយគ្នា ) ។ តើ​សន្និសីទ​ទូទៅ​បាន​ជួយ​អ្នក​រៀន និង​យល់​ពី​គោលលទ្ធិ​របស់​ព្រះ​គ្រីស្ទ​ដោយ​របៀប​ណា ?

កិច្ចការ​ព្រះ​វិហារ​បរិសុទ្ធ

  • តើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​បាន​ផ្តល់ពរជ័យ​ដល់​អ្នក​ដោយផ្ទាល់​ដោយ​របៀប​ណា ?

ការប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល

  • តើ​សាសនាចក្រ​របស់​ព្រះអម្ចាស់​បាន​ជួយ​អ្នក​ប្រមូលផ្តុំ​វង្ស​អ៊ីស្រាអែល​នៅ​ផ្នែក​ទាំង​សងខាង​នៃ​វាំង​នន​ដោយ​របៀប​ណា ? តើ​សកម្មភាព​ទាំងនេះ​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ជ្រើសរើស​ពរជ័យ​មួយ​នៅក្នុង​បញ្ជី​នៅលើ​ក្ដារខៀន ដែល​ពួកគេ​ចង់​រីករាយ​ជាមួយ​កាន់តែ​ពេញលេញ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​ធ្វើ​ផែនការ រួមទាំង​ការសរសេរ​ពី​ជំហាន​ដែល​ពួកគេ​អាចធ្វើ ដើម្បី​ទទួល​បានពរជ័យ​ដែល​ពួកគេ​បានស្វែងរក ។

យើង​អាច​ធ្វើ​ឲ្យ​វួដ និង​សាខា​របស់​យើង​ជា​កន្លែង​ស្វាគមន៍ ។

អ្នក​អាច​សួរ​សិស្ស​ពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ប្រសិនបើ​ត្រូវបាន​សុំ​ឲ្យ​បម្រើ​ជាមួយ​នរណា​ម្នាក់​ក្នុង​វួដ ឬ​សាខា​របស់​ពួកគេ​ដែល​មាន​គំនិត​ខុស​គ្នា​ខ្លាំង ឬ​អ្នក​ដែល​អាច​នឹង​មាន​ការពិបាក​ក្នុង​ការធ្វើការ​ជាមួយ ។

សូម​ពិចារណា​មើល មរ៉ូណៃ ៦:៤–៥ ជាមួយគ្នា ហើយ​សួរសិស្ស​ថា​តើ​ពួកគេ​ធ្លាប់​មាន​បទពិសោធន៍​នៅព្រះវិហារ នៅពេល​ដែល​ពួកគេ​ទទួល​អារម្មណ៍​ថា​ត្រូវបានគេចង់ចាំ ចិញ្ចឹមបីបាច់ ឬ​ពង្រឹង​ដោយ​នរណាម្នាក់ ។ ពួកគេ​ក៏​អាច​គិត​អំពី​គ្រា​ដែល​ពួកគេ​មាន​អារម្មណ៍​ឯកោ​នៅ​ព្រះវិហារ​ផងដែរ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​មនុស្ស​មួយ​ចំនួន​អាច​មិន​មាន​អារម្មណ៍​ថា​ពួកគេ​ជា​សមាជិក​នៅ​ព្រះវិហារ ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​អារម្មណ៍​នៃសេចក្ដីស្រឡាញ់ និង​មាន​ចំណែក​នៅឯ​ព្រះវិហារ ? ( អ្នក​អាច​ចង់​ពិនិត្យ​ឡើងវិញ​នូវ ឧទាហរណ៍​ដែល​ស៊ីស្ទើរ ខារូល អិម ស្ទីហ្វិន ចែកចាយ នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ​នេះ ។ អ្នក​ក៏​អាច​មើល​ជាមួយ​គ្នា​ផងដែរ​នូវ​វីដេអូ « Inviting Others to ‘Come and Stay’ » [ ១:៣៩ ] ) ។

    1:39

    ការអញ្ជើញ​មនុស្សដទៃ​ឲ្យ​«មក ហើយ​បន្ត​នៅ»

    ពេល​មនុស្ស​មានអារម្មណ៍ស្វាគមន៍នៅ​ព្រះវិហារ ពួកគេនឹង​ចង់​នៅ​ដោយឯកឯង។ វីដេអូនេះសាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បង្ហាញពីរបៀប​សាមញ្ញ​ដើម្បី​ជួយ​ដល់​ភ្ញៀវ​ឲ្យ​មាន​ភាព​កក់ក្ដៅ ពេល​ពួកគេ​មក​ព្រះវិហារ​ជា​លើក​ដំបូង។

សូម​រំឭក​សិស្ស​ថា ពេល​រៀបចំ​ខ្លួន​សម្រាប់​ថ្នាក់ ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​គិត ពី​នរណា​ម្នាក់​ដែល​អាច​ទទួល​បានពរជ័យ​ដោយ​ការរាប់អាន​របស់​ពួកគេ ។ សូម​ផ្តល់​ពេលវេលា​ខ្លះ​ដល់​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើបាន ដើម្បី​ជួយ​បុគ្គល​នេះ​ទទួល​អារម្មណ៍​នៃសេចក្ដី​ស្រឡាញ់ និង​ស្វាគមន៍​នៅព្រះវិហារ ។

សម្រាប់​ពេល​ក្រោយ

ដើម្បី​បំផុសគំនិត​សិស្ស​ឲ្យ​រៀបចំខ្លួន​សម្រាប់​ថ្នាក់​បន្ទាប់ សូម​ពិចារណា​ពី​ការផ្ញើសារ​ខាងក្រោម​ក្នុង​អំឡុង​សប្តាហ៍​នេះ ៖ តើ​ការអង្គុយ​នៅ​ជិត​ព្រះបាទា​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ស្តាប់​ទ្រង់​បង្រៀន នឹង​មាន​លក្ខណៈ​បែប​ណា​ទៅ ? កាល​អ្នក​អាន ឯកសាររៀបចំ​សម្រាប់​មេរៀន​ទី ១២ សូម​ពិចារណា​អំពី​ឥទ្ធិពល​ដែល​ការបង្រៀន​របស់​ព្រះគ្រីស្ទ​កំពុង​មាន​លើ​ជីវិត​របស់​អ្នក ។