ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៨ ឯកសារ​គ្រូបង្រៀន ៖ ការទទួលយក​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា


« មេរៀន​ទី ៨ ឯកសារ​គ្រូបង្រៀន ៖ ការទទួលយក​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ៨ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀន​ទី ៨ ឯកសារ​គ្រូបង្រៀន

ការទទួល​យក​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះមែស៊ី ( ឬ « ព្រះដែល​បាន​ចាក់​ប្រេង​តាំង » ) នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ ទ្រង់​ត្រូវបាន​ជ្រើសរើស​ដោយ​ព្រះវរបិតាសួគ៌​ឲ្យ​ធ្វើជា​ព្រះអង្គសង្គ្រោះ​របស់យើង ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ដើម្បី​ពិភាក្សា​អំពី​របៀប​ដែល​ការ​ទទួល​យក​បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ផ្លាស់ប្តូរ​ជីវិត​របស់​ពួក​គេ ។ សិស្ស​នឹង​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ព្រះមែស៊ី​អាច​ជួយ​ពួកគេ​ពី​ភាពឈឺចាប់ ឬពី​ការរងទុក្ខ ដែល​ពួកគេ​កំពុង​ជួប​ប្រទះ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះយេស៊ូវគ្រីស្ទ​ប្រកាសថា ទ្រង់​គឺ​ជា​ព្រះមែស៊ី ។

អ្នក​អាច​ចាប់ផ្តើម​ថ្នាក់​ដោយ​ការបង្ហាញ​សេចក្តីថ្លែងការ​មក​ពី​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

អែលឌើរ នែល អិល អាន់ឌើរសិន

គ្មាន​នរណា​ម្នាក់​ត្រូវបាន​ដោះ​ឲ្យ​រួច​ផុត​ពី​ជំងឺ និង​ភាពក្រៀមក្រំ​ទេ ។ … របួស​នៃ​ព្រលឹង​មិន​កើត​ឡើង​តែ​ចំពោះ​អ្នក​មាន ឬ​អ្នក​ក្រ វប្បធម៌​មួយ ជាតិ​សាសន៍​មួយ ឬ​ជំនាន់​មួយ​នោះ​ទេ ។ វា​កើត​ឡើង​ដល់​មនុស្ស​គ្រប់​គ្នា និង​ជា​ចំណែក​នៃ​ការរៀនសូត្រ ដែល​យើង​ទទួល​បាន​ពី​បទពិសោធន៍​នៃជីវិត​លើផែនដី​នេះ ។ ( នែល អិល អាន់ឌើរសិន « Wounded » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៤ )

សូម​ពិចារណា​សរសេរ​ឃ្លា​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ របួស​នៃ​ព្រលឹង ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ផ្សេងៗ​ដែលនាំឲ្យ​ព្រលឹងយើង​មាន​របួស​ ហើយ​កត់ត្រា​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ។ ដើម្បី​ធ្វើឲ្យ​សកម្មភាព​នេះ​កាន់តែ​ពាក់ព័​ន្ធ​សម្រាប់​សិស្ស អ្នកអាច​អញ្ជើញ​ពួកគេ​ឲ្យស្វែង​រក​ដោយ​ស្ងៀមស្ងាត់​នូវ​របួស​នៃ​ព្រលឹង​របស់​ពួកគេ ឬ​អ្នក​ដែល​ពួកគេ​ស្រឡាញ់ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ក្នុងចិត្ត​ម្នាក់ឯងអំឡុងពេលសិក្សា​ក្នុងថ្នាក់​អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ជួយ​ព្យាបាល​របួស​ទាំងនេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យផ្ដល់​និយម​ន័យ ឬ​ពន្យល់​ព្រះបរមងារ ព្រះមែស៊ី និង​មូលហេតុ​ដែល​ព្រះមែស៊ី​ដែល​យើងបាន​ទន្ទឹងរង់ចាំ​មាន​សារៈសំខាន់​ចំពោះ​រាស្ដ្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ​នៅ​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់ និង​ព្រះគម្ពីរ​សញ្ញាថ្មី ។

សូម​ចង្អុល​បង្ហាញ​ថា អេសាយ ៦១:១–៣ គឺ​ជា​ការព្យាករ​អំពី​របៀប​ដែល​ព្រះមែស៊ី​នឹង​ជួយ​ព្យាបាល​របួស​នៃ​ព្រលឹង​ទាំងឡាយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល​ខគម្ពីរ​ទាំងនេះ ហើយ​រកមើល​ពាក្យ និង​ឃ្លា​ដែល​អាច​ផ្តល់​សេចក្តីសង្ឃឹម​ដល់​អ្នកទាំងឡាយណា​ដែល​កំពុង​រងទុក្ខ ។

នៅពេល​សិស្ស​សិក្សា អ្នក​អាច​សរសេរ​ឃ្លា​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ តើ​ព្រះមែស៊ី​ជួយ​ព្រលឹង​ដែល​មាន​របួស​ដោយ​របៀប​ណា ។ បន្ទាប់មក អ្នក​អាច​ឲ្យ​សិស្ស​ចែកចាយ​ពាក្យ ឬ​ឃ្លា​ដែល​ពួកគេ​គិតថា​សំខាន់​ជាងគេ ហើយ​សរសេរ​វា​នៅលើ​ក្ដារខៀន ។ ដើម្បី​ជួយសិស្ស​ឲ្យ​គិត​កាន់តែ​ស៊ីជម្រៅ​ជាងមុន សូម​ពិចារណា​សួរ​សំណួរ​ដូច​តទៅ ៖

  • តើ​ពាក្យ ឬ​ឃ្លា​នេះ​ជួយព្យាបាល​របួស​នៃព្រលឹង​ដោយរបៀបណា ?

  • ហេតុអ្វីបានជា​ពាក្យ ឬ​ឃ្លា​នេះ​សំខាន់​សម្រាប់​អ្នក ?

  • តើ​ពាក្យ ឬ​ឃ្លា​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះមែស៊ី និង​បេសកកម្ម​របស់​ទ្រង់ ?

បន្ទាប់​ពី​ទុក​ពេល​សម្រាប់​ការ​ពិភាក្សា​ដ៏​មាន​អត្ថន័យ អ្នក​អាច​បង្ហាញ​រូប​ព្រះ​យេស៊ូវ​ក្នុង​សាលា​ប្រជុំ​នៅ​ឯណាសារ៉ែត ។ សូម​ពិនិត្យ​មើល​បរិបទ​ដោយ​សង្ខេប​ឡើងវិញ ហើយ​បន្ទាប់​មក​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រើ អេសាយ ៦១:១–២ ដើម្បី​ប្រកាស​ថា​ទ្រង់​គឺ​ជា​ព្រះមែស៊ី ។ ( បើ​ចាំបាច់​សុំ​ឲ្យ​សិស្ស​មើល​នៅក្នុង លូកា ៤:១៨–២២ ) ។

ព្រះយេស៊ូវ​នៅក្នុង​សាលាប្រជុំ​នៅឯ​ណាសារ៉ែត ដោយ ហ្គ្រេក ខេ អូសិន

អ្នក​អាច​បង្ហាញ​សេចក្ដី​ពិត​ដូច​តទៅ ៖ ព្រះយេស៊ូវ​គឺ​ជា​ព្រះមែស៊ី​ដែល​ត្រូវបាន​បញ្ចូន​មក​ដើម្បី​ព្យាបាល​បេះដូង​ដែល​ខ្ទេចខ្ទាំ រំដោះ​អ្នក​ដែល​មាន​របួស និង​សម្រាល​បន្ទុក​អស់អ្នក​ដែល​ទួញ​យំ ។

  • តើ​ព្រះអង្គសង្គ្រោះ​អាច​ជួយ​អ្នក​ដែល​ខូចចិត្ត ឬ​មាន​អារម្មណ៍​ឈឺចាប់​ដោយ​របៀប​ណា ? ( សូម​ពិចារណា​អាន សេចក្ដី​ថ្លែងការណ៍​របស់​ហ្គែរីត ដបុលយូ ហ្គង នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​ព្រះអង្គសង្គ្រោះ​បាន​ជួយ ឬ​សម្រាល​បន្ទុក​អ្នក​ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ដោយ​របៀប​ណា ?

អេសាយ និង​អាល់ម៉ា​បាន​ថ្លែងទី​បន្ទាល់​អំពី​អំណាច​របស់​ព្រះមែស៊ី​ក្នុងការ​ជួយ​យើង ។

អ្នក​អាច​បង្ហាញ​រូបភាព​ព្រះអង្គសង្គ្រោះ​ដែល​ភ្ជាប់​មក​ជាមួយ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ដោយ​សង្ខេប​នូវ​របៀប​ផ្សេងៗ​ដែល​ទ្រង់​បាន​រងទុក្ខ​ក្នុង​ជីវិត​លើផែនដីនេះ ។

ព្រះយេស៊ូវ​ទទួល​ការកាត់ក្តី
ព្រះយេស៊ូវ​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី
ការឆ្កាង ដោយ ហារី អាន់ឌើរសិន

សូមពិចារណា​សុំ​ឲ្យ​សិស្ស​ធ្វើ​ការ​ជាគូ ។ សិស្ស​ម្នាក់​អាច​សិក្សា​ក្នុង អេសាយ ៥៣:៣–៦, ៨, ១១–១២ ហើយ​សិស្ស​ម្នាក់​ទៀត​អាច​សិក្សា​ក្នុង អាលម៉ា ៧:១១–១២ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ចំណុច​ពីរ ៖ ( ១ ) របៀប​ដែល​ព្រះមែស៊ី​នឹង​រងទុក្ខ និង ( ២ ) របៀប​ដែល​ទ្រង់​អាច​ប្រទានពរ​ដល់​យើង ដោយសារ​ការរងទុក្ខ​របស់​ទ្រង់ ។ បន្ទាប់​ពី​សិស្ស​បាន​ពិភាក្សា​ជាមួយ​ដៃ​គូ​អំពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ​ហើយ សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​នឹង​ថ្នាក់ ។

នៅពេល​សិស្ស​ចែកចាយ វា​អាច​មាន​ប្រយោជន៍​ក្នុងការ​ចាប់​យក​ការរៀនសូត្រ​របស់​ពួកគេ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ស្រដៀង​គ្នា​ដូចតទៅ ៖ ដោយសារ​ព្រះមែស៊ី​បាន​ទទួល​យក​ទុក្ខសោក ទុក្ខព្រួយ និង​អំពើ​រំលង​របស់​យើង នោះទ្រង់អាច​ព្យាបាល​យើង នាំ​មក​នូវ​សន្តិភាព ទ្រាំទ្រ​អំពើ​ទុច្ចរិត​របស់​យើង អត់ទោស​ឲ្យ​យើង សម្រាលទុក្ខ​យើង និង​ជួយ​យើង ។ សូម​ពិចារណា​សួរ​សំណួរ​បន្តខាងក្រោម​នេះ ៖

  • តើ​ការ​ឈឺ​ចាប់ និង​ទុក្ខ​លំបាក​ក្នុង​ជីវិត​លើផែនដី​បែប​ណា​ដែល​ព្រះអង្គសង្គ្រោះ​អាច​ជួយ​យើង​បាន ? ( វា​អាច​មាន​ប្រយោជន៍​ដើម្បី​រំឭក​ឡើងវិញ​នូវ​អត្ថន័យ​នៃ​ពាក្យ ជួយ ហើយ​បន្ទាប់មក​អាន​ឲ្យ​ឮ្ៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដោយ ប្រធាន ជីន ប៊ី ប៊ីងហាំ និង ប្រធាន ដាល្លិន អេក អូក នៅក្នុង​ផ្នែក​ទី ២​នៃ​ឯកសារ​រៀបចំ ) ។

អ្នក​អាច​នឹង​ចំណាយ​ពេល​ខ្លះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ឧទាហរណ៍​នៃ​ជីវិត​ពិត​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​ជួយ​យើង ។ ឧទាហរណ៍​ទាំងនេះ​អាចដក​ស្រង់​មក​ពី​ព្រះគម្ពីរ ថ្នាក់ដឹកនាំ​សាសនាចក្រ ឬ​ជីវិត​សិស្ស​របស់អ្នក ។ អ្នក​ក៏​អាច​ចែកចាយ​អំពី​បទពិសោធន៍​របស់​អ្នក​ផ្ទាល់​ផងដែរ ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ផ្តល់​ពេលវេលា​ឲ្យសិស្ស​មាន​ការសញ្ជឹង​គិត​ដោយ​ស្ងៀមស្ងាត់ ។ មាន​ពេល​ខ្លះ​ពាក្យសំដី​អាច​ជា​ឧបសគ្គ​ដល់​ការ​សិក្សា​ខាង​វិញ្ញាណ ។ ភាពស្ងៀមស្ងាត់​អាចជា​អំណោយ​ដ៏​ពិសិដ្ឋ​ដែល​អនុញ្ញាត​ឲ្យ​សិស្ស​ឆ្លុះបញ្ចាំង​កាន់តែ​ស៊ីជម្រៅ​នូវ​អ្វី​ដែល​ពួកគេ​កំពុងរៀន និង​បាន​ឮ​កាន់តែ​ច្បាស់​នូវ​ការ​ខ្សឹប​ដ៏ទន់ភ្លន់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សិស្ស​អាច​គិត​ម្ដងទៀត​អំពី « របួស » ដែល​ពួកគេ ឬ​នរណា​ម្នាក់​ដែល​ពួកគេ​ស្រឡាញ់​កំពុង​មាន ។ សូម​បង្ហាញ​សំណួរ​ខាងក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​សំណួរ​នីមួយៗ ។ សូម​ផ្ដល់​ពេល​ឲ្យ​សិស្ស​កត់ត្រា​គំនិត និង​អារម្មណ៍​របស់​ពួកគេ ។

  • តើ​ការ​ដឹង​ថា​ព្រះអង្គសង្គ្រោះ​យល់​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​កំពុង​ឆ្លងកាត់​មានឥទ្ធិពល​លើ​របៀប​ដែល​អ្នក​ឃើញ​ការ​ឈឺ​ចាប់ និង​ទុក្ខ​លំបាក​របស់​អ្នក​យ៉ាង​ដូច​ម្ដេច ?

  • តើ​អ្វីខ្លះ​ជា​គំនិត ឬ​អារម្មណ៍​របស់​អ្នក​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​នៅពេល​អ្នក​ពិចារណា​អំពី​អ្វី​ដែល​ទ្រង់​បាន​រងទុក្ខ ដូច្នេះ​ទ្រង់​អាច​ជួយ​អ្នក ? តើ​វា​បំផុសគំនិត​អ្នក​ឲ្យ​ធ្វើ​អ្វី​ខ្លះ ?

  • តើ​ចំណេះដឹង​នេះ​អាច​ប្រទានពរ​ដល់​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ដែល​កំពុង​ជួបការ​លំបាក​ដោយ​របៀប​ណា ? តើ​អ្នក​នឹង​ចែកចាយ​វា​ជាមួយ​នឹង​ពួកគេ​ដោយ​របៀប​ណា ?

ប្រសិន​បើ​មាន​ពេល អ្នក​អាចផ្តល់​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​ក្រដាស​កត់ចំណាំ​ដែល​ស្អិត ឬ​ក្រដាស​តូចមួយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​មួយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ។

  • សូម​គិត​ដល់​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ដែល​កំពុង​តស៊ូ​ជាមួយ​នឹង​ស្ថានភាព​ដ៏​លំបាក​មួយ ។ តើ​សារលិខិត​អ្វី​ខ្លះ​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​ពួកគេ​អំពី​សមត្ថភាព​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុងការ​ពង្រឹង និង​ព្យាបាល​យើង ?

បន្ទាប់មក​សូម​ឲ្យ​សិស្ស​បិទ​ក្រដាស​របស់​ពួកគេ​ជុំវិញ​បន្ទប់ ។ សូម​ទុក​ពេល​ពីរ​បី​នាទី​ឲ្យ​សិស្ស​ដើរ​ជុំវិញ​បន្ទប់ ហើយ​អាន​គំនិត​របស់​គ្នា​ទៅវិញ​ទៅ​មក ។

សម្រាប់​ពេល​ក្រោយ

ដើម្បី​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អាន ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ៩ អ្នក​អាច​ផ្ញើ​ឲ្យ​ពួកគេ​ពីមុន​ថ្នាក់​បន្ទាប់​នូវ​រូបភាព និង​សារ​ដូច​តទៅ ៖ សូម​ចំនាយ​ពេល​សិក្សា​ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ៩ ហើយ​សញ្ជឹង​គិត​ពី​មូលហេតុ​ដែល​ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​គួរ​ត្រូវ​បាន​ប្រារព្ធ​មិន​ត្រឹម​តែ​នៅ​បុណ្យ​ណូអែល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពេញ​មួយ​ឆ្នាំ ។

ម៉ារា យ៉ូសែប និងព្រះ​ឱរស​យេស៊ូវ