« មេរៀនទី ២៦ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការប្រែក្លាយឲ្យកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ » ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ២៦ ឯកសាររៀបចំសម្រាប់ថ្នាក់ » ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ២៦ ឯកសាររៀបចំសម្រាប់ថ្នាក់
ការប្រែក្លាយឲ្យកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ
នៅអំឡុងការងារបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះអង្គសង្រ្គោះ « ព្រះអង្គបានអង្វរមនុស្សគ្រប់រូបឲ្យធ្វើតាមគំរូរបស់ព្រះអង្គ » ( « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ការខិតខំធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ និងការប្រែក្លាយឲ្យកាន់តែដូចទ្រង់គឺជាដំណើរពេញមួយជីវិត ។ យើងសម្រេចការណ៍នេះបន្តិចម្តងៗ និងដោយមានជំនួយរបស់ព្រះអង្គសង្រ្គោះ ( សូមមើល មរ៉ូណៃ ១០:៣២ ) ។ នៅពេលអ្នកសិក្សាឯកសារនៅក្នុងមេរៀននេះ សូមពិចារណាពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីឲ្យកាន់តែមានចិត្តខិតខំប្រែក្លាយដូចជាព្រះអង្គសង្រ្គោះ ។
ផ្នែកទី ១
តើព្រះអម្ចាស់ចង់ឲ្យខ្ញុំក្លាយជាមនុស្សប្រភេទណា ?
មិនយូរប៉ុន្មានបន្ទាប់ពីការងារបម្រើរបស់ព្រះអង្គសង្រ្គោះដល់ពួកសាសន៍នីហ្វៃ និងលេមិន ព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយដល់ពួកសិស្សដប់ពីរនាក់ដែលទើបតែហៅក្នុងពេលថ្មីៗរបស់ទ្រង់ ។ ទ្រង់បានបង្រៀនពួកគេពីដំណឹងល្អរបស់ទ្រង់ថែមទៀត ហើយបានបង្ហាត់ពួកគេអំពីទំនួលខុសត្រូវរបស់ពួកគេ ( សូមមើល នីហ្វៃទី ៣ ២៧:១៣–២៦ ) ។ ព្រះអង្គសង្រ្គោះបានមានព្រះបន្ទូលថា ៖ « តើអ្នករាល់គ្នាគួរធ្វើជាមនុស្សបែបណាទៅ ? យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ត្រូវឲ្យបានដូចជាយើង » ( នីហ្វៃទី ៣ ២៧:២៧ ) ។
ការអញ្ជើញឲ្យធ្វើ « បែប » ដូចជាព្រះអង្គសង្រ្គោះនេះគឺសម្រាប់មនុស្សទាំងអស់ ។ អែលឌើរ ឌែល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ពេលយើងជ្រើសរើសទទួលពិធីបុណ្យជ្រមុជទឹក យើងចាប់ផ្ដើមលើកដាក់មកលើខ្លួននូវព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ហើយជ្រើសរើសដើម្បីស្គាល់ទ្រង់ ។ យើងសន្យាដើម្បីប្រែក្លាយដូចជាទ្រង់ ហើយអភិវឌ្ឍគុណលក្ខណៈរបស់ទ្រង់ ។ ( « Unwavering Commitment to Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២៣ )
សូមចំណាយពេលមួយនាទីដើម្បីសញ្ជឹងគិតអំពីគុណលក្ខណៈមួយចំនួនរបស់ព្រះអង្គសង្រ្គោះ ។ វាអាចមានប្រយោជន៍ដើម្បីមើលវីដេអូ « Christlike Attributes » ( ២:៥៣ ) ។
ការតាំងចិត្តដើម្បី ប្រែក្លាយ ដូចជាព្រះអង្គសង្រ្គោះ ទាមទារឲ្យយើងមានច្រើនជាង ការស្គាល់ អំពីទ្រង់ ។ ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានបង្រៀន ៖
នៅក្នុងស្ថានភាពផ្ទុយនៃពិភពលោក ដែលបង្រៀនយើងឲ្យ ដឹង អ្វីមួយ ឯដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជម្រុញយើងឲ្យ ប្រែក្លាយជា អ្វីមួយ ។ …
ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាផែនការមួយដែលបង្ហាញយើងពីរបៀបដើម្បីប្រែក្លាយទៅជាអ្វី ដែលព្រះវរបិតាសួគ៌របស់យើងសព្វព្រះហឫទ័យចង់ឲ្យយើងប្រែក្លាយ ។ ( « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣២ )
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានមានប្រសាសន៍ពីឥរិយាបទរបស់យើងដើម្បីប្រែក្លាយដូចជាព្រះអង្គសង្រ្គោះ ៖
បុរស [ ឬស្ត្រី ] គឺអស្ចារ្យបំផុត និងមានពរជ័យ និងរីករាយបំផុត ដែលជីវិតរបស់ពួកគាត់ខិតជិតគំរូរបស់ព្រះគ្រីស្ទបំផុត ។ នេះគ្មានអ្វីទាក់ទងទៅនឹងទ្រព្យសម្បត្តិ អំណាច ឬកិតិ្តនាមនៃពិភពលោកនោះទេ ។ ការសាកល្បងដ៏ពិតតែមួយគត់នៃភាពអស្ចារ្យ ការប្រទានពរ ភាពរីករាយគឺជារបៀបមួយដែលជីវិតមួយអាចក្លាយទៅកាន់តែដូចជាលោកចៅហ្វាយ គឺព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់គឺជាផ្លូវត្រូវ ជាសេចក្តីពិតដ៏ពេញលេញ ហើយជាជីវិតដ៏បរិបូរណ៍ ។ ( « Jesus Christ—Gifts and Expectations » Ensign ខែ ធ្នូ ឆ្នាំ ១៩៨៨ ទំព័រ ២ )
ផ្នែកទី ២
តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ?
អែលឌើរ ស្កត់ ឌី វីតធីង នៃពួកចិតសិបនាក់បានបង្រៀនអំពីដំណើរការនៃការប្រែក្លាយឲ្យកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ៖
ការយល់ពីការដាស់តឿនឲ្យក្លាយដូចជាទ្រង់គឺជាការល្អ ប៉ុន្តែការយល់នោះត្រូវភ្ជាប់នឹងការចង់ផ្លាស់ប្ដូរខ្លួនយើង មួយជំហានម្ដងៗ លើសពីមនុស្សខាងសាច់ឈាម ។ ដើម្បីបង្កើតបំណងប្រាថ្នានោះ យើងត្រូវតែស្គាល់ថាព្រះយេស៊ូវគ្រីស្ទជានរណា ។ យើងត្រូវតែស្គាល់អ្វីដែលជាលក្ខណៈសម្បត្តិរបស់ទ្រង់ ហើយយើងត្រូវតែរកមើលគុណលក្ខណៈរបស់ទ្រង់នៅក្នុងព្រះគម្ពីរ ការប្រជុំថ្វាយបង្គំ និងកន្លែងបរិសុទ្ធផ្សេងៗទៀត ។ ពេលយើងចាប់ផ្ដើមស្គាល់ទ្រង់កាន់តែច្បាស់ យើងនឹងឃើញពីគុណលក្ខណៈរបស់ទ្រង់ឆ្លុះបញ្ចាំងនៅក្នុងមនុស្សដទៃទៀត ។ ការណ៍នេះនឹងលើកទឹកចិត្តយើងនៅលើដំណើរស្វែងរករបស់យើង ដ្បិតបើមនុស្សដទៃទៀតអាចទទួលបានគុណលក្ខណៈរបស់ទ្រង់ ទោះក្នុងកម្រិតណាមួយ នោះយើងក៏អាចទទួលបានផងដែរ ។ ( « Becoming like Him » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១៣ )
ដូចជាដែលអែលឌើរ វីតធីង បានបង្រៀន យើងអាចរកគុណលក្ខណៈដូចជាព្រះយេស៊ូវគ្រីស្ទ ដែលមាននៅពាសពេញបទគម្ពីរ ( សូមមើលឧទាហរណ៍ ម៉ាថាយ ៥:៣–១១; អាលម៉ា ១៣:២៨; គោលលទ្ធិ និងសេចក្តីសញ្ញា ៤:៥–៧ ) ។ សាវកពេត្រុស ក៏បានបង្រៀនដែរថា តាមរយៈ ៖ « ព្រះចេស្តានៃព្រះ » ដែលជារបស់ព្រះអង្គសង្រ្គោះ នោះយើងអាចទទួល « និស្ស័យនៃព្រះ » របស់ព្រះអង្គ សង្រ្គោះផងដែរ ( ពេត្រុស ទី២ ១:៣, ៤ ) ។
នៅពេលខ្លះអ្នកអាចមានអារម្មណ៍សន្ធប់ ឬ បាក់ទឹកចិត្តនៅពេលអ្នកប្រៀបធៀបខ្លួនរបស់អ្នកទៅនឹងព្រះអង្គសង្រ្គោះ ។ នៅគ្រាបែបនោះ សូមចងចាំថា សូម្បីតែព្រះអង្គសង្រ្គោះ « ពុំបានទទួលនូវភាពពោរពេញទេ ប៉ុន្តែបានទទួលព្រះគុណថែមលើព្រះគុណ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:១២ ) ។ អ្នកអាចរកឃើញភាពរីករាយជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់ ។
សូមចាំថា អ្នកមិនអាចធ្វើការណ៍នេះតែម្នាក់ឯងបានទេ ។ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ខណៈកំពុងបម្រើជាទីប្រឹក្សានៅក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
គុណលក្ខណៈដូចជាព្រះគ្រីស្ទគឺជាអំណោយមកពីព្រះ ។ វាពុំអាចបានអភិវឌ្ឍដោយគ្មានជំនួយពីទ្រង់បានឡើយ ។
ជំនួយមួយដែលយើងទាំងអស់គ្នាត្រូវការ គឺត្រូវបានប្រទានដល់យើងដោយឥតគិតថ្លៃ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងលើដង្វាយធួនរបស់ទ្រង់មានន័យថា ការពឹងផ្អែកទាំងស្រុងទៅលើទ្រង់—ដោយទុកចិត្តទៅលើព្រះចេស្ដា ព្រះបញ្ញាញាណ និងសេចក្ដីស្រឡាញ់ជានិរន្ដរ៍របស់ទ្រង់ ។ … ក្នុងការព្យាយាមដើម្បីប្រែក្លាយដូចជាព្រះអង្គសង្គ្រោះ យើងត្រូវវាយតម្លៃជីវិតរបស់យើងឲ្យបានទៀងទាត់ឡើងវិញ និងពឹងផ្អែកលើមាគ៌ានៃការប្រែចិត្តដ៏ពិត ដោយផ្អែកលើព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ និងពរជ័យនៃដង្វាយធួនរបស់ទ្រង់ ។ ( « Developing Christlike Attributes » Ensign ខែ តុលា ឆ្នាំ ២០០៨ ទំព័រ ៨, ៩ )
ផ្នែកទី ៣
តើគុណលក្ខណៈដូចព្រះគ្រីស្ទមួយណាដែលព្រះអម្ចាស់ចង់ឲ្យខ្ញុំផ្ដោតលើការអភិវឌ្ឍនោះ ?
កាលអ្នកគិតអំពីគុណលក្ខណៈដូចព្រះគ្រីស្ទ ដែលអ្នកចង់អភិវឌ្ឍ សូមស្វែងយល់ពីភាពខ្លាំង និងភាពខ្សោយរបស់អ្នក ។ អ្នកអាចប្រើសកម្មភាពរៀនសូត្រខាងក្រោមដើម្បីស្វែងយល់ពីគុណលក្ខណៈដូចជាព្រះគ្រីស្ទដែលអ្នកចង់ផ្តោតលើឥឡូវនេះ ។
កាលអ្នកបន្តធ្វើការឆ្ពោះទៅរកការអភិវឌ្ឍគុណលក្ខណៈដូចជាព្រះគ្រីស្ទ សូមពិនិត្យមើលការរីកចម្រើនរបស់អ្នកជាប្រចាំ ។ សូមកុំប្រៀបធៀបខ្លួនរបស់អ្នកទៅនឹងអ្នកដទៃ ។ សូមរីករាយនឹងជោគជ័យតូចៗ ។ សូមរៀនពីកំហុសរបស់អ្នក ។ សូមទុកចិត្តថាព្រះអង្គសង្គ្រោះនឹងប្រទានជំនួយ និងកម្លាំង កាលណាអ្នកខិតខំប្រែក្លាយកាន់តែដូចជាទ្រង់ ។