ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៨ ឯកសារ​គ្រូបង្រៀន ៖ ការឈរ​ជា​សាក្សី​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ


« មេរៀនទី ២៨ ឯកសារ​គ្រូបង្រៀន ៖ ការឈរ​ជា​សាក្សី​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ » ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២៨ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀនទី ២៨ ឯកសារ​គ្រូបង្រៀន

ការឈរ​ជា​សាក្សី​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ

តាមរយៈ​វគ្គសិក្សា​នេះ សិស្ស​មានឱកាស​ដើម្បី​សិក្សា ពិចារណា និង​ពិភាក្សា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់​កល្ប​អស់កាល​ជានិច្ច​របស់ទ្រង់ ។ ពួកគេ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គសង្គ្រោះ ហើយ​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​សញ្ជឹងគិត​អំពី​អ្វី​ដែល ពួកគេ​បាន​ទទួល​អារម្មណ៍ រៀន និង​ដកពិសោធន៍ ។ ពួកគេ​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ពី​ព្រះអង្គ​សង្រ្គោះ ។

យោបល់​សម្រាប់​ការបង្រៀន

ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ថ្លែង​ទីបន្ទាល់​ពី​ទ្រង់ ។

ចំណាំ ៖ ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​មាន​ពេល​ច្រើន​ដើម្បី​សញ្ជឹងគិត និង​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ​អំឡុង​ពេល​រៀន នោះ​គំនិត​បង្រៀន​ត្រូវ​មាន​តិច​ជាង​មុន​នៅក្នុង​មេរៀន​នេះ ។

អ្នក​អាច​ចែកចាយ​សាច់រឿង​ដូច​ខាងក្រោម​កាល​អ្នក​ចាប់ផ្តើម​ថ្នាក់ ៖

សូម​ស្រមៃ​ថា​មិត្ត​ជិតស្និទ្ធ​ម្នាក់​កំពុង​ចូលរួម​ការប្រជុំ​តមអាហារ និង​ទីបន្ទាល់​ជា​លើក​ដំបូង​របស់​គាត់ ឬ នាង ឬ​ត្រឡប់​មក​ព្រះវិហារ​វិញ​បន្ទាប់ពី​ឃ្លាត​ឆ្ងាយ​អស់​ជាច្រើន​ឆ្នាំ ។ ប្រសិនបើ​អ្នក​បាន​ចែកចាយ​ទីបន្ទាល់​របស់​អ្នក តើ​អ្នក​នឹង​និយាយ​អ្វី ? តើ​អ្នក​សង្ឃឹមថា​អ្នក​ដទៃ​នឹង​ចែកចាយ​អ្វី ?

សូម​ពិចារណា​ផ្តល់ពេល​ឲ្យ​សិស្ស​កត់ត្រា​ពី​អ្វី​ដែល​ពួកគេ​អាច​និយាយ​នៅក្នុង​ទីបន្ទាល់​របស់​ពួកគេ ។ បន្ទាប់មក អ្នក​អាច​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​កត់ត្រា ។ ដោយ​ជាផ្នែក​មួយ​នៃការ​ពិភាក្សា​របស់អ្នក នោះ​អ្នកអាច​សួរ​សំណួរ​មួយ ឬ ច្រើន​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​គ្មាន​នរណា​ម្នាក់​ថ្លែង​ទីបន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​នោះ​ទេ ? ហេតុអ្វី​ការថ្លែង​ទីបន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ សំខាន់​ខ្លាំង​ម្ល៉េះ ? ( នៅពេល​សិស្ស​ពិភាក្សា អ្នក​អាច​បង្ហាញ​សេចក្តីថ្លែងការណ៍​ដូច​តទៅនេះ ដោយ​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ៖ « ចំណុច​ស្នូល​នៃ​ទីបន្ទាល់ [ របស់​យើង ]​នេះ​នឹង​ជា​សេចក្តី​ជំនឿ និង​ចំណេះដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ » [ « The Power of a Personal Testimony » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៣៨ ] ) ។

  • តើ​ទីបន្ទាល់​របស់អ្នកអំ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​កើតមាន​ដល់​អ្នក​ដោយ​របៀប​ណា ? ( អ្នក​អាច​រំឭក​ឡើងវិញ​ក្នុង អាលម៉ា ៥:៤៦–៤៨ និង សេចក្តី​ថ្លែងការណ៍​ទីពីរ​ដោយ អែលឌើរ​អុជដូហ្វ នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​នេះ ។ ប្រសិនបើ​ចង់ អ្នក​អាច​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្ដីពិត​ដែល​ស្រដៀងគ្នា​ទៅនឹង​អ្វី​ដូច​តទៅ​នេះ ៖ យើង​អាច​មាន​ទីបន្ទាល់​ដ៏​ពិតប្រាកដ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។ តើ​ឥទ្ធិពល​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​លើ​ការយល់ដឹង​របស់​អ្នក និង​សេចក្តីស្រឡាញ់​សម្រាប់​ព្រះអង្គសង្រ្គោះ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យ​រៀបចំខ្លួន​ពីមុន​ថ្នាក់​ដើម្បី​ចែកចាយ​ពី​របៀប​ដែល​ជីវិត​របស់​ពួកគេ​បាន​ទទួល​ពរជ័យ តាមរយៈ​ការស្តាប់​អ្នក​ដទៃ​ថ្លែង​ទីបន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ បន្ទាប់​មក​អ្នក​អាច​សួរ ៖

  • តើ​មាន​វិធី​អ្វីខ្លះ ដែល​យើង​អាច​ឈរ​ជា​សាក្សី​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ? ( អ្នក​អាច​ស្នើសុំ​ឲ្យ​សិស្ស​មើល​ឡើងវិញ​នូវ សេចក្តី​ថ្លែងការណ៍​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ) ។

  • ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់យើង​អំពី​ព្រះអង្គ​សង្គ្រោះ បើទោះបី​ជា​យើង​មាន​អារម្មណ៍​ថា​ទីបន្ទាល់​របស់​យើង​មិន​សូវ​ខ្លាំង​ក៏​ដោយ​នោះ ? ( សូម​ពិចារណា​មើល​ឡើងវិញ​នូវ សេចក្តី​ថ្លែងការណ៍​ដោយ​ប្រធាន អុជដូហ្វ នៅក្នុង​ផ្នែកទី ១ នៃ ឯកសាររៀបចំ​នេះ ) ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​បេសកកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់ថា​ការថ្លែង​ទីបន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ មិន​គ្រាន់តែ​ផ្តល់​ពរជ័យ​ដល់​បុគ្គល​ដែល​ថ្លែង​ទីបន្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏អាច​ពង្រឹង​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​អ្នកដទៃ​ផងដែរ ។ ទីបន្ទាល់​មួយ​អាច​ជា​ការបង្ហាញ​អារម្មណ៍​សាមញ្ញៗ​ពី​អ្វី​ដែល​មនុស្ស​ម្នាក់​ជឿ សង្ឃឹម ឬ​ដឹង​ថា​ជា​ការពិត ។

សូម​រំឭក​សិស្ស​ថា ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​រៀបចំ​ខ្លួន​មក​រៀន​ដោយ ការជ្រើសរើស​សកម្មភាព​រៀនសូត្រ​មួយ ដើម្បី​ជួយ​ពួកគេ​គិតពិចារណា​អំពី​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ។ សូម​ផ្តល់ពេល​វេលា​ឲ្យ​សិស្ស​មើល​កំណត់​សម្គាល់​របស់​ពួកគេ​ឡើងវិញ ហើយ​រៀបចំ​ចែកចាយ​អ្វី​មួយ ។

បើ​អ្នក​មានសិស្ស​ច្រើន នោះ​អ្នក​អាច​ចង់​រៀបចំ​សិស្ស​ទៅ​ជា​ក្រុមតូចៗ ដើម្បី​ជួយ​ផ្តល់​ឲ្យ​សិស្ស​គ្រប់គ្នា​មាន​ឱកាស​ចែកចាយ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​​ដឹងពី​ពេល​ដែល​ពួកគេ​ប្រើ ដើម្បី​ឲ្យ​សិស្ស​គ្រប់គ្នា​នៅក្នុង​ថ្នាក់ ឬ​ក្រុម​ដែល​ចង់​ចែកចាយ អាច​ចែកចាយ​បាន ។ ខណៈ​ពេល​ដែល​សិស្ស​ទាំងអស់​គួរតែ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ចែកចាយ នោះ​គ្មាន​សិស្ស​ណា​ម្នាក់​គួរ​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​នោះ​ទេ ។

សូម​បញ្ចប់​ថ្នាក់​ដោយ​ការថ្លែង​ទីបន្ទាល់​របស់​អ្នក និង​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​បន្ត​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ស្វែងរក​ឱកាស​ដើម្បី​ចែកចាយ​សាក្សី​អំពី​ទ្រង់ ។

មុន​ពេល​ចប់​ថ្នាក់​សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ត​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​វិទ្យាស្ថាន ។