២៣. សមុទ្រកាលីឡេ និងភ្នំបទជូនពរ
មើលទៅខាងត្បូងឆៀងខាងលិច ទៅលើជ្រុងខាងជើងឆៀងខាងលិចសមុទ្រកាលីឡេ គឺជាបឹងទឹកសាប។ ទីបេរាស គឺនៅឯឆ្នេរសមុទ្រខាងឆ្ងាយ និងនៅខាងឆ្វេងរូបថតដ៏ឆ្ងាយ។ ភ្នំដែលនៅចំកណ្ដាលខាងក្រោយ គឺជាកន្លែងបុរាណនៃភ្នំបទជូនពរ។ កាពើណិម គឺនៅខាងឆ្វេងចេញពីរូបថត។
ព្រឹត្តិការណ៍សំខាន់ៗ ៖ ព្រះអង្គសង្គ្រោះទ្រង់បានចំណាយពេលជាច្រើននៃការងារបម្រើរបស់ទ្រង់នៅលើផែនដីនៅក្នុងភូមិភាគនេះ។ នៅទីនេះហើយដែលទ្រង់បានហៅ ហើយតែងតាំងពួកសាវក ១២ នាក់ (ម៉ាថាយ ៤:១៨–២២; ១០:១–៤; ម៉ាកុស ១:១៦–២០; ២:១៣–១៤; ៣:៧, ១៣–១៩; លូកា ៥:១–១១), បានបង្រៀនបទបង្រៀននៅលើភ្នំ (ម៉ាថាយ ៥–៧), ហើយបានបង្រៀនដោយពាក្យប្រៀបប្រដូចទាំងឡាយ (ម៉ាថាយ ១៣:១–៥២; ម៉ាកុស ៤:១–៣៤)។ អព្ភូតហេតុទាំងឡាយដែលទ្រង់បានសម្ដែង គឺមានដូចតទៅនេះ ៖ ទ្រង់បានប្រោសមនុស្សឃ្លង់ (ម៉ាថាយ ៨:១–៤); បានធ្វើឲ្យព្យុះស្ងប់ (ម៉ាថាយ ៨:២៣–២៧); បានបណ្ដេញកបអារក្ស អសោចិ៍ឲ្យចេញពីកំលោះម្នាក់ រួចហើយពួកអារក្សអសោចិ៍បានទៅចូលសត្វជ្រូក ដែលរត់ធ្លាក់ទៅក្នុងសមុទ្រ (ម៉ាកុស ៥:១–១៥); បានប្រោសកូនស្រីរបស់យ៉ៃរ៉ុសឲ្យបានរស់ពីស្លាប់ឡើងវិញ (ម៉ាថាយ ៩:១៨–១៩, ២៣–២៦; ម៉ាកុស ៥:២២–២៤, ៣៥–៤៣); បានឲ្យអាហារដល់មនុស្ស ៥ពាន់នាក់ និង ៤ពាន់នាក់ (ម៉ាថាយ ១៤:១៤–២១; ១៥:៣២–៣៨); បានបញ្ជាពួកសិស្សរបស់ទ្រង់ឲ្យទម្លាក់អួនរបស់ពួកគេ ដែលធ្វើឲ្យពួកគេបានត្រីជាច្រើន (លូកា ៥:១–៦); បានប្រោសមនុស្សជាច្រើន (ម៉ាថាយ ១៥:២៩–៣១; ម៉ាកុស ៣:៧–១២); ហើយបានលេចមក បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ ដើម្បីមកបង្រៀនពួកសិស្សរបស់ទ្រង់ (ម៉ាកុស ១៤:២៧–២៨; ១៦:៧; យ៉ូហាន ២១:១–២៣)។