២៤. កាពើណិម
កាពើណិមនៅខាងឆ្នេរសមុទ្រកាលីឡេជ្រុងខាងជើង គឺទីកណ្ដាលនៃការងារបម្រើរបស់ព្រះយេស៊ូវនៅស្រុកកាលីឡេ (ម៉ាថាយ ៩:១–២; ម៉ាកុស ២:១–៥)។ ជាកន្លែងលក់ដូរ និងកន្លែងនេសាទដ៏សំខាន់ និងដ៏ជោគជ័យមួយ ជាទីលំនៅរបស់ពួកសាសន៍ដទៃ ព្រមទាំងពួកសាសន៍យូដា។ នៅសតវត្សទីមួយ ប្រហែលជាមានប្រជាជនមិនលើសពីមួយពាន់នាក់ទេ។ កាពើណិមនៅចំផ្លូវលក់ដូរដ៏សំខាន់ៗ ដោយមានដីធ្លីដែលមានជីជាតិនៅជុំវិញផង។ ពួកទាហានសាសន៍រ៉ូមបានសង់កន្លែងងូតទឹក និងឃ្លាំងសម្រាប់ដាក់របស់របរនៅទីនេះ ដែល ផ្ដល់នូវសំណង់សាធារណៈដែលមាំមួនទៅនឹងសំណង់ខាងសង្គមដែលបានរៀបចំឡើង។ ទោះបីមានអព្ភូតហេតុជាច្រើនដែលសម្ដែងនៅទីនេះក្ដី គង់តែប្រជាជនតែងតែបដិសេធការងារបម្រើរបស់ព្រះអង្គសង្គ្រោះដែរ។ ហេតុដូច្នេះហើយ ទើបព្រះយេស៊ូវដាក់បណ្ដាសាដល់ទីក្រុង (ម៉ាថាយ ១១:២០, ២៣–២៤)។ តាមរយៈពេលតមក ក្រុងកាពើណិមក៏បានបែកបាក់ ហើយនៅស្ងាត់សូន្យឈឹងដោយគ្មានមនុស្សនៅ។
ព្រឹត្តិការណ៍សំខាន់ៗ ៖ កាពើណិមត្រូវបានស្គាល់ថាជា « ទីក្រុង » របស់ព្រះអង្គសង្គ្រោះផ្ទាល់ (ម៉ាថាយ ៩:១–២; ម៉ាកុស ២:១–៥)។ ទ្រង់បានសម្ដែងអព្ភូតហេតុជាច្រើននៅកន្លែងនេះ។ ជាឧទាហរណ៍ ទ្រង់បានប្រោសមនុស្សជាច្រើន (ម៉ាកុស ១:៣២–៣៤), ព្រមទាំងប្រោសបាវបម្រើរបស់មេទ័ពម្នាក់ផង (លូកា ៧:១–១០), បានប្រោសម្ដាយក្មេករបស់ពេត្រុស (ម៉ាកុស ១:២១, ២៩–៣១), ប្រោសមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ដែលគេសម្រូតគ្រែចុះពីដំបូលផ្ទះមក (ម៉ាកុស ២:១–១២), ប្រោសមនុស្សម្នាក់មានដៃស្វិត (ម៉ាថាយ ១២:៩–១៣)។ នៅទីនេះហើយដែលព្រះយេស៊ូវទ្រង់បានបណ្ដេញអារក្សអសោចិ៍ជាច្រើនឲ្យចេញ (ម៉ាកុស ១:២១–២៨, ៣២–៣៤), បាន ប្រោសកូនស្រីរបស់យ៉ៃរ៉ុសឲ្យមានជីវិតរស់ពីស្លាប់ឡើងវិញ (ម៉ាកុស ៥:២២–២៤, ៣៥–៤៣), ហើយបានប្រទាននូវបទបង្រៀនអំពីនំប៉័ងជីវិតនៅក្នុងសាលាប្រជុំនៅក្រុងកាពើណិម (យ៉ូហាន ៦:២៤–៥៩)។ ព្រះអង្គសង្គ្រោះបានបង្គាប់ពេត្រុសឲ្យស្ទូចត្រីពីសមុទ្រកាលីឡេ បើកមាត់វា ហើយយកប្រាក់ទៅបង់ពន្ធ (ម៉ាថាយ ១៧:២៤–២៧)។
២៤. កាពើណិម មានសំណង់បាក់បែកបន្តិចបន្តួចទេដែលសំគាល់ប្រាប់ពីកន្លែងនៃទីក្រុង ដែលព្រះអង្គសង្គ្រោះបានសម្ដែងអព្ភូតហេតុរបស់ទ្រង់ជាច្រើន។