៣១. អេភេសូរ
ជាសំណង់បាក់បែកនៃរោងល្ខោនរបស់ពួកក្រេក នៅក្រុងអេភេសូរ ជាកន្លែងដែលសាវកប៉ុលបានផ្សាយដំណឹងល្អ។ នៅសម័យព្រះគម្ពីរសញ្ញាថ្មី ក្រុងអេភេសូរ គឺជាក្រុងដ៏ល្បីល្បាញមួយពេញពិភពលោក ដែលស្គាល់អំពីព្រះវិហារដ៏ធំ ដែលបានសង់ឡើង ដើម្បីផ្ដល់កិត្តិយសដល់ព្រះឌីអាននៃពួករ៉ូម។ ឥឡូវនេះ បែកបាក់ទៅហើយ តែគ្រាមួយក្រុងអេភេសូរគឺជារដ្ឋធានីនៃខេត្តអាស៊ី នៅប្រទេសរ៉ូម ហើយជាមជ្ឈមណ្ឌលដ៏ធំមួយ។ ជាងប្រាក់ទាំងឡាយនៅទីក្រុងនោះ មានរបររកស៊ីដ៏លូតលាស់ដោយលក់រូបព្រះឌីអាន។
ព្រឹត្តិការណ៍សំខាន់ៗ ៖ សាវកប៉ុលបានទៅជួបពួកអេភេសូរនៅចុងដំណើរទីពីរដែលលោកទៅធ្វើបេសកកម្ម (កិច្ចការ ១៨:១៨–១៩)។ នៅដំណើរទីបី លោកបានស្នាក់នៅទីក្រុងនេះអស់រយៈពេលពីរឆ្នាំ។ លោកត្រូវគេបង្ខំឲ្យចេញ ដោយមកពីមានការបះបោរ ដែលពួកជាងប្រាក់បានបង្កឡើងព្រោះគេអស់របររកស៊ី នៅពេលប៉ុលបានបង្រៀនជំទាស់នឹងការថ្វាយបង្គំព្រះឌីអាន ដែលជាព្រះក្លែងក្លាយ (កិច្ចការ ១៩:១, ១០, ២៣–៤១; ២០:១)។ រោងល្ខោននៅអេភេសូរ គឺជារោងដ៏ធំបំផុតមួយដែលពួកក្រេកបានសង់ឡើង ហើយជាកន្លែងដែលពួកគូកនរបស់ប៉ុលបានប្រឈមមុខនឹងហ្វូងមនុស្សកំណាច (កិច្ចការ ១៩:២៩–៣១)។ ប៉ុលបានសរសេរសំបុត្រមួយច្បាប់ដល់ពួកសមាជិកនៃសាសនាចក្រនៅក្រុងអេភេសូរ កាលលោកជាប់ឃុំឃាំងនៅក្រុងរ៉ូម។ មានសាខាមួយនៅក្នុងចំណោមប្រាំពីរសាខានៃសាសនាចក្រនៅខេត្តអាស៊ី ដែលគម្ពីរវិវរណៈបានស្ដីដល់គឺនៅក្រុងអេភេសូរ (វិវរ. ១:១០–១១; ២:១)។