បីបាច់ឫស នោះមែកនឹងលូតលាស់ឡើង
មែកនៃទីបន្ទាល់របស់បងប្អូននឹងទទួលបានកម្លាំងពីការពង្រឹងសេចក្តីជំនឿរបស់បងប្អូនទៅលើព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាដ៏ស្ងួនភ្ងាទ្រង់ ។
រោងថ្វាយបង្គំចាស់មួយក្នុងទីក្រុង ហ្សីកខោវ
ឆ្នាំ២០២៤ គឺជាឆ្នាំដ៏សំខាន់មួយសម្រាប់ខ្ញុំ ។ ឆ្នាំនេះគម្រប់ ៧៥ ឆ្នាំ ចាប់តាំងពីខ្ញុំបានទទួលបុណ្យជ្រមុជទឹក ហើយបានបញ្ជាក់ជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅទីក្រុង ហ្សីកខោវ ប្រទេសអាល្លឺម៉ង់ ។
សមាជិកភាពរបស់ខ្ញុំនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ គឺមានតម្លៃណាស់សម្រាប់ខ្ញុំ ។ ដើម្បីខ្ញុំត្រូវបានរាប់ក្នុងចំណោមប្រជាជននៃសេចក្តីសញ្ញារបស់ព្រះ ជាមួយបងប្អូន ដែលជាបងប្អូនប្រុសស្រីរបស់ខ្ញុំ គឺជាមហាកិត្តិយសណាស់សម្រាប់ជីវិតរបស់ខ្ញុំ ។
នៅពេលខ្ញុំគិតអំពីដំណើរផ្ទាល់ខ្លួនរបស់ខ្ញុំនៃភាពជាសិស្ស ខ្ញុំតែងស្រណោះនឹកអំពីអគារវីឡាចាស់នៅទីក្រុង ហ្សីកខោវ ជាកន្លែងដែលខ្ញុំស្រឡាញ់នូវអនុស្សាវរីយ៍នៃការចូលរួមការប្រជុំសាក្រាម៉ង់ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ កាលនៅកុមារភាព ។ ទីនោះគឺជាកន្លែងដែលពន្លកនៃទីបន្ទាល់របស់ខ្ញុំចាប់ផ្តើមដុះឡើង ។
នៅរោងថ្វាយបង្គំនេះមានព្យាណូខ្យល់ចាស់មួយ ។ ជារៀងរាល់ថ្ងៃអាទិត្យ យុវជនម្នាក់ត្រូវបានចាត់ឲ្យរុញដងស្នប់ដ៏តឹងនោះចុះឡើង ដើម្បីឲ្យសំឡេងព្យាណូខ្យល់នោះដំណើរការ ។ ជួនកាល ខ្ញុំបានមានអភ័យឯកសិទ្ធិដ៏អស្ចារ្យក្នុងការជួយកិច្ចការដ៏សំខាន់នេះ ។
ខណៈដែលក្រុមជំនុំច្រៀងទំនុកតម្កើងជាទីស្រឡាញ់របស់យើងនោះ ខ្ញុំបានសប់ខ្យល់ពេញទំហឹងដើម្បីកុំឲ្យព្យាណូខ្យល់នោះអស់ខ្យល់ ។ នៅកៅអីសប់ខ្យល់នោះ ខ្ញុំបានមើលទិដ្ឋភាពដ៏អស្ចារ្យនៃចម្លាក់ជាកញ្ចក់បង្អួច ដែលរូបមួយពិពណ៌នាអំពីព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ និងមួយទៀតបង្ហាញពី យ៉ូសែប ស្ម៊ីធ នៅក្នុងព្រៃពិសិដ្ឋ ។
ខ្ញុំអាចនៅចាំអំពីអារម្មណ៍ដ៏ពិសិដ្ឋ ដែលខ្ញុំបានមានពេលមើលរូបទាំងនោះនៅលើបង្អួចដែលចាំងឆ្លុះពន្លឺថ្ងៃ ខណៈកំពុងស្តាប់ទីបន្ទាល់នៃពួកបរិសុទ្ធ និងការច្រៀងទំនុកតម្កើងនៃស៊ីយ៉ូន ។
ក្នុងកន្លែងដ៏ពិសិដ្ឋនោះ ព្រះវិញ្ញាណនៃព្រះបានថ្លែងទីបន្ទាល់ដល់គំនិត និងដួងចិត្តរបស់ខ្ញុំថា ដំណឹងល្អគឺពិតថា—ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះនៃពិភពលោក ។ នេះគឺជាសាសនាចក្ររបស់ទ្រង់ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានមើលឃើញព្រះជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ ហើយបានស្តាប់ឮព្រះសូរសៀងទ្រង់ទាំងទ្វេ ។
នៅដើមឆ្នាំនេះ ពេលកំពុងបំពេញការចាត់តាំងនៅអឺរ៉ុប ខ្ញុំមានឱកាសបានត្រឡប់ទៅទីក្រុង ហ្សីកខោវ ម្ដងទៀត ។ គួរឲ្យសោកស្តាយណាស់ រោងថ្វាយបង្គំនោះ មិននៅទីនោះទៀតទេ ។ វាត្រូវបានគេរុះរើអស់ជាច្រើនឆ្នាំមកហើយ ដើម្បីធ្វើជាអគារបន្ទប់ជួលធំមួយវិញ ។
តើអ្វីដែលនៅអស់កល្ប និងអ្វីដែលមិននៅអស់កល្ប ?
ខ្ញុំទទួលស្គាល់ វាគួរឱ្យសោកស្ដាយដែលបានដឹងថា អគារដ៏ជាទីស្រឡាញ់តាំងពីកុមារភាពរបស់ខ្ញុំ ឥឡូវនេះវាគ្រាន់តែជាអនុស្សវរីយ៍មួយប៉ុណ្ណោះ ។ វាគឺជាអគារដ៏ពិសិដ្ឋមួយសម្រាប់ខ្ញុំ ។ ប៉ុន្តែវាគ្រាន់តែជាអគារប៉ុណ្ណោះ ។
ផ្ទុយទៅវិញ សាក្សីខាងវិញ្ញាណដែលខ្ញុំបានទទួលពីព្រះវិញ្ញាណបរិសុទ្ធជាច្រើនឆ្នាំមកនេះ មិនបានបាត់បង់ទេ ។ តាមពិតទៅ វាបានលូតលាស់ធំទៅៗ ។ អ្វីៗដែលខ្ញុំបានរៀននៅក្នុងយុវវ័យរបស់ខ្ញុំអំពីគោលការណ៍គ្រឹះនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ បានក្លាយជាគ្រឹះដ៏រឹងមាំពេញមួយជីវិតរបស់ខ្ញុំ ។ ទំនាក់ទំនងនៃសេចក្ដីសញ្ញាដែលខ្ញុំបានបង្កើតជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់បាននៅជាមួយខ្ញុំ—ជាយូរ បន្ទាប់ពីរោងថ្វាយបង្គំនៅហ្សីកខោវ ត្រូវបានរុះរើ ហើយចម្លាក់ជាកញ្ចក់បង្អួចត្រូវបានបាត់បង់ ។
ព្រះយេស៊ូវបានបន្ទូលថា « ផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ តែពាក្យខ្ញុំមិនដែលបាត់ឡើយ » ។
« អស់ទាំងភ្នំធំនឹងបាត់ទៅបាន អស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែសេចក្តីសប្បុរសរបស់អញនឹងមិនដែលឃ្លាតបាត់ពីឯងឡើយ ហើយសេចក្តីសញ្ញាពីសេចក្តីមេត្រីរបស់អញក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា » ។
រឿងដ៏សំខាន់បំផុតមួយដែលយើងអាចរៀននៅក្នុងជីវិតនេះ គឺជាភាពខុសគ្នារវាងអ្វីដែលនៅអស់កល្បជានិច្ច និងអ្វីដែលមិននៅអស់កល្ប ។ ពេលយើងយល់រឿងនោះ អ្វីៗគ្រប់យ៉ាងផ្លាស់ប្តូរ—ទំនាក់ទំនងរបស់យើង ជម្រើសរបស់យើង របៀបដែលយើងប្រព្រឹត្តចំពោះមនុស្សដទៃ ។
ការដឹងពីអ្វីដែលនៅអស់កល្បជានិច្ច និងអ្វីដែលមិននៅអស់កល្ប ជាគន្លឹះក្នុងការបង្កើនទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ ។
កុំយល់ច្រឡំមែកថាជាឫសឡើយ
ដូចជាព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ « ឱបក្រសោប[ នូវ ]រាល់ចំណែកនៃសេចក្តីពិតទាំងអស់ » ។ ប៉ុន្តែនោះមិនមានន័យថា សេចក្តីពិតទាំងអស់មានតម្លៃស្មើគ្នានោះទេ ។ សេចក្តីពិតខ្លះជាស្នូលសំខាន់ ជាឫសនៃសេចក្តីជំនឿរបស់យើង ។ សេចក្តីពិតខ្លះទៀត ជាផ្នែកបន្ទាប់បន្សំ ឬជាមែក—មានតម្លៃ តែនៅពេលវាត្រូវបានភ្ជាប់ទៅនឹងមូលដ្ឋានគ្រឹះប៉ុណ្ណោះ ។
ព្យាការី យ៉ូសែប ស៊្មីធ បានមានប្រសាសន៍ថា ៖ « គោលការណ៍ដ៏សំខាន់នៃសាសនារបស់យើង គឺទីបន្ទាល់នៃពួកសាវក និងពួកព្យាការី អំពីព្រះយេស៊ូវគ្រីស្ទ ថាទ្រង់បានសុគត បានបញ្ចុះក្នុងផ្នូរ ហើយបានមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី បានយាងទៅកាន់ស្ថានសួគ៌ ហើយរឿងផ្សេងទៀតដែលទាក់ទងនឹងសាសនារបស់យើងគឺជារឿងបន្ទាប់បន្សំទៅនឹងសេចក្តីពិតនេះ » ។
និយាយបានម្យ៉ាងទៀតថា ព្រះយេស៊ូវគ្រីស្ទ និងពលិកម្មដ៏ធួនរបស់ទ្រង់គឺជាឫសនៃទីបន្ទាល់របស់យើង ។ អ្វីៗផ្សេងទៀតគឺជាមែក ។
ការនិយាយបែបនេះមិនមែនមានន័យថា មែកមិនសំខាន់នោះទេ ។ ដើមឈើមួយត្រូវការមែក ។ ប៉ុន្តែដូចព្រះអង្គសង្គ្រោះបានប្រាប់ពួកសិស្សទ្រង់ថា « ខ្នែង បើមិននៅជាប់នឹងគល់ នោះពុំអាចនឹងបង្កើតផលដោយឯកឯងបានទេ » ។ ដោយគ្មានទំនាក់ទំនងនឹងព្រះអង្គសង្គ្រោះ ដែលជាសារជាតិបំប៉នដល់ឫសនោះទេ មែកក្រៀមស្វិត ហើយងាប់ទៅ ។
នៅពេលយើងនិយាយអំពីសារជាតិបំប៉នដល់ទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទ ខ្ញុំឆ្ងល់ថា ជួនកាលយើងអាចច្រឡំមែកថាជាឫស ។ កំហុសទាំងនេះគឺជាអ្វីដែលព្រះយេស៊ូវគ្រីស្ទបានសង្កេតឃើញមាននៅក្នុងពួកផារីស៊ី ក្នុងសម័យរបស់ទ្រង់ ។ ពួកគេបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសេចក្តីលម្អិតតិចតួចអំពីច្បាប់ ដែលទីបំផុតពួកគេបានធ្វេសប្រហែសនូវអ្វីដែលព្រះអង្គសង្រ្គោះបានហៅថា « បានចោលសេចក្តីសំខាន់ »—ដែលជាគោលការណ៍គ្រឹះ ដូចជា « សេចក្តីយុត្តិធម៌ សេចក្តីមេត្តាករុណា នឹងសេចក្តីជំនឿ » ។
ប្រសិនបើបងប្អូនចង់បីបាច់ដើមឈើមួយដើម បងប្អូនមិនបាចទឹកទៅលើមែកនោះទេ ។ បងប្អូនស្រោចទឹកនៅនឹងឫស ។ ស្រដៀងគ្នានេះដែរ ប្រសិនបើបងប្អូនចង់ឲ្យមែកនៃទីបន្ទាល់របស់បងប្អូនលូតលាស់ឡើង ហើយចេញផ្លែផ្កា នោះត្រូវផ្តល់ការបីបាច់ដល់ឫស ។ ប្រសិនបើបងប្អូនមិនច្បាស់អំពី គោលលទ្ធិ ការអនុវត្តជាក់លាក់ណាមួយអំពីប្រវត្តិសាសនាចក្រ សូមស្វែងរកភាពច្បាស់លាស់ជាមួយសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមព្យាយាមយល់អំពីពលិកម្ម សេចក្តីស្រឡាញ់ ព្រះរាជបំណងរបស់ទ្រង់សម្រាប់បងប្អូន ។ សូមធ្វើតាមទ្រង់ដោយរាបសា ។ មែកនៃទីបន្ទាល់របស់បងប្អូននឹងទទួលបានកម្លាំងពីការពង្រឹងសេចក្តីជំនឿរបស់បងប្អូនទៅលើព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាដ៏ស្ងួនភ្ងាទ្រង់ ។
ឧទាហរណ៍ ប្រសិនបើបងប្អូនចង់បានទីបន្ទាល់ដ៏រឹងមាំអំពីព្រះគម្ពីរមរមន សូមផ្តោតលើសាក្សីរបស់ព្រះគម្ពីរនេះអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមកត់សម្គាល់ ពីរបៀបដែលព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីទ្រង់ ពីអ្វីដែលព្រះគម្ពីរនេះបង្រៀនអំពីទ្រង់ និងរបៀបដែលព្រះគម្ពីរនេះអញ្ជើញ និងបំផុសគំនិតបងប្អូនអោយចូលមករកទ្រង់ ។
បើបងប្អូនកំពុងស្វែងរកបទពិសោធន៍ដ៏មានអត្ថន័យក្នុងការប្រជុំសាសនាចក្រ ឬក្នុងព្រះវិហារបរិសុទ្ធ សូមព្យាយាមស្វែងរកព្រះយេស៊ូវគ្រីស្ទនៅក្នុងពិធីការបរិសុទ្ធដ៏ពិសិដ្ឋដែលយើងទទួលនៅទីនោះ ។ សូមស្វែងរកព្រះអម្ចាស់នៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ៖
ប្រសិនបើបងប្អូនមានអារម្មណ៍អស់កម្លាំង ឬសន្ធប់ដោយសារការហៅរបស់បងប្អូននៅក្នុងសាសនាចក្រ សូមព្យាយាមផ្តោតការបម្រើរបស់បងប្អូនទៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមបំពេញវាដោយការបង្ហាញសេចក្តីស្រឡាញ់របស់អ្នកដល់ទ្រង់ ។
បីបាច់ឫស នោះមែកនឹងលូតលាស់ឡើង ។ ហើយនៅពេលមួយ វានឹងចេញផ្លែផ្កា ។
បានចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់
ការមានសេចក្ដីជំនឿរឹងមាំលើព្រះយេស៊ូវគ្រីស្ទ មិនមែនកើតឡើងក្នុងពេលតែមួយយប់នោះទេ ។ មិនអាចទេ វាគឺជាបន្លា ហើយនឹងអញ្ចាញនៃសេចក្តីសង្ស័យដែលដុះឡើងដោយឯកឯងនៅក្នុងពិភពនៃជីវិតរមែងស្លាប់នេះ ។ ដើមឈើដែលមានសុខភាពល្អ មានផ្លែផ្កា តម្រូវឲ្យមានការខិតខំដោយចេតនា ។ ផ្នែកដ៏សំខាន់បំផុតនៃកិច្ចខិតខំនោះគឺត្រូវប្រាកដថា យើងបានចាក់ឫសយ៉ាងជ្រៅទៅក្នុងព្រះគ្រីស្ទ ។
ឧទាហរណ៍ ៖ ជាដំបូង យើងអាចនឹងត្រូវបាននាំចូលទៅកាន់ដំណឹងល្អ និងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ដោយសារយើងស្ងើចសរសើរដោយសមាជិកដែលរួសរាយរាក់ទាក់ ឬដោយប៊ីស្សពចិត្តល្អ ឬសោភ័ណភាពស្អាតនៃរោងថ្វាយបង្គំ ។ កាលៈទេសៈទាំងនេះគឺសំខាន់ណាស់ដើម្បីពង្រីកសាសនាចក្រ ។
ទោះជាយ៉ាងណាក៏ដោយ បើឫសនៃទីបន្ទាល់របស់យើងមិនបានចាក់ជ្រៅជាងនេះទេ តើនឹងមានអ្វីកើតឡើង នៅពេលយើងផ្លាស់ទីទៅវួដដែលជួបនៅក្នុងអគារ ដែលមិនសូវចាប់អារម្មណ៍ ជាមួយសមាជិកដែលមិនសូវរួសរាយរាក់ទាក់ ហើយប៊ីស្សពបាននិយាយអ្វីមួយដែលធ្វើឲ្យយើងអាក់អន់ចិត្ត ?
ឧទាហរណ៍មួយទៀត ៖ តើវាមិនសមហេតុផលទេ ឬក្នុងការសង្ឃឹមថា បើយើងរក្សាបទបញ្ញត្តិ ហើយបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ នោះយើងនឹងទទួលបានពរជ័យនូវក្រុមគ្រួសារដ៏ធំ និងរីករាយមួយ ដោយមានកូនៗដែលឈ្លាសវៃ ចេះស្តាប់បង្គាប់ ដែលពួកគេទាំងអស់គ្នាបន្តសកម្មក្នុងសាសនាចក្រ បម្រើបេសកកម្ម ច្រៀងនៅក្នុងក្រុមចម្រៀងវួដ ហើយស្ម័គ្រចិត្តជួយសម្អាតសាលាប្រជុំរៀងរាល់ព្រឹកថ្ងៃសៅរ៍មែនទេ ?
ខ្ញុំសង្ឃឹមយ៉ាងប្រាកដថា រឿងទាំងនេះពិតជាកើតមានចំពោះយើង ។ ចុះប្រសិនបើវាមិនកើតឡើងវិញ ? តើយើងនឹងបន្តនៅជាប់នឹងព្រះអង្គសង្រ្គោះ មិនថាក្នុងស្ថានភាពបែបណានោះទេ—ដោយទុកចិត្តទ្រង់ និងតាមវេលាទ្រង់ឬទេ ?
យើងត្រូវសួរខ្លួនឯងថា ៖ តើទីបន្ទាល់របស់ខ្ញុំវាអាស្រ័យទៅលើអ្វីដែលខ្ញុំសង្ឃឹមឲ្យកើតឡើងក្នុងជីវិតរបស់ខ្ញុំមែនទេ ? តើវាអាស្រ័យទៅលើសកម្មភាព និងអាកប្បកិរិយារបស់អ្នកដទៃមែនទេ ? ឬក៏វាបានពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទយ៉ាងរឹងមាំ « ដោយបានចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ » មិនថាកាលៈទេសៈផ្លាស់ប្តូរក្នុងជីវិតបែបណានោះទេ ?
ទំនៀមទម្លាប់ ទម្លាប់ និងជំនឿ
ព្រះគម្ពីរមរមនប្រាប់អំពីប្រជាជនដែលបាន « តឹងរឹងក្នុងការប្រតិបត្តិតាមពិធីបរិសុទ្ធទាំងឡាយនៃព្រះ » ។ តែបន្ទាប់មកមានអ្នកសង្ស័យម្នាក់ឈ្មោះ កូរីហូរ បានមកក្នុងចំណោមប្រជាជន ដោយចំអកដល់ដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ដោយនិយាយថា « រវើរវាយ » និង « សណ្ដាប់ដ៏ល្ងិតល្ងង់ទាំងឡាយ នៃពួកអយ្យកោរបស់គេ » ។ កូរីហូរបានដឹកនាំដោយ « បង្វែរចិត្តមនុស្សជាច្រើនចេញ ដោយធ្វើឲ្យគេងើយក្បាលនៅក្នុងអំពើទុច្ចរិត » ។ ប៉ុន្តែអ្នកផ្សេងទៀត គាត់មិនអាចបញ្ឆោតបានទេ ដោយសារចំពោះពួកគេ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ មានន័យយ៉ាងជ្រាលជ្រៅជាងទំនៀមទម្លាប់ទៅទៀត ។
ជំនឿរឹងមាំ នៅពេលវាបានចាក់ឫសយ៉ាងជ្រៅក្នុងបទពិសោធន៍ផ្ទាល់ខ្លួន ការប្តេជ្ញាផ្ទាល់ខ្លួនចំពោះព្រះយេស៊ូវគ្រីស្ទ ដោយមិនផ្តេកផ្តួលទៅលើទំនៀមទម្លាប់របស់យើង ឬអ្វីដែលអ្នកដទៃនិយាយឬធ្វើឡើយ ។
ទីបន្ទាល់របស់យើងនឹងទទួលការសាកល្បង និងល្បងល សេចក្ដីជំនឿនឹងមិនមែនជាសេចក្តីជំនឿទេ បើគ្មានការសាកល្បងនោះ ។ សេចក្ដីជំនឿមិនរឹងមាំទេ ប្រសិនបើពុំមានការប្រឆាំង ។ ដូច្នេះ សូមកុំអស់សង្ឃឹមប្រសិនបើបងប្អូនមានការសាកល្បងនៃសេចក្តីជំនឿ ឬពុំមានចម្លើយចំពោះសំណួរទាំងឡាយ ។
យើងមិនគួររំពឹងដើម្បីដឹងអ្វីៗគ្រប់យ៉ាងពីមុនយើងអនុវត្តនោះទេ ។ នោះពុំមែនជាជំនឿទេ ។ ដូចអាលម៉ាបានបង្រៀនថា « សេចក្ដីជំនឿគឺពុំមែនជាតម្រិះដ៏ឥតខ្ចោះនូវអ្វីៗទាំងឡាយនោះទេ » ។ ប្រសិនបើយើងរង់ចាំចម្លើយសម្រាប់គ្រប់សំណួររបស់យើងដើម្បីធ្វើសកម្មភាព នោះយើងដាក់កម្រិតយ៉ាងខ្លាំងនូវអំពើល្អដែលយើងអាចសម្រេចបាន ហើយយើងកំណត់អំណាចនៃសេចក្តីជំនឿរបស់យើង ។
ជំនឿគឺស្រស់ស្អាតដោយសារវានៅតែបន្ត ទោះបីជាពរជ័យមិនបានមកដូចក្តីសង្ឃឹមក៏ដោយ ។ យើងមិនអាចមើលឃើញអនាគត យើងមិនអាចដឹងគ្រប់ចម្លើយទាំងអស់ឡើយ ប៉ុន្តែយើងអាចទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ខណៈដែលយើងបន្តរីកចម្រើនទៅមុខ ដោយសារទ្រង់គឺជាព្រះអង្គសង្រ្គោះ និងព្រះប្រោសលោះរបស់យើង ។
សេចក្តីជំនឿទ្រាំទ្រនឹងការសាកល្បង និងភាពមិនច្បាស់លាស់នៃជីវិត ដោយសារវាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងព្រះគ្រីស្ទ និងគោលលទ្ធិទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌របស់យើង ដែលបានចាត់ទ្រង់មក រួមគ្នាបង្កើតជាអង្គមិនផ្លាស់ប្តូរ ជាអង្គដែលយើងអាចទុកចិត្តបានយ៉ាងល្អឥតខ្ចោះ ។
ទីបន្ទាល់មិនមែនជាអ្វីមួយដែលបងប្អូនសង់វាតែម្ដង ហើយវាបន្តនៅរហូតនោះទេ ។ វាដូចជាដើមឈើដែលបងប្អូនត្រូវបីបាច់ជានិច្ច ។ ការដាំព្រះបន្ទូលនៃព្រះក្នុងដួងចិត្តរបស់បងប្អូន គឺជាជំហានដំបូងតែមួយគត់ ។ នៅពេលទីបន្ទាល់របស់បងប្អូនលូតលាស់ បន្ទាប់មកកិច្ចការពិតនឹងចាប់ផ្តើម ! នោះគឺនៅពេលដែលបងប្អូន « ថែទាំវាដោយថ្នាក់ថ្នម ដើម្បីវាអាចដុះឫស ដើម្បីវាអាចដុះឡើង ហើយនឹងផ្ដល់ផ្លែផ្កាដល់យើង » ។ វាតម្រូវឲ្យមាន « សេចក្តីព្យាយាមដ៏ខ្លាំងក្លា » និង « សេចក្ដីអត់ធន់របស់អ្នកទៅលើព្រះបន្ទូល » ។ ប៉ុន្តែការសន្យារបស់ព្រះគឺមានពិត « អ្នករាល់គ្នានឹងច្រូតកាត់នូវរង្វាន់នៃសេចក្ដីជំនឿរបស់អ្នក និងសេចក្ដីព្យាយាមរបស់អ្នក និងសេចក្ដីអត់ធន់ និងសេចក្ដីអត់ធ្មត់ ដោយរង់ចាំឲ្យដើមផ្ដល់ផ្លែផ្កាដល់អ្នក » ។
បងប្អូនប្រុសស្រី និងមិត្តជាទីស្រឡាញ់របស់ខ្ញុំ មានផ្នែកមួយដែលខ្ញុំនឹកដល់រោងថ្វាយបង្គំ ហ្សីកខោវ និងចម្លាក់ជាកញ្ចក់បង្អួចរបស់អគារនោះ ។ ប៉ុន្តែរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ ព្រះយេស៊ូវគ្រីស្ទបានដឹកនាំខ្ញុំឲ្យឆ្លងកាត់ដំណើរជីវិត ដោយក្តីរំភើបជាងអ្វីៗដែលខ្ញុំអាចស្រមៃបាន ។ ទ្រង់បានលួងលោមខ្ញុំក្នុងទុក្ខលំបាករបស់ខ្ញុំ ជួយខ្ញុំឲ្យស្គាល់ភាពទន់ខ្សោយរបស់ខ្ញុំ ព្យាបាលរបួសខាងវិញ្ញាណរបស់ខ្ញុំ និងចិញ្ចឹមខ្ញុំក្នុងសេចក្ដីជំនឿរបស់ខ្ញុំដែលកំពុងលូតលាស់ ។
នេះគឺជាការអធិស្ឋាននិងពរជ័យដ៏ស្មោះរបស់ខ្ញុំ ដែលយើងនឹងបីបាច់ឫសនៃសេចក្តីជំនឿរបស់យើងយ៉ាងជាប់លាប់លើព្រះអង្គសង្គ្រោះ លើគោលលទ្ធិរបស់ទ្រង់ និងក្នុងសាសនាចក្ររបស់ទ្រង់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីការណ៍នេះនៅក្នុងព្រះនាមដ៏ពិសិដ្ឋ នៃព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះ និងលោកចៅហ្វាយរបស់យើង—នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។