« មើលចុះ យើងជាពន្លឺដែលអ្នករាល់គ្នានឹងលើកឡើង »
យើងលើកពន្លឺរបស់ព្រះអម្ចាស់ឡើង នៅពេលយើងតោងជាប់ចំពោះសេចក្តីសញ្ញារបស់យើង ហើយនៅពេលយើងគាំទ្រព្យាការីដែលនៅរស់របស់យើង ។
ចំពោះទីបន្ទាល់ជាច្រើននៅក្នុងសន្និសីទនេះ ខ្ញុំសូមបន្ថែមសាក្សីជាសាវករបស់ខ្ញុំថា ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ ជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង ជាព្រះប្រោសលោះនៃបុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាយើង ។ តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទធ្វើឲ្យវាអាចកើតមានសម្រាប់យើង ប្រសិនបើយើងមានភាពស័ក្តិសម ដើម្បីត្រឡប់ទៅទីវត្តមាននៃព្រះវរបិតាដែលគង់នៅស្ថានសួគ៌ និងនៅជាមួយក្រុមគ្រួសាររបស់យើងសម្រាប់ភាពអស់កល្បជានិច្ច ។
ព្រះអង្គសង្រ្គោះមិនបាត់វត្តមាននៅក្នុងដំណើរនៃជីវិតរមែងស្លាប់របស់យើងទេ ។ សម្រាប់រយៈពេលពីរថ្ងៃមកនេះ យើងបានស្ដាប់ឮទ្រង់មានព្រះបន្ទូលតាមរយៈថ្នាក់ដឹកនាំជម្រើសរបស់ទ្រង់ ដើម្បីយើងអាចខិតកាន់តែជិតទ្រង់ ។ ដោយសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដ៏បរិសុទ្ធរបស់ទ្រង់ ទ្រង់គាំទ្រយើងម្តងហើយម្តងទៀត នៅពេលយើងប្រឈមមុខនឹងហេតុការណ៍ដែលកើតឡើងដោយមិនបានរំពឹងទុកក្នុងជីវិត ។ នីហ្វៃពិពណ៌នាថា ៖ « ព្រះរបស់ខ្ញុំ គឺជាទីផ្អែករបស់ខ្ញុំ ទ្រង់បានដឹកនាំខ្ញុំឲ្យឆ្លងកាត់សេចក្ដីទុក្ខវេទនាទាំងឡាយរបស់ខ្ញុំ ។ … ទ្រង់បានបំពេញចិត្តខ្ញុំ ដោយសេចក្ដីស្រឡាញ់របស់ទ្រង់ » ។
សេចក្តីស្រឡាញ់នោះបង្ហាញឲ្យឃើញពេលយើងគាំទ្រគ្នាទៅវិញទៅមកក្នុងកិច្ចការរបស់ទ្រង់ ។
យើងគាំទ្រព្យាការីដែលនៅរស់របស់យើងនៅក្នុងសន្និសីទទូទៅ និងគណៈប្រធានទីមួយ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ពួកអ្នកមានសិទ្ធិអំណាចទូទៅ និងអ្នកកាន់តំណែងទាំងឡាយនៃសាសនាចក្រ ។ ដើម្បីគាំទ្រមានន័យថាត្រូវ លើកឡើង បុគ្គលម្នាក់ទៀត ដើម្បីផ្ដល់ការយកចិត្តទុកដាក់របស់យើងចំពោះពួកលោក ដើម្បីស្មោះត្រង់ចំពោះទំនុកចិត្តរបស់ពួកលោក ដើម្បីធ្វើតាមពាក្យសម្តីរបស់ពួកលោក ។ ពួកលោកមានប្រសាសន៍ដោយការបំផុសគំនិតពីព្រះអម្ចាស់ ពួកលោកយល់ពីបញ្ហាបច្ចុប្បន្ន ការធ្លាក់ចុះខាងសីលធម៌នៃសង្គម និងការខិតខំកាន់តែខ្លាំងឡើងរបស់មារសត្រូវ ក្នុងការរារាំងផែនការរបស់ព្រះវរបិតា ។ នៅក្នុង ការលើកឡើង ដៃរបស់យើង យើងតាំងចិត្តផ្ដល់ការគាំទ្ររបស់យើង មិនមែនសម្រាប់តែគ្រានោះទេ ប៉ុន្តែនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងផងដែរ ។
ការគាំទ្ររួមទាំង ការលើកឡើង ប្រធានស្តេក និងប៊ីស្សពរបស់យើង ថ្នាក់ដឹកនាំកូរ៉ុម និងអង្គការទាំងឡាយ គ្រូបង្រៀន និងសូម្បីតែអ្នកដឹកនាំជំរំនៅក្នុងវួដ ឬស្តេករបស់យើងក្ដី ។ អ្នកដែលយើងមានទំនាក់ទំនងដោយផ្ទាល់ យើង លើកឡើង ភរិយា និងស្វាមីរបស់យើង កូនៗ ឪពុកម្តាយ គ្រួសារធំ និងអ្នកជិតខាង ។ នៅពេលយើង លើកគ្នាឡើង ទៅវិញទៅមក យើងនិយាយថា « ខ្ញុំនៅទីនេះសម្រាប់អ្នក មិនគ្រាន់តែ លើកឡើង ដៃរបស់អ្នក នៅពេលវា ‹ រោយ › ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីជាការលួងលោម និងជាកម្លាំងនៅខាងអ្នកផងដែរ » ។
គំនិតដើម្បី លើកឡើង គឺជាឬសគល់នៅក្នុងព្រះគម្ពីរ ។ នៅឯទឹកមរមន សមាជិកសាសនាចក្រដែលបានជ្រមុជទឹកហើយថ្មីៗបានតាំងចិត្ត « យល់ព្រមទទួលបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល …[ ដើម្បី ]កម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ ហើយឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែង » ។
ចំពោះពួកសាសន៍នីហ្វៃ ព្រះយេស៊ូវបានមានព្រះបន្ទូលថា ៖ « ចូរលើកពន្លឺ របស់អ្នករាល់គ្នាឡើង ប្រយោជន៍ឲ្យបានភ្លឺដល់មនុស្សលោក ។ មើលចុះ យើងជាពន្លឺដែលអ្នករាល់គ្នានឹងលើកឡើង » ។ យើង លើកឡើង ពន្លឺរបស់ព្រះអម្ចាស់ នៅពេលយើងតោងជាប់ចំពោះសេចក្តីសញ្ញារបស់យើង ហើយនៅពេលយើងគាំទ្រព្យាការីដែលនៅរស់របស់យើង នៅពេលលោកមានប្រសាសន៍នូវព្រះបន្ទូលរបស់ព្រះ ។
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ នៅពេលបម្រើនៅក្នុងកូរ៉ូមនៃពួកសាវកដប់ពីរនាក់ ថា« ការគាំទ្រពួកព្យាការីរបស់យើងគឺជាការតាំងចិត្តផ្ទាល់ខ្លួនថា យើងនឹងខំធ្វើអស់ពីសមត្ថភាព ដើម្បីលើកតម្កើងអាទិភាពជាព្យាការីរបស់ពួកលោក » ។
ដើម្បី លើកព្យាការីឡើង គឺជាកិច្ចការពិសិដ្ឋ ។ យើងមិនអង្គុយនៅស្ងៀមទេ ប៉ុន្តែការពារលោកយ៉ាងសកម្ម ធ្វើតាមឱវាទរបស់លោក បង្រៀនពាក្យសម្ដីរបស់លោក ហើយអធិស្ឋានសម្រាប់លោក ។
ស្តេចបេនយ៉ាមីន នៅក្នុងព្រះគម្ពីរមរមន បានមានបន្ទូលទៅកាន់ប្រជារាស្រ្តរបស់ទ្រង់ថា « យើងក៏ដូចអ្នករាល់គ្នាដែរ ដែលមានការទន់ខ្សោយគ្រប់បែបយ៉ាងខាងរូបកាយ និងខាងគំនិត ក៏ប៉ុន្តែយើងត្រូវបានរើស … ហើយត្រូវបានទ្រទ្រង់ដោយព្រះហស្តនៃព្រះអម្ចាស់ … ហើយត្រូវបានថែរក្សាឲ្យគង់វង្សដោយព្រះចេស្ដាដ៏ឥតប្រៀបផ្ទឹមបានរបស់ទ្រង់ ដើម្បីបម្រើអ្នកឲ្យអស់ពីសមត្ថភាពអស់ពីគំនិត និងអស់ពីកម្លាំង ដែលព្រះអម្ចាស់ទ្រង់បានប្រទានមកឲ្យយើង » ។
ដូចគ្នានេះដែរ នៅជន្មាយុ ១០០ ឆ្នាំ ប្រធាន ណិលសុន ត្រូវបានរក្សា និងថែទាំដោយព្រះអម្ចាស់ ។ ប្រធាន ហារ៉ូល ប៊ី លី ដែលកាលនោះជាសមាជិកម្នាក់នៅក្នុងគណៈប្រធានទីមួយ បានលើកឡើងពីគំរូរបស់ម៉ូសេឈរនៅលើភ្នំនៅឯរេផិឌីម ។ លោកបានមានប្រសាសន៍ថា « ដៃរបស់[ ប្រធាននៃសាសនាចក្រ ]អាចរោយ ។ ដៃលោកអាចនឹងដាក់ចុះនៅពេលណាមួយ ដោយសារតែទំនួលខុសត្រូវដ៏ធ្ងន់ធ្ងររបស់លោក ប៉ុន្តែនៅពេលយើងលើកដៃរបស់លោកឡើង ហើយនៅពេលយើងបានដឹកនាំក្រោមការដឹកនាំរបស់លោក នៅក្បែរលោក នោះច្រកទ្វារនៃស្ថាននរកនឹងពុំយកឈ្នះលើអ្នក និងពួកអ៊ីស្រាអែលឡើយ » ។ សុវត្ថិភាពរបស់អ្នក និងរបស់យើងគ្រប់គ្នា គឺវាអាស្រ័យទៅលើថាតើយើងធ្វើតាមអ្នកដែលព្រះអម្ចាស់បានដាក់ឲ្យធ្វើជាអធិបតីនៅលើសាសនាចក្ររបស់ទ្រង់ដែរឬក៏អត់ ។ ទ្រង់ជ្រាបអំពីអ្នកដែលទ្រង់សព្វព្រះទ័យឲ្យធ្វើអធិបតីលើសាសនាចក្រនេះ ហើយទ្រង់នឹងពុំជ្រើសមនុស្សខុសឡើយ » ។
ប្រធាន ណិលសុន ចំណាយពេលវេលាជាច្រើនឆ្នាំក្នុងការបម្រើព្រះអម្ចាស់ ។ ភាពចាស់ទុំ បទពិសោធន៍ដ៏ច្រើន ប្រាជ្ញា និងការទទួលវិវរណៈជាទៀងទាត់របស់លោកគឺស័ក្ដិសមសម្រាប់ជំនាន់របស់យើង ។ លោកបានមានប្រសាសន៍ថា « សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយកំពុងតែរៀបចំពិភពលោកសម្រាប់ថ្ងៃដែល « គ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី » ( អេសាយ ១១:៩ ) ។ … កិច្ចការនេះត្រូវបានផ្ដល់អំណាចឲ្យដោយការប្រកាសដ៏ទេវភាពមួយកាលពី ២០០ ឆ្នាំមុន ។ ការប្រកាសនោះមានតែដប់ពីរពាក្យប៉ុណ្ណោះ ៖ ‹ នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្ដាប់តាមទ្រង់ចុះ ! › ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ) »
ប្រធាន ណិលសុន ក៏បានមានប្រសាសន៍ផងដែរ ៖« មិនដែលមានពេលណានៅក្នុងប្រវត្តិសាស្រ្តពិភពលោកនេះ ដែលចំណេះដឹងអំពីព្រះអង្គសង្រ្គោះរបស់យើងមានសារៈសំខាន់ផ្ទាល់ខ្លួន ហើយទាក់ទងនឹង ព្រលឹងមនុស្សគ្រប់គ្នា យ៉ាងខ្លាំងដូច្នេះនោះទេ ។ សូមស្រមៃមើលថា តើជម្លោះដ៏បំផ្លិចបំផ្លាញនៅទូទាំងពិភពលោកនេះ—និងការបំផ្លិចបំផ្លាញនៅក្នុងជីវិតរបស់យើងម្នាក់ៗ—នឹងត្រូវដោះស្រាយបានលឿនប៉ុនណាប្រសិនបើយើងទាំងអស់បានជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងស្តាប់តាមការបង្រៀនទាំងឡាយរបស់ទ្រង់ » ។
បងប្អូនប្រុសស្រី យើងត្រូវធ្វើការស្ទួយឲ្យបានច្រើន ហើយមានការត្អូញត្អែរឲ្យតិចបំផុត គឺគាំទ្រឲ្យបានច្រើននូវបន្ទូលរបស់ព្រះអម្ចាស់ មាគ៌ារបស់ទ្រង់ និងព្យាការីរបស់ទ្រង់ ដែលលោកបានមានប្រសាសន៍ ៖ « ឧបសគ្គដ៏ធំបំផុតមួយរបស់យើងនៅសព្វថ្ងៃនេះគឺ ការញែកដឹងរវាងសេចក្ដីពិតរបស់ព្រះ និងការបោកបញ្ឆោតរបស់សាតាំង ។ នោះជាហេតុដែលព្រះអម្ចាស់បានព្រមានយើងឲ្យ ‹ អធិស្ឋានជានិច្ច … ប្រយោជន៍ឲ្យ [ យើង ] អាចយកឈ្នះលើអារក្សសាតាំងបាន ហើយ … រួចផុតពីកណ្ដាប់ដៃនៃពួកអ្នកបម្រើរបស់អារក្សសាតាំង ដែលទ្រទ្រង់កិច្ចការ[ របស់មារសត្រូវ ]នោះ › [ គោលលទ្ធិ និងសេចក្តីសញ្ញា ១០:៥ បានបន្ថែមការគូសបញ្ជាក់ ] » ។
កាលពីខែមេសា ស៊ីស្ទើរ រ៉ាសបាន និងខ្ញុំមានកិត្តិយសចូលរួមនឹងព្យាការីជាទីស្រឡាញ់របស់យើង និងស៊ីស្ទើរ ណិលសុន សម្រាប់ការឧទ្ទិសឆ្លងឡើងវិញនៃព្រះវិហារបរិសុទ្ធ ម៉ាន់តៃ យូថាហ៍ ។
ប្រធាន ណិលសុន បានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលពេលលោកបានដើរចូលទៅក្នុងបន្ទប់ ។ មានតែយើងប៉ុន្មាននាក់ប៉ុណ្ណោះដែលដឹងថាលោកនឹងមកចូលរួម ។ នៅក្នុងវត្តមានរបស់លោក រំពេចនោះខ្ញុំបានទទួលអារម្មណ៍នូវពន្លឺ និងការទទួលខុសត្រូវជាព្យាការីដែលលោកមាន ។ ទឹកមុខនៃអំណររបស់អ្នកដែលបានឃើញព្យាការីដោយផ្ទាល់ នឹងដក់ជាប់ក្នុងចិត្តខ្ញុំជារៀងរហូត ។
នៅក្នុងការអធិស្ឋាននៃការឧទ្ទិសឆ្លងឡើងវិញនោះ ប្រធាន ណិលសុន បានទូលអង្វរព្រះអម្ចាស់ថា ព្រះដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់នឹង លើកឡើង ជាពិសេសដល់អស់អ្នកដែលបានចូលក្នុងព្រះវិហារបរិសុទ្ធនោះ « ដើម្បីពួកគេអាចទទួលបានពរជ័យពិសិដ្ឋ ហើយបន្តស័ក្ដិសម និងស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់ពួកគេ … ថាទីនេះអាចក្លាយជាដំណាក់នៃសេចក្ដីសុខសាន្ត ដំណាក់នៃការលួងលោមចិត្ត និងដំណាក់នៃវិវរណៈផ្ទាល់ខ្លួនសម្រាប់អស់អ្នកដែលចូលតាមទ្វារទាំងនេះដោយស័ក្ដិសម » ។
យើងទាំងអស់គ្នាត្រូវការការលើកឡើងដោយព្រះអម្ចាស់តាមរយៈសេចក្ដីសុខសាន្ត ការលួងលោមចិត្ត ហើយសំខាន់បំផុតគឺវិវរណៈផ្ទាល់ខ្លួនដើម្បីតតាំងនឹងសេចក្ដីភ័យខ្លាច សេចក្ដីងងឹត និងការឈ្លោះប្រកែកគ្នាជុំវិញពិភពលោក ។
ពីមុនកម្មវិធីនេះ យើងបានឈរនៅខាងក្រៅក្រោមពន្លឺព្រះអាទិត្យជាមួយនឹងប្រធាន និងស៊ីស្ទើរ ណិលសុន ដើម្បីមើលទេសភាពដ៏ស្រស់ស្អាត ។ បុព្វការីជនរបស់ប្រធាន ណិលសុន ជាច្រើនមកពីតំបន់នោះ ។ ជីដូនជីតាទីប្រាំបីរបស់លោកបានតាំងទីលំនៅក្នុងជ្រលងភ្នំជុំវិញព្រះវិហារបរិសុទ្ធនោះ ដូចគ្នានឹងជីដូនជីតាមួយចំនួនរបស់ខ្ញុំដែរ ។ ជីតាទួតរបស់ខ្ញុំឈ្មោះ អាន់ឌ្រូ អាន់ឌើរសិន បានបម្រើក្នុងក្រុមសំណង់របស់ពួកអ្នកត្រួសត្រាយផ្លូវពីជំនាន់មុន ដែលបានធ្វើការ ១១ ឆ្នាំដើម្បីបញ្ចប់ព្រះវិហារបរិសុទ្ធម៉ាន់តៃ ជាព្រះវិហារបរិសុទ្ធទីបីនៅក្នុងជួរភ្នំរ៉កគី ។
នៅពេលយើងឈរជាមួយនឹងប្រធាន ណិលសុន យើងមានឱកាស គាំទ្រ ហើយការពារព្យាការីរបស់ព្រះក្នុងការអបអរសាទរដល់ការឧទ្ទិសឆ្លងឡើងវិញនៃព្រះដំណាក់ដ៏បរិសុទ្ធរបស់ព្រះអម្ចាស់ ។ វាគឺជាថ្ងៃមួយដ៏អស្ចារ្យដែលខ្ញុំនឹងមិនអាចបំភ្លេចបានឡើយ ។
ប្រធាន ណិលសុន បានមានប្រសាសន៍នៅថ្ងៃដ៏ពិសិដ្ឋនោះថា « យើងសង់ព្រះវិហារបរិសុទ្ធដើម្បីគោរពព្រះអម្ចាស់ » ។ « ព្រះវិហារបរិសុទ្ធទាំងនេះត្រូវបានសាងសង់ឡើងសម្រាប់ការថ្វាយបង្គំ ហើយមិនមែនសម្រាប់ការដាក់បង្ហាញនោះទេ ។ យើងធ្វើសេចក្ដីសញ្ញាពិសិដ្ឋដែលមានសារៈសំខាន់ដ៏អស់កល្បនៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋទាំងនេះ » ។ យើងកំពុងប្រមូលសាសន៍អ៊ីស្រាអែល ។
ប្រធាន ណិលសុន និងពួកព្យាការីពីមុនលោកបានឱបក្រសោបព្រះវិហារបរិសុទ្ធទាំងឡាយនៅក្នុងដៃរបស់ពួកលោក ។ សព្វថ្ងៃនេះ យើងមានព្រះដំណាក់ដ៏ពិសិដ្ឋរបស់ព្រះអម្ចាស់ចំនួន ៣៥០ កន្លែងនៅជុំវិញពិភពលោក ដែលកំពុងដំណើរការ បានប្រកាស ឬកំពុងសាងសង់ ។ ក្នុងនាមជាព្យាការីចាប់តាំងពីឆ្នាំ២០១៨ មក ប្រធាន ណិលសុន បានប្រកាសព្រះវិហារបរិសុទ្ធចំនួន ១៦៨ កន្លែង ។
« នៅក្នុងជំនាន់របស់យើង » លោកបានមានប្រសាសន៍ថា « ការរួបរួមទាំងមូល ដ៏ពេញលេញ និងឥតខ្ចោះនៃគ្រាកាន់កាប់ត្រួតត្រា កូនសោ និងអំណាចទាំងអស់ គឺត្រូវផ្សារភ្ជាប់គ្នា ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៨ ) ។ ដោយសារតែគោលបំណងដ៏ពិសិដ្ឋទាំងនេះ នោះព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធទាំងឡាយត្រូវបានសាងសង់នៅទូទាំងផែនដីនេះ ។ ខ្ញុំសូមបញ្ជាក់ជាថ្មីថា ការសាងសង់ព្រះវិហារបរិសុទ្ធទាំងនេះប្រហែលជាពុំអាចផ្លាស់ប្ដូរជីវិតបងប្អូនបានទេ ប៉ុន្តែពេលវេលាដែលបងប្អូនចំណាយក្នុងព្រះវិហារបរិសុទ្ធនឹងផ្លាស់ប្ដូរជីវិតរបស់បងប្អូន » ។
ប្រធាន ណិលសុន មានប្រសាសន៍ថា « ព្រះអង្គសង្គ្រោះ និងគោលលទ្ធិរបស់ទ្រង់គឺជាចំណុចស្នូលនៃព្រះវិហារបរិសុទ្ធ » ។ « អ្វីៗគ្រប់យ៉ាងដែលបានបង្រៀននៅក្នុងព្រះវិហារបរិសុទ្ធតាមរយៈការណែនាំ និងតាមរយៈព្រះវិញ្ញាណ នឹងបង្កើនការយល់ដឹងរបស់យើងអំពីព្រះយេស៊ូវគ្រីស្ទ ។ ពិធីបរិសុទ្ធដ៏ចាំបាច់ទាំងឡាយរបស់ទ្រង់ចងភ្ជាប់យើងទៅនឹងទ្រង់ តាមរយៈសេចក្តីសញ្ញាដ៏ពិសិដ្ឋនៃបព្វជិតភាព ។ បន្ទាប់មក នៅពេលយើងរក្សាសេចក្តីសញ្ញារបស់យើង នោះទ្រង់នឹងប្រទានព្រះចេស្ដានៃការព្យាបាល ព្រះចេស្ដានៃការពង្រឹង របស់ទ្រង់ មកដល់យើង » ។
ប្រធាន ណិលសុន បានមានប្រសាសន៍ថា « អស់អ្នកដែលថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ » « នឹងប្រដាប់ដោយព្រះចេស្ដានៃព្រះ ហើយពួកទេវតាតាម ‹ ថែរក្សាពួកគេ › [ គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩:២២ ] ។ តើវាបង្កើនទំនុកចិត្តរបស់បងប្អូនប៉ុនណា ក្នុងការដឹងថា ក្នុងនាមជាស្ត្រី ឬបុរសដែលបានទទួលអំណោយទានពិសិដ្ឋ[ ឬយុវវ័យដែលចូលរួមក្នុងព្រះវិហារបរិសុទ្ឋ ]ប្រដាប់ដោយព្រះចេស្ដារបស់ព្រះ ដែលបងប្អូនមិនចាំបាច់ប្រឈមមុខនឹងជីវិតនេះតែម្នាក់ឯងនោះ ? តើវាផ្ដល់ភាពក្លាហានអ្វីខ្លះដល់បងប្អូន ក្នុងការដឹងថាទេវតាពិតជានឹងជួយបងប្អូនមែននោះ ? »
ពួកទេវតាកំពុងឈោងទៅ លើកយើងឡើង គឺត្រូវបានពិពណ៌នានៅក្នុងបទគម្ពីរ នៅពេលព្រះយេស៊ូវគ្រីស្ទបានលុតជង្គង់ដោយរាបសានៅក្នុងសួនច្បារគែតសេម៉ានី ។ តាមរយៈការរងទុក្ខរបស់ទ្រង់ ទ្រង់បានប្រទានដង្វាយធួនមួយដ៏និរន្តរ៍ ។ ប្រធាន ណិលសុន ថ្លែងថា « ទង្វើនៃសេចក្ដីស្រឡាញ់ដ៏ធំបំផុតតែមួយគត់នៃគ្រប់ប្រវត្តិសាស្ត្រដែលបានកត់ត្រាបានកើតឡើងនៅទីនោះ ។ … នៅទីនោះក្នុងសួនច្បារគែតសេម៉ានី ព្រះអម្ចាស់ ‹ បានរងការឈឺចាប់នៃមនុស្សលោកទាំងអស់ … អាចប្រែចិត្ត ហើយមករកព្រះអង្គបាន › [ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១១ ] » ។
ព្រះយេស៊ូវគ្រីស្ទបានទូលសូមថា « កុំតាមទូលបង្គំឡើយ សូមតាមតែព្រះហឬទ័យទ្រង់វិញ ។
« នោះមានទេវតាលេចមកឯទ្រង់ពីស្ថានសួគ៌ មកចម្រើនកម្លាំងថ្វាយ » ។
យើងមានពួកទេវតានៅជុំវិញយើងនៅសព្វថ្ងៃនេះ ។ ប្រធាន ណិលសុន បានមានប្រសាសន៍ថា « [ នៅក្នុងព្រះវិហារបរិសុទ្ធ ] បងប្អូននឹងរៀនពីរបៀបបើកវាំងននដែលខណ្ឌចែករវាងស្ថានសួគ៌ និងផែនដី របៀបទូលសូមពួកទេវតារបស់ព្រះឲ្យជួយដល់បងប្អូន » ។
ពួកទេវតានាំមកនូវពន្លឺ ។ ពន្លឺរបស់ព្រះ ។ ចំពោះពួកសាវកសាសន៍នីហ្វៃរបស់ទ្រង់ ព្រះយេស៊ូវបានមានព្រះបន្ទូលថា « មើលចុះ យើងជាពន្លឺដែលអ្នករាល់គ្នានឹងលើកឡើង » ។ នៅពេលយើងគាំទ្រដល់ព្យាការីរបស់យើង នោះយើងថ្លែងទីបន្ទាល់ថាលោកត្រូវបានហៅពីព្រះអង្គសង្រ្គោះរបស់យើង ដែលជា « ជាពន្លឺ … នៃពិភពលោក » ។
ប្រធាន ណិលសុន ជាទីស្រឡាញ់ តាំងនាមឲ្យសមាជិក និងមិត្តភក្តិនៃសាសនាចក្ររបស់ព្រះអម្ចាស់ទូទាំងពិភពលោក យើងមានអារម្មណ៍ថា យើងមានពរជ័យណាស់ដើម្បី លើកការបង្រៀនរបស់លោកឡើង ដើម្បី លើកគំរូដូចជាព្រះគ្រីស្ទរបស់លោកឡើង និងដើម្បី លើកទីបន្ទាល់ដ៏ក្លៀវក្លារបស់លោកឡើង អំពីព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះរបស់យើង គឺព្រះប្រោះលោះនៃយើងទាំងអស់គ្នា ។
ខ្ញុំសូមថ្លែងទីបន្ទាល់ជាសាវករបស់ខ្ញុំថា ព្រះយេស៊ូវគ្រីស្ទគឺជា « ពន្លឺ … នៃពិភពលោក » ។ សូមឲ្យយើងទាំងអស់គ្នា ក្នុងនាមជាសិស្សរបស់ទ្រង់ សូម « លើកពន្លឺរបស់ទ្រង់ឡើង » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។