ព្រះគម្ពីរពិសិដ្ឋទាំងឡាយ—គ្រឹះនៃសេចក្តីជំនឿ
យើងមិនអាចមើលស្រាលពីសារៈសំខាន់នៃព្រះគម្ពីរពិសិដ្ឋ ទាំងក្នុងការប្រែចិត្តជឿ និងការបន្តនៅស្មោះត្រង់ក្នុងដំណឹងល្អឡើយ ។
ថ្មីៗនេះ ភរិយាខ្ញុំ ម៉ារី និងខ្ញុំបានឃើញអាវយឺតមួយមានរូបសៀវភៅ និងសារនៅផ្នែកខាងមុខ ដែលសរសេរថា ៖ « គម្ពីរ ៖ ឧបករណ៍កាន់នឹងដៃពីដើម » ។
ខ្ញុំបានគិតអំពីសារដ៏គួរឲ្យចាប់អារម្មណ៍នេះ និងរបៀបដែលឧបករណ៍កាន់នឹងដៃគ្រប់ប្រភេទបានប្រែក្លាយជាសំខាន់ៗ ។ នៅពេលខ្ញុំគិតពីពាក្យនេះបន្ថែមទៀត ខ្ញុំបានដឹងថា ទោះជាឧបករណ៍ណាមួយ ឬសូម្បីតែឧបករណ៍មួយដែលបំពាក់ដោយបញ្ញាសិប្បនិម្មិត នឹងមិនមានសារៈសំខាន់ ឬសំខាន់ដូចការណែនាំខាងវិញ្ញាណដែលមកពីវិវរណៈដ៏ទេវភាពនោះដែរ ។
មិនថាព្រះគម្ពីរកាន់នឹងដៃ ឬឌីជីថលនោះទេ ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ផ្តល់នូវការណែនាំ និងការបង្រៀនខាងវិញ្ញាណមកពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃពិភពលោក ។ យើងឲ្យតម្លៃព្រះគម្ពីរទាំងនេះ សម្រាប់តួនាទីដ៏សំខាន់របស់ព្រះគម្ពីរនេះ ក្នុងការកត់ត្រាការណែនាំរបស់ព្រះដល់ពួកព្យាការី និងមនុស្សពីសម័យបុរាណ និងការណែនាំដែលព្រះគម្ពីរផ្តល់ឲ្យសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់យើង ។
រួមផ្សំជាមួយការបង្រៀនរបស់ព្យាការីដែលនៅរស់ ព្រះគម្ពីរពិសិដ្ឋទាំងនេះផ្តល់នូវការណែនាំខាងផ្នែកគោលលទ្ធិ សម្រាប់យើងនៅក្នុងពិភពលោកសព្វថ្ងៃនេះ ។ ព្រះគម្ពីរទាំងនេះពោរពេញដោយព្រះចេស្តា នៅពេលព្រះគម្ពីរទាំងនេះផ្តល់នូវការបង្ហាត់ ការប្រដៅតម្រង់ ការលួងលោម និងការលួងចិត្តដល់បុគ្គល និងក្រុមគ្រួសារដែលស្វែងរកការណែនាំពីព្រះអម្ចាស់ ។
ព្រះគម្ពីរទាំងឡាយមានរួមបញ្ចូលគ្នានូវការបំផុសគំនិតខាងវិញ្ញាណមកពីព្រះវិញ្ញាណបរិសុទ្ធ នៅបន្តជាធនធានដ៏សំខាន់ដែលជួយដល់ការប្រែចិត្តជឿនៃអស់អ្នកណាដែលមានចិត្តសង្រេង និងវិញ្ញាណទន់ទាប ព្រមទាំងបំណងប្រាថ្នាដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ ព្រះគម្ពីរទាំងឡាយជួយស្ថាបនាគ្រឹះមួយ ដែលអាចទប់ទល់នឹងការខិតខំឥតឈប់ឈររបស់មារសត្រូវដើម្បីបង្ខូចសេចក្តីជំនឿ ។
អ្នកប្រែចិត្តជឿថ្មីបានផ្តល់ពរជ័យ និងជាសរសៃឈាមរបស់សាសនាចក្រពេញមួយប្រវត្តិសាស្ត្ររបស់ខ្លួន ។ មានគំរូមួយដែលមានតម្លៃណាស់ចំពោះខ្ញុំ ។ កាលខ្ញុំនៅជាប៊ីស្សពវ័យក្មេង មានស៊ីស្ទើរជាអ្នកផ្សព្វផ្សាយសាសនាដ៏អស្ចារ្យពីររូប កំពុងបង្រៀនគ្រួសារ វិល្លាម អេដវើដ ម៉ាសមែន ។ ឪពុក គឺជាមេធាវីដែលមានសមត្ថភាពដ៏ពូកែម្នាក់ គឺជាអ្នកប្រឹក្សាទូទៅនៃសាជីវកម្មធំមួយ ។ ភរិយាដ៏លះបង់របស់គាត់ឈ្មោះ ចានែត ជួយក្រុមគ្រួសារឲ្យព្យាយាមរស់នៅតាមជីវិតដូចព្រះគ្រីស្ទ ។
កូនប្រុសស្រីដ៏ល្អរបស់ពួកគេ ទាំងពីរនាក់មានអាយុ២០ឆ្នាំស្តើង ក៏ទទួលការបង្រៀនផងដែរ ។ ទាំងបួននាក់ត្រូវបានរៀនមេរៀន និងបានចូលរួមក្នុងព្រះវិហារ ។ ស៊ីស្ទើរជាអ្នកផ្សព្វផ្សាយសាសនាបានសង្កត់ធ្ងន់អំពីការអានព្រះគម្ពីរមរមន និងការអធិស្ឋានសម្រាប់ទីបន្ទាល់អំពីព្រះគម្ពីរដ៏ពិសិដ្ឋនេះ ។ គួរឲ្យចាប់អារម្មណ៍ គ្រួសារនោះអានចប់ព្រះគម្ពីរមរមនទាំងមូលក្នុងរយៈពេលដ៏ខ្លី ប្រកបដោយការអធិស្ឋាន ។
ពួកអ្នកផ្សព្វផ្សាយសាសនាប្រចាំស្តេក ដែលពួកគាត់ទាំងពីរធ្លាប់ធ្វើជាប្រធានសមាគមសង្រ្គោះវួដពីមុន បានធ្វើដំណើរជាមួយពួកគេទៅការប្រជុំសាក្រាម៉ង់ ។
នៅពេលគ្រួសារនេះជិតដល់ពេលធ្វើបុណ្យជ្រមុជទឹក ពួកគេបានទទួលឯកសាររិះគន់អំពីសាសនាចក្រជាច្រើន ។ រឿងនេះបានកើតឡើងពីមុនមានអ៊ីនធឺណិតទៅទៀត ហើយឯកសារនោះច្រើនពេញមួយប្រអប់ធំ ។
ពួកស៊ីស្ទើរជាអ្នកផ្សព្វផ្សាយសាសនាបានអញ្ជើញខ្ញុំ ដែលជាប៊ីស្សពថ្មីៗមានអាយុ ៣៤ ឆ្នាំ ដើម្បីឲ្យទៅជួយឆ្លើយសំណួរដែលនឹងចោទសួរនោះ ។ នៅពេលយើងជួបជុំគ្នានៅក្នុងបន្ទាប់ទទួលភ្ញៀវរបស់ពួកគេ ប្រអប់ឯកសារកូនសៀវភៅដែលរិះគន់សាសនាចក្រនៅចំកណ្តាលបន្ទប់នោះ ។ ខ្ញុំបានទទួលយកការចាត់តាំងនេះប្រកបដោយការអធិស្ឋាន ។ ក្នុងអំឡុងពេលអធិស្ឋានបើក ព្រះវិញ្ញាណបានខ្សឹបប្រាប់ខ្ញុំថា « គាត់បានដឹងហើយថា នេះជាការពិត » ។ ការណ៍នេះសំខាន់ខ្លាំងណាស់ ។ ពួកស៊ីស្ទើរបានជឿថា សមាជិកក្រុមគ្រួសារទាំងអស់បានមានទីបន្ទាល់រួចហើយ ។ តែពួកគេមិនប្រាកដអំពីឪពុកនោះទេ ។
ភ្លាមៗនោះ ខ្ញុំបានជម្រាបទៅគាត់ថា ព្រះវិញ្ញាណបានបំផុសគំនិតខ្ញុំថា គាត់បានមានទីបន្ទាល់រួចហើយ ។ « តើវាពិតដែរឬទេ ? » គាត់មើលមកខ្ញុំដោយយកចិត្តទុកដាក់ ហើយបានមានប្រសាសន៍ថា ព្រះវិញ្ញាណបានបញ្ជាក់ពីសេចក្តីពិតនៃព្រះគម្ពីរមរមន និងសាសនាចក្រដល់គាត់ហើយ ។
បន្ទាប់មក ខ្ញុំបានសួរគាត់ថាតើវាចាំបាច់ដើម្បីពិភាក្សាពីកូនសៀវភៅនោះទេ ប្រសិនបើពួកគេបានមានការបញ្ជាក់ខាងវិញ្ញាណហើយនោះ ។
ឪពុកបានតបថា វាមិនចាំបាច់នោះទេ ។ ក្រុមគ្រួសារទាំងអស់គ្នាបានយល់ស្របនឹងចម្លើយរបស់គាត់ ។
គាត់បានមានប្រសាសន៍ថា គាត់មានសំណួរសំខាន់មួយ ៖ ហេតុផលមួយដែលពួកគេទទួលបានឯកសារប្រឆាំងសាសនាចក្រដ៏ច្រើននេះ ដោយសារពួកគេគឺជាសមាជិកនៅសាសនាមួយផ្សេងទៀត ។ លើសពីនេះទៅទៀត គាត់បានសន្យាថានឹងជួយសង់សាលាជំនុំថ្មីមួយសម្រាប់សាសនានោះ ។ គាត់បានប្រាប់ខ្ញុំថា ពួកស៊ីស្ទើរជាអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនគាត់អំពីសារៈសំខាន់នៃការបង់ដង្វាយមួយភាគក្នុងដប់ ដែលគាត់បានទទួលយកដោយអំណរ ប៉ុន្តែគាត់បានឆ្ងល់ថា តើវាខុសដែរឬទេ ក្នុងការធ្វើតាមការសន្យាដែលគាត់មានពីមុនមក ។ ខ្ញុំបានអះអាងដល់គាត់ថា ការបង់តាមការសន្យាគឺជាការគួរឲ្យគោរព និងសមរម្យ ។
ក្រុមគ្រួសារទាំងមូលបានទទួលបុណ្យជ្រមុជទឹក ។ មួយឆ្នាំក្រោយមក ពួកគេបានផ្សារភ្ជាប់ជាក្រុមគ្រួសារនៅក្នុងព្រះវិហារបរិសុទ្ធអូកលែន កាលីហ្វូញ៉ា ។ ខ្ញុំបានមានអភ័យឯកសិទ្ធិចូលរួម ។ កូនប្រុសបានបញ្ចប់សាលាច្បាប់ ប្រឡងជាប់នៅរដ្ឋកាលីហ្វូញ៉ា ហើយភ្លាមៗនោះបានបម្រើបេសកកម្មដ៏ស្មោះត្រង់នៅប្រទេសជប៉ុន ។ ខ្ញុំបានអង្កេតមើលជាច្រើនឆ្នាំ ខណៈដែលមនុស្សជំនាន់ក្រោយបានបន្តនៅស្មោះត្រង់ចំពោះដំណឹងល្អ ។ ខ្ញុំបានមានអភ័យឯកសិទ្ធិធ្វើពិធីផ្សារភ្ជាប់ឲ្យចៅស្រីម្នាក់ ។
ការប្រែចិត្តជឿដែលបានកើតឡើងនៅសម័យរបស់យើងគឺពិតជាអស្ចារ្យណាស់ ។ កាលពីខែមិថុនាកន្លងទៅ គ្រូបង្វឹក អែនឌី រ៉េដ ជាប្រធានគ្រូបង្វឹកបាល់ឱបក្រុម ខេនសាស ស៊ីធី ឈីវស៍ ជាមួយនឹងខ្ញុំ រួមទាំងអ្នកដទៃទៀត តំណាងឲ្យសាសនារបស់យើង និងសាសនាដទៃទៀត បាននិយាយនៅក្នុងព្រឹត្តិការណ៍ពហុជំនឿ នៅឯព្រះវិហារ រីវើសាយ ក្នុងទីក្រុងញូវយ៉ក ។ គ្រូបង្វឹក រ៉េដ បានសង្កត់ធ្ងន់ទៅលើឱកាសទីពីរ និងការឆ្លើយតបទៅនឹងការអញ្ជើញ និងឱកាស ដែលដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទមាន ។ នៅព្រឹកបន្ទាប់ ភរិយារបស់ពួកយើង ថាំមី រ៉េដ និងម៉ារី ពួកយើងបានចូលរួមការប្រជុំសាក្រាម៉ង់នៅវួដ ម៉ានហាតថិន ទីពីរ ។ វាជាការប្រជុំមួយពោរពេញដោយព្រះវិញ្ញាណ ។ មានអ្នកប្រែចិត្តជឿថ្មីជាច្រើននៅក្នុងក្រុមជំនុំនោះ ។ សមាជិកទើបជ្រមុជទឹកថ្មីប្រាំនាក់ មានបុរសបួននាក់ និងយុវជនម្នាក់ គឺនៅក្នុងចំណោមសមាជិកបព្វជិតភាពអើរ៉ុនដែលកំពុងចែកស្រាក្រាម៉ង់ ។ ខ្ញុំរីករាយដើម្បីរាយការណ៍ថា លំហូរចូលស្រដៀងគ្នានៃសមាជិកថ្មីកំពុងកើតឡើងនៅទូទាំងសាសនាចក្រ ។
យើងមានអំណរគុណចំពោះការកើនឡើងគួរឲ្យកត់សម្គាល់ ចំពោះអ្នកដែលឆ្លើយតបនឹងការអញ្ជើញដ៏ពិសិដ្ឋ ផ្លាស់ប្តូរជីវិតរបស់ពួកគេ និងទទួលយកឱកាសដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ។ ពួកគេចូលទៅក្នុងផ្លូវនៃសេចក្តីសញ្ញាតាមរយៈសេចក្តីជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និងការបញ្ជាក់ ដូចដែលបានបង្រៀននៅក្នុងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ។
យើងមិនអាចមើលស្រាលពីសារៈសំខាន់នៃព្រះគម្ពីរពិសិដ្ឋ ទាំងក្នុងការប្រែចិត្តជឿ និងការបន្តនៅស្មោះត្រង់ក្នុងដំណឹងល្អឡើយ ។ ពួកព្យាការីពីបុរាណបានរៀបរាប់នៅក្នុងព្រះគម្ពីរមរមន បានដឹងអំពីបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ហើយបានបង្រៀនដំណឹងល្អរបស់ទ្រង់ ។ ព្រះគម្ពីរមរមនជួយយើងឲ្យខិតទៅជិតព្រះ នៅពេលយើងរៀន យល់ និងអនុវត្តតាមការបង្រៀនទាំងនោះ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា « បុគ្គលម្នាក់ៗ[ ទាំងប្រុសទាំងស្រី ]អាចចូលទៅជិតព្រះបាន ដោយសារការធ្វើតាមសិក្ខាបទទាំងឡាយនៃ[ គម្ពីរនេះ ]ជាជាងគម្ពីរដទៃទាំងអស់ » ។
ដើម្បីដឹងថាព្រះគម្ពីរមរមនគឺជាព្រះបន្ទូលនៃព្រះ យើងត្រូវតែអាន ពិចារណា ហើយអធិស្ឋានអំពីព្រះគម្ពីរនេះ ហើយបន្ទាប់មកធ្វើតាមសិក្ខាបទទាំងឡាយរបស់គម្ពីរនេះ ។ ព្យាការីមរ៉ូណៃបានសន្យាថា ព្រះនឹងសម្ដែងសេចក្ដីពិតនៃគម្ពីរនេះដល់យើង នៅពេលយើងអធិស្ឋានដោយចិត្តស្មោះសរ ដោយស្មោះអស់ពីចិត្ត និងដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ ។ ការសិក្សាព្រះគម្ពីរមរមនគឺចាំបាច់សម្រាប់ការប្រែចិត្តជឿដរាបដល់ចុងបំផុត ។
នៅពេលយើងជញ្ជឹងគិតអំពីទំនាក់ទំនងរវាងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនជាឧបករណ៍កាន់នឹងដៃ មនុស្សម្នាក់អាចនឹងសួរសំណួរ ។ តើអ្នកគិតថាព្រះគម្ពីរពីរក្បាលនឹងមានប្រយោជន៍ ហើយបំពេញបន្ថែមយ៉ាងណា ប្រសិនបើព្រះអម្ចាស់បានប្រកាសថាព្រះគម្ពីរទាំងនេះនឹងត្រូវភ្ជាប់គ្នាទាំង២នោះ និង « ដើម្បីឲ្យបានជាប់ជាមួយគ្នានៅដៃឯង » ? នោះជាអ្វីដែលព្រះអម្ចាស់បានប្រកាស ទាក់ទងនឹង « បន្ទះឈើសម្រាប់ពួកយូដា » ជាព្រះគម្ពីរប៊ីប និង« បន្ទះឈើសម្រាប់ពួកយ៉ូសែប » ជាព្រះគម្ពីរមរមន ។
នៅក្នុងទិដ្ឋភាពសំខាន់ៗជាច្រើន ព្រះគម្ពីរមរមនផ្តល់នូវគោលលទ្ធិមូលដ្ឋានដែលពង្រឹង និងស្ថាបនាលើព្រះគម្ពីរប៊ីប ។ គោលលទ្ធិអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ គឺគំរូដ៏មានអានុភាពមួយ ។
ព្រះគម្ពីរប៊ីបផ្ដល់ដំណើររឿងដ៏ត្រឹមត្រូវមួយអំពីការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ព្រះយេស៊ូវគ្រីស្ទ រួមទាំងការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ផងដែរ ។ ព្រះគម្ពីរមរមនប្រាប់យើងយ៉ាងច្បាស់អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ជាអ្វីដែលពួកព្យាការីបានពន្យល់យ៉ាងលម្អិតពីមុនការសុគតរបស់ទ្រង់ ។
ក្នុងក្បាលជំពូក អាលម៉ា ជំពូកទី ៤២ ឆ្លុះបញ្ចាំងគោលលទ្ធិសំខាន់ៗនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
វាសរសេរថា « ការរស់នៅជាមនុស្សលោកនេះ គឺជាពេលវេលាសាកល្បង ដើម្បីឲ្យមនុស្សអាចប្រែចិត្ត ហើយបម្រើព្រះ—ការធ្លាក់បាននាំមកនូវសេចក្ដីស្លាប់ខាងសាច់ឈាម និងខាងវិញ្ញាណ មកដល់មនុស្សលោកទាំងអស់—សេចក្ដីប្រោសលោះកើតឡើងតាមរយៈការប្រែចិត្ត—ព្រះអង្គផ្ទាល់នឹងធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោក—សេចក្ដីមេត្តាករុណាបានដល់ជនណាដែលប្រែចិត្ត—អស់អ្នកផ្សេងទៀតនៅក្រោមសេចក្ដីយុត្តិធម៌នៃព្រះ—សេចក្ដីមេត្តាករុណាបានមកដោយសារដង្វាយធួន—មានតែជនដែលប្រែចិត្តដ៏ពិតប្រាកដប៉ុណ្ណោះដែលបានសង្គ្រោះ » ។
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមន រាល់ថ្ងៃ ប្រកបដោយការអធិស្ឋាន នោះបងប្អូននឹងធ្វើការសម្រេចចិត្តដែលប្រសើរ—រៀងរាល់ថ្ងៃ » ។ លោកក៏បានសន្យាទៀតថា ប្រសិនបើ « បងប្អូនសិក្សាព្រះគម្ពីរមរមនរាល់ថ្ងៃ បងប្អូនអាចត្រូវបានការពារឲ្យផុតពីអំពើអាក្រក់នៃថ្ងៃនោះ » ។
ដូចដែលខ្ញុំបានលើកឡើង ខ្ញុំពិតជាស្ងើចសរសើរជាមួយគំនិតនៃឧបករណ៍កាន់នឹងដៃពីដើម—ដែលជាព្រះគម្ពីរ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមទទួលស្គាល់អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់អ៊ីនធឺណិតក្នុងពិភពលោកសព្វថ្ងៃនេះ ។ ឧបករណ៍កាន់នឹងដៃសម័យទំនើបមួយអាចផ្តល់ព័ត៌មានប្រវត្តិសាស្ត្រពាសពេញបណ្ណាល័យមួយដ៏ធំប្រកបមួយ ។ យើងមានអំណរគុណដើម្បីរស់នៅក្នុងសម័យបច្ចេកវិទ្យានេះ ។ ជាពិសេស ខ្ញុំមានអំណរគុណដែលវាបានអនុញ្ញាតឲ្យព្រះគម្ពីរពិសិដ្ឋទាំងឡាយ និងឯកសារសាសនាចក្រមានជាឌីជីថល ។ អ៊ីនធឺណិតគឺជាឧបករណ៍មួយដ៏មានអានុភាពសម្រាប់សិក្សាដំណឹងល្អ ។ សព្វថ្ងៃនេះ មានមនុស្សជាច្រើនចែកចាយបទគម្ពីរជាមួយមិត្តភក្តិដោយប្រើបច្ចេកវិទ្យា ។ ជាឧទាហរណ៍ កម្មវិធីព្រះគម្ពីរមរមន ជាវិធីមួយដ៏អស្ចារ្យដើម្បីណែនាំមិត្តភក្តិឲ្យស្គាល់ព្រះគម្ពីរមរមន និងអាចចែកចាយបានយ៉ាងងាយស្រួលតាមរបៀបធម្មតា និងឯកឯង មិនថាបងប្អូននៅទីណានោះទេ ។
ខណៈដែលអ៊ីនធឺណិតផ្តល់នូវពរជ័យជាច្រើន ជាអកុសល ដូចជាកូនសៀវភៅដែលសរសេររិះគន់សាសនាចក្រដែលខ្ញុំបានពិពណ៌នាពីមុននេះ វាក៏បានប្រើប្រាស់ដើម្បីបង្កើតការសង្ស័យ និងធ្វើឲ្យខូចដល់សេចក្តីជំនឿលើគោលការណ៍នៃដំណឹងល្អដ៏មានតម្លៃផងដែរ ។ វាក៏អាចជាផ្នែកមួយនៃ « អំពើអាក្រក់នៃថ្ងៃនោះ » ដែលប្រធាន ណិលសុន បានរៀបរាប់ផងដែរ ។
ពួកមារសត្រូវ និងពួកដែលជួយវា បានបង្កើតព័ត៌មានសរសេររិះគន់សាសនាចក្រនៅលើអ៊ីនធឺណិតពេញមួយប្រអប់ ដូចដែលខ្ញុំបាននិយាយមុននេះ ទាំងដឹងខ្លួន និងមិនដឹងខ្លួន ក្នុងគោលបំណងដើម្បីទាញបងប្អូនចេញពីសេចក្តីពិតរបស់ព្រះ ។
បញ្ហានេះបង្កើតឲ្យមានការសង្ស័យក្នុងរយៈពេលជាច្រើនឆ្នាំមកនេះមានលក្ខណៈស្រដៀងគ្នាគួរឲ្យកត់សម្គាល់ ។ ការណ៍នេះជាការពិត ជាពិសេសនៅពេលបងប្អូនប្រៀបធៀបសម័យរបស់យើងទៅនឹងទសវត្សរ៍ឆ្នាំ១៩៦០ នៅពេលដែលខ្ញុំមានអាយុ ២០ ឆ្នាំ ។
ព្រះគម្ពីរបង្រៀនយើងឲ្យប្រើការវិនិច្ឆ័យរបស់យើង និងមានភាពឈ្លាសវៃគ្រប់អ្វីៗទាំងអស់ ។ អ៊ីនធឺណិតអាចត្រូវបានប្រើប្រាស់តាមរបៀបវិជ្ជមាន ឬរបៀបដ៏បំផ្លាញ ។
ទាំងសមាជិករយៈពេលវែង និងបងប្អូនដែលកំពុងរៀនដំណឹងល្អថ្មីៗនេះ ត្រូវមានគោលបំណងអំពីអ្វីដែលពួកគេមើល ។ សូមកុំកំសាន្តជាមួយនឹងសម្ភារដែលអសីលធម៌ មិនស្មោះត្រង់ ឬទុច្ចរិត ។ ប្រសិនបើបងប្អូនធ្វើដូច្នោះ ប្រព័ន្ធអ៊ីនធឺណិតអាចដឹកនាំបងប្អូនចូលទៅក្នុងផ្លូវដែលអាចបំផ្លាញសេចក្តីជំនឿ និងបង្ខូចការរីកចម្រើនដ៏អស់កល្បជានិច្ចរបស់បងប្អូន ។ បងប្អូនអាចធ្វើសកម្មភាពដោយវិជ្ជមាន និងអវិជ្ជមាន ។ សូមស្វែងរកសេចក្តីសុចរិត និងចៀសវាងពីរណ្តៅដ៏ខ្មៅងងឹត និងការចំណាយពេលដ៏ច្រើនលើរឿងអវិជ្ជមានពីអ៊ីនធឺណិត ។ សូមបំពេញជីវិតបងប្អូនជាមួយរឿងវិជ្ជមាន គំនិតសុចរិត ពេញដោយអំណរ រីករាយ ប៉ុន្តែចៀសវាងពីភាពល្ងង់ខ្លៅ ។ គឺមានភាពខុសគ្នា ។ មានការណែនាំដ៏អស្ចារ្យនៅក្នុង មាត្រានៃសេចក្ដីជំនឿខទី ១៣ ។ លើសពីនេះទៅទៀត សូមចំណាយពេលជាទៀងទាត់ជាមួយព្រះគម្ពីរមរមន ដែលនឹងយាងព្រះវិញ្ញាណបរិសុទ្ធចូលទៅក្នុងជីវិតបងប្អូន និងជួយបងប្អូនស្គាល់សេចក្តីពិតពីកំហុស ។
ខ្ញុំសូមប្រឹក្សាដល់អ្នកទាំងឡាយណា ដែលងាកចេញពីផ្លូវនៃសេចក្ដីសញ្ញា សូមត្រឡប់ទៅរកព្រះគម្ពីរពិសិដ្ឋទាំងឡាយ ការណែនាំពីព្យាការី ការរស់នៅតាមដំណឹងល្អក្នុងគេហដ្ឋាន និងតន្ត្រីនៃសេចក្តីជំនឿ ។ ព្រលឹងនីមួយៗមានតម្លៃចំពោះព្រះ ។ ពួកយើងត្រូវការបងប្អូនៗ ! ព្រះអម្ចាស់ត្រូវការបងប្អូន ហើយបងប្អូនត្រូវការទ្រង់ ។ យើងស្វាគមន៍បងប្អូនជានិច្ច ។ ក្នុងអំឡុងពេលនៃការបម្រើសាសនាចក្រជាច្រើនឆ្នាំរបស់ខ្ញុំ ខ្ញុំស្រឡាញ់មនុស្សដ៏អស្ចារ្យដែលបានត្រឡប់ទៅរកផ្លូវនៃសេចក្តីសញ្ញា ហើយបន្ទាប់មកបានបម្រើ និងបានផ្ដល់ពរដល់មនុស្សគ្រប់គ្នាដែលពួកគេស្រឡាញ់ ឬអ្នកដែលពួកគេបានប្រាស្រ័យទាក់ទងជាមួយ ។
ព្រះគម្ពីរពិសិដ្ឋទាំងឡាយ និងព្យាការីដែលនៅរស់ គឺជាវិធីដ៏សំខាន់មួយដែលព្រះវរបិតាដ៏ជាទីស្រឡាញ់បង្កើតផែនការនៃសុភមង្គលរបស់ទ្រង់សម្រាប់បុត្រាបុត្រីទាំងអស់របស់ទ្រង់ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ដ៏រឹងមាំអំពីភាពជាព្រះរបស់ព្រះយេស៊ូវគ្រីស្ទ និងភាពពិតនៃដង្វាយធួនរបស់ទ្រង់ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។