២០១៩
គំរូ​នៃ​ការបម្រើ​កាន់តែ​បរិសុទ្ធ
ខែ កក្កដា ឆ្នាំ ២០១៩


លំនាំ​កាន់តែ​បរិសុទ្ធ នៃ​ការបម្រើ

ដកស្រង់​ចេញ​​ពី​ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក ដែល​មាន​ចំណង​ជើង​ថា « សញ្ញា​សម្គាល់​នៃ​សាសនាចក្រ​ពិត និង​សកម្ម​របស់​ព្រះអម្ចាស់ » បានថ្លែង​​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–អៃដាហូ នៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៨ ។

សូម​ឲ្យ​យើង​ធ្វើតាម​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់​កាន់តែ​ស្ម័គ្រ​ស្មោះ កាន់តែ​មាន​ប្រសិទ្ធភាព​ជាងមុន កាល​យើង​ខំ​ក្លាយ​ខ្លួន​ជា​សិស្ស​ដ៏​ពិត​របស់​ទ្រង់​តាមរយៈ​ការបម្រើ​ដូច​ជា​ទ្រង់​បម្រើ​ដែរ ។

young men helping flood cleanup

រចនា​រូបភាព​ដោយ ខេលី ម៉ាក់ម៉ូរីស

កាល​ខ្ញុំ​អាយុ ១៥ ឬ ១៦ ឆ្នាំ ខ្ញុំ​ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯង​យ៉ាង​ខ្លាំង ហើយ​ដូច​ពួកយើង​ជា​ច្រើន​នាក់​ដែរ​នៅក្នុង​វ័យ​ជំទង់​របស់​យើង ដែល​មាន​អារម្មណ៍​មិន​ស្រណុក មិន​ច្បាស់ និង​ងាយ​រង​គ្រោះ ។ ខ្ញុំ​បាន​វង្វេង សង្ស័យ​ខ្លួន​ឯង និង​មាន​អារម្មណ៍​ឆ្គាំឆ្គង ។ វា​មិនបាន​ជួយ​ទេ ដោយសារ​ឪពុកម្ដាយ​ខ្ញុំ​រស់នៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ឆ្ងាយ​ពី​ខ្ញុំ​ណាស់ ពេល​ខ្ញុំ​ទៅ​សាលា​នៅ​ឯកោ​លើ​ឆ្នេរ​ក្នុង​ប្រទេស​អង់គ្លេស ។ សាលា​រៀន​វេទមន្ត ជាមួយ​នឹង​តួឯក​ក្នុង​រឿង​វេទមន្ត​គឺ​មាន​ការស្វាគមន៍​ជាង​សាលា​នេះ ។

ជា​ធម្មតា​នៅតាម​ឆ្នេរ អាកាសធាតុ​មិន​ល្អ​ទេ​ ប៉ុន្ដែ​នៅ​រដូវ​រងារ​មួយ មាន​ព្យុះ​ដ៏​គួរខ្លាច​ពិសេស​មួយ​បាន​បក់​កាត់​សមុទ្រ​អាយរីស​ដោយ​កម្លាំង​ខ្យល់​​ព្យុះ​ដ៏​កំណាច​ ។ ផ្ទះ​ប្រហែលជា ៥០០០ ខ្នង​បាន​លិច​ទឹក គ្មាន​អាហារ​បរិភោគ ហើយ​ប្រជាជន​បាន​រស់នៅ​ដោយ​គ្មាន​អគ្គិសនី មិន​អាច​បើក​ម៉ាស៊ីន​កម្តៅ ឬ​ភ្លើង​ក្នុង​ផ្ទះ​គេ​បាន​ឡើយ ។

កាល​ទឹក​ចាប់​ស្រកចុះ សាលារៀន​បាន​ចាត់​យើង​ឲ្យ​ទៅ​ជួយ​សម្អាត ។ ​ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ណាស់​ដែល​បាន​ជួប​​នឹង​គ្រោះធម្មជាតិ​ដោយ​ផ្ទាល់​បែប​នោះ ។ ទឹក និង​ភក់​មាន​នៅ​​គ្រប់​ទីកន្លែង ។ អស់​អ្នក​ដែល​ទឹក​ជន់លិច​ផ្ទះ​មាន​មុខ​ប្រឡាក់​​ប្រផេះ ហើយ​ស្គម ។ ពួកគេ​មិន​បាន​គេង​អស់​ជាច្រើន​ថ្ងៃ ។ មិត្ត​រួម​សាលា​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ចាប់​ផ្តើម​ធ្វើការ រើ​ឥវ៉ាន់​ដែល​ជោគជាំ​ដោយ​ទឹក​ឡើង​ទៅ​ជាន់​លើ ហើយ​ទាញ​កម្រាល​ព្រំ​ដែល​ខូច​ៗ​ចេញ ។

ប៉ុន្តែ​​អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ​គឺជា​មិត្តភាព​ដែល​បាន​កើត​ឡើង ។ វា​គឺជា​អារម្មណ៍​ដ៏​អស្ចារ្យ​ពី​ធម្មជាតិ​មួយ ដែល​មាន​ក្នុងចំណោម​មនុស្ស​ដែល​រួបរួម​គ្នា​ក្នុង​បុព្វហេតុ​ល្អ​មួយ​ក្រោម​កាលៈទេសៈ​ដ៏​លំបាក ។ ក្រោយមក ខ្ញុំ​គិត​ពី​អារម្មណ៍​ឯការ​​ទាំង​អស់​នោះ​ដែល​តែង​តែ​​មាន​​ក្នុង​គំនិត​វ័យ​ជំទង់​ខ្ញុំ​ជានិច្ចនោះ​បាន​រសាត់​បាត់​ទៅ ខណៈ​ខ្ញុំ​ចូលរួម​ក្នុង​កិច្ចខិតខំ​ដ៏​អស្ចារ្យ​នេះ​ដើម្បី​ជួយ​ដល់​អ្នក​ជិត​ខាង​យើង ។

ការរក​ឃើញ​ថា ការជួយ​មនុស្ស​ដទៃ​គឺជា​ថ្នាំ​បន្សាប នោះ​សភាព​ងប់​នឹង​ខ្លួន​ឯង​ដ៏​ងងឹត​នេះ​គួរ​តែបាន​ចាប់ផ្ដើម​ផ្លាស់ប្ដូរ ។ ប៉ុន្ដែ​វា​មិន​បាន​ផ្លាស់​ប្ដូរ​ទេ ដោយសារ​ការរក​ឃើញ​នោះ​មិន​បាន​ចាក់ឫស​ឲ្យ​ជ្រៅ​ល្មម ហើយ​ខ្ញុំ​ខកខាន​មិន​បាន​គិត​ឲ្យ​បាន​ដិតដល់​ពី​អ្វី​ដែល​បាន​កើត​ឡើង ។ ការយល់​ដឹង​នោះ​បាន​កើត​ឡើង​ក្រោយ​មក​ទៀត ។

ការអញ្ជើញ​​ដើម្បី​ផ្តល់​ការងារ​បម្រើ

people ministering

រូបថត​ម្តាយ និង​កូនស្រី ដោយ លីនដា ជិន ពើរណែល

ខ្ញុំ​បាន​ពិចារណា​អំពី​ចំណុច​នេះ​អំឡុង​​​​សន្និសីទ​ទូទៅ​ខែ​មេសា​ឆ្នាំ ២០១៨ ពេល​ខ្ញុំ​បាន​ឮ​ម្តង​ទៀត​អំពី​ការដង្ហោយ​ហៅ​​ឲ្យ​ផ្តល់​ការងារ​បម្រើ​ដូច​ព្រះអង្គ​សង្គ្រោះ​បម្រើ—ហើយ​បម្រើ​ចេញពី​ក្ដីស្រឡាញ់ ដោយ​ទទួល​ស្គាល់​ថា ​យើង​ទាំងអស់​គ្នា​គឺ​ជា​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ។

យើង​នឹង​បម្រើ ពុំ​មែន​ដោយសារ​តែ​ការ​បម្រើ​របស់​យើង​ត្រូវ​បាន​គេរាប់ និង​វាស់វែង​នោះ​ទេ ប៉ុន្ដែ​ដោយសារ​តែ​យើង​ស្រឡាញ់​ព្រះវរបិតាសួគ៌​របស់​យើង ហើយ​ត្រូវ​បាន​ជម្រុញ​ទឹកចិត្ត​ឲ្យ​ពុះពារ​ទៅ​កាន់តែ​ខ្ពស់ និង​កាន់តែ​ថ្លៃថ្នូរ—ជួយ​មិត្តភក្ដិ​របស់​យើង និង​ស្ថិត​នៅលើ​ផ្លូវ​ត្រឡប់​ទៅ​ទ្រង់​វិញ ។ យើង​ស្រឡាញ់ និង​បម្រើ​ដល់​អ្នក​ជិត​ខាង​របស់​យើង​ដូចជា​ព្រះយេស៊ូវ​នឹង​ធ្វើ បើ​ទ្រង់​ជា​យើង ពិតជា​ព្យាយាម​ដើម្បី​កែលម្អ​ជីវិត​របស់​មនុស្ស ហើយ​សម្រាល​បន្ទុក​របស់​ពួកគេ ។ នេះ​ជា​កន្លែង​ដែល​អំណរ និង​ការបំពេញ​ដ៏​យូរ​អង្វែង​កើត​ឡើង​ដល់​ទាំង​អ្នក​ឲ្យ និង​អ្នក​ទទួល កាល​យើង​ចែក​ផ្លែ​នៃ​ការយល់ និង​ដឹង​ពី​គុណតម្លៃ​ដ៏​និរន្ដរ៍​របស់​យើង ព្រមទាំង​ក្ដីស្រឡាញ់​ដ៏​អស់កល្ប​របស់​ព្រះ​ដល់​គ្នា ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « សញ្ញា​សម្គាល់​នៃ​សាសនាចក្រ​ពិត និង​សកម្ម​របស់​ព្រះអម្ចាស់ ជានិច្ចកាល នឹង​ត្រូវ​បាន​រៀបចំ បាន​ដឹកនាំ​ការខិតខំ​ទៅ​រក​ការងារ​បម្រើ​ដល់​បុត្រាបុត្រី​របស់​ព្រះ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ម្នាក់ៗ ។ ដោយសារ​នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ពួក​យើង​ក្នុង​នាម​ជា​អ្នកបម្រើ​របស់​ទ្រង់​នឹង​ធ្វើ​ការងារ​បម្រើ​ដល់​មនុស្ស​ម្នាក់ៗ​ដូចជា​ទ្រង់​បាន​ធ្វើ ។ ពួក​យើង​នឹង​ធ្វើ​ការងារ​បម្រើ​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ដោយ​ព្រះចេស្ដា និង​សិទ្ធិ​អំណាច​របស់​ទ្រង់ ហើយ​ដោយ​សណ្ដាន​ចិត្តល្អ​ដែល​ពោរពេញ​ដោយ​ក្ដីស្រឡាញ់​របស់​ទ្រង់ » ។

ខ្ញុំ​ដឹង​ថា បើ​យើង​គោរព​តាម​ការហៅ​ឲ្យ​ធ្វើ​ការងារ​បម្រើ​នេះ នោះ​យើង​អាច​ផ្ដោត​ទៅលើ​អ្វី​ផ្សេង​ទៀត​ជាជាង​ផ្តោត​តែ​លើ​ខ្លួន​យើង បង្កើន​សេចក្ដីជំនឿ ទំនុក​ចិត្ត និង​សុភមង្គល ហើយ​យក​ឈ្នះ​លើ​ការគិត​តែ​ពី​ខ្លួន​យើង និង​អារម្មណ៍​ឯកោ និង​ងងឹត​ដែល​កើត​មាន​នោះ ។

ការងារ​បម្រើ​ផ្លាស់ប្តូរ​ពួកយើង

សម្រស់​នៃ​ការងារបម្រើ​គឺ​ថា វា​ជួយ​មនុស្ស​ដទៃ ប៉ុន្ដែ​វា​ក៏​ផ្លាស់ប្ដូរ​យើង​តាមរយៈ​ការដក​យើង​ចេញ​ពី​ការបារម្ភ ភ័យខ្លាច អន្ទះសារ និង​មន្ទិល​ទាំងឡាយ ។ ដំបូង ការបម្រើ​មនុស្ស​ដទៃអាច​​បង្វែរ​យើង​ពី​បញ្ហា​ផ្ទាល់​របស់​យើង ប៉ុន្ដែ​ការណ៍​នោះ​ឆ្ពោះ​ទៅរក​អ្វី​មួយ​ដែល​កាន់តែ​ខ្ពង់ខ្ពស់ និង​ស្រស់​ផូផង់​យ៉ាង​រហ័ស ។ យើង​ចាប់ផ្ដើម​ទទួល​បាន​ពន្លឺ និង​ក្ដី​សុខសាន្ដ សឹង​តែ​មិន​ដឹង​ខ្លួន ។ យើង​មាន​ចិត្ត​ស្ងប់ កក់ក្ដៅ និង​ស្រណុកចិត្ត ។ ហើយ​យើង​ស្គាល់​ក្ដី​អំណរ​ដែល​កើត​មាន​តាម​របៀប​នេះ ។

ដូច​​ប្រធាន ស្ពែនសើរ ដបុលយូ ឃីមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) បាន​ពន្យល់​ថា ៖ « ជីវិត​ដ៏​បរិបូរណ៍​ក្នុង​ព្រះគម្ពីរ​គឺជា​ផលបូក​ខាង​វិញ្ញាណ​ដែល​កើត​មាន​តាមរយៈ​ការបង្កើន​ការបម្រើ​របស់​យើង​ដល់​មនុស្ស​ដទៃ និង​តាម​ការបណ្ដុះ​ទេពកោសល្យ​យើង​ក្នុង​កិច្ចបម្រើ​ដល់​ព្រះ និង​មនុស្ស​លោក » ។ លោក​បាន​បន្ថែម​ទៀត​ថា « យើង​កាន់តែ​មាន​សារៈសំខាន់ កាល​យើង​បម្រើ​ដល់​មនុស្ស​ដទៃ—តាមពិត​ទៅ វា​ងាយ​ជាង​ដើម្បី ‹ រកឃើញ › ខ្លួន​យើង ព្រោះ​យើង​មាន​អ្វី​ជាច្រើន​ទៀត​ដែល​ត្រូវ​រក ! »

​ការដង្ហោយ​ហៅ​មក​ពីលោក​ចៅហ្វាយ

Christ with fishermen

ព្រះគ្រីស្ទ និង អ្នក​នេសាទត្រី ដោយ ជេ ខឺក រីឆាដ

នៅពេលព្រះអង្គសង្គ្រោះ​​បាន​ហៅ​ពេត្រុស, អនទ្រេ, យ៉ាកុប និង​យ៉ូហាន​ឲ្យ​ដើរ​តាម​ទ្រង់ នោះ​ការផ្លាស់ប្ដូរ​ទិសដៅ និង​ការផ្ដោត​ចិត្ត​របស់​គេ​កើត​ឡើង​ភ្លាម ៖ « គេ​ក៏​ទុក​សំណាញ់​ចោល ទៅ​តាម​ទ្រង់​ភ្លាម » ( ម៉ាថាយ ៤:២០ ) ។

ប៉ុន្តែ​បន្ទាប់​ពី​ការឆ្កាង ​ពេល​ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​យក​ចេញ​ពី​ពួកគេ​តាម​របៀប​ដ៏​ឃោរឃៅ​មួយ នោះ​ពួកគេ​បាន​ត្រឡប់​ទៅ​នេសាទ​វិញ ទៅ​កាន់​អ្វី​ដែល​ពួកគេ​គិត​ថា ពួកគេ​ចេះ ។ ក្នុង​ឱកាស​មួយ ព្រះអង្គ​សង្គ្រោះ​ដ៏​មាន​ព្រះជន្ម​រស់ឡើង​វិញ​បាន​យាង​មក​ជួប​ពួកគេ កាល​ពួកគេ​នេសាទ​មិន​បាន​អ្វី ។

« រួច​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ថា ចូរ​ទម្លាក់​អួន​ទៅ​ខាង​ស្តាំ​ទូក​នោះ​ទើប​បាន ។ ដូច្នេះ គេ​ក៏​ទម្លាក់​អួន​ទៅ តែ​ទាញ​មក​វិញ​មិន​រួច ព្រោះ​ជាប់​ត្រី​សន្ធឹក​ណាស់ » ( យ៉ូហាន ២១:៦ ) ។

នេះ​វា​មិនគ្រាន់តែ​ជា​​ការបង្ហាញ​មួយ​ថា ទ្រង់​មិន​បាន​បាត់បង់​ព្រះចេស្ដា​ទ្រង់​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ការស​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ពួកគេ​រកមើល​នៅ​កន្លែង​ខុស ហើយ​ផ្ដោត​លើ​រឿង​ខុស ។ កាល​ពួកគេ​បាន​បរិភោគ​ត្រី​ជុំ​គ្នា​នៅ​ឆ្នេរ​សមុទ្រ ព្រះអង្គ​សង្គ្រោះ​បាន​សួរ​ពេត្រុស​បី​ដង ថា​តើ​គាត់​ស្រឡាញ់​ទ្រង់ឬទេ ។ អារម្មណ៍​ដ៏​មិន​ស្រណុក​ក្នុង​ខ្លួន​បាន​កើន​ឡើង​រាល់ពេល​ដែល​គាត់​ឆ្លើយ​តប​ដោយ​ថា គាត់​ស្រឡាញ់ ។ បន្ទាប់​ពី​ចម្លើយ​របស់​ពេត្រុស​ម្ដងៗ នោះ​ព្រះយេស៊ូវ​សុំ​ឲ្យ​ពេត្រុស​ផ្ដល់​ចំណី​ដល់​ចៀម​របស់​ទ្រង់ ។ ( សូមមើល យ៉ូហាន ២១:១៥–១៧ ) ។

ហេតុអ្វី​ព្រះអង្គ​សង្គ្រោះ​បាន​សួរ​ពេត្រុស​បី​ដង ថា​តើ​គាត់​ស្រឡាញ់​ទ្រង់ឬទេ ? ពេត្រុស​ត្រូវបាន​ហៅ​ឲ្យ​ដើរតាម​ព្រះយេស៊ូវ​ពីមុន ហើយ​លោក​បាន​ឆ្លើយតប​ភ្លាមៗ​ដោយ​ទុក​ការនេសាទ​ត្រី​គាត់​ចោល ។ ប៉ុន្ដែ​នៅពេល​គេ​យក​ព្រះយេស៊ូវ​ទៅ ពេត្រុស​បាន​សោកស្ដាយ ហើយ​លោក​បាន​វង្វេង ។ លោក​បាន​ត្រឡប់​ទៅ​ធ្វើ​រឿង​អ្វី​ដែល​លោក​គិត​ថា លោក​ចេះ​ធ្វើ—​គឺ​នេសាទ​ត្រី ។ ឥឡូវ ព្រះយេស៊ូវ​ចង់​ឲ្យ​ពេត្រុស​ពិត​ជា​ស្ដាប់​តាម​ទ្រង់ ហើយ​យល់​ពី​ភាពម៉ឺងម៉ាត់​នៃ​ការអញ្ជើញ​នា​គ្រា​នេះ ។ ទ្រង់​ចង់​ឲ្យ​ពេត្រុស​យល់​ពី​អត្ថន័យ​នៃ​ការក្លាយ​ជា​សិស្ស​របស់​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដោយសារ​ឥឡូវ​ទ្រង់​លែង​គង់​ផ្ទាល់​ជាមួយ​ពួកគេ​ទៀត​ហើយ ។

តើ​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ពេត្រុស​ធ្វើ​អ្វី​ខ្លះ ? ទ្រង់​ចង់​ឲ្យ​ពេត្រុស​ផ្ដល់​ចំណី​ដល់​ចៀម​របស់​ទ្រង់ កូនចៀម​ទាំងឡាយ​របស់​ទ្រង់ ។ នេះ​ជា​កិច្ចការ​ដែល​ត្រូវការ​​សកម្មភាព ។ ពេត្រុស​បាន​ដឹង​ពី​ការហៅ​ដ៏​រម្យទម​ចំៗ​របស់​ចៅហ្វាយ​លោក ហើយ​សាវក​ច្បង​បាន​ឆ្លើយ​តប​ដោយ​ក្លាហាន និង​ឥត​រួញរា​ថា លោក​នឹង​លះបង់​ជីវិត​នៅសល់​ទាំង​ប៉ុន្មាន​របស់​លោក​ចំពោះ​ការងារ​បម្រើ​ដែល​លោក​ត្រូវ​បាន​ហៅ ។

សូម​ចាប់ផ្ដើម​ដោយ​ការអធិស្ឋាន

យើង​មាន​សាវក​ច្បង​មួយ​ទៀត​លើ​ផែនដី​សព្វថ្ងៃ​នេះ ។ ប្រធាន​ណិលសុន​បាន​ផ្ដល់​ការ​អញ្ជើញ​ឲ្យ​ប្អូនៗ និង​ខ្ញុំ​ឲ្យ​ចំណី​ចៀម​របស់​ព្រះយេស៊ូវ ។ ដោយ​មាន​ការរំខាន​ទាំងអស់​នៅ​ជុំវិញ​យើង ហើយ​មាន​រឿង​​ជាច្រើន​ដែល​មិន​សូវ​ជា​សំខាន់​​ទាមទារ​ការយកចិត្ត​ទុកដាក់​ពី​យើង ការលំបាក​នោះ​គឺថាត្រូវ ឆ្លើយតប នឹង​ការអញ្ជើញ​នេះ ហើយ ធ្វើ​សកម្មភាព—គឺ​ជា​ការ​ធ្វើ​អ្វី​មួយ ពិត​ជា​ផ្លាស់ប្ដូរ​ ហើយ​រស់នៅ​ខុសពី​មុន ។

ឥឡូវ​នេះ​អ្នក​អាច​សួរ​ថា « តើ​ខ្ញុំ​ចាប់ផ្តើម​ពី​កន្លែង​ណាទៅ ? »

សូម​ចាប់ផ្ដើម​ដោយ​ការអធិស្ឋាន ។ ប្រធាន​ណិលសុន​បាន​​អញ្ជើញ​យើង​ឲ្យ « ទៅ​ហួស​ពី​សមត្ថភាព​ខាង​វិញ្ញាណ​បច្ចុប្បន្ន [ របស់​​យើង ] ដើម្បី​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន » ។ សូម​ដល់​ព្រះវរបិតា​របស់​អ្នក​ដែល​គង់​នៅ​ស្ថានសួគ៌​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ និង​សម្រាប់​នរណា ។ សូម​ឆ្លើយតប​នឹង​ចំណាប់​អារម្មណ៍​ណា​មួយ​ដែល​អ្នក​ទទួល​បាន មិន​ថា​វា​មើល​ទៅ​មិន​សំខាន់​យ៉ាង​ណា​នោះ​ទេ ។ សូម​ធ្វើ​សកម្មភាព​តាម​វា ។ ទង្វើ​ប្រកប​ដោយ​សណ្ដាន​ចិត្ត​ល្អ​តិចតួច​ណា​មួយ​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ក្រៅ ហើយ​នាំ​មក​នូវ​ពរជ័យ​ផ្ទាល់​របស់​វា ។ វា​អាច​ជា​សារ​ល្អ​មួយ​ទៅ​នរណា​ម្នាក់​ដែល​មិន​រំពឹង​ថា​ទទួល​វា ។ វា​អាច​ជា​ផ្កា នំ​ខ្លះៗ ឬ​ពាក្យ​ល្អៗ ។ ប្រហែល​វា​អាច​​ជា​ការសម្អាត​សួនច្បារ ឬ​វាល​ក្រោយ​ផ្ទះ, បោក​ខោអាវ, លាង​ឡាន, កាត់​ស្មៅ, កើប​ព្រិល​ចេញ, ឬ​គ្រាន់តែ​ស្ដាប់ ។

ដូច​ដែល​ស៊ីស្ទើរ ជេន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​មាន​ប្រសាសន៍​ថា ៖ « ជួនកាល យើង​គិត​ថា យើង​ត្រូវ​ធ្វើ​អ្វី​មួយ​ធំ​ដុំ និង​ដូចជា​វីរជន ‹ ដើម្បី​រាប់​ថា › ជា​ការបម្រើ​ដល់​អ្នក​ជិតខាង​របស់​យើង ។ ប៉ុន្ដែ​ទង្វើ​សាមញ្ញៗ​នៃ​ការ​បម្រើ​អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ទៅលើ​អ្នក​ដទៃ— ក៏​ដូចជា​ខ្លួន​យើង​ផងដែរ » ។

អ្នក​អាច​ស្ទាក់ស្ទើរ​នឹង​ឈាន​ជំហាន​ដំបូង ដោយ​យល់​ថា អ្នក​មិន​មាន​ពេល ឬ​អ្នក​ពិត​ជា​ពុំ​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​បាន ប៉ុន្ដែ​អ្នក​នឹង​មាន​ភាពអស្ចារ្យ​ចំពោះ​អ្វី​ដែល​រឿង​តូចតាច​ខ្លះ​អាច​ធ្វើ​ឲ្យ​កើតឡើង​បាន ។ ប្រធាន​ណិលសុន​បាន​ដាក់​ចេញ​នូវ​គំរូ​នៃ​ការបម្រើ​ដ៏​ខ្ពង់ខ្ពស់ និង​បរិសុទ្ធ​ជាង​មួយ​សម្រាប់​អ្នក និង​ខ្ញុំ ។ នៅពេល​យើង​ឆ្លើយ​តប នោះ​យើង​នឹង​រកឃើញ​របៀប​ដែល​វា​បំពេញ រំដោះ ហើយ​រម្ងាប់​យើង និង​របៀប​ដែល​យើង​អាច​ជា​ភ្នាក់ងារ​មួយ​សម្រាប់​ការផ្លាស់ប្ដូរ និង​ការលួងលោម​ក្នុង​ជីវិត​របស់​មនុស្ស​ដទៃ ។

នៅគ្រា​នានា ដូចជា​បន្ទាប់​ពី​បញ្ចប់​បេសកកម្ម យើង​អាច​ត្រូវ​ល្បួង​ឲ្យ​និយាយ​ថា « ខ្ញុំ​បាន​ធ្វើ​រួច​​ហើយ ។ ទុក​ឲ្យ​គេ​​ផ្សេង​បម្រើ​ម្តង​ទៅ ។ ខ្ញុំ​ចង់​សម្រាក » ។ ប៉ុន្ដែ ការងារបម្រើ​ពិតប្រាកដ​ពុំ​​​សម្រាក​ឡើយ ។ វា​ជា​របៀប​នៃ​ជីវិត ។ យើង​អាច​សម្រាក​ពី​សកម្មភាព​ទៀងទាត់​របស់​យើង ហើយ​សម្រាក​នៅ​ថ្ងៃ​បុណ្យ ហើយ​បញ្ចូល​ថាមពល ប៉ុន្តែ​ការទទួលខុសត្រូវ​នៃ​សេចក្តីសញ្ញា​របស់​យើង​ដើម្បី​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ដូច​ទ្រង់​បាន​ស្រឡាញ់​យើង និង​ឲ្យ​ចំណី​ដល់​ចៀម​របស់​ទ្រង់​គ្មាន​ការសម្រាក​ឡើយ ។

ការងារបម្រើ​ក្នុង​សាសនាចក្រ​ទូទាំង​ពិភពលោក

service

រូបថត​​វេជ្ជបណ្ឌិត និង​អ្នក​ជំងឺ​ឱប​គ្នា ដោយ វីនឌី ហ្គីប ខេលើរ

ខ្ញុំ​មាន​អំណរ​គុណ​យ៉ាង​ខ្លាំង​ដែល​បាន​ធ្វើ​ជា​សមាជិក​ក្នុង​សាសនាចក្រ​ដែល​អនុវត្ត​ការងារ​បម្រើ​នេះ ។ ក្នុង​ឆ្នាំ ២០១៧ សមាជិក​យើង​បាន​បរិច្ចាគពេល​ស្ម័គ្រ​ចិត្ត​ជាង ៧ លាន​ម៉ោង ដើម្បី​ដាំដុះ ច្រូតកាត់ និង​ចែក​ចាយ​អាហារ​ដល់​អ្នកក្រីក្រ និង​ជន​ទុរគត ។ សាសនាចក្រ​បាន​ផ្ដល់​ទឹក​ស្អាត​ដល់​មនុស្ស​កន្លះ​លាន​នាក់ និង​រទេះ​ជនពិការ​ដល់​មនុស្ស ៤៩០០០ នាក់​ក្នុង ៤១ ប្រទេស ។ អ្នក​ស្ម័គ្រ​ចិត្ត​​បាន​ផ្តល់​វ៉ែនតា និង​ការព្យាបាល​ភ្នែក​ហើយ​បំពាក់បំប៉ន​អ្នក​មើល​ថែទាំ​ភ្នែក​ចំនួន ៩៧០០០ នាក់​ដល់​​អ្នក​ដែល​មាន​បញ្ហា​ខាង​ភ្នែក​នៅក្នុង ៤០ ប្រទេស ។ មាន​អ្នកមើល​ថែ​ចំនួន​បី​ម៉ឺន​បី​ពាន់​នាក់​ត្រូវបាន​បំពាក់បំប៉ន​ក្នុង​ផ្នែក​គាំពារ​មាតា និង​ទារក​នៅក្នុង ៣៨ ប្រទេស ។ ដោយ​មិន​ថ្លែង​ពី​​ក្រុម​ដៃ​ជំនួយ​មរមន ដែល​មានមនុស្ស​របស់​យើង​រាប់​រយ​ពាន់​នាក់​បាន​បរិច្ចាគ​ពេលវេលា​រាប់​លាន​ម៉ោង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ។ សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ចុះ​ប្រឡូក​ជួយ​ដល់​អស់​អ្នក​ដែល​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ទាំង​តូច​ទាំង​ធំ ព្រមទាំង​ជួយ​ធ្វើ​ឲ្យ​អ្នក​ជិតខាង និង​សហគមន៍​របស់​ពួកគេ​បាន​ល្អ​ប្រសើរ​ឡើង ។

គំនិត​ផ្តួចផ្តើម JustServe របស់​សាសនាចក្រ​ដែល​ផ្តល់​ឱកាស​បម្រើ មាន​អ្នក​ស្ម័គ្រ​ចិត្ត​ជាង ៣៥០០០០ នាក់​បាន​ចុះ​ឈ្មោះ ដែល​បាន​បរិច្ចាគ​ពេលវេលា​រាប់​លាន​ម៉ោង​ជួយ​សហគមន៍​ក្នុង​មូលដ្ឋាន​របស់​ពួកគេ ។

នេះ​គឺជា​សកម្មភាព​របស់​សាសនាចក្រ ។ នេះ​គឺជា​អ្វី​ដែល​យើង​ធ្វើ ។ នេះ​គឺជា​អ្វី​ដែល​បងប្អូន​ធ្វើ ។ ចូរ​ឲ្យ​ការណ៍​នេះ​កំណត់​ពី​អាកប្បកិរិយា​នៃ​ខ្លួន​ប្អូនៗ​ជា​នរណា ។

ការបម្រើ​បី​ប្រភេទ

ខ្ញុំ​សូម​គូស​បញ្ជាក់​ការបម្រើ​បី​ប្រភេទ​ធំៗ​ដែល​យើង​ម្នាក់ៗ​មាន​ឱកាស​បម្រើ ។

១. ការបម្រើ​មួយ​ប្រភេទ​ដែល​យើង​ត្រូវបាន​ចាត់តាំង ឬ​អញ្ជើញ​ឲ្យ​ធ្វើ ជា​ការទទួល​ខុសត្រូវ​មួយ​ក្នុង​សាសនាចក្រ ។ យើង​នឹង​ខិតខំ​ធ្វើ​ការងារ​បម្រើ​ប្រភេទ​នេះ ដែល​ជា​រតនសម្បត្តិ មិន​ត្រូវបាន​វាស់វែង ជា​អ្វី​ដែល​យើង​គិត អធិស្ឋាន និង​ជួយ​ដល់​អ្នក​ដែល​មាន​ការទទួល​ខុសត្រូវ​នេះ ។

២. ការបម្រើ​មួយ​ប្រភេទ​ដែល​យើង​ជ្រើសរើស​ធ្វើ​តាម​ឆន្ទៈ​របស់​យើង​ផ្ទាល់ ។ វា​ជា​ការពង្រីក​ពី​ការបម្រើ​ទីមួយ ដែល​នឹង​ហូរ​មក​ក្នុង​សកម្មភាព និង​ការសន្ទនា​ប្រចាំ​ថ្ងៃ​របស់​យើង​ទាំងអស់ កាល​យើង​ខំ​បំភ្លេច​ខ្លួន​យើង​កាន់តែ​ខ្លាំង ហើយ​ងាក​ទៅ​បម្រើ​អ្នក​ដទៃ ។ វា​គ្មាន​ការចាត់តាំង​ជា​ផ្លូវការ​ទេ ប៉ុន្ដែ​យើង​ធ្វើ​ដោយសារ​ការជំរុញ​ចិត្ត​ក្នុង​បំណង​ប្រាថ្នា​ដើម្បី​ធ្វើតាម​ព្រះគ្រីស្ទ ដោយ​ចាប់ផ្ដើម​ពី​ការមាន​សន្ដាន​ចិត្ត​ល្អ​ជាងមុន ហើយ​ចេះ​គិតគូរ​ដល់​អ្នក​នៅ​ជុំវិញ​យើង ។

៣. ការបម្រើ​ជាសាធារណៈ ។ បើ​សមរម្យ សូម​ចូល​ប្រឡូក​ក្នុង​នយោបាយ​ដោយផ្តោត​លើ​ការបម្រើ និង​ស្អាង​បុគ្គល និង​សហគមន៍​ទាំងឡាយ ។ សូម​ចៀសវាង​បក្សពួក​នយោបាយ​ដែល​ធ្វើ​ឲ្យ​បែកខ្ញែក​គ្នា សង្កៀរ​ត្រចៀក និង​បំផ្លាញ​សហគមន៍ ប្រទេស និង​ទ្វីប​នានា​យ៉ាង​ខ្លាំង ។ សូម​ចូលរួម​នឹង​អ្នក​នយោបាយ​ផ្សេង​ដែល​ជួយ​បុព្វហេតុ​ទូទៅ ដើម្បី​នាំ​ឲ្យ​មាន​ការផ្សះផ្សា​ដល់​ជីវិត​ដែល​មាន​បញ្ហា​ក្នុង​ដែន​អំណាច​របស់​គេ​ផ្ទាល់ និង​លើស​ពី​នោះ ។ អ្នក​អាច​ជា​សំឡេង​នៃ​តុល្យភាព និង​មូលហេតុ​ដែល​គាំពារ​ភាពស្មើគ្នា​ក្នុង​សង្គម​គ្រប់​ផ្នែក ។ មាន​តម្រូវការ​ដ៏​កើនឡើង​សម្រាប់​អ្នក​ដើម្បី​រួម​ចំណែក​នូវ​កម្លាំង​អ្នក​ដល់​ការចូលរួម​ស៊ីវិល​ដ៏​មាន​តម្លៃ​ប្រភេទ​នេះ ។

យើង​អាច​ផ្លាស់​ប្ដូរ​ពិភពលោក​ផ្ទាល់​របស់​យើង​បាន

នៅពេល​យើង​អាន​ព័ត៌មាន យើង​អាច​មាន​អារម្មណ៍​ថា ពិភពលោក​នេះ​ធ្លាក់​ចុះ​បណ្ដើរៗ ។ បើ​យើង​ម្នាក់ៗ​ធ្វើ​សកម្មភាព​តាម​របៀប​ធំ ឬ​តូច​រាល់​ថ្ងៃ នោះ​យើង​អាច​ផ្លាស់ប្ដូរ​ពិភព​លោក​របស់​យើង​ផ្ទាល់ និង​អ្នក​នៅ​ជុំវិញ​យើង​ដែរ ។ កាល​អ្នក​បម្រើ​អ្នកជិតខាង​របស់​អ្នក និង​បម្រើ ជាមួយ អ្នកជិតខាង​អ្នក​ក្នុង​សហគមន៍​របស់​អ្នក នោះ​អ្នក​នឹង​បង្កើត​មិត្ត​ដែល​មាន​បំណង​ចង់​ជួយ​ដូច​អ្នក​ដែរ ។ វា​នឹង​ជា​មិត្តភាព​ដ៏​រឹងមាំ ដោយ​សាង​លើ​ស្ពាន​កាត់​វប្បធម៌ និង​ជំនឿ ។

ប្រសិន​បើ​អ្នក​ឆ្លើយតប​នឹង​ការអញ្ជើញ​ឲ្យ​បម្រើ​ដូច​ព្រះយេស៊ូវ​បម្រើ​នេះ នោះ​អ្នក​នឹង​ផ្លាស់ប្ដូរ កាន់តែ​មិន​អាត្មានិយម ។ អ្នក​នឹង​រកឃើញ​អំណរ​ដែល​កើត​ចេញ​ពី​ការងារ​បម្រើ​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​ទុកចោល​ចិត្ត​អន្ទះសារ និង​មិន​ប្រាកដ​ប្រជា​របស់​អ្នក ព្រមទាំង​ភាពងងឹត​ដែល​មកពី​ការដឹង​ថា​មាន​ការខ្វះ​ចន្លោះ ។

ប្រហែល​​មាន​ឈ្មោះ ឬ​បុព្វហេតុ​មួយ​ដែល​លេច​មក​ក្នុង​គំនិត ។ នេះ​ដូចជា​ការអញ្ជើញ​មួយ​ពី​ព្រះវិញ្ញាណ​ដែរ ហើយ​ប្រហែល​ជា​ការអញ្ជើញ​មួយ​ដែល​អ្នក​បាន​ទទួល​ពីមុន​មក ។ ដើម្បី​ទៅ​ជួយ មើលថែ និង​ស្អាង​ឡើង ។ សូម​ជ្រើស​ឆ្លើយ​តប​ចំពោះ​ការអញ្ជើញ​នេះ ហើយ​អធិស្ឋាន​ថ្ងៃ​នេះ​ដើម្បី​ដឹង​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ ។ នៅពេល​អ្នក​ឃើញ និង​ទទួល​ពរជ័យ​ដែល​ការណ៍​នេះ​នាំ​មក​ដល់​អ្នក និង​​អ្នកទាំងឡាយ​ណា​​ដែល​អ្នក​បម្រើ នោះ​អ្នក​នឹង​ចង់​ធ្វើ​ការណ៍​នេះ​ជា​គន្លង​ប្រចាំ​ថ្ងៃ ។

កិច្ចខិតខំ​ដ៏​ខ្លាំង និង​ល្អ​បំផុត​របស់​យើង​គឺ ដើម្បី​ចែកចាយ​ពន្លឺ ក្ដី​សង្ឃឹម អំណរ និង​គោលបំណង​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ ហើយ​ជួយ​ពួកគេ​រក​ឃើញ​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ការជួយ ការបម្រើ និង​ការងារ​បម្រើ​ដល់​ពួកគេ​គឺជា​ការបង្ហាញ​ដំណឹងល្អ​ក្នុង​សកម្មភាព ។ កាល​យើង​ធ្វើ​ឲ្យ​រឿង​នេះ​ជា​ផ្លូវ​នៃ​ជីវិត យើង​នឹង​ឃើញ​ថា វា​បំពេញ​តាម​របៀប​ដ៏​ពិសេស ហើយ​វា​ជា​របៀប​ដែល​យើង​អាច​រកឃើញ​ក្ដី​សុខសាន្ដ និង​អំណរ​ដែល​យើង​មិន​អាច​រក​បាន ។

នេះ​ជា​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រស់នៅ ហើយ​នេះ​ជា​មូលហេតុ​ដែល​ទ្រង់​បាន​រស់នៅ​—​ដើម្បី​ផ្ដល់​ថ្នាំ​ដ៏​ឥតខ្ចោះ និង​ការព្យាបាល​​ខ្ពស់​បំផុត​តាមរយៈ​អំណោយ​ដ៏​ធួន​ដ៏​អស្ចារ្យ និង​និរន្ដរ៍​របស់​ទ្រង់​សម្រាប់​អ្នក និង​ខ្ញុំ ។ សូម​ឲ្យ​យើង​ធ្វើតាម​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់​កាន់តែ​ស្ម័គ្រ​ស្មោះ កាន់តែ​មាន​ប្រសិទ្ធភាព​ជាងមុន កាល​យើង​ខំ​ក្លាយ​ខ្លួន​ជា​សិស្ស​ដ៏​ពិត​របស់​ទ្រង់​តាមរយៈ​ការបម្រើ​ដូច​ជា​ទ្រង់​បម្រើ​ដែរ ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « ការងារ​បម្រើ​ដោយ​ព្រះចេស្ដា និង​សិទ្ធិអំណាច​ពី​ព្រះ » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៦៩ ។

  2. ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « The Abundant Life » Ensign ខែ កក្កដា ឆ្នាំ ១៩៧៨ ទំព័រ ៣ ។

  3. រ័សុល អិម ណិលសុន « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ ។

  4. ជីន ប៊ី ប៊ីងហាំ « ការងារ​បម្រើ​ដូចដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៤ ។

  5. សូមមើល JustServe.org ។ កម្មវិធី​នេះ​មាន​នៅអាមេរិក​ភាគ​ខាង​ជើង ហើយ​ត្រូវបាន​ដាក់​ឲ្យ​សាកល្បង​នៅ​ប្រទេស​​ម៉ិកស៊ិក ចក្រភព​អង់គ្លេស ប្រទេស​ ពើរតូ រីកូ និង​ប្រទេស​អូស្ត្រាលី ។