២០១៩
« អ្នក​ត្រូវ​ចេញ​ពី​កន្លែង​នេះ »
ខែ កក្កដា ឆ្នាំ ២០១៩


« អ្នក​ត្រូវ ចេញ​ពី​កន្លែង​នេះ »

អ្នក​និពន្ធ​រស់​នៅ​ទីក្រុង​អែនតូហ្វាហ្គាស្តា ប្រទេស​ឈីលី ។

ទោះបី​ជា​ខ្ញុំ​ភ័យ​ខ្លាច​ក្នុង​ការប្តូរ​ទៅរស់នៅ​ប្រទេស​ឈីលី​ភាគ​ខាង​ជើង​ជាមួយ​គ្រួសារ​ខ្ញុំ​ក្តី វាលខ្សាច់​បាន​ប្រែ​ទៅ​ជា​ដែនដី​សន្យា​របស់​យើង ។

road in Chile

រូបថត​​នៃ​ទីក្រុង​ខនសិបសិន ប្រទេស​ឈីលី មក​ពី Getty Images

ពេល​ខ្ញុំ​អាន​នៅក្នុង​ព្រះគម្ពីរ​មរមន​អំពី​របៀប​ដែល​នីហ្វៃ​គាំទ្រ​ដល់​ឪពុក​លោក​ដែល​មាន​ការនិមិត្ត​ជានិច្ច នោះ​ខ្ញុំ​បាន​គិត​ថា ភាគច្រើន​យុវវ័យ​ក្នុង​សាសនាចក្រ​ប្រហែល​ជា​ដូច​នីហ្វៃ ។ ប៉ុន្តែ​ពេល​គ្រួសារ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា យើង​ត្រូវ​ប្តូរ​ទៅរស់នៅ​ឯ​វាល​ខ្សាច់ នោះ​ខ្ញុំ​មាន​អារម្មណ៍​ដូច​លេមិន និង​លេមយួល​ដែរ ។ ខ្ញុំ​មិន​ចង់​ចាកចោល​ផ្ទះ​របស់​ខ្ញុំ​ឡើយ ។

ដូច​ជា​នីហ្វៃ និង​បងប្អូន​របស់​លោក​ដែរ ខ្ញុំ « ​បានកើត​មក​ពី​ឪពុក​ម្ដាយ​ល្អ » ( នីហ្វៃ​ទី១ ១:១ ) ។ លោក​ទាំង​ពីរ​បាន​ចូល​ជា​សមាជិក​សាសនាចក្រ កាល​ពួកលោក​នៅ​វ័យ​ជំទង់ ហើយ​ម្តាយ​ខ្ញុំ​បាន​រង់​ចាំ​ឪពុក​ខ្ញុំ អំឡុងពេលគាត់​បាន​បម្រើ​បេសកកម្ម ។ ពួកលោក​ជា​សមាជិក​សាសនាចក្រ​ដែល​សកម្ម និង​ខិតខំ​ធ្វើការ ។

កាល​ខ្ញុំ​រៀននៅ​វិទ្យាល័យ សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ​នៅក្នុង​តំបន់ ខនសិបសិន ប្រទេស​ឈីលី របស់​យើង ។ ពុំ​សូវ​មាន​ការងារ​ធ្វើ ហើយ​ឪពុក​របស់​ខ្ញុំ​បាន​ចាប់ផ្តើម​មាន​ការពិបាក​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ ។ ទីបំផុត គាត់​បាន​ចាប់ផ្តើម​រកការងារ​មួយ​នៅ​ទីក្រុង​ផ្សេង ។

ការស្វែងរក​ការងារ​របស់​គាត់​នាំ​គាត់​ទៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ខាឡាម៉ា នៅក្នុង​តំបន់ជីករ៉ែ​នៃ​ប្រទេស​ឈីលី ។ គាត់​គឺ​ជា​វិស្វករ​សាងសង់​ម្នាក់ ហើយ​គាត់​​រកបាន​ការងារ​ល្អ​មួយ​នៅ​ទីនោះ ។ ប៉ុន្តែ​គាត់​នៅ​តែ​ឯង និង​នៅ​សែន​ឆ្ងាយ ។ យើង​អាច​ឃើញ​គាត់​បាន ពេល​​ណា​គាត់​អាច​បង់​ថ្លៃ​ឡាន​ក្រុង​ចម្ងាយ ៣២ ម៉ោង​មក​ផ្ទះ ។

បន្ទាប់​ពី​ពីរបី​ឆ្នាំ​នៃ​ការជួប​ឪពុក​ខ្ញុំ​តែ​ពីរបី​ដង​ក្នុង​មួយ​ឆ្នាំ នោះ​ម្តាយ​របស់​ខ្ញុំ​មាន​អារម្មណ៍​ថា វា​គឺជា​ពេល​ដែល​ត្រូវ​ផ្លាស់ប្តូរ​ហើយ ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ក្រុមគ្រួសារ​ទាំង​មូល​របស់​ខ្ញុំ​ត្រូវ​ប្តូរ​ទៅរស់នៅ​ភាគ​ខាង​ជើង​ដែរ ។

យើង​ត្រូវ​តែ​នៅ​ជាមួយ​ឪពុក​របស់​យើង

ប្អូន​ប្រុស​របស់​ខ្ញុំ​គ្មាន​បញ្ហា​នឹង​រឿង​ប្តូរ​ទីលំនៅ​នេះ​ទេ ។ ហើយ​បងស្រី​របស់​ខ្ញុំ​ដែល​រៀន​នៅ​មហាវិទ្យាល័យ បាន​ធ្វើ​ជាគំរូ​ល្អ​សម្រាប់​ខ្ញុំ ។

គាត់​បាន​និយាយ​ថា « បង​នឹង​លះបង់​ការសិក្សា​របស់​បង ។ យើង​ត្រូវ​តែ​នៅ​ជាមួយ​ឪពុក​របស់​យើង » ។

គ្រប់​គ្នា​បាន​គាំទ្រ​ដល់​ការសម្រេច​ចិត្ត​នោះ​ដើម្បី​ប្តូរ​ទីលំនៅ លើក​លែង​តែ​ខ្ញុំ​ប៉ុណ្ណោះ ។ ខ្ញុំ​ចង់​នៅ​ជាមួយ​ឪពុក​ខ្ញុំ​ផងដែរ ប៉ុន្តែ​ខ្ញុំ​ស្ទាក់ស្ទើរ​នឹង​ធ្វើការផ្លាស់ប្តូរ និង​ការលះបង់​ផ្ទាល់​ខ្លួន ។ ខ្ញុំ​មាន​មិត្តភក្តិ​របស់​ខ្ញុំ ខ្ញុំ​បាន​ស្គាល់​ទីក្រុង​របស់​ខ្ញុំ ខ្ញុំ​រីករាយ​នឹង​បែប​ផែន​នៃ​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​ចង់​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​នៅ​ខនសិបសិន ។ ខ្ញុំ​បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​បញ្ចុះបញ្ចូល​ម្តាយ​ខ្ញុំ​ថា យើង​ពុំ​គួរ​ទៅ​ទេ ។

ទីបំផុត គាត់​បាន​និយាយ​ថា « កូន​ប្រុស​អើយ ឪពុ​ក​កូន​នៅ​តែ​ឯង ។ គាត់​ចង់​ឲ្យ​យើង​នៅ​ជាមួយ​គាត់ ។ ម៉ែ​ចង់​ឲ្យ​កូន​យល់ ប៉ុន្តែ​កូន​ភាន់​ច្រឡំខ្លាំង​ណាស់​លើ​ខ្លួន​ឯង » ។ បន្ទាប់​មក​ គាត់​បាន​បញ្ជាក់​នឹង​ខ្ញុំ​ថា « យើង​នឹង​មាន​ឱកាស​ជាច្រើន​នៅ​ទីនោះ » ។

ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​បាន​ដឹង​ថា គាត់​និយាយ​ត្រូវ—ទោះបី​ជា​ចិត្ត​ខ្ញុំ​ពុំ​បាន​គិត​ដូច្នោះ​ក្តី ។ ខ្ញុំ​ពុំ​មាន​ទីបន្ទាល់​រឹងមាំ​នៅ​គ្រា​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​សម្រេច​ចិត្ត​អធិស្ឋាន​​ថា តើ​ខ្ញុំ​គួរតែ​ទៅ​ជាមួយ​គ្រួសារ​ខ្ញុំ​ដែរ​ឬ​អត់ ។ ចម្លើយ​ច្បាស់​លាស់​មួយ​បាន​មាន​ឡើង​ដល់​ខ្ញុំ ៖ « អ្នក​ត្រូវ​​ចេញ​ពី​កន្លែង​នេះ » ។ ខ្ញុំ​​ស្តាយ​ណាស់ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ឪពុក​ម្តាយ​ខ្ញុំ​ថា ខ្ញុំ​នឹង​ទៅ ។

តើដើម​ឈើនៅ​ឯណា ?

ទីក្រុង​ខនសិបសិន​​គឺជា​​ទីក្រុង​មាន​ពណ៌​បៃតង​ដោយសារ​មាន​ដើម​ឈើ​ច្រើន ។ ទីក្រុង​នេះ​មាន​ភ្លៀង​ធ្លាក់​កម្ពស់ ១២៧ ម៉ែត្រ​រៀងរាល់​ឆ្នាំ ។ ទីក្រុង​អែនតូហ្វាហ្គាស្តា​ជាទីក្រុង​មួយ​នៅជិត​ទីក្រុង​ខាឡាម៉ា​ដែល​យើង​នឹង​ប្តូរ​ទៅរស់នៅ​នោះ មាន​ភ្លៀង​តែ ០.២៥ សង់ទីម៉ែត្រ​ប៉ុណ្ណោះ​រៀងរាល់​ឆ្នាំ ។

អ្វី​មួយ​ដែល​ធ្វើ​ឲ្យខ្ញុំ​រន្ធត់​បំផុត​អំពី​ការប្តូរ​ទៅរស់នៅ​ទីនោះ​គឺ​ការធ្វើ​ដំណើរ ។ ពេល​យើង​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​ជើង​តាម​ឡាន​ក្រុង ការមើល​ពី​ការផ្លាស់ប្តូរ​ពី​កន្លែង​ដែល​មាន​ពណ៌បៃតង​ទៅ​ជា​ពណ៌​ទង់ដែង​គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​ឈឺចាប់​ណាស់ ។ ខ្ញុំ​បាន​ឆ្ងល់​ថា « តើ​ដើម​ឈើ​នៅ​ឯ​ណា ? តើ​សត្វ​គោ​នៅ​ស្រុកស្រែ​នៅ​ឯណា ? » អ្វី​ទាំងអស់​ដែល​ខ្ញុំ​ឃើញ​គឺ​ដីហុយ ថ្ម និង​កូន​ភ្នំ ។

ប្រាកដណាស់ ភាគ​ខាង​ជើង​នៃ​ប្រទេស​ឈីលី​គឺ​ជា​វាល​ខ្សាច់ ដូច្នេះ​តើ​ខ្ញុំ​អាច​រំពឹង​ឃើញអ្វី​ទៀត ? ខ្ញុំ​បាន​នឹក​ឃើញ​ពី​អារម្មណ៍​របស់​លេមិន និង​លេមយួល ពេល​គ្រួសារ​របស់​លីហៃ​បាន​ចាកចេញ​ពី​ដែនដី​កេរ្តិ៍​របស់​ពួកគេ ហើយ​ធ្វើ​ដំណើរ​ទៅ​ក្នុង​ទីរហោស្ថាន ។

ខ្ញុំ​មាន​ការភ័យ​ខ្លាច​ខ្លាំង​ពេល​យើង​បាន​ទៅ​ដល់​ទីក្រុង​អែនតូហ្វាហ្គាស្តា ។ តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​ខ្ញុំ​គ្មាន​មិត្ត​រាប់អាន​នោះ ? តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​ខ្ញុំ​ពុំ​ស៊ាំ​នឹង​តំបន់​នោះ ? តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​​​ក្តីសង្ឃឹម​របស់​ខ្ញុំ​សម្រាប់​ពេល​អនាគត​ពុំ​បាន​ក្លាយ​ជា​ពិត​នោះ ?

នៅ​ទីបំផុត ខ្ញុំ​ពុំ​គួរ​មាន​ការបារម្ភ​ទេ ។ ម្តាយ​របស់​ខ្ញុំ​និយាយ​ត្រូវ​អំពី​ឱកាស​នានា​ដែល​កំពុង​រង់​ចាំ​ពួកយើង—ជាពិសេស​ឱកាស​ខាង​វិញ្ញាណ ។

ពីមុន​ការប្តូរ​ទីលំនៅ​របស់​យើង ដំណឹងល្អ​ពុំ​មែន​ជា​អាទិភាព​សម្រាប់​ខ្ញុំ​នោះ​ទេ ។ ខ្ញុំ​ពុំ​ផ្តោតចិត្ត​លើ​ព្រះអម្ចាស់​ទេ ។ ប៉ុន្តែនៅ​ទីក្រុង​អែន​តូហ្វាហ្គាស្តា មនុស្ស​នៅ​ទីនោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ឃើញ​ពី​ភាព​ស្រស់​បំព្រង​នៃ​ដំណឹងល្អ ។ ខ្ញុំ​បាន​ទទួល​ជំនួយ​ពី​​អ្នកដឹកនាំ​បព្វជិតភាព​​ពិសេស ។ ខ្ញុំ​បាន​រាប់​អាន​មិត្តភក្តិ​ដែល​បន្ត​ជាធ្វើ​ជា​រតនៈសម្បត្តិ​សម្រាប់​ខ្ញុំ ។ ជីវិត​ខាង​វិញ្ញាណ​របស់​ខ្ញុំ​បាន​ផ្លាស់ប្ដូរ​ទាំងស្រុង ។

Segio at institute

សើ​ជីអូ​ទៅ​ថ្នាក់​វិទ្យាស្ថាន​ជាមួយ​មិត្តភក្តិ ។

ខ្ញុំ​មាន​អំណរគុណ​ដែល​ខ្ញុំ​បាន​ស្តាប់​តាម​ម្តាយ​ខ្ញុំ ។ ខ្ញុំ​មាន​អំណរគុណ​​ដែល​ព្រះអម្ចាស់​បាន​ឆ្លើយត​ប​ការអធិស្ឋាន​របស់​ខ្ញុំ ។ ខ្ញុំមាន​អំណរគុណ​ដែល​ខ្ញុំ​មាន​ចិត្ត​ក្លាហាន​ប្តូរ​ទីលំនៅ​ទៅ​ភាគ​ខាង​ជើង​ជាមួយ​គ្រួសារ​ខ្ញុំ ។

នៅ​វាល​ខ្សាច់​នេះ​ហើយ​ដែល​ខ្ញុំ​បាន​ធ្វើ​ការផ្លាស់ប្តូរ ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ប្រែក្លាយ​ជាមនុស្ស​ដែល​ជា​ខ្ញុំ​សព្វថ្ងៃនេះ ។ នៅ​ទីនេះ​ហើយ ជាកន្លែង​ដែលខ្ញុំ​បាន​តាំងចិត្ត​ទទួល​យក​ដំណឹងល្អ បម្រើ​បេសកកម្ម រៀប​ការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​បូជា​ជីវិត​ខ្ញុំ​ចំពោះ​ព្រះអម្ចាស់ ។ នៅ​ទីនេះ​ជា​កន្លែង​ដែល​ខ្ញុំ​បាន​កំណត់​ថា ខ្ញុំ​ពុំ​ចង់​ធ្វើ​ដូចជា​លេមិន និង​លេមយួល​ទៀត​ទេ ។

សម្រាប់​គ្រួសារ​ខ្ញុំ និង​ខ្ញុំ វាលខ្សាច់​បាន​ប្រែ​ទៅ​ជា​ដែនដី​សន្យា​របស់​យើង ។