ចូរអធិស្ឋាននៅក្បែរព្រះវិហារបរិសុទ្ធ
ហួន ប៊ែលត្រាម៉េ ទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន
ពេលម៉ាកូ កូនប្រុសរបស់យើងអាយុបីឆ្នាំ គាត់ និងខ្ញុំបានឈឺជាទម្ងន់ដោយសារការពុលអាហារ ។ ម៉ាកូបានធ្លាក់ខ្លួនឈឺរហូតដល់សន្លប់បាត់ស្មារតី ។ ម៉ារៀណេឡាភរិយាខ្ញុំ និងខ្ញុំបានប្រញាប់យកគាត់ទៅមន្ទីរពេទ្យ ។ ពេលទៅដល់មន្ទីរពេទ្យ មើលទៅគាត់ហាក់ដូចជាស្លាប់ ។ ទីបំផុតបន្ទាប់ពីបួនម៉ោងក្រោយមក គាត់បានដឹងខ្លួនឡើងវិញ ។
ចាប់តាំងពីពេលនោះមក ម៉ាកូបានមានអាការៈប្រកាច់បែបនេះអស់រយៈប្រាំឆ្នាំ ។ ពេលយើងដាក់ឲ្យគាត់គេងរៀងរាល់ល្ងាច យើងគិតថា តើ យើងនឹងត្រូវប្រញាប់យកគាត់ទៅមន្ទីរពេទ្យនៅពេលកណ្តាលអាធ្រាតម្តងទៀតដែរឬទេ ។ យើងដេកពុំបានឆ្អែតទេអំឡុងពេលប៉ុន្មានឆ្នាំដ៏ថប់បារម្ភនោះ ហើយយើងបានពឹងផ្អែកលើការអធិស្ឋាន សេចក្តីជំនឿ ការតមអាហារ និងការប្រសិទ្ធពរបព្វជិតភាព ។
ពេលម៉ាកូអាយុប្រហែលប្រាំមួយឆ្នាំ ម៉ារៀណេឡាបានទូរសព្ទមកខ្ញុំពេលខ្ញុំកំពុងធ្វើការ ហើយប្រាប់ខ្ញុំឲ្យប្រញាប់ទៅមន្ទីរពេទ្យ ។ ម៉ាកូបានប្រកាច់យ៉ាងខ្លាំង ហើយបានសន្លប់ ។ ពេលភរិយាខ្ញុំបានទូរសព្ទមកខ្ញុំ ខ្ញុំកំពុងជួសជុលមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនាអាហ្សង់ទីន ដែលមានទីតាំងនៅក្បែរនឹងព្រះវិហារបរិសុទ្ធ ប៊ុយណូហ្សែ អាហ្សង់ទីន ។
ពីមុនខ្ញុំចេញដំណើរទៅមន្ទីរពេទ្យ មិត្តម្នាក់ និងបុគ្គលិកម្នាក់បាននិយាយថា « ដោយសារយើងនៅក្បែរដំណាក់របស់ព្រះអម្ចាស់ស្រាប់ ហេតុអ្វីយើងមិនអធិស្ឋានជាមួយគ្នាសិនទៅ ? » ព្រះវិហារបរិសុទ្ធបានបិទសម្រាប់ការជួសជុល និងការពង្រីកបន្ថែម ប៉ុន្តែយើងបានទៅដល់ដំណាក់របស់ព្រះអម្ចាស់ ជាកន្លែងដែលខ្ញុំបានអធិស្ឋានសម្រាប់ម៉ាកូ ។
ទោះបីជាមានអ្វីៗគ្រប់យ៉ាងដែលយើងបានឆ្លងកាត់ជាមួយម៉ាកូក្តី ក៏ខ្ញុំទទួលអារម្មណ៍ថ្លែងអំណរគុណដល់ព្រះសម្រាប់ពេលវេលាដែល ម៉ារៀណេឡា និងខ្ញុំអាចមានដើម្បីនៅជាមួយនឹងម៉ាកូ ។ ពេលខ្ញុំអធិស្ឋាន ខ្ញុំបានទូលសូមព្រះវរបិតាសួគ៌ឲ្យយើងព្យាយាមធ្វើជាឪពុកម្តាយល្អ និងថែទាំម៉ាកូឲ្យអស់សមត្ថភាពរបស់យើង ។ ខ្ញុំបានទូលប្រាប់ទ្រង់ថា យើងនឹងទទួលយកព្រះទ័យទ្រង់ ប្រសិនបើទ្រង់ហៅម៉ាកូឲ្យត្រឡប់ទៅស្ថានសួគ៌វិញ ។
ពេលខ្ញុំទៅដល់មន្ទីរពេទ្យ ខ្ញុំពុំបានដឹងទេថា តើម៉ាកូនឹងដឹងខ្លួនឡើងវិញ ឬបើគាត់នឹងជាវិញ ឬថាតើគាត់អាចដើរ ឬនិយាយបានវិញម្តងទៀតដែរឬអត់នោះទេ ។ បន្ទាប់ពីពីរម៉ោងដ៏លំបាកបំផុតមក គាត់បានដឹងខ្លួនឡើងវិញ ។ គាត់អស់កម្លាំងរលីងពីខ្លួន ប៉ុន្តែគាត់មិនកើតអីទេ ។ ចាប់តាំងពីនោះមក ដោយអព្ភូតហេតុគាត់បានធូរស្បើយ ។ ទីបំផុត ម៉ាកូបានបន្ថយការប្រើប្រាស់ថ្នាំ ហើយបានចេញពីមន្ទីរពេទ្យជារៀងរហូត ។
ម៉ារៀណេឡា និងខ្ញុំបានសញ្ជឹងគិតពីគ្រាលំបាកនោះ ដោយមានអំណរគុណដែលយើងនៅតែមានម៉ាកូ ហើយមានអំណរគុណចំពោះរឿងនានាដែលយើងបានរៀន ។ ការសាកល្បងរបស់យើងរួបរួមយើង ហើយធ្វើឲ្យយើងកាន់តែរឹងមាំខាងវិញ្ញាណ ។ ប្រសិនបើគ្មានការសាកល្បងទេនោះ យើងពុំអាចរៀនស្គាល់របៀបជាច្រើនដែលព្រះអម្ចាស់បង្ហាញព្រះចេស្តាទ្រង់នៅក្នុងជីវិតរបស់យើងឡើយ ។
ដូចដែលម៉ារៀណេឡានិយាយថា « យើងបានឃើញភស្តុតាង និងបទពិសោធន៍ដ៏ច្រើន ដែលបានផ្តល់ទីបន្ទាល់នៃវត្តមានរបស់ព្រះដល់យើង ថាទ្រង់គង់នៅជាមួយយើង ហើយថាទ្រង់ព្រះសណ្តាប់យើង ។ ប្រសិនបើយើងស៊ូទ្រាំ និងមានការអត់ធ្មត់ នោះពរជ័យអាចកើតមានឡើង ទោះយើងរំពឹងតិចតួចថា វានឹងកើតឡើងក្តី » ។