សម្រាប់តែឌីជីថលប៉ុណ្ណោះ ៖ យុវមជ្ឈិមវ័យ
ការរកឃើញអំណរតាមរយៈព្រះគ្រីស្ទ ទោះបីជាខ្ញុំត្រឡប់មកពីបេសកកម្មវិញមុនកំណត់ក្តី
នៅពេលខ្ញុំបានត្រឡប់មកផ្ទះវិញមុនកំណត់ពីបេសកកម្មរបស់ខ្ញុំ នោះខ្ញុំបានគិតថា ខ្ញុំនឹងពុំអាចរកឃើញអំណរទៀតទេ ។ ប៉ុន្តែខ្ញុំពិតជារកឃើញអំណរមែន ។ ហើយអ្នកក៏អាចរកឃើញអំណរផងដែរ ។
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ការទៅបម្រើបេសកកម្មគឺលំបាក ។ ទោះជាយ៉ាងណាក៏ដោយ ការត្រលប់មកផ្ទះក៏ពិបាកផងដែរ ជាពិសេស ពេលអ្នកត្រឡប់មកផ្ទះវិញមុនការគ្រោងទុក ។ អ្នកបារម្ភពីអ្វីដែលមនុស្សដទៃនឹងនិយាយ ឬអ្វីដែលពួកគេប្រព្រឹត្តចំពោះអ្នក ។ តើពួកគេនឹងវិនិច្ឆ័យដែរឬទេ ? តើពួកគេខកចិត្តដែរឬទេ ? តើវាចម្លែកមែនទេ ? អ្នកបារម្ភថា អ្នកទំនងជាមិនល្អគ្រប់គ្រាន់ ឬរឹងប៉ឹងគ្រប់គ្រាន់ល្មម ។ អ្នកឆ្ងល់ថា មានអ្វីមួយខុសប្លែកជាមួយអ្នក ឬអ្នកបានសម្រេចចិត្តខុសដើម្បីចេញទៅបម្រើបេសកកម្ម ។ ខ្ញុំបានបារម្ភអំពីរឿងទាំងអស់នេះ ។
ពេលខ្ញុំបានសម្រេចចិត្តទៅបម្រើបេសកកម្ម ខ្ញុំមានចិត្តរំភើបណាស់ ។ ខ្ញុំបានដឹងថា នោះជាអ្វីដែលព្រះសព្វព្រះទ័យឲ្យខ្ញុំធ្វើ ។ នៅពីរបីខែបន្ទាប់មកគឺជារយៈពេលដ៏មានសុភមង្គលបំផុតក្នុងជីវិតខ្ញុំ ហើយបន្ទាប់ពីមានបទពិសោធន៍ដ៏អស្ចារ្យមួយនៅមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនាមក ខ្ញុំបានគិតថា រយៈពេលដែលនៅសល់នៃបេសកកម្មរបស់ខ្ញុំនៅប្រទេសអាហ្សង់ទីនក៏នឹងអស្ចារ្យផងដែរ ។ វាមិនដូច្នោះទេ ។
ខ្ញុំមានការថប់បារម្ភ ភ័យខ្លាច ហើយគ្មានសង្ឃឹមនៅក្នុងបេសកកម្មរបស់ខ្ញុំ—អ្វីដែលខ្ញុំពុំធ្លាប់បានជួបពីមុន នោះខ្ញុំបានជួបវាហើយ ។ ប្រធានបេសកកម្មរបស់ខ្ញុំបានព្យាយាមគ្រប់យ៉ាងដើម្បីជួយខ្ញុំ ។ ទីបំផុត ខ្ញុំបានសម្រេចចិត្តត្រឡប់ទៅផ្ទះវិញ ។ ការសម្រេចចិត្តនោះងាយស្រួលណាស់នៅពេលនោះ ប៉ុន្តែពេលទៅដល់ផ្ទះវិញ សំណួរទាំងអម្បាលម៉ានខាងលើបានចាប់ផ្តើមរុកគួនដល់ខ្ញុំ ។
ខ្ញុំបានរៀនថា យូរៗទៅ ព្រះអង្គសង្គ្រោះបាននាំទាំងការព្យាបាល និងទស្សនវិស័យ ប្រសិនបើអ្នកស្វែងរកចំណុចទាំងពីរនេះដោយចិត្តស្មោះ ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា មានមេរៀនមួយដើម្បីរៀនក្នុងបទពិសោធន៍ជីវិតទាំងអស់ ទោះវាជាបទពិសោធន៍ល្អ ឬអាក្រក់ក្តី ។ ហើយនៅក្នុងពេលវេលារបស់ព្រះអម្ចាស់ នោះទ្រង់បានបង្រៀនខ្ញុំនូវមេរៀនដ៏មានតម្លៃមួយចំនួន ដែលឥឡូវនេះខ្ញុំផ្តល់តម្លៃឲ្យវាយ៉ាងខ្លាំង ។
ការទៅបម្រើបេសកកម្មគឺជាកិច្ចការត្រឹមត្រូវមួយសម្រាប់ខ្ញុំ ។ ប៉ុន្តែដោយសារហេតុផលមួយចំនួន ខ្ញុំពុំអាចនៅបានរហូតដល់ ១៨ ខែឡើយ ។ ព្រះមានផែនការមួយសម្រាប់ខ្ញុំ ។ ខ្ញុំនៅតែពុំដឹងទាំងស្រុងថា តើជីវិតខ្ញុំកំពុងធ្វើដំណើរទៅណានោះទេ ប៉ុន្តែខ្ញុំព្រមទទួលយករឿងនោះ ។ អ្វីដែលខ្ញុំដឹងគឺថា ខ្ញុំកំពុងធ្វើអ្វីដែលទ្រង់សព្វព្រះទ័យឲ្យខ្ញុំធ្វើក្នុងពេលឥឡូវនេះ ។ អំឡុងពេលបួនខែនៅក្នុងប្រទេសអាហ្សង់ទីន ទីបន្ទាល់ និងការប្រែចិត្តរបស់ខ្ញុំបានកើនឡើង ។ ខ្ញុំបានជួបមនុស្សអស្ចារ្យជាច្រើន ហើយខ្ញុំដឹងប្រាកដថា ខ្ញុំបានជះឥទ្ធិពលដល់មនុស្សនានា ដែលទ្រង់សព្វព្រះទ័យឲ្យខ្ញុំជួយ ។ ខ្ញុំគ្មានវិប្បដិសារីនឹងបទពិសោធន៍ខ្ញុំ ឬប្រាថ្នាចង់ឲ្យវាផ្សេងពីនោះទេ ។ វាពិតជាអ្វីដែលខ្ញុំត្រូវការ ហើយវាបានក្លាយជារឿងពិសិដ្ឋចំពោះខ្ញុំ ។
ថ្មីៗនេះ ខ្ញុំបានអានសុន្ទរកថាមួយដោយអែលឌើរ នែល អេ ម៉ាកស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលបានជួយខ្ញុំឲ្យយល់ពីបទពិសោធន៍របស់ខ្ញុំ ។ លោកមានប្រសាសន៍ដូច្នេះ ៖
« ជីវិតរបស់មនុស្សម្នាក់ . . . ពុំអាចមានទាំងសេចក្តីជំនឿ និងគ្មានភាពតានតឹងនោះទេ . . .
ហេតុដូច្នោះហើយ តើខ្ញុំ និងអ្នកអាចរំពឹងថា ឆ្លងកាត់ជីវិតនេះ ដូចការអធិស្ឋានថា ‹ ឱព្រះអម្ចាស់អើយ សូមផ្តល់បទពិសោធន៍ដល់ទូលបង្គំ ប៉ុន្តែពុំមែនជាបទពិសោធន៍នៃទុក្ខព្រួយ ការកើតទុក្ខ ការឈឺចាប់ ឧបសគ្គ ការក្បត់ និងការបោះបង់ចោលខ្ញុំឡើយ ។ ឱព្រះអម្ចាស់អើយ សូមឲ្យខ្ញុំចៀសផុតពីបទពិសោធន៍ទាំងនោះដែលបានធ្វើឲ្យទ្រង់ក្លាយជាព្រះ ! បន្ទាប់មក សូមឲ្យទូលបង្គំមក ហើយរស់នៅជាមួយទ្រង់ ហើយទទួលបានអំណររបស់ទ្រង់ទាំងស្រុង ! » ( « Lest Ye Be Wearied and Faint in Your Minds » Ensign ខែ ឧសភា ឆ្នាំ ១៩៩១ ទំព័រ ៨៨ ) ។
ព្រះអង្គសង្គ្រោះពុំបានប្រែដូចជាអង្គទ្រង់ឡើយ ទោះជា ទ្រង់បានជួបការសាកល្បងក្តី ។ ទ្រង់បានប្រែជាអង្គទ្រង់ ដោយសារ ការសាកល្បងទាំងនោះ ។ ការសាកល្បងទាំងនោះបានជួយសម្រួចសម្រាំងបុគ្គលិកលក្ខណៈល្អឥតខ្ចោះរបស់ទ្រង់ ហើយវាផ្តល់ដល់ទ្រង់នូវសមត្ថភាពដើម្បីទទួលបានអំណរដែលទ្រង់ទទួលបានក្នុងពេលបច្ចុប្បន្ននេះ ។ ខ្ញុំទទួលអារម្មណ៍នូវឯកសិទ្ធិ ដើម្បីមានបទពិសោធន៍នៃការសម្រួចសម្រាំងបុគ្គលិកលក្ខណៈនេះ ។ វាពុំមែនជាអ្វីដែលខ្ញុំបានទូលសូមនោះទេ ប្រាកដណាស់វាពុំមែនជាអ្វីដែលខ្ញុំចង់បាននោះទេ ប៉ុន្តែព្រះជ្រាបដឹងពីសក្តានុពលរបស់ខ្ញុំ ហើយទ្រង់ចង់ឲ្យខ្ញុំទទួលបានអំណររបស់ទ្រង់ ។ អំណរនោះជាអ្វីដែលខ្ញុំពុំអាចយល់ដឹងបានឡើយ ប្រសិនបើគ្មានការដឹងពីទុក្ខព្រួយ ការកើតទុក្ខ ការឈឺចាប់ និងឧបសគ្គនោះ ។ ការមកផ្ទះវិញមុនកំណត់គឺជារឿងលំបាកបំផុតមួយដែលខ្ញុំជួប ប៉ុន្តែជាមួយនឹងទស្សនវិស័យ និងជំនួយរបស់ព្រះអង្គសង្គ្រោះ នោះវាហាក់ដូចជាការបង់ថ្លៃបន្តិចបន្តួចមួយ ចំពោះអ្វីដែលខ្ញុំបានទទួលត្រឡប់មកវិញក្នុងពេលនេះ ។
ដូច្នេះចូរបន្តមានសេចក្តីជំនឿ ។ សូមទុកចិត្តលើព្រះអង្គសង្គ្រោះរបស់អ្នក ។ ហើយចូរមានសេចក្តីសង្ឃឹម ។ ជីវិតនេះនឹងពុំដំណើរការឲ្យត្រូវនឹងអ្វីដែលអ្នកគ្រោងទុកឡើយ ។ វានឹងមានការឈឺចាប់ ឬតានតឹងចិត្ត ។ ប៉ុន្តែអំណរកំពុងរង់ចាំអ្នក បន្ទាប់ពីការលំបាកទាំងអស់ ។ អំណរជាអ្វីដែលទ្រង់មានព្រះទ័យប្រទានដល់យើងជានិច្ច ។