សម្រាប់តែឌីជីថលប៉ុណ្ណោះ ៖ យុវមជ្ឈិមវ័យ
ការយកឈ្នះលើការបាក់ទឹកចិត្ត
មនុស្សគ្រប់គ្នាមានការបាក់ទឹកចិត្ត ប៉ុន្តែក្តីបារម្ភរ៉ាំរ៉ៃអំពីបរាជ័យ ពុំគ្រាន់តែបញ្ឈប់ភាពរីកចម្រើនរបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងផ្តល់ផលអាក្រក់ដល់សុខភាពផ្លូវចិត្តរបស់អ្នកទៀតផង ។
គំនិតមិនពិត #១ ៖ យើងទាំងអស់គ្នាកើតមកដើម្បីសប្បាយ ។
គំនិតមិនពិត #២ ៖ យើងនឹងពុំដែលទទួលបានអ្វីដែលយើងត្រូវការដើម្បីមានភាពរីករាយឡើយ ដូច្នេះហេតុអ្វីយើងចាំបាច់ព្យាយាមធ្វើអ្វី ?
លទ្ធផលនៃគំនិតមិនពិតទាំងពីរនេះគឺបំបាក់ទឹកចិត្ត—យើងទទួលអារម្មណ៍នេះ ពេលយើងពុំបានសម្រេចតាមការរំពឹងទុកដែលយើងបានដាក់សម្រាប់ខ្លួនយើង ឬសូម្បីតែពេលយើងពុំបានរំពឹងទុកនូវអ្វីសោះ ហើយគ្រាន់តែទទួលយកស្ថានភាពបច្ចុប្បន្នរបស់យើង ។ ជារឿយៗបរាជ័យកើតឡើងមុនការបាក់ទឹកចិត្ត ទោះជាយើងមានអារម្មណ៍ថា យើងកើតមកដើម្បីបរាជ័យក្តី ថាយើងពុំអាចធ្វើបានតាមការរំពឹងទុករបស់យើងទេ ឬថាយើងបានធ្វើអស់សមត្ថភាពរបស់យើងហើយ តែវានៅតែពុំបានផលដូចយើងចង់បានទេ ។
ប៉ុន្តែការបាក់ទឹកចិត្តគឺជាផ្នែកនៃជីវិត ហើយតាមពិតទៅវាអាចមានប្រយោជន៍ ពេលយើងរៀនពីរបៀបដើម្បីយកឈ្នះលើវា ។ ដូច្នេះនេះជាចំណុចគន្លឹះ ១០ យ៉ាង ស្តីពីរបៀបបង្វែរការបាក់ទឹកចិត្តរបស់អ្នកទៅរកភាពរីកចម្រើន ៖
-
ទទួលស្គាល់ភាពបរាជ័យ ហើយទទួលយកការទទួលខុសត្រូវដែលអ្នកមាននៅក្នុងបរាជ័យនោះ ។ មែនហើយ មានគ្រាជាច្រើនដែលរឿងនានាបានកើតឡើងពុំតាមការរំពឹងទុករបស់យើង ហើយយើងពុំអាចគ្រប់គ្រងវាបាន ប៉ុន្តែភាគច្រើន យើងអាចធ្វើអ្វីមួយផ្សេងទៀត ។ សូមព្យាយាមរៀនពីបរាជ័យរបស់អ្នក ។
-
សូមអធិស្ឋានអំពីវា ។ សូមអធិស្ឋាន តែពុំចាំបាច់អធិស្ឋានសូមឲ្យរឿងគ្រប់យ៉ាងបានល្អ ដើម្បីឲ្យអ្នកបានសប្បាយម្តងទៀតនោះទេ ប៉ុន្តែអធិស្ឋានដើម្បីយល់ ដើម្បីរកឃើញមេរៀន និងដើម្បីរកឃើញឥរិយាបថវិជ្ជមាន ដើម្បីអ្នកអាចបោះជំហានទៅមុខទៀត ។
-
ដោះស្រាយបញ្ហា ការបារម្ភគឺជាការឥតប្រយោជន៍ ។ សូមព្យាយាមប្តូរការគិតរបស់អ្នកពីផ្នែកខាងសតិអារម្មណ៍នៃខួរក្បាលរបស់អ្នកទៅរកភាពសមហេតុសមផលមួយ—ដើម្បីអ្នកអាចប្រមូលធនធាននានាដើម្បីរៀបចំផែនការ ។
-
សូមអធិស្ឋានម្តងទៀត ។ ពេលអ្នកមានផែនការល្អមួយដើម្បីជួយអ្នកឲ្យយកឈ្នះលើការបាក់ទឹកចិត្ត នោះសូមអធិស្ឋានសូមការបញ្ជាក់ថា ផែនការរបស់អ្នកគឺជាផែនការល្អមួយ ។ ព្រះអម្ចាស់នឹងជួយអ្នកឲ្យបោះជំហានទៅមុខ ហួសពីបរាជ័យដែលបានបណ្តាលឲ្យបាក់ទឹកចិត្តតាំងពីដំបូងទៅទៀត ។
-
ចូរទៅធ្វើការ ។ ប្រសិនបើអ្នកបាត់បង់ការងារ ចូរខិតខំរកការងារថ្មីរៀងរាល់ថ្ងៃ ដោយចំណាយពេលរកការងារនោះដូចចំនួនម៉ោងដែលអ្នកធ្លាប់ធ្វើការងារចាស់របស់អ្នកដែរ ។ ប្រសិនបើបញ្ហាវាកើតមកពីទំនាក់ទំនង ចូរទៅដោះស្រាយទំនាក់ទំនងនោះ ។ ទោះជាអ្វីក៏ដោយដែលអ្នកកំពុងពុះពារយកឈ្នះ—ជាពិសេសប្រសិនបើវាជាអំពើបាប ដែលបណ្តាលឲ្យអ្នកបាក់ទឹកចិត្ត—សូមខិតខំផ្លាស់ប្តូរ ហើយបំពេញឲ្យបាននូវគោលដៅតូចៗ ។
-
ធ្វើកិច្ចការនោះមួយម្តងៗ ។ សូម្បីតែគោលដៅដែលជាផ្នែកមួយនៃផែនការរបស់អ្នក គួរតែជាគោលដៅតូច ហើយគួរតែជំរុញអ្នកឲ្យទៅរកទិសដៅត្រឹមត្រូវ ។
-
សូមប្រើបណ្តាញគាំទ្ររបស់អ្នក ។ មិត្តភក្ដិ និងគ្រួសារគឺជាធនធានដ៏អស្ចារ្យបំផុត ។ សូមឲ្យពួកគេដឹងពីស្ថានភាពរបស់អ្នក ដោយកុំធ្វើដូចជាកំសត់ពេក ។ មិត្តភក្ដិពិតប្រាកដនឹងស្តាប់ ហើយគាំទ្រ ។ ជួនកាលការស្តាប់ដ៏ល្អអាចធ្វើឲ្យមានការផ្លាស់ប្តូរទាំងស្រុង ។
-
ចូរសូមការប្រសិទ្ធពរបព្វជិតភាពមួយ ។ ការទទួលការប្រសិទ្ធពរបព្វជិតភាពពុំមានចំនួនកំណត់ទេ ។ ប្រសិនបើអ្នកត្រូវការការប្រសិទ្ធពរ ចូរសូមការប្រសិទ្ធពរ ។
-
ចូរស៊ូទ្រាំដោយអត់ធ្មត់ ។ ជួនកាល វាត្រូវការពេលមួយរយៈដើម្បីឲ្យគ្រាដ៏អាក្រក់នោះកន្លងផុតទៅ ។
-
ចូររាប់ព្រះពររបស់អ្នក ។ សូមធ្វើបញ្ជីមួយអំពីអ្វីគ្រប់យ៉ាងដែលអ្នកមានអំណរគុណ ។ បន្ថែមទៅក្នុងបញ្ជីនោះរៀងរាល់ថ្ងៃ ហើយចូរដឹងថា នៅទីបំផុតសុភមង្គលកំពុងរង់ចាំយើងទាំងអស់គ្នា ។
មែនហើយ ជីវិតមានការលំបាក ។ វាលំបាកសម្រាប់យើងទាំងអស់គ្នា ។ ទោះជាយ៉ាងណាក៏ដោយ សេចក្ដីជំនឿរបស់យើងរីកចម្រើន ពេលយើងប្រតិកម្មចំពោះការសាកល្បងរបស់យើងតាមរបៀបវិជ្ជមានមួយ ។ យើងទំនងជាទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះសម្រាប់យើង ដោយសារយើងកំពុងរីកចម្រើន ចូរធ្វើឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ហើយទូលសូមជំនួយរបស់ទ្រង់ ។