ការអធិស្ឋានជាមួយ ហ្វីលីព
អ្នកនិពន្ធរស់នៅរដ្ឋកាលីហ្វូញ៉ា ស.រ.អា. ។
តើ « ការនិយាយពីព្រះគុណ » មានន័យដូចម្ដេច ?
« អធិស្ឋានជានិច្ច » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:៣៨ ) ។
វាជាលើកដំបូងដែលហូសែហ្វមកផ្ទះរបស់ហ្វីលីព ។ ពួកគេមានពេលដ៏រីករាយមួយក្នុងការរៀបក្រដាស់កាតុងធ្វើជាយាន្តអវកាស ។ ពួកគេថែមទាំងបានផាត់ពណ៌រូបអណ្តាតភ្លើងដ៏ស្អាតនៅលើវាទៀតផង ។ ពេលម្តាយហ្វីលីពបានស្រែកហៅពួកគេឲ្យទៅបរិភោគអាហារពេលល្ងាច នោះហូសែហ្វបានដើរតាមហ្វីលីពទៅក្នុងផ្ទះបាយ ។
ឪពុកហ្វីលីពបាននិយាយថា « ប៉ានឹងពោលពាក្យពីព្រះគុណ » ។
តើឃ្លានោះមានន័យដូចម្តេច ? ហូសែហ្វបានឆ្ងល់ ។ គាត់បានមើលហ្វីលីព និងគ្រួសាររបស់គាត់ ពេលពួកគេម្នាក់ៗបានយកដៃប៉ះថ្ងាសរបស់ពួកគេ បន្ទាប់មកប៉ះនៅពាក់កណ្តាលទ្រូងរបស់ពួកគេ រួចប៉ះខាងឆ្វេង និងខាងស្តាំ ។ ហូសែហ្វមិនធ្លាប់ឃើញនរណាម្នាក់ធ្វើបែបនេះពីមុនទេ ។
ហ្វីលីពបានលាដៃគាត់មក ។ ហូសែហ្វបានមើលជុំវិញគាត់ ហើយបានឃើញគ្រួសារទាំងមូលរបស់ហ្វីលីពកាន់ដៃគ្នា ហើយឱនក្បាលរបស់ពួកគេ ។ តើពួកគេនឹងអធិស្ឋានឬ ? តើនោះជាអត្ថន័យនៃការនិយាយថា « ការនិយាយពីព្រះគុណ » ឬ ? ហូសែហ្វបានឆ្ងល់ ។
ហូសែហ្វពុំចង់ឲ្យហ្វីលីពមានអារម្មណ៍ឈឺចាប់ទេ ដូច្នេះគាត់បានកាន់ដៃហ្វីលីព ។ ឪពុករបស់ហ្វីលីពបានចាប់ដៃម្ខាងទៀតរបស់ហូសែហ្វ ហើយបន្ទាប់មកបានចាប់ផ្តើមអធិស្ឋាន ។
« ឱព្រះអម្ចាស់អើយ សូមប្រទានពរដល់ពួកយើង… »
ពីមុនពួកគេអង្គុយចុះ ហ្វីលីព និងគ្រួសាររបស់ពួកគេបានយកដៃប៉ះថ្ងាស និងទ្រូងរបស់ពួកគេដូចពួកគេធ្វើពីមុន ។
ពេលហូសែហ្វទៅដល់ផ្ទះវិញ ម៉ាក់បានសួរគាត់ ។
« តើកូនសប្បាយដែរទេ ? » ម៉ាក់បានសួរ ។
ហូសែហ្វបានតបដោយស្ងាត់ៗថា « សប្បាយ » ។ គាត់ ពិតជា មានគ្រាដ៏សប្បាយរីករាយមួយ ។ យាន្តអវកាសគឺអស្ចារ្យណាស់ ហើយនំប៊ើហ្គើរក៏ឆ្ងាញ់ដែរ ។ ប៉ុន្តែគាត់មានកង្វល់ក្នុងចិត្តគាត់ ។
ម៉ាក់បានមើលទៅគាត់យ៉ាងជិត ។ « តើកូនមានរឿងអីហ្នឹង ។ តើមានអ្វីកើតឡើង ? »
« មែនហើយ… »
ហូសែហ្វមានចម្ងល់ជាច្រើន ។ គាត់បានបន្តគិតអំពីការអធិស្ឋាននោះ ។ ហេតុអ្វីវាខុសពីរបៀបដែលគាត់ និងគ្រួសារគាត់អធិស្ឋាន ?
គាត់បានសួរថា « ម៉ាក់ តើម៉ាក់អធិស្ឋានដូចម្តេចមុនពេលម៉ាក់ចូលជាសមាជិកព្រះវិហារនោះ ? » ហូសែហ្វបានប្រាប់គាត់អំពីការអធិស្ឋានរបស់គ្រួសារហ្វីលីព ។
ម៉ាក់បានតប « ស្តាប់មើលទៅពួកគេដូចជាពួកកាតូលិក ដូចម៉ាក់ធ្លាប់ធ្វើពីមុន ។ ពួកគេធ្វើសញ្ញានៃឈើឆ្កាងដោយប្រើដៃរបស់ពួកគេ ។ តើវាដូចជាឈើឆ្កាងយ៉ាងម៉េចទៅ ? វារំឭកថា ព្រះយេស៊ូវបានសុគតសម្រាប់ពួកយើង » ។
ហូសែហ្វបានញញឹម ។ « អញ្ចឹងហ្វីលីពជឿលើព្រះយេស៊ូវដែរមែនទេ ? »
ម៉ាក់បាននិយាយថា « ត្រឹមត្រូវហើយ ។ តើកូនចាំអ្វីដែលប៉ារបស់ហ្វីលីពបានថ្លែងនៅក្នុងការអធិស្ឋានដែរឬទេ ? »
ហូសែហ្វគិតអំពីវា ។ « គាត់បានថ្លែងអំណរគុណព្រះសម្រាប់អំណោយដែលទ្រង់បានប្រទានដល់ពួកយើង…ហើយគាត់បាននិយាយអំពីព្រះគ្រីស្ទ ! »
« ឃើញទេ ? » ម៉ាក់បាននិយាយទាំងញញឹម ។ « យើងមិនខុសគ្នាប៉ុន្មាននោះទេ ។ ម៉ាក់សប្បាយចិត្តដែលកូនអាចអធិស្ឋានជាមួយគ្រួសាររបស់ហ្វីលីព ។
ពីរបីថ្ងៃក្រោយមក ហ្វីលីពបានមកលេងហូសែហ្វ ។ ពួកគេបានលេងនៅខាងក្រៅផ្ទះ ពេលដែលឪពុកហូសែហ្វបានហៅពួកគេឲ្យមកទទួលទានអាហារពេលល្ងាច ។ ពោះរបស់ហូសែហ្វបានកូរពេលពួកគេរត់ទៅក្នុងផ្ទះបាយ ។
ហូសែហ្វបាននិយាយថា « ខ្ញុំឃ្លានណាស់ ! » ។
ហ្វីលីពបាននិយាយថា « ខ្ញុំក៏ឃ្លានដែរ » ។
គ្រប់គ្នាបានអង្គុយតាមកន្លែងរៀងៗខ្លួនជុំវិញតុ ។ ហ្វីលីពអង្គុយក្បែរហូសែហ្វ ។ ហ្វីលីពបានធ្វើសញ្ញាឈើឆ្កាង ហើយលាតដៃគាត់ទៅរកហូសែហ្វ ។
ហូសែហ្វបាននិយាយថា « នេះជារបៀបយើងអធិស្ឋាននៅផ្ទះរបស់យើង ។ យើងឱបដៃ បិទភ្នែក ឱនក្បាល ហើយអធិស្ឋាន ។
« មានតែប៉ុណ្ណឹងទេឬ ? »
« ហ្នឹងហើយមានតែប៉ុណ្ណឹងទេ » ។
ហ្វីលីពបាននិយាយថា « ស្រួលណាស់ » ។
ហូសែហ្វបានបិទភ្នែក ហើយញញឹម ។ គាត់សប្បាយចិត្តដែលគាត់អាចអធិស្ឋានជាមួយមិត្តភក្តិរបស់គាត់ ។
ខ្ញុំមានមិត្តភក្តិនៅសាលារៀនដែលជាពួកកាតូលិក និងម៉ូស្លីម ហើយយើងទាំងអស់គឺជាមិត្តភក្តិល្អនឹងគ្នា ដោយសារនោះជារបៀបដែលព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ។
អេលីស្សាប៊ែត អេ អាយុ ៨ ឆ្នាំ ទីក្រុង វ៉េស មីតឡែន ប្រទេសអង់គ្លេស