ម៉ារា អ្នកត្រួសត្រាយ
អ្នកនិពន្ធរស់នៅរដ្ឋតិចសាស ស.រ.អា. ។
ខែតុលា ឆ្នាំ ២០១៨ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
ម៉ារាបានដាក់ឡេវសំពត់របស់នាង ហើយឆ្លុះកញ្ចក់ ។ គាត់មានអារម្មណ៍អស់សំណើចក្នុងការពាក់សម្លៀកបំពាក់ទៅព្រះវិហារនៅថ្ងៃសៅរ៍ ប៉ុន្តែនេះគឺជាថ្ងៃសៅរ៍មួយដ៏ពិសេស ។ វាជាសន្និសីទទូទៅ ។
« តើកូនរំភើបចិត្តចូលរួមសម័យប្រជុំស្ត្រីដែរឬទេ ? » ម៉ាក់បានសួរ ។ គាត់បានសិតសក់ឲ្យម៉ារាថ្មមៗ ។ « ម៉ាក់ចង់ឲ្យកូនព្យាយាមស្តាប់ឲ្យបានច្រើនតាមដែលកូនអាចស្តាប់បាន » ។
« ចាស៎ ! កូនសង្ឃឹមថា ពួកគេនឹងនិយាយអំពីរឿងរបស់ពួកអ្នកត្រួសត្រាយ ! » ម៉ារាចូលចិត្តរឿងទាំងនោះខ្លាំងបំផុត ។
ម៉ាក់បាននិយាយថា « ប្រហែលជាពួកគេនឹងនិយាយរឿងនោះ ។ តើកូនដឹងទេថា ប៉ារបស់កូនគឺជាអ្នកត្រួសត្រាយ ? »
ម៉ារាបានឆ្ងល់ ។ ប៉ារបស់នាងពុំធ្លាប់អូសរទេះទេ ។
នាងបានសួរថា « តើគាត់គឺជាអ្នកត្រួសត្រាយដោយរបៀបណា ? »
ម៉ាក់បានងក់ក្បាលបែរទៅបង្អួច សម្លឹងមើលទៅទន្លេ ។ « គាត់បាននេសាទត្រីនៅទីនោះ ពេលគាត់បានជួបពួកអ្នកផ្សព្វផ្សាយសាសនា » ។ ម៉ាក់បាននិយាយថា « គាត់គឺជាមនុស្សដំបូងគេដែលទទួលបុណ្យជ្រមុជទឹកនៅក្នុងគ្រួសាររបស់គាត់ ។ នោះហើយដែលធ្វើឲ្យគាត់គឺជាអ្នកត្រួសត្រាយនោះ ! ឥឡូវតោះទៅរកលោកយាយកូន » ។
យាយ កំពុងរង់ចាំពួកគេនៅមុខបន្ទប់ ។ គ្រួសាររបស់ម៉ារា និងយាយតារបស់នាងរស់នៅជាមួយគ្នា ។ យាយបានជួយមើលថែម៉ារាបន្ទាប់ពីនាងត្រឡប់មកពីរៀនវិញ ខណៈដែលប៉ាម៉ាក់របស់នាងទៅធ្វើការ ។ ឥឡូវយាយឈរនៅក្បែរម៉ូតូធំ គឺម៉ូតូធំដែលដឹកពួកគេធ្វើដំណើរជុំវិញទីក្រុង ។
ម៉ាក់បានប្រាប់ម៉ារា ពេលគាត់បើកទ្វារផ្ទះ ហើយទាញម៉ូតូចេញទៅផ្លូវថា « សាសនាចក្រទើបតែបានមកដល់ប្រទេសកម្ពុជារយៈពេល ២៥ ឆ្នាំប៉ុណ្ណោះ ។ ដូច្នេះពួកយើងទាំងអស់គ្នាគឺជាពួកអ្នកត្រួសត្រាយ ។ រួមទាំងកូនផងដែរ ! »
« តើខ្ញុំជាអ្នកត្រួសត្រាយដោយរបៀបណាទៅ ? » ម៉ារាបានឆ្ងល់ពេលនាងឡើងជិះលើម៉ូតូ ។ ម៉ាក់បានបើកម៉ូតូជាមួយយាយជិះនៅពីក្រោយ ហើយម៉ារាជិះនៅកណ្តាល ។ ម៉ារាបានកាន់ម៉ូតូយ៉ាងណែន ពេលពួកគេធ្វើដំណើរតាមដងផ្លូវដែលមានមនុស្សច្រើន ។
ពេលពួកគេបានជិះហួសហាងកាហ្វេ ក្លិនតែបានរសាត់មកប៉ះនឹងពួកគេ ។ ប្រជាជននៅទីនេះស្ទើរតែទាំងអស់គ្នាផឹកទឹកតែ ។ ប៉ុន្តែម៉ារាមិនផឹកទេ ។ នាងបានធ្វើតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ ម៉ារាបានញញឹម ។ នោះគឺជារបៀបមួយដែលនាងគឺជាអ្នកត្រួសត្រាយ !
ពេលម៉ូតូបត់ដល់កាច់ជ្រុងមួយ ម៉ារាបានឃើញ វត្ត មួយគឺជាវត្តព្រះពុទ្ធ ។ ជាអគារមានដំបូលក្រហមស្រួចដែលខ្ពស់ជាងអគារផ្សេងៗទៀត ។ ព្រះសង្ឃកោរសក់ គ្រងស្បង់ពណ៌លឿងគង់សិក្សានៅក្នុងទីធ្លាវត្ត ។
ម៉ារាដឹងថា ប្រជាជនភាគច្រើននៅក្នុងប្រទេសកម្ពុជាគឺជាពុទ្ធសាសនិក ។ ពួកគេពុំជឿលើព្រះយេស៊ូវគ្រីស្ទទេ ។ ប៉ុន្តែម៉ារាបានជឿ ។ ម៉ារាបានគិតថា « នោះគឺជារបៀបមួយដែលខ្ញុំគឺជាអ្នកត្រួសត្រាយ » ។ ហើយថ្ងៃនេះនាងនឹងបានស្តាប់ព្យាការី !
ពេលម៉ូតូបត់ចូលទៅចំណតនៅព្រះវិហារ ម៉ារាបានឃើញស្ត្រីជាច្រើនបានមកដល់ ។ មានអ្នកខ្លះដើរមក ឬជិះម៉ូតូមក ។ អ្នកផ្សេងទៀតបានមកដល់ដោយជិះ រម៉កកង់បី ជារម៉ក់តូចមួយដែលមានម៉ូតូសណ្តោង ។ ស្ត្រីជាច្រើនស្លៀកពាក់រ៉ូប ឬសំពត់លាតដូចម៉ារាដែរ ។ ហើយស្ត្រីខ្លះទៀតស្លៀក សំពត់ វែងដ៏ស្រស់ស្អាតដែលធ្វើមកពីក្រណាត់មានពណ៌ចម្រុះ ។
ម៉ារា ម៉ាក់ និងយាយអង្គុយនៅក្នុងសាលាជំនុំជាមួយស្ត្រីផ្សេងទៀត ។ តាមពិតទៅ សន្និសីទបានប្រារព្ធឡើងកាលពីមួយសប្តាហ៍មុននៅទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ ស.រ.អា. ។ ប៉ុន្តែឥឡូវនេះប្រជាជននៅក្នុងប្រទេសកម្ពុជាអាចមើលការចាក់ផ្សាយជាភាសាខ្មែរ ។ ម៉ារានិយាយទាំងភាសាអង់គ្លេស និងភាសាខ្មែរនៅផ្ទះ ហើយនាងក៏រៀនភាសាបារាំងនៅសាលារៀនផងដែរ ។ ប៉ុន្តែប្រជាជនខ្មែរជាច្រើននាក់និយាយតែភាសាខ្មែរ ។
អ្នកនិយាយដំបូងពុំបាននិយាយរឿងអំពីពួកអ្នកត្រួសត្រាយឡើយ ។ ប៉ុន្តែក្រោយមកអ្នកនិយាយទីពីរ បានប្រាប់រឿងមួយអំពីការដើរតាមផ្លូវដែលមានដីហុយពីសាលារៀនទៅផ្ទះរបស់គាត់ ។ ផ្លូវនោះត្រូវបានហៅថា « ការសាកល្បងរបស់ក្មេងប្រុស » ហើយជួនកាលគាត់ត្រូវដោះស្បែកជើង ហើយដើរដោយជើងទទេ ។ គាត់ចង់ធ្វើរឿងលំបាកៗ ដូច្នេះគាត់អាចក្លាយជាអ្នកត្រួសត្រាយ ! ម៉ារាបានញញឹម ពេលគាត់បានគិតអំពីរបៀបនានាដែល គាត់ គឺជាអ្នកត្រួសត្រាយ ។
អ្នកនិយាយចុងក្រោយគឺជាព្យាការី ។ លោកឈរយ៉ាងខ្ពស់ ។ ម៉ារាបានស្តាប់យ៉ាងយកចិត្តទុកដាក់ថែមទៀត ។ លោកបានមានប្រសាសន៍ថា « ខ្ញុំសូមអញ្ជើញបងប្អូនឲ្យអានព្រះគម្ពីរមរមនចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ។ នោះស្ថានសួគ៌នឹងបើកឡើងសម្រាប់បងប្អូន ។ ព្រះអម្ចាស់នឹងប្រទានពរដល់បងប្អូន » ។
ម៉ារាបានដឹងថា វាមិនងាយស្រួលដើម្បីអានព្រះគម្ពីរមរមនទាំងអស់ឡើយ ។ នាងបានក្រឡេកមើលស្ត្រីនៅជុំវិញនាង ។ ពួកគេទាំងអស់គ្នាបានជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ ពួកគេទាំងអស់គ្នាបានមកយប់នេះដើម្បីស្តាប់ព្យាការី ។ នាងនឹងធ្វើតាមព្យាការី ដូចពួកគេធ្វើតាមដែរ ។ នាងនឹងក្លាយជាអ្នកត្រួសត្រាយ ។