២០១៩
ថ្ងៃ​ធ្វើ​ការដ៏ល្អ​បំផុត​របស់​ខ្ញុំ !
ខែ កក្កដា ឆ្នាំ ២០១៩


ថ្ងៃ​ធ្វើ​ការដ៏ល្អ​បំផុត​របស់​ខ្ញុំ !

ពេល​អ្នក​រៀន​ស្រឡាញ់ និង​ផ្តល់​តម្លៃ​ដល់​ការងារ នោះ​អ្នក​ក៏​រក​ឃើញ​​ប្រភពដ៏អស្ចារ្យ​នៃ​អំណរ ។

apron, bread, baking hat

រូបថត​មក​ពី Getty Images

កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ទៅ​សាវនដ្ឋាន​នៃ​មហា​វិទ្យាល័យ​ឈើចឈីល​នៃ​សាកលវិទ្យាល័យ​ខេម​ប្រ៊ីច​នៅ​ប្រទេស​អង់គ្លេស សម្រាប់​ការប្រជុំ​ប្រចាំ​ឆ្នាំ​មួយ​សម្រាប់​ក្រុម​ហ៊ុន​ដែល​ខ្ញុំ​ធ្វើការ ។​ នៅ​ក្នុង​ឱកាស​នោះ ខ្ញុំ​​បាន​មាន​ឯកសិទ្ធិ​ទទួល​រង្វាន់​មួយ​ពី​ប្រធាន និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ជំនួស​មុខ​ឲ្យ​ក្រុម​ការងារ​របស់​ខ្ញុំ​សម្រាប់​កិច្ចការ​ដ៏​ឆ្នើម​ដែល​យើង​បាន​ធ្វើ​នា​ឆ្នាំ​នោះ ។

ពេល​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​មក​ពី​ជុំ​វិញ​ពិភពលោក ដែល​តំណាង​ឲ្យ​បុគ្គលិក​ ៨០០០០ នាក់ បាន​ទះ​ដៃ​របស់​ពួកគេ​ ហើយ​សរសើរ​ក្រុម​ការងារ​របស់​យើង​សម្រាប់​សមិទ្ធិផល​នោះ ខ្ញុំ​បាន​គិត​ថា « នេះ​ជា​ថ្ងៃ​ធ្វើ​ការដ៏ល្អ​បំផុត​របស់​ខ្ញុំ ! » បរិយា​កាស​នៅ​គ្រា​នោះ​គឺ​សប្បាយ​រីករាយ​ណាស់ ។

នំបុ័ងដែល​បាន​ចែក

ប៉ុន្តែ​ក្រោយ​មក ខ្ញុំ​បាន​គិត​ដល់​គ្រា​ដំបូង​កាល​ពី​ថ្ងៃ​ខ្ញុំ​ចូល​ធ្វើ​ការកាល​ពី ៤០ ឆ្នាំ​មុន ។ ឪពុក​របស់​ខ្ញុំ​មាន​ហាង​លក់​នំបុ័ង​មួយ ហើយ​ដុត​នំបុ័ង​​លក់​ចែកចាយ​ដល់​ផ្សារ​តូចៗ​ជា​ច្រើន​នៅក្នុង​ទីក្រុង​របស់​យើង​នៅ​ប្រទេស​ប្រេស៊ីល​ភាគ​ខាង​ត្បូង ។ កាល​ខ្ញុំ​នៅ​តូច ខ្ញុំ​បាន​យំ​រំអុក​ឪពុក​ខ្ញុំ​ឲ្យ​យក​ខ្ញុំ​ទៅ​ធ្វើ​ការជាមួយ​គាត់​ដែរ ។ ទីបំផុត​នៅ​ថ្ងៃ​មួយ​គាត់​បាន​យក​ខ្ញុំ​ទៅមែន !

ម្តាយ​ខ្ញុំ​បាន​ដេរ​អាវ​អៀម​​ពណ៌ស​តូច​មួយ និង​មួក​អ្នក​ដុត​នំ​បុ័ង​មួយ​សម្រាប់​ខ្ញុំ ហើយ​ឪពុក​ខ្ញុំ និង​ខ្ញុំ​បាន​ទៅ​ហាង​ដុត​នំបុ័ង ។ យើង​បាន​លាយ និង​រៀបចំ​ម្សៅ​ជាមួយ​គ្នា រៀប​រាង​នំបុ័ង​ធ្វើ​ជា​ដុំ​តូចៗ​ដោយ​ដៃ​យើង ហើយ​ដាក់​ដុំ​នំបុ័ង​នោះ​ទៅក្នុង​ឡ​ឥដ្ឋ ។ ពេល​នំ​បុ័ង​ឆ្អិន យើង​បាន​ប្រើ​ច្រវ៉ា​ឈើ​វែង​មួយ ដើម្បី​យក​នំបុ័ង​ចេញ​ដោយ​ប្រុង​ប្រយ័ត្ន ។ យើង​បាន​ចាំ​មួយ​សន្ទុះ បន្ទាប់​មក​យើង​បេះ​នំបុ័ង​ដែល​នៅ​ក្តៅៗ​នោះ​ចែក​គ្នា ។ វា​មាន​រស​ជាតិ​ឆ្ងាញ់​ណាស់ ។

ដោយ​គិត​ពី​រឿង​នោះ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ការទទួល​បាន​រង្វាន់​នៅ​សាកលវិទ្យាល័យ​ខេម​ប្រ៊ីច​គឺ​ជា​ថ្ងៃ​ធ្វើ​ការ​ដ៏​ល្អ​បំផុត​ទី​ពីរ​របស់​ខ្ញុំ ។ ថ្ងៃ​ដ៏​ល្អ​បំផុត និង​មាន​សុភមង្គល​បំផុត​នៅ​កន្លែង​ធ្វើ​ការ​គឺ​នៅក្នុង​ស្ថានភាពមួយ​កាន់តែ​រាបសា ៖ នៅ​ហាង​ដុត​នំបុ័ង​តូច​មួយ​ដោយ​គ្មាន​ភ្ញៀវ ឬ​អ្នក​ឈរ​គាំទ្រ​ដោយ​ការទះ​ដៃ​អ្វីទេ ។ គឺ​មានតែ​ខ្ញុំ និង​ឪពុក​របស់​ខ្ញុំ​ប៉ុណ្ណោះ ។ នៅ​ថ្ងៃ​នោះ លោក​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ស្រឡាញ់ និង​ផ្តល់​តម្លៃ​លើ​ការងារ ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​អារម្មណ៍​អំណរ​នៃ​ការធ្វើ​អ្វី​មួយ​​មក​ពី​វិជ្ជាធ្វើ​ម្ហូប​ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់ ។ ខ្ញុំ​បាន​រៀន​ថា ការខិតខំ​ធ្វើការ​គឺ​​ល្អ​សម្រាប់​រាងកាយ និង​ព្រលឹង ។

ការងារ​គឺ​ជា​ពរជ័យ

ពេល​ព្រះអម្ចាស់​បានមាន​បន្ទូល​ប្រាប់​ អ័ដាម និង​អេវ៉ា​ថា « ឯង​នឹង​បាន​អាហារ​ស៊ី​ដោយ​ការ​បែក​ញើស » ( លោកុប្បតិ ៣:១៩ ) នោះ​ទ្រង់​ហាក់ដូចជា​វាយ​ផ្ចាល់​ពួកគេ ។ តាម​ពិត​ទៅ ទ្រង់​កំពុង​ផ្តល់​ឱកាស​ដល់​ពួកគេ​ឲ្យ​ដក​ពិសោធន៍​អំណរ និង​បំពេញ​ការញាណ​ដឹង​នៃ​ការក្លាយ​ជា​មាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន នៃ​ការផ្តល់​ដល់​ការចង់​បាន និង​តម្រូវការ​របស់​ពួកគេ ។

ភាគច្រើន​យើង​មើល​ទៅ​ការងារ​ថា ជា​របៀប​មួយ​ដើម្បី​ផ្គត់ផ្គង់​ខាងសាច់ឈាម​ដល់​ខ្លួន​យើង និង​គ្រួសារ​យើង ឬ​ប្រហែល​ជា​របៀប​មួយ​ដើម្បី​តម្រូវ​ឲ្យ​មាន​ក្នុង​ស្ថានភាព​សង្គម​ដោយ​ត្រូវ​មាន​មុខ​របរ​មួយ​ធំដុំ ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នោះ​គឺ ព្រះសព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ​ការ ដើម្បី​យើង​អាច​ទទួល​បាន​ស្មារតី​រឹងប៉ឹង​នៃ​ការបំពេញ​កិច្ចការ នៅពេល​យើង​បំពេញ​ការងារ បង្កើត​អ្វី​មួយ​ថ្មី ជួសជុល ឬ​កែលម្អ​អ្វី​ដែល​យើង​មាន​ហើយ ហើយ​បន្ថែម​តម្លៃ​ដល់​ពិភពលោក​ដែល​យើង​រស់នៅ ។​

ដោយ​និយាយ​ពី​ខាង​វិញ្ញាណ ជីវិត​ដែល​ផ្តោត​លើ​ដំណឹងល្អ​គឺ​រួម​បញ្ចូល​ពី​ការធ្វើការងារ​ជានិច្ច ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « ជីវិត​ដែល​លះបង់​គឺ​ត្រូវ​បំពេញ​ការងារ ជួនកាល​ត្រូវ​ធ្វើ​ការងារ​ដដែល ជួនកាល​ការងារ​ដែល​មិន​រីករាយ ជួនកាល​ជា​ការងារ​ដែល​មិន​គួរ​ឲ្យ​មាន​អំណរគុណ ប៉ុន្តែ​តែងតែ​ធ្វើ​ការ​ដែល​កែលម្អ ឲ្យ​មាន​សណ្តាប់ធ្នាប់ ឲ្យ​មាន​ការគាំទ្រ ការលើក​ទឹកចិត្ត ការផ្តល់​ការងារ​បម្រើ ស្វែងរក​អ្វី​ដែល​ប្រសើរ​ឡើង » ។

កាល​នៅ​ក្មេង​ប្រហែល​មាន​គេ​សួរ​អ្នក​ថា « តើ​​អ្នក​ចង់​ធ្វើ​អ្វី​នៅពេល​អ្នក​ធំឡើង ? » អំឡុង​​ពេល​វ័យ​ជំទង់ សំណួរ​នោះ​អាច​ដូរ​ទៅ​ជា​សួរ​ថា « តើ​អ្នក​នឹង​រៀន​អ្វី​នៅ​មហាវិទ្យាល័យ ? »

រីករាយ គោរព និង​គោលបំណង

ទោះបី​អ្នក​សម្រេច​ចិត្ត​ចាប់​យក​វិជ្ជាជីវៈ​អ្វី​ក៏​ដោយ ទោះបី​ជា​អ្នក​បាន​ការងារ​អ្វី​ធ្វើ​នៅ​ទី​បញ្ចប់​ក្តី ចូរ​ធ្វើ​ការងារ​របស់​អ្នក​ដោយ​ក្តី​រីករាយ ដោយ​គោរព និង​មាន​គោលបំណង ។ អ្នក​គួរតែ​ខិតខំ​ធ្វើ​ការ ហើយ​ព្យាយាម​សម្រេច​ឲ្យ​បាន​លទ្ធផល​ល្អ​​បំផុត​ជានិច្ច ។ ការ​មាន​ឥរិយាបទ​បែប​នេះ​ចំពោះ​ការងារ​​នឹង​ជួយ​អ្នក​​ឲ្យ​មាន​សុវត្ថិភាព​ទាំង​ខាង​សាច់​ឈាម ខាង​ផ្លូវ​ចិត្ត និង​ខាង​វិញ្ញាណ ។ ឱកាស​ធ្វើការ​គឺ​ជា​ពរជ័យ​មកពី​ព្រះអម្ចាស់ ។ ពេល​អ្នក​រៀនមាន​អំណរគុណ និង​​​ស្រឡាញ់​ការងារ នោះ​អ្នក​ក៏​រក​ឃើញ​សុភមង្គល និង​គោលបំណង​ដែល​កើត​មក​ពី​ភាព​ខ្លួន​ទីពឹង​ខ្លួន ។

ខ្ញុំ​អាច​នៅ​តែ​ស្តាប់​ការ​កោត​សរសើរ និង​ពាក្យ​លើក​ទឹកចិត្ត​របស់​ភ្ញៀវ​នៅ​សាកលវិទ្យាល័យ​ខេម​ប្រ៊ីច ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ពេញ​ចិត្ត​បំផុត​នោះ​គឺ​អនុស្សាវរីយ៍​នៃ​ថ្ងៃ​ដែល​ខ្ញុំ​នៅ​ហាង​នំបុ័ង​ជាមួយ​ឪពុក​របស់​ខ្ញុំ និង​ក្លិន​នៃ​ដុំ​នំបុ័ង​ពេល​វា​ចេញ​មក​ពី​ឡ ។

កំណត់​ចំណាំ

  1. ឌី ថត គ្រីស្តូហ្វឺសិន « Reflections on a Consecrated Life » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១៧ ។