២០១៩
ពួកយើង​គឺជា​សាក្សី ៖ ពួកសាវក​ដប់ពីរ​នាក់​បច្ចុប្បន្ន
ខែ កក្កដា ឆ្នាំ ២០១៩


ពួកយើង​គឺ​ជាសាក្សី ៖ ពួកសាវក​ដប់ពីរ​នាក់​បច្ចុប្បន្ន

ពួក​សាវក​សម័យ​ទំនើប​ចែកចាយ​យោបល់​របស់​ពួកលោក​ស្តីពី​ការហៅ​បម្រើ​ដ៏​ពិសិដ្ឋ​របស់​ពួកលោក ។

members of the Quorum of the Twelve Apostles

ថត​រូប​ដោយ​រូបថតប៊ូសាត

នៅក្នុង​រយៈពេល ១៨៩ ឆ្នាំ ចាប់តាំង​ពី​ការបង្កើត​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មក មាន​បុរស​ចំនួន ១០២ រូប​ត្រូវបាន​ហៅ​បម្រើ​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ទោះបីជា​ព្រះអម្ចាស់​បាន​ដឹកនាំ​ការផ្លាស់ប្តូរ​ជាច្រើន​នៅក្នុង​សាសនាចក្រ​ចាប់​តាំង​ពី​ពេល​នោះ​មក​ក្តី កាតព្វកិច្ច​គ្រឹះ​របស់​សាវក​នៅតែ​បន្ត​នៅ​ដដែល ។

នៅក្នុង​ការិយាល័យ​របស់​លោក​ក្បែរវិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ប្រធាន អិម រ័សុល បាឡឺដ ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​អំពី​​ការទទួលខុសត្រូវ​ខាង​វិញ្ញាណ​ដែល​បាន​ប្រទាន​ទៅ​ឲ្យ​ពួកសាវក ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ​នៅ​ជុំ​វិញ​ពិភពលោក អំពី​ទំនាក់ទំនង​ពិសេស​ដែល​ពួកលោក​ចែកចាយ​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​អំពីការយល់​ខុស​ជា​ទូទៅ​មួយ​ចំនួន​អំពី​ការធ្វើ​​ជា « សាវក អ្នកមើល​ឆុត និង​អ្នក​ទទួល​វិវរណៈ » ។ នៅពេល​បាន​សួរ​លោក​ថា តើ​មាន​សមាជិក​​​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ផ្សេង​ណា​ទៀត​ដែល​លោក ផ្តល់​អនុសាសន៍​ឲ្យ​ថ្លែង​ពី​ការហៅ​បម្រើ​ដ៏​ពិសិដ្ឋ​របស់​ពួកលោក សម្រាប់​ជា​ផ្នែក​មួយ​នៃ​អត្ថបទ​នេះ ប្រធាន​បាឡឺដ​បាន​ឆ្លើយ​យ៉ាង​លឿន​ថា « បាទ ។ គឺ​ពួកលោក​ទាំងអស់​គ្នា » ។

ការស្តាប់ និង​ការយល់​ចិត្ត​គ្នា

ឧបសគ្គ​​​ធំៗ​ប្រឈម​មុខ​នឹង​ពួកសាវក​បច្ចុប្បន្ន​នេះ ។ ពួកលោក​ផ្តល់​ការងារ​បម្រើ​ដល់​ក្រុម​ជំនុំ​នៅ​ទូទាំង​ពិភពលោក​ដែល​ជួប​នឹង​ការរំជើបរំជួល​ផ្នែក​នយោបាយ ការបែកបាក់​គ្រួសារ សម្ពាធ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​ឥតស្រាកស្រាន្ត និង​ភាព​ពុំ​ប្រាកដ​ប្រជា​ផ្នែក​សេដ្ឋកិច្ច ។ វា​សំខាន់​ដែល​ពួកសាវក​ត្រូវ​យល់​ពី​ឧបសគ្គ និង​កាលៈទេសៈ​នានា​ដែល​សមាជិក​​ប្រឈម​មុខ ។

ក្នុងនាម​ជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ ពួក​សាវក​ត្រូវ​ស្គាល់​មនុស្ស និង​កាលៈទេសៈ​របស់​ពួកគេ ដើម្បី​អាច​បម្រើ​ពួកគេ​បាន​ប្រសើរ​ឡើង ។

អែលឌើរ អូលីសេស សូរ៉េស បាន​មាន​ប្រសាសន៍​ថា « យើង​ត្រូវតែ​រៀន​ពី​រឿង​នានា​ដែល​ជះឥទ្ធិពល​ដល់​ជីវិត​របស់​មនុស្ស ។ ពួក​សាវក​ត្រូវ​ស្ថិត​នៅក្នុង​ដំណើរ​ការ​នៃ​ការរៀនសូត្រ ការសួរ​សំណួរ និង​ការទទួលការបំផុសគំនិត វិវរណៈ​ជាប់​ជានិច្ច​មួយ » ។

ប្រធាន​បាឡឺដ​បាន​មាន​ប្រសាសន៍​ថា វា​សំខាន់​ដូច​ទៅ​នឹង​ការ​យល់​នូវ​អ្វី​ដែល​សមាជិក​ប្រឈម​មុខ​ដែរ នោះ​វា​កាន់តែ​សំខាន់​ដើម្បី​ឲ្យ​ពួកសាវក​ស្តាប់​យ៉ាង​យក​ចិត្ត​ទុកដាក់​នូវ​សំឡេង​ដឹកនាំ​របស់​ព្រះ ហើយ​ដឹង​ពី​ព្រះទ័យ​ព្រះ ។ ប្រធាន​បាឡឺដ​បាន​មាន​ប្រសាសន៍​ថា « នេះ​គឺ​ជា​សាសនាចក្រ​របស់​ព្រះអម្ចាស់ ហើយ​ការអញ្ជើញ​សំខាន់​របស់យើង​គឺ​ត្រូវ​ប្រាកដ​ថា យើង​ដឹង​អ្វី​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​ធ្វើការ​នៅក្នុង​នគរ​ទ្រង់​នៅលើ​ផែនដីនេះ » ។

ពួកសាក្សី​ពិសេស

ពេល​សាវក​គ្រប់​រូប​ថ្លែង​អំពី​ការហៅ​បម្រើ​របស់​លោក វា​បង្ហាញ​យ៉ាង​ច្បាស់​ភ្លាម​ថា បញ្ហា​ផ្នែក​រដ្ឋបាល​ពុំ​មែន​ជា​កង្វល់​ចម្បង​របស់​ពួកលោក​ទេ ។ ការទទួលខុសត្រូវ​ចម្បង​របស់​ពួកលោក​គឺ​​ ពិតប្រាកដ​ដូច​ទៅ​នឹង​ការទទួល​ខុសត្រូវ​ដែល​តែងតែ​មាន​គឺ—ពួកលោក​​ត្រូវ​ធ្វើជា « សាក្សី​ដ៏​ពិសេស​ចំពោះ​ព្រះនាម​នៃ​ព្រះគ្រីស្ទ នៅ​ក្នុង​ពិភពលោក​ទាំងមូល » ( គ. និង ស. ១០៧:២៣ ) ។

ប្រធាន​បាឡឺដ​មាន​ប្រសាសន៍​ថា ការដឹកនាំ​ចុងក្រោយ​របស់​ព្រះអង្គសង្គ្រោះ​ដល់​ពួកសាវក​របស់​ទ្រង់ ( សូមមើល ម៉ាថាយ ២៨:១៩–២០ ) គឺ ចេញទៅ « បង្រៀន ថ្លែង​ទីបន្ទាល់ ធ្វើ​បុណ្យ​ជ្រមុជទឹក និងស្ថាបនា ព្រមទាំង​ពង្រឹង​សាសនាចក្រ​របស់​ទ្រង់ » ។

ការទទួលខុសត្រូវ​របស់​ពួក​សាវក​បច្ចុប្បន្ន​នេះ​ក៏​ពុំ​បាន​ផ្លាស់ប្តូរ​ដែរ ។ អែលឌើរ ដេវីឌ អេ បែដណា បាន​មាន​ប្រសាសន៍​ថា « រឿង​ដំបូង និង​សំខាន់​បំផុត​គឺគ្រប់​ពេល​ទាំងអស់ ពួកយើង​គឺជា​សាក្សី​នៃ​ការពិត​អំពី​ការមាន​ព្រះជន្មរស់​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ពួកយើង​ពុំមែន​ជា​អ្នក​គ្រប់គ្រង​ទេ ពួកយើង​គឺជា​អ្នក​ផ្តល់​ការងារ​បម្រើ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ » ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​មាន​ប្រសាសន៍​ថា ពួក​សាវក​​មាន​ការទទួលខុសត្រូវ​ « ដើម្បី​​ធ្វើ​ជា​ពួកសាក្សី​ដ៏​រស់​រវើក » ដែល​ទៅ « ពិភពលោក​ទាំងអស់ » ។ លោក​បាន​ថ្លែង​ថា « បើ​និយាយ​អំពីទីតាំង​ភូមិសាស្ត្រ យើង​ចង់​ឲ្យ​អង្គភាព​នៃ​សាសនាចក្រ​នេះ​ដែល​នៅ​សែន​ឆ្ងាយ​បំផុតទទួល​អារម្មណ៍​ថា មាន​តំណភ្ជាប់​ដ៏​ជិតស្និទ្ធិ​មួយ​រវាង​ពួកគេ និង​ព្យាការី​របស់​ព្រះអម្ចាស់ ។ គេ​តែង​និយាយ​ថា ‹ សាសនាចក្រ​ធ្វើ​ឲ្យ​ផែនដី​តូច › ។ ក្នុង​ករណី​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ពួកសាវក យើង​សង្ឃឹម​ថា ការណ៍​នេះ​​វា​អញ្ចឹង​មែន » ។

Christ appearing to His Apostles

ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ដោយ​ ហារី អាន់ឌើរសិន

ការឈោង​ទៅ​ជួយ​ដល់​គ្រប់​ស្តេក

អែលឌើរ ឃ្វីនថិន អិល ឃុក បាន​ពន្យល់​ថា រយៈពេល​បួន​ឆ្នាំ​ម្តង គ្រប់​ស្តេក និង​វួដ មណ្ឌល និង​សាខា​នៅក្នុង​សាសនាចក្រ មាន​សមាជិក​មួយ​រូប​នៃ​ពួក​ដប់ពីរ​នាក់​ទៅ​ទស្សនកិច្ច ហើយ​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​របស់​អង្គភាព​នោះ—ហើយ​បំពាក់បំប៉ន​ពួកគេ​អំពី​អាទិភាព​នៃ​ពួក​ព្យាការី ។

លោក​បាន​មាន​ប្រសាសន៍​ថា « សន្និសីទ​ថ្នាក់​ដឹកនាំ​បាន​អនុញ្ញាត​ឲ្យ​យើង​បំពេញ​ការ​ត្រាស់​បង្គាប់​ខាង​គោលលទ្ធិ​របស់​យើង​ ដើម្បី ‹ [ សាង ] សាសនាចក្រ​ឡើង និង [ កាន់កាប់ ] គ្រប់​ទាំង​កិច្ចការ​នៃ​សាសនាចក្រ​នៅ​គ្រប់​សាសន៍ › [ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៧:៣៤ ] ក្រោម​ការដឹកនាំរបស់​គណៈប្រធាន​ទី​មួយ ។

អែលឌើរ​បែដណា​បាន​មាន​ប្រសាសន៍​ជារួមថា បទពិសោធន៍​នៃការណែនាំ​ដ៏​មាន​ឥទ្ធិពល​ពី​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ជួយ​ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន​ទាំង​នេះ ពេល​ពួកគេ​ធ្វើការ​សម្រេច​ចិត្ត​សំខាន់ៗ ដើម្បី​លើក​ទឹកចិត្ត និង​ជួយ​ជ្រោមជ្រែង​ដល់​សមាជិក​ឲ្យ​ទប់ទល់​នឹង​ឧបសគ្គ​របស់​ពួកគេ ។

អែលឌើរ ជែរីត ដ័បុលយូ ហ្កង បាន​មាន​ប្រសាសន៍​ថា « ពេល​យើង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេងៗ យើង​ទទួល​អារម្មណ៍​នៃ​សេចក្តីល្អ​របស់​សមាជិក ។ យើង​ស្តាប់​ឮ​បទពិសោធន៍​នានា ហើយ​យើង​រៀន​​រឿង​នានា​ដែល​ជួយ​យើង​ឲ្យ​យល់ ពេល​យើង​ប្រឹក្សា​រួម​គ្នា​ជា​កូរ៉ុម អំពី​រឿង​ដែល​កំពុង​កើត​ឡើង​នៅក្នុង​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក និង​ក្រុម​ផ្សេង​នៅក្នុង​សាសនាចក្រ » ។

អែលឌើរឃុក​បាន​មាន​ប្រសាសន៍​ថា ការធ្វើ​ដំណើរ​ទៅ​សន្និសីទ​ថ្នាក់​ដឹកនាំ « ផ្តល់​ឱកាស​ដល់​ពួកយើង​ឲ្យ​ទាក់ទង​ជាមួយ​មនុស្ស​អស្ចារ្យ​ និង​គួរ​ឲ្យ​ស្រឡាញ់ » ។ យើង​ទៅ​ផ្ទះ​របស់​ពួកគេ ហើយ​យើង​មាន​ឱកាស​ផ្តល់​ការងារ​បម្រើ​ដល់​ពួកគេ ។… វា​គឺជាការ​ផ្តល់​ការងារ​បម្រើ​ដល់​ពួកបរិសុទ្ធ​ដែលធ្វើ​ឲ្យ​​រំជួល​ដួងចិត្ត​យើង​យ៉ាង​ខ្លាំង ។ លោក​បាន​មាន​ប្រសាសន៍​ថា « យើង​ធ្វើ​កិច្ចការ​នេះ​ដោយ​មាន​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ព្រះអង្គសង្គ្រោះ ព្រមទាំង​ជាមួយ​ចំណេះ​ដឹង​ដែល​បាន​រៀន​តាមរយៈ​បទពិសោធន៍ ដែល​បទពិសោធន៍​ខ្លះ​វា​ពិសិដ្ឋ​​ខ្លាំងពេក​ដើម្បីចែកចាយ » ។

ទៅ​កាន់បុគ្គល​ម្នាក់ៗ

បន្ទាប់​ពី​រយៈពេល ៤៣ ឆ្នាំ ក្នុងនាម​ជា​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ហើយ​ឥឡូវ​នេះ នៅក្នុង​ទសវត្សរ៍​ទី​បួន​នៃ​ការបម្រើ​របស់​លោក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ កាតព្វ​កិច្ច​របស់​ប្រធាន​បាឡឺដ បាន​នាំ​លោក​ទៅ​កាន់​ប្រទេស​ស្ទើរតែ​ទាំងអស់​នៅក្នុង​ពិភពលោក អនុញ្ញាត​ឲ្យ​លោក​ផ្តល់​ការងារ​បម្រើ​ដោយ​ផ្ទាល់​ដល់​សមាជិក និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​រាប់​មិន​អស់ ។ មនុស្ស​រាប់លាន​នាក់​បាន​ស្តាប់​សុន្ទរកថា​សន្និសីទ​ទូទៅ និង​ការប្រជុំធម្មនិដ្ឋាន​របស់​លោក ។ ប៉ុន្តែ​ដោយសារ​លោក​មាន​ការទទួលខុសត្រូវ​ទូទាំង​សាកល​លោក នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អនុញ្ញាត​ឲ្យ​លោក​ទាក់ទង និង​ផ្តល់​ពរ​ដល់​បុគ្គល​ម្នាក់ៗ ។ លោក​បាន​ថ្លែង​ថា នេះ​ហាក់​ដូច​ជា​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ « ជួនកាល​ខ្ញុំ​បាន​ទទួល​សំបុត្រ​មួយ​ពី​មនុស្ស​ម្នាក់​ដែល​សរសេរ​ថា ‹ ខ្ញុំ​បាន​ទៅការ​ប្រជុំ​មួយ ហើយ​អ្វី​ដែល​លោក​បាន​ថ្លែង​បាន​ផ្លាស់ប្តូរ​ជីវិត​ខ្ញុំ › ។ នោះ​គឺ​ជា​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះអម្ចាស់​ខ្វល់​ព្រះទ័យ​នឹង​សាសនាចក្រ​របស់​ទ្រង់ សូម្បី​តែ​រឿង​តូចតាច​ក្តី » ។

អែលឌើរ​បែដណា​បាន​មាន​ប្រសាសន៍​ថា « បទពិសោធន៍​ដ៏​ផ្អែមល្ហែម សាមញ្ញ​រាប់​មិនអស់​ដែល​មាន​ជាមួយ​​សមាជិក​សាសនាចក្រ​នៅទូទាំង​ពិភពលោក » កំណត់​ពី​ការងារ​បម្រើ​នៃ​ពួកសាវក ។ អែលឌើរ​បែដណា​បាន​ថ្លែង​ថា « ព្រះអម្ចាស់​បញ្ជូន​សមាជិក​ម្នាក់​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ទៅ​កាន់​កន្លែង​ជាក់លាក់​ក្នុង​គ្រា​ដ៏​សំខាន់ ជា​កន្លែង​ដែល​ពួក​យើង​ជួប​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដ៏​ស្មោះត្រង់ និង​មនុស្ស​ផ្សេង​ទៀត ដែល​ជារឿយៗ​កំពុង​ជួបការលំបាក ឬ​កំពុង​ត្រូវការ​ការលួងលោម និងការគាំទ្រ ។ ព្រះ​រៀបចំ​ទំនាក់ទំនង​ទាំង​នោះ » ។

អែលឌើរ រ៉ូណល អេ រ៉ាសបាន បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ការហៅ​របស់​លោក​ទៅក្នុង​តំណែង​ជា​សាវក​មក លោក​បាន​រៀន​ថា លោក​ត្រូវ​បន្ថែម​ម៉ោង​លើ​សកម្មភាព​ជា​ប្រចាំ​នៅក្នុង​ជីវិត​លោក ដើម្បី​លោក​អាច​ស្វាគមន៍​សមាជិក​សាសនាចក្រ និង​មនុស្ស​ដទៃ​ទៀត ។ លោក​បាន​ពោលថា « វា​ពុំមែន​អំពី​ខ្ញុំ​នោះ​ទេ​ ។ វា​គឺ​ជាការ​គោរព និង​ការផ្តល់​កិត្តិយស​ដែល​សមាជិក​នៃ​សាសនាចក្រ​​នេះ​មាន​ចំពោះ​​តំណែង​​នៃ​ភាព​ជាសាវក » ។

អែលឌើរ​រ៉ាសបាន​ បាន​មាន​ប្រសាសន៍​ថា អំឡុងពេល​នៃ​ការតែងតាំង​លោក​ទៅជាសាវក លោក​ត្រូវបាន​បង្គាប់​ថា « ‹ យើង​សូម​ដាក់​អ្នក​នៅក្នុង​តំណែង​មួយ​ដើម្បី​ធ្វើ​ជា​សាក្សី​ពិសេស​នៃ​ព្រះនាម​របស់​ព្រះគ្រីស្ទ​នៅ​ទូទាំង​ពិភពលោក…នៅ​គ្រប់​ពេល និង​គ្រប់​កាលៈទេសៈ​ទាំងអស់ › ។ ពាក្យ​ទាំង​នោះ​​មាន​នៅក្នុង​ការតែងតាំង​របស់​ខ្ញុំ ៖ ‹ នៅ​គ្រប់​ពេល និង​គ្រប់​កាលៈទេសៈ​ទាំងអស់ › » ។

President Ballard, Elder Holland, Elder Uchtdorf, Elder Bednar

ប្រធាន​បាឡឺដ​នៅប្រទេស​អេស្ប៉ាញ

អែលឌើរ​ហូឡិន​នៅ​ប្រទេស​អង់គ្លេស

អែលឌើរ​​អុជដូហ្វ​នៅ​ប្រទេស​​រុស្ស៊ី

អែលឌើរ​បែដណា​​នៅ​ប្រទេស​ពេរ៉ូ

ថតរូប​ដោយ ហួន អែនតូនីយ៉ូ រ៉ូទ្រីហ្គេស្ស ( ប្រទេស​អេស្ប៉ាញ ), ស៊ីម៉ុន ចូនស៍ ( ប្រទេស​អង់គ្លេស ), ល្វីស អែនតូនីយ៉ូ អារ៉ូយ៉ូ អាបានដូ ( ប្រទេស​ពេរ៉ូ ), គ្រីស្ទិន អាលបូ ( ប្រទេស​អាហ្សង់ទីន ), ដាលេណេ ហ្គ្រីហ្វីន ( ប្រទេស​ម៉ិកស៊ិក ), អាឡិចសាន់ទ្រា ប៊កហ្គ ( ប្រទេស​ប្រេស៊ីល )

ទំនាក់ទំនង​សំខាន់​មួយ

ពួក​សាវក និង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោងរបស់​សាសនាចក្រ​ជាង ៧០០០០ នាក់ ចែកចាយទំនាក់ទំនង​ដ៏​ពិសិដ្ឋ និង​ឯករាជ្យ​មួយ ។

អែលឌើរ ឌេល ជី រេនឡាន់ បាន​ពន្យល់​ថា ពាក្យ សាវក កើត​មក​ពី​ពាក្យ​ភាសា​ក្រិក​មាន​ន័យ​ថា « ត្រូវបាន​បញ្ជូន » ។ សូម​ពិចារណា​អំពី​ការកំណត់​ពី​ការទទួលខុសត្រូវ​របស់​ព្រះអង្គសង្គ្រោះ​ដល់​ពួកសាវក​របស់​ទ្រង់​ពីបុរាណ ៖ « ចូរ​អ្នក​រាល់​គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកីយ៍​ទាំង​មូល ហើយ​ផ្សាយ​ដំណឹង​ល្អ​ទូទៅ​ដល់​គ្រប់​មនុស្ស​ទាំងអស់​ចុះ ។ អ្នក​ណា​ដែល​ជឿ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក នោះ​នឹង​បាន​សង្គ្រោះ » ( ម៉ាកុស ១៦:១៥–១៦ ) ។

ប្រធាន​បាឡឺដ​បាន​ថ្លែង​ថា នៅក្នុង​ការធ្វើ​តាម​ការ​ត្រាស់​បង្គាប់​នោះ ពួកដប់ពីរ​នាក់​ត្រូវ « ចុះ​ប្រឡូក​យ៉ាង​សុចរិត » នៅក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង​ការចែកចាយ​សារលិខិត​នៃ​ដំណឹងល្អ ។

ដូច​ប៉ុល​ពី​បុរាណ​ដែរ ពួក​សាវក​បច្ចុប្បន្ន​នេះ​បាន​ផ្ទេរ​កាតព្វកិច្ច​របស់​ពួកលោក​ក្នុងការ​ចែកចាយ​ដំណឹងល្អ​ជាមួយ​​មនុស្ស​ដទៃ ប្រកប​ដោយ​ការអធិស្ឋាន ។ ហើយ​នៅក្នុង​លក្ខណៈ​ដូចជា​សាវក​ដែរ នោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវ​បាន​បញ្ជូន​ទៅ​ទូទាំង​ពិភពលោក​ដើម្បី​បង្រៀន​ដំណឹងល្អ​​របស់​ព្រះគ្រីស្ទ ។ អែលឌើរ​បែដណា​មាន​ប្រសាសន៍​ថា « ពួក​ដប់​ពីរ​នាក់​អនុវត្ត​កូនសោ​ដែល​ពួកលោក​មាន ដែល​ចាត់​ពួកគេ​ឲ្យ​ទៅ​បេសកកម្ម ។ ដូច្នេះ​ពួកយើង​បាន​បញ្ជូន​ពួកគេ​ឲ្យ​ទៅ » ។

ព្រះអម្ចាស់​បន្ត​ធ្វើ​ជា​នាយក​ដឹកនាំ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ ទ្រង់​ផ្តល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​ពួក​សាវក​នៅរស់​របស់​ទ្រង់ ដែល​ត្រូវបាន​ចាត់​នៅ​គ្រា​ផ្សេងៗ ដើម្បី​បម្រើ​នៅក្នុង​ក្រុមប្រឹក្សា​ប្រតិបត្តិ​​អ្នក​ផ្សព្វផ្សាយ​សាសនា ដើម្បី​ប្រាប់​ពី​ព្រះទ័យ​ទ្រង់​ ដល់​ពួក​អ្នក​ផ្សព្វផ្សាយសាសនា​ពេញម៉ោង​ដែល​កំពុង​បម្រើ​នៅក្នុង​តំបន់​បេសកកម្ម ។ អែលឌើ​រ​បែដណា​បាន​មាន​ប្រសាសន៍​ថា កាតព្វកិច្ច​រដ្ឋបាល​បែប​នេះ​​គឺ​លើស​ពី​ការ « ដំណើរ​ការ​អង្គការ » មួយ​ទៅ​ទៀត ។ ពួក​សាវក​កាន់​កូនសោ​នៃ​ការប្រមូល​រាស្ត្រ​អ៊ីស្រាអែល ។ លោក​បាន​ថ្លែង​ថា « យើង​កំពុង​ផ្តល់​ការយល់ដឹង និង​ការដឹកនាំ​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​កិច្ចការ​នេះ​ប្រព្រឹត្ត​ទៅ​តាម​របៀប​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ » ។

អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ ជា​ប្រធាន​នៃ​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​អ្នក​ផ្សព្វផ្សាយ​សាសនា ។ រូប​ចម្លាក់​​សំរិទ្ធ​នៃ​​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​គូ​ដាក់​នៅលើ​តុ​ធ្វើការ​ក្នុងការិយាល័យ​របស់លោក បាន​បង្ហាញ​ពីការធាក់កង់​យ៉ាង​លឿន ប្រហែល​ជា​ប្រញាប់​ទៅ​ការណាប់​ជួប​បង្រៀន​មួយ ។ នៅពេល​ណា​ដែល​លោក​សិក្សា​ពី​រូបចម្លាក់​សំរិទ្ធ​នោះ លោក​នឹក​ដល់​ទំនាក់ទំនង​ដែល​មិន​អាច​ផ្តាច់​​បាន​រវាង​ពួកសាវក និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ « ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រប់​រូប​ក្នុង​ចំណោម​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង ៧០០០០ នាក់​កំពុង​ធ្វើ​ការបម្រើ​ដ៏​ពិសិដ្ឋ​មួយ ហើយ​ត្រូវ​បាន​ហៅ​ដោយ​ព្រះ ជាមួយ​នឹង​លិខិត​មួយ​មក​ពី​ព្យាការី​របស់​ព្រះ ដើម្បី​ធ្វើ​ជា​តំណាង​ឲ្យ​ព្រះអង្គសង្គ្រោះ ។ ពួកគេ​គឺ​ជា​ដៃជើង​របស់​ពួកដប់​ពីរនាក់ » ។

អែលឌើរ​បាឡឺដ​បាន​មាន​ប្រសាសន៍​ថា « នៅពេល​ណា​ដែល​យើង​មាន​ពេល យើង​ជួប​ពួកគេ ។ យើង​ទុក​ឲ្យ​ពួកគេ​សួរ​សំណួរ ។ យើង​ព្យាយាម​ជួយ​ពួកគេ​ស្វែងរក បង្រៀន ជ្រមុជទឹក និង​ពង្រឹង​ដល់​បុត្រា​បុត្រី​របស់​ព្រះវរបិតា​សួគ៌ ។

ដោយ​ធ្វើការ​ជាមួយ​គ្នា នោះ​ក្រុម​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូនទៅ ដើម្បី​ចែកចាយ​ដំណឹងល្អ​នៅ​ទូទាំង​ពិភពលោក ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​មាន​ប្រសាសន៍​ថា « យើង​ចាត់ទុក​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ជា​ដៃគូ​របស់​យើង » ។

ការយល់​ខុស

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បាន​មាន​ប្រសាសន៍​ថា ខណៈ​​ដែល​អ្នក​សង្កេត​ខាង​ក្រៅ​មួយ​ចំនួន​អាច​គិត​ថា សាសនាចក្រ​ត្រូវបាន​ដឹកនាំ​ដូចជា​ក្រុមហ៊ុន​មួយ នោះ​ភាព​ជា​សាវក « ពុំ​មែន​ដូច​អ្នក​ជំនួញ​ប្រតិបត្តិ​ម្នាក់​ឡើយ វា​ខុស​ពី​នោះ​ខ្លាំង​ណាស់ ។ តួនាទី​របស់​សាវក​មួយ​រូប​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ គឺ​ពិតជា​តួនាទី​នៃ​ការងារ​បម្រើ តួនាទី​នៃ​ពួក​គ្រូ​គង្វាល » ។ តួនាទីនៃ​ការធ្វើ​ជា​សាក្សី​របស់​ព្រះយេស៊ូវគ្រីស្ទ​ដល់ពិភពលោក « អប់រំ និង​ចង្អុលបង្ហាញ​ពួកយើង » ។

អែលឌើរ នែល អិល អាន់ឌើរសិន បាន​មាន​ប្រសាសន៍​ថា នៅក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ គ្មាន​ក្រុម​ប្រឆាំង គ្មាន​ក្រុម​បញ្ចុះបញ្ចូល ឬ​ក្រុម​ផ្តោត​លើ​អំណាច​នោះ​ទេ ។ មាន « គំនិត​ផ្សេង​គ្នា » ប៉ុន្តែ « គ្មាន​ភាពអត្មា​និយម​ទេ » ។

អែលឌើរ​អាន់ឌើរសិន​បាន​មាន​ប្រសាសន៍​ថា ព្រះអម្ចាស់​ដាក់​មនុស្ស​ជាច្រើន​​ដែល​មាន​វិជ្ជាជីវៈ និង​ប្រវត្តិ​រូប​ផ្សេង​គ្នា ។ ប៉ុន្តែ « ពួកលោក​មាន​ទីបន្ទាល់​​អំពី​ព្រះអង្គសង្គ្រោះ និង​មាន​ភាព​រាបសា​ដូចគ្នា ។ ពួកលោក​មិន​ស្វែងរក​មុខតំណែង ពួកលោក​មិន​ព្យាយាម​ធ្វើ​ជា​មនុស្ស​ឆ្លាត​ជាង​គេ​បំផុត​នៅក្នុង​ក្រុម​នោះ​ឡើយ ។ ព្រះអម្ចាស់​អាច​ធ្វើ​ការ​ជាមួយ​ស្ថានភាព​នោះ ។ ខ្ញុំ​ពុំ​ធ្លាប់​ឃើញ​នរណា​ម្នាក់ [ នៅក្នុង​ពួក​ដប់ពីរ​នាក់ ] បង្ហាញ​កំហឹង​ឡើយ ហើយ​ខ្ញុំ​ពុំ​ធ្លាប់​ឃើញ​នរណា​ម្នាក់​ប្រមាថ​គ្នា​ឡើយ » ។

អែលឌើរ​អុជដូហ្វ​បាន​មាន​ប្រសាសន៍​ថា ភាពរាបសា​​កំណត់​ពី​ភាព​ជាសាវក ។ ការហៅ​របស់​ពួកលោក​ធ្វើ​ឲ្យ​ពួកលោក​មាន​គេ​ទទួល​ស្គាល់​ស្ទើរតែ​គ្រប់​ទីកន្លែង​ដែល​ពួកលោក​ធ្វើដំណើរ « ប៉ុន្តែ​យើង​ដឹង​ថា វា​ពុំមែន​អំពី​ពួកយើង​នោះទេ—វា​គឺ​អំពី​ទ្រង់ ។ យើង​​កំពុង​តំណាង​ឲ្យ​ទ្រង់ ។… វា​គឺ​ស្តីពី​​ភាព​មហិមា​របស់​ទ្រង់ ។

Elder Cook, Elder Christofferson, Elder Andersen, Elder Rasband

អែលឌើរ​ឃុក​​នៅ​ប្រទេស​អាហ្សង់ទីន

អែលឌើរ​គ្រីស្ដូហ្វឺសិន​នៅ​ប្រទេស​ម៉ិកស៊ិក

អែលឌើរ​អាន់ឌើរសិន​នៅ​ប្រទេស​ប្រេស៊ីល

យើង​ទាំងអស់​គ្នា​​ត្រូវបាន​ហៅ​ឲ្យ​បម្រើ

បន្ទាប់​ពី​ការសុគត​ និង​ការមាន​ព្រះជន្មរស់​ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ នោះ​ទ្រង់​បាន​បង្គាប់​ពួកសិស្ស​ទ្រង់​​រយៈពេល ៤០ ថ្ងៃ ហើយ​ក្រោយ​មក ទ្រង់​បាន​យាង​ទៅ​ស្ថានសួគ៌​វិញ ។ ដោយ​ទុក​ឲ្យ​មាន​តំណែង​ចន្លោះ​មួយ​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់—ដែល​វា​កើត​មក​ពី​ការក្បត់ និង​មរណភាព​របស់ យូដាស-អ៊ីស្ការីយ៉ុត—នោះ​សមាជិក​នៃ​កូរ៉ុម​បាន​ប្រជុំ​គ្នា ហើយ​ទូល​អង្វរ​ដល់​ព្រះអម្ចាស់ ។

បុរស​ពីរ​រូប​គឺ ម៉ាត់ធាស និង បារសាបាស ត្រូវបាន​រកឃើញ ហើយ​ពួកសាវក​បាន​អធិស្ឋានទូល​ឲ្យ​ព្រះអម្ចាស់​បង្ហាញ​ថា ​« ទ្រង់​រើស​អ្នក​ណា​ក្នុង​បណ្តា​អ្នក​ទាំង​២​នេះ…នោះ​គេ​ចាប់​ឆ្នោត​ត្រូវ​លើ​រូប​ម៉ាត់ធាស រួច​គេ​ក៏​រាប់​គាត់​បញ្ចូល​ជា​មួយ​នឹង​ពួក​សាវក​ទាំង​​ដប់​មួយ​នាក់ » ( សូមមើល កិច្ចការ ១:២៣–២៦ ) ។

អែលឌើរ​រេនឡាន់​បាន​ពន្យល់​ថា ចាប់តាំង​ពី​នោះ​មក​ដល់​ឥឡូវ « ការហៅ​ជា​សាវក​ពុំ​មែន​ជា​ការសម្រេច​បាន ឬ​សមិទ្ធិផល​អ្វី​មួយ​ឡើយ ។ វា​ពុំ​មែន​ជា​ការហៅ​បម្រើ​ដែល​យើង​ខំ​ឲ្យ​បាន​នោះទេ ។ ម៉ាត់ធាស ក្នុង​ជំពូក​ទី ១ នៃ​គម្ពីរ​កិច្ចការ ត្រូវបាន​ព្រះជ្រើសរើស​ជំនួស​ឲ្យ​ការរើស​យកបារសាបាស ។ ព្រះ​ពុំ​បាន​ប្រាប់យើង​ពី​មូលហេតុ​អ្វី​ឡើយ ។ ប៉ុន្តែ​អ្វី​ដែល​យើង​គួរ​ដឹង​នោះ​គឺ​ថា ទីបន្ទាល់​របស់បារសាបាស​ដែល​គោរព​ព្រះអង្គសង្គ្រោះ និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់​នោះ គឺ​ស្មើ​គ្នា​ទៅ​នឹង​ទីបន្ទាល់​របស់​ម៉ាត់ធាស​ដែរ » ។

លោក​បាន​ពន្យល់​ថា ព្រះ​បាន​ជ្រើស​​រើស ។ « ប្រសិនបើបារសាបាស​បាន​បំពេញ​ការហៅ​បម្រើ​ដែល​លោក​បាន នោះ​រង្វាន់​របស់​លោក​ពុំ​ខុស​ពី​អ្វី​ដែល​ម៉ាត់ធាស​​បាន​ទទួល ប្រសិនបើ​​លោក​តម្កើង​ការហៅ​បម្រើ​របស់​លោក​នោះ » ។

ប្រធាន​បាឡឺដ​បាន​មាន​ប្រសាសន៍​ថា ដូចជា​ទីបន្ទាល់​របស់​បារសាបាស​ស្មើ​នឹង​ទីបន្ទាល់​របស់​ម៉ាត់ធាស​ដែរ នោះ​សមាជិក​​សាសនាចក្រ​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន ហើយ​អាច « អភិវឌ្ឍ​ទំនាក់ទំនង​ដូចជា​​សាវក​ជាមួយ​ព្រះអម្ចាស់​ដែរ » ។

ការបម្រើ​ដល់​ព្រះអម្ចាស់ និង​សាសនាចក្រ​គឺជា « ឯកសិទ្ធិ និង​ពរជ័យ​មួយ » ។ អែលឌើរ​អុជដូហ្វ​បាន​មាន​ប្រសាសន៍​ថា « វា​ជា​កិត្តិយស​មួយ ។ ព្រះអម្ចាស់​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ដល់​ពួកយើង ហើយ​យើង​អាច​បង្ហាញ​សេចក្តីស្រឡាញ់​ចំពោះ​ព្រះអម្ចាស់​វិញ តាមរយៈ​ការធ្វើ​អ្វី​ដែល​ទ្រង់​សុំ​ឲ្យ​ពួកយើង​ធ្វើ » ។

បទពិសោធន៍​ដ៏​ពិសិដ្ឋ​មួយ

អែលឌើរ​អាន់ឌើរសិន​បាន​ថ្លែង​ថា ការធ្វើ​ជា​ផ្នែក​មួយ​នៃ​​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ដែល​រស់រវើក​គឺជា​បទពិសោធន៍​ពិសិដ្ឋ​មួយ ។ « ពេល​យើង​ថ្លែង​ទីបន្ទាល់​ នោះ​ទីបន្ទាល់​នោះ​បាន​ចូល​ទៅក្នុង​ដួងចិត្ត​មនុស្ស ដោយសារ​តែ​ការតែងតាំង​របស់យើង » ។

អែលឌើរ​គ្រីស្ដូហ្វឺសិន​បាន​មាន​ប្រសាសន៍​ថា នៅគ្រា​ដំបូង​នៃ​ការងារ​បម្រើ​ជា​សាវក​របស់​លោក លោក​មាន​អារម្មណ៍​ស្មុគស្មាញ​ ដោយសារ​តែ​ការរំពឹងទុក​ដែល​បាន​ដឹង ។ ប៉ុន្តែ​ក្រោយ​ពី​លោក​បាន​ទទួល​សារលិខិត​សាមញ្ញ​មួយ​ពី​ព្រះអម្ចាស់ ៖ « ចូរ​បំភ្លេច​ខ្លួន​អ្នក និង​អ្វី​ដែល​មនុស្ស​អាច​គិត​អំពី​អ្នក ទោះ​បី​ពួកគេ​កោត​សរសើរ ឬ​ខកចិត្ត ឬ​អ្វី​ផ្សេង​ទៀត​ក្តី ។ គ្រាន់តែ​ផ្តោត​ចិត្ត​ទៅលើ​អ្វី​ដែល​យើង​ចង់​ផ្តល់​ដល់​ពួកគេ​តាម​​រយៈ​អ្នក​ប៉ុណ្ណោះ ។ ផ្តោត​ចិត្ត​លើ​អ្វី​ដែល​យើង​ចង់​ឲ្យ​ពួកគេ​ស្តាប់​តាមរយៈ​អ្នក » ។

បីបួន​ឆ្នាំ​កន្លង​ទៅ អែលឌើរ​គ្រីស្ដូហ្វឺសិន​បាន​ទៅ​ទស្សនកិច្ច​ទីក្រុង​មេរីដា ប្រទេស​វេណេហ្ស៊ុអេឡា មាន​ក្មេង​ប្រុស​ម្នាក់​អាយុ​ប្រហែល​ជា ៧ ឆ្នាំ ឃើញ​លោក​តាម​បង្អួច ហើយ​បាន​ចាប់ផ្តើម​ស្រែក​ថា « El Apostol, el Apostol! » ( « សាវក សាវក ! » ) ។

លោក​មាន​ប្រសាសន៍​ថា « នោះ​គឺជា​ព្រឹត្តិការណ៍​មួយ​សាមញ្ញ​ណាស់ ប៉ុន្តែ​វា​បង្ហាញ​ខ្ញុំ​ពី​ជម្រៅ​ចិត្ត​នៃ​ការថ្លែង​អំណរគុណ ដែល​សូម្បី​តែ​កូន​ក្មេង​មាន​ចំពោះ​ការហៅ​បម្រើ​នោះ ។ វា​ពុំមែន​​អំពី​បុគ្គល​ដែល​កាន់​ការហៅ​បម្រើ​នោះទេ ។ ក្មេង​នោះ​បាន​រៀនពី​កម្រិត​នៃ​ការថ្លែង​អំណរគុណ​សម្រាប់​ការហៅ​បម្រើ និង​អ្វី​ដែល​ការហៅ​បម្រើ​នោះ​តំណាង​ឲ្យ » ។​

Elder Stevenson; Elder Renlund; Elder Gong; Elder Soares

អែលឌើរ​រ៉ាសបាន​នៅ​ប្រទេស​ឥណ្ឌា អែលឌើរ​ស្ទីវ៉ែនសុន​នៅ​ទីក្រុង​ហុងកុង អែលឌើរ​រេនឡាន់​នៅ​ប្រទេស​ប្រេស៊ីល អែ​លឌើរ​ហ្កង​នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន អែលឌើរ​សូរ៉េស​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់

ថត​រូប​ដោយ វីនឌី ហ្គីប ខីលើរ (ប្រទេស​ឥណ្ឌា ), ក្លេហើប តិច ( ប្រទេស​ប្រេស៊ីល ), ម៉ូនីកា ចចជីណា អាល់វ៉ារ៉ាដូ ស្សារ៉េត ( ទីក្រុង​សៀងហៃ ), ចាណេ ប៊ីងហាំ ( ប៊ី.វ៉ាយ.យូ. )