២០១៩
តើ​យើង​អាច​​គាំទ្រ​ថ្នាក់​ដឹកនាំ​របស់យើង​តាម​របៀប​ណា ?
ខែ កក្កដា ឆ្នាំ ២០១៩


តើ​យើង​អាច​​គាំទ្រ​ថ្នាក់​ដឹកនាំ​របស់យើង​តាម​របៀប​ណា ?

family watching conference and sustaining leaders

នៅ​អំឡុង​ពេល​ដ៏​ក្រៀមក្រំ​បន្ទាប់​ពី​ភ្លើង​ឆេះ​ព្រៃ ដែល​បាន​បំផ្លិចបំផ្លាញ​ភូមិ​ទាំង​មូល​​នៅ​ក្នុង​ឃុំ​សូណូម៉ា​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​នៅខែ​តុលា ឆ្នាំ ២០១៧ នោះ​អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​សហគមន៍​ដែល​បាន​រងគ្រោះ​នោះ ដើម្បី​សួរ​សុខទុក្ខ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

លោក​បាន​ទៅ​ធ្វើ​បេសកកម្ម​​​នៃ​ការផ្តល់​ការងារ​បម្រើ ។ លោក និង​ស៊ីស្ទើរ ម៉េឡានី រ៉ាសបាន បាន​លួងលោម​សមាជិក​​ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​នោះ នៅក្នុង​សាលា​ជំនុំ​របស់​ពួកគេ និង​នៅ​គែម​ផ្ទះ​ដែល​ឆេះ​ហើយ​របស់​ពួកគេ ។

ហើយ​នៅទីណា​ដែល​លោក​បាន​ទៅ​ នោះ​សមាជិក​បាន​មក​​ចាប់​ដៃ​លោក ។ វា​គឺជា​កាយ​វិការ​នៃ​អំណរគុណ ។ ពួកគេ​បាន​ថ្លែង​អំណរគុណ​សាវក​ចំពោះ​ការគាំទ្រ​របស់​លោក ។ ប៉ុន្តែ​គ្រប់​ការចាប់​រលាក់​ដៃ​​នីមួយៗ​បាន​បង្ហាញ​ពី​សារលិខិត​ដូចគ្នា​ថា ៖ « ខ្ញុំ​គាំទ្រ​លោក » ។​

ការអនុវត្ត​នៃ​សេចក្ដីជំនឿ

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន មាន​ប្រសាសន៍​ថា ការគាំទ្រ​គឺជា​ទង្វើ​ពិសិដ្ឋ​មួយ​ដែល​ភ្ជាប់​សមាជិកភាព​របស់​សាសនាចក្រ​ទៅ​នឹង​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ ប្រធាន​ អិម រ័សុល បាឡឺដ ប្រធាន​ស្តីទី​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​មាន​ប្រសាសន៍​ថា ជាមួយ​នឹង​សមាជិក​ជាង ១៦ លាន​នាក់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នោះ​សមាជិក​សាសនាចក្រ​មួយ​ចំនួន​​​នឹង​ធ្លាប់​សំណេះសំណាល​ផ្ទាល់​ជាមួយ​សាវក ឬ​ចាប់ដៃ​របស់​លោក ។ ប៉ុន្តែ​សមាជិក​គ្រប់​រូប​មាន​ឱកាស​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​ជាមួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទាំងនេះ និង​ថ្នាក់​ដឹកនាំ​​ដទៃ​ទៀត តាមរយៈ​ការគាំទ្រ​ជាផ្លូវការ និង​ទង្វើ​នៃ​ការគាំទ្រ​ប្រចាំ​ថ្ងៃ​​របស់​ពួកគេ ។

អែលឌើរ ជែរីត ដ័បុលយូ ហ្កង មាន​ប្រសាសន៍​ថា « យើង​គាំទ្រ​ដោយ​លើក​ដៃ​របស់យើង ប៉ុន្តែ​ក៏​គាំទ្រ​តាមរយៈ​ចិត្ត និង​ទង្វើ​របស់​យើង​ផងដែរ » ។ « យើង​គាំទ្រ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅក្នុង​របៀប​ដូចគ្នា​ដែល​គាំទ្រ​គ្នា​ទៅវិញទៅមក ។ យើង​ដឹង​ថា​​យើង​ជាប់​នៅក្នុង​សេចក្តីសញ្ញា » ។

អែលឌើរ អូលីសេស សូរ៉េស បាន​មាន​ប្រសាសន៍​ថា ការអធិស្ឋាន​សម្រាប់​ពួកសាវក​នៅតែ​ជា​ធាតុ​ដ៏​ពុំ​អាច​កាត់ថ្លៃ​បាន​នៃ​ការគាំទ្រ ។ អែលឌើរ​សូរ៉េស​បន្ថែម​ថា « យើង​ជា​មនុស្ស​សាមញ្ញ ហើយ​ព្រះអម្ចាស់​បាន​ហៅ​ពួកយើង​​ទៅ​កាន់​អ្វី​មួយ​ដែល​ខ្ពស់​ជាង​សមត្ថភាព​របស់យើង ។ ប៉ុន្តែ​យើងមាន​អារម្មណ៍​ថា យើង​អាច​ឈោង​ទៅ​ដល់​សមត្ថភាព​នោះ ដោយសារ​មនុស្ស​ដែល​កំពុង​អធិស្ឋាន​សម្រាប់​យើង » ។

សេចក្តីជំនឿ​នាំមុខ បន្ទាប់​មក​ការគាំទ្រ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន មាន​ប្រសាសន៍​ថា « តាមរយៈ​ការគាំទ្រ​ពួកសាវក អ្នក​កំពុង​ជួយ​ព្រះអង្គសង្គ្រោះ​សម្រេច​កិច្ចការ​របស់​ទ្រង់ ។ សេចក្ដី​ជំនឿ​របស់​អ្នក​ជួយ​ព្រះអម្ចាស់​សម្រេច​នូវ​អ្វី ដែល​ទ្រង់​ទាក់ទង​​តាមរយៈ​ព្យាការី​ និង​អ្នក​ទទួលវិវរណៈ​របស់​ទ្រង់ ។

ខ្ញុំ​ស្រឡាញ់​ការលើក​ដៃ​ជា​កែង និង​អត្ថន័យ​នៅក្នុង​ការលើក​ដៃ​នោះ » ។ លោក​បន្ថែម​ថា សម្រាប់​ពួកសាវក ការគាំទ្រ​ពី​សមាជិកសាសនាចក្រ​​គឺ​ស្រដៀង​ទៅនឹង​ការទទួល​អាហារ​ខាង​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​មាន​ជីវិត​រស់ ។ « គ្រប់​សំឡេង​​ចាត់ទុក​ថា​មាន​តម្លៃ គ្រប់​ជំនួយ​ត្រូវបាន​អនុញ្ញាត​ទទួល​យក ។​ គ្មាន​នរណា​ម្នាក់​ត្រូវ​បម្រើ​តែ​ម្នាក់​ឯង​នៅ​ក្នុ​ង​សាសនាចក្រនោះ​ទេ ទោះជា​ការហៅបម្រើ​របស់​យើង​ជាអ្វី​ក៏​ដោយ » ។

ប្រពៃណី​គាំទ្រ​ដ៏​យូរ​អង្វែរ

ការគាំទ្រ​ពួកសាវក​គឺ​ជា​ប្រពៃណី​ថ្ងៃ​ចុងក្រោយ​មួយ ដែល​ធ្វើ​ឡើង​តាំង​ពី​ការ​​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ចាប់តាំង​ពីថ្ងៃ​ដំបូង​មក ពួក​បរិសុទ្ធ​នៅ​ជំនាន់​ដើម​ត្រូវបាន​អញ្ជើញ​ឲ្យ​យល់​ព្រមជាឯកច្ឆ័ន ចំពោះ​ការហៅ​បម្រើ​របស់​ថ្នាក់​ដឹកនាំ​​សាសនាចក្រ ហើយ​គាំទ្រ​ពួកលោក​នៅក្នុង​ការហៅ​បម្រើ​នោះ ។

ថ្ងៃ​ទី ៦ ខែ មេសា ឆ្នាំ ១៨៣០ យ៉ូសែប ស៊្មីធ និង​អ្នក​ដើរ​តាម​លោក​ដែល​ទើប​តែ​ជ្រមុជទឹក បាន​ជួបជុំ​គ្នា​នៅក្នុង​ផ្ទះ​កសិដ្ឋាន​តូច​មួយ​ដែល​ជា​កម្មសិទ្ធិ​របស់ ពេត្រុស វីតមើរ ស៊ីញ័រ នៅ​ទីក្រុង​ហ្វាយ៉េត ឃុំ​សេនេកា រដ្ឋ ​​នូវ យ៉ោក ។

យ៉ូសែប ស៊្មីធ បាន​ឈរ ហើយ​សួរ​​អ្នក​ដែល​ចូលរួម​នោះ ប្រសិនបើ​ពួកគេ​មាន​បំណង​​រៀបចំ​​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

ដោយ​អនុវត្ត​នូវ​គោលការណ៍​នៃ​ការ​យល់ព្រម​ជាទូទៅ នោះ​សមាជិក​ថ្មី​បាន​លើក​ដៃ​របស់​ពួកគេ ហើយ​បាន​យល់​ព្រម​គ្នា​តាមរយៈ​ការបោះឆ្នោត​គាំទ្រ​ជាឯកច្ឆ័ន ។ បន្ទាប់មក ពួកគេ​បាន​យល់​ព្រម​ទទួល​យក យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ​ថា​ជា​គ្រូបង្រៀន និង​អ្នក​ប្រឹក្សា​ខាង​វិញ្ញាណ​របស់​ពួកគេ ។

អែលឌើ​រ​ហូឡិន​មាន​ប្រសាសន៍​ថា « សមាជិកភាព​នៅក្នុង​សាសនាចក្រ​គឺជា​បញ្ហា​ផ្ទាល់​ខ្លួន​មួយ ។ បុគ្គល​គ្រប់​រូប​មាន​តម្លៃ ។ នោះ​ជាហេតុផល​ដែល​យើង​ដំណើរការ​តាមរយៈ​គោលការណ៍​នៃ​ការ​យល់ព្រម​ជាទូទៅ ។ យើង​ចង់​ឲ្យ​មនុស្ស​គ្រប់​រូប​មាន​យោបល់ បង្ហាញ​យោបល់​ពួកគេ ហើយ​រួបរួម​នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅមុខ » ។

ទង្វើ​ដែល​លើក​ស្ទួយ​ពួកយើង​ទាំងអស់​គ្នា

អែលឌើរ ឌេល ជី រេនឡាន់ មាន​ប្រសាសន៍​ថា នៅពេល​ទទួល​យក​ការហៅ​បម្រើ​ទៅ​ក្នុង​ភាព​ជាសាវក នោះ​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ « ត្រូវបាន​បង្ខំ » ឲ្យ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះអម្ចាស់ ។ តាមរយៈ​ការ​ជ្រើសរើស​គាំទ្រ​ពួក​​ដប់ពីរនាក់ នោះ​សមាជិក​បង្ហាញ​ទំនុកចិត្ត​របស់​ពួកគេ​លើ​ការប្តេជ្ញា​ចិត្ត​របស់​ពួកសាវក​គ្រប់​រូប​ក្នុង​ការគោរព​ប្រតិបត្តិ​ចំពោះ​ព្រះអង្គសង្គ្រោះ ។

អែលឌើរ ឃ្វីនថិន អិល ឃុក មាន​ប្រសាសន៍​ថា ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​បោះឆ្នោត​គាំទ្រ​ដល់​សាវក​ម្នាក់ៗ​គឺ​គាំទ្រ​កូរ៉ុម​ទាំងមូល​ក្នុង​ពេល​ដំណាល​គ្នា​នោះ​ដែរ ។

អែលឌើរ​ឃុក​បន្ថែម​ទៀត​ថា ការបោះឆ្នោត​គាំទ្រ​ពិសិដ្ឋ​នោះ​លើក​ស្ទួយ និង​ផ្តល់​ពរ​ដល់​ពួកសាវក—ប៉ុន្តែ​វា​ក៏​លើក​ស្ទួយ​ដល់​អ្នក​គាំទ្រ​ផងដែរ ។ « វា​ផ្តល់​អំណាច​ដល់​ពួកគេ ហើយ​ផ្តល់​ពរ​ដល់​ពួកគេ និង​ផ្តល់​ការណែនាំ​ដល់​ពួកគេ » ។

នេះ​មានន័យ​ថា ដូច​សមាជិក​​​ដែល​រងគ្រោះ​យ៉ាង​ខ្លាំង​ដោយសារ​ភ្លើង​ឆេះ​ព្រៃ សាន់តា រ៉ូសា បាន​ផ្តល់​ការគាំទ្រ​ចំពោះ​អែលឌើរ​រ៉ាសបាន​ដែរ នោះ​សមាជិក​នៅទូទាំងពិភពលោក​អាច​ត្រូវបាន​លើក​ស្ទួយ សូម្បី​តែ​នៅពេល​ពួកគេ​គាំទ្រ​ដល់​សមាជិក​គ្រប់​រូប​នៃ​ពួកដប់ពីរនាក់ ។