យុវមជ្ឈិមវ័យ
ទ្រង់នឹងមិនភ្លេចកិច្ចការរបស់អ្នកឡើយ
បីបួនខែកន្លងទៅ ខ្ញុំបានសុបិនឃើញថា ខ្ញុំកំពុងអង្គុយនៅកៅអីជួរក្រោយគេនៅក្នុងព្រះវិហារដូចសព្វមួយដង ហើយដោយគ្មានបំណងនៃការចូលរួមឡើយ នោះទស្សនវិស័យរបស់ខ្ញុំបានផ្លាស់ប្តូរ ។ ខ្ញុំបានឃើញអ្នកត្រឡប់មកពីបេសកកម្មវិញមុនកំណត់ផ្សេងទៀត ដើរពេញក្នុងចំណោមក្រុមជំនុំ ។ បំណងប្រាថ្នារបស់ខ្ញុំដើម្បីជួយពួកគេបានកើនឡើងនៅក្នុងចិត្តខ្ញុំពេលខ្ញុំក្រឡេកមើលជុំវិញ ។ ខ្ញុំដឹងថា ការចែកចាយបទពិសោធន៍របស់ខ្ញុំអាចក្លាយជារបៀបមួយនៃការផ្តល់ការងារបម្រើដល់ពួកគេ ហើយជួយពួកគេឲ្យបន្តដើរលើផ្លូវនៃសេចក្តីសញ្ញា ទោះបីផ្លូវនេះហាក់ដូចជាលំបាកក្តី ។
តាមរយៈសុបិនរបស់ខ្ញុំ ព្រះវរបិតាសួគ៌បានឲ្យខ្ញុំដឹងថា ទ្រង់ខ្វល់ខ្វាយ ។ ទ្រង់មានអំណរគុណដល់ការបម្រើសុចរិតដែលយើងបានផ្តល់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា មិនថាការបម្រើពេញម៉ោងរបស់យើងយូរប៉ុន្មាននោះទេ ? « ព្រះទ្រង់មិនមែនជាអ្នករមឹលគុណ ដែលទ្រង់នឹងភ្លេចការដែលអ្នករាល់គ្នាធ្វើ និងសេចក្តីស្រឡាញ់ដែលអ្នករាល់គ្នាបានសម្តែងដល់ព្រះនាមទ្រង់ » នោះទេ ( ហេព្រើរ ៦:១០ ) ។ នៅក្នុងអត្ថបទរបស់ខ្ញុំ ( សូមមើលទំព័រ ៤៧ ) ខ្ញុំចែកចាយរឿងមួយមកពីព្រះគម្ពីរ និងបទពិសោធន៍របស់ពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ដែលត្រឡប់មកពីបេសកកម្មវិញមុនកំណត់ ដែលអាចជួយអ្នកពេលអ្នកដើរនៅលើផ្លូវដែលពុំបានរំពឹងទុក និងលំបាកនេះ ។ ខ្ញុំក៏ចូលចិត្តរបៀបដែលអាឡិចប្រើរឿងមួយមកពីព្រះគម្ពីរមរមន ដើម្បីជួយយើងឲ្យយល់ថា ទោះបីអ្នកត្រឡប់មកពីបេសកកម្មវិញមុនកំណត់ទាំងនោះដោយសារតែបញ្ហាផ្នែកភាពស័ក្តិសមក្តី នោះនៅតែមានសេចក្តីសង្ឃឹមដែរ ( សូមមើលទំព័រ ៤៤ ) ។
នៅក្នុងអត្ថបទមានតែឌីជីថលប៉ុណ្ណោះ នោះអ្នកនឹងអានពីរបៀបដែលអែមីលីប្តូរអារម្មណ៍នៃការថប់បារម្ភ ការភ័យខ្លាច និងភាពគ្មានសង្ឃឹមដែលនាងបានជួប ឲ្យទៅជាអំណរផ្ទាល់ខ្លួន និងពិសិដ្ឋ ។ ហើយខេវិនអ្នកផ្តល់ប្រឹក្សាដែលមានវិជ្ជាជីវៈផ្តល់យោបល់ស្តីពីរបៀបដែលមនុស្សជាទីស្រឡាញ់អាចគាំទ្រដល់អស់អ្នកដែលកំពុងពុះពារនឹងការត្រឡប់មកផ្ទះវិញមុនកំណត់ ។
ហេតុផលដែលយើងម្នាក់ៗត្រឡប់មកផ្ទះវិញវាមិនសំខាន់ ដូចអ្វីដែលយើងធ្វើពេលយើងត្រឡប់មកផ្ទះវិញនោះទេ ។ ដោយមានជំនួយរបស់ព្រះអង្គសង្គ្រោះ នោះយើងអាចព្យាបាល រីកចម្រើន ហើយបន្តរកឃើញអំណោយជាច្រើនទៀតនៅក្នុងដំណើរអស់កល្បជានិច្ចរបស់យើង ។
ដោយស្មោះស្ម័គ្រ
លីអាហូណា ហ្វីខ្វែត