លិខិត មកពីបងប្រុសជាទីស្រឡាញ់
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
បងប្រុសរបស់ខ្ញុំបានខកខានចូលរួមខួបកំណើត ១៦ ឆ្នាំរបស់ខ្ញុំ ដោយសារគាត់កំពុងបម្រើបេសកកម្ម ។ ប៉ុន្តែការទូន្មានដែលគាត់បានផ្ញើមកខ្ញុំគឺជាអំណោយមួយដែលខ្ញុំពេញចិត្តរក្សាទុកជារៀងរហូត ។
អាយុដប់ប្រាំមួយឆ្នាំហើយ ! ឱវាជាគ្រាដ៏អស្ចារ្យក្នុងជីវិត ! ខ្ញុំបានគិតថា « គ្មាននរណាម្នាក់ត្រូវហែលឆ្លងកាត់ជីវិតនេះតែឯងនោះឡើយ » ។
ឪពុកម្ដាយដ៏ឈ្លាសវៃរបស់ខ្ញុំមានចិត្តល្អ ហើយតែងតែផ្តល់ដំបូន្នានល្អៗដល់ខ្ញុំជានិច្ច ។ បងស្រីរបស់ខ្ញុំទើបតែរៀបការ ហើយបានប្តូរទៅរស់នៅរដ្ឋផ្សេង ។ ប្អូនប្រុសខ្ញុំកំពុងតែចាប់អារម្មណ៍នឹងរឿងនានាដែលក្មេងអាយុ ១១ ឆ្នាំធ្វើ ។ ខ្ញុំមានមិត្តភក្តិអស្ចារ្យជាច្រើន ហើយខ្ញុំបានដឹងថា ថ្នាក់ដឹកនាំសាសនាចក្ររបស់ខ្ញុំមានការខ្វាយខ្វល់នឹងខ្ញុំដោយស្មោះ ។
ប៉ុន្តែបងប្រុសរបស់ខ្ញុំហ្គែរី គឺជាមនុស្សម្នាក់ដែលខ្ញុំទុកចិត្ត ។ ខ្ញុំបានយកគាត់ទុកជាគំរូចំពោះរឿងគ្រប់យ៉ាងក្នុងវ័យជំទង់ ។ ខ្ញុំបានប្រាប់ខ្លួនឯងថា « រាល់ពេលដែលខ្ញុំនិយាយជាមួយគាត់ នោះខ្ញុំយល់បានកាន់តែច្រើន ។ ខ្ញុំប្រាថ្នាចង់ឲ្យគាត់នៅទីនេះក្នុងពេលឥឡូវនេះ » ។
ប៉ុន្តែគាត់ពុំនៅទីនេះទេ ។ គាត់នៅប្រទេសជប៉ុនដ៏សែនឆ្ងាយបម្រើបេសកកម្មពេញម៉ោង ។
ទោះបីជានឹកហ្គែរីក្តី ខ្ញុំនៅតែមានថ្ងៃខួបកំណើតដ៏រីករាយ ។ ម្តាយខ្ញុំបានធ្វើនំខួបកំណើតប្រពៃណីរបស់យើង ចម្អិនអាហារពេលព្រឹក ហើយខ្ញុំបានទទួលអំណោយពីរបីពីមុនខ្ញុំទៅសាលារៀន ។ នាយប់នោះ គ្រួសារខ្ញុំ និងខ្ញុំបានទៅបរិភោគភីស្សាជាអាហារពេលល្ងាច ហើយបញ្ចប់ដោយនំខួបកំណើត ។ ខ្ញុំថែមទាំងបានគិតពីការដើរលេងជាគូ ការបើកបររថយន្ត និងអ្វីៗផ្សេងទៀតដ៏រំភើប ដែលខ្ញុំនឹងធ្វើក្នុងអាយុ ១៦ ឆ្នាំនេះ ។
ប៉ុន្តែអំណោយដ៏ល្អបំផុតដែលខ្ញុំបានទទួលនាថ្ងៃនោះ គឺលិខិតមួយនៅក្នុងប្រអប់សំបុត្រ ។ ហ្គែរីពុំបានភ្លេចថ្ងៃពិសេសអស្ចារ្យរបស់ខ្ញុំទេ ! វាជាថ្ងៃពីមុនថ្ងៃខ្ញុំទទួលអ៊ីម៉ែល ដូច្នេះលិខិតនោះចំណាយពេលយូរដើម្បីផ្ញើមកពីប្រទេសជប៉ុនមកកាន់ជ្រលងភ្នំកាឆេ រដ្ឋយូថាហ៍ ស.រ.អា. ។ ខ្ញុំមានក្តីអស្ចារ្យណាស់ ដែលលិខិតរបស់គាត់បានមកដល់ចំថ្ងៃខួបកំណើតរបស់ខ្ញុំ ! វាជាលិខិតសរសេរដោយដៃផ្ទាល់ ដែលវាហាក់ដូចជាបងប្រុសខ្ញុំមានវត្តមាននៅជាមួយខ្ញុំពេលខ្ញុំអានវា ៖
« ជូនចំពោះមើរីលីជាទីស្រឡាញ់ ៖
តើជិតដល់ថ្ងៃខួបកំណើតប្អូនហើយ មែនទេ ? បងគិតថា ពេលប្អូនទទួលលិខិតនេះ វានឹងហួសថ្ងៃខួបកំណើតប្អូនហើយ ។ បងសឹងតែមិនជឿថា—ប្អូនមានអាយុ ១៦ ឆ្នាំហើយ ។ វាដូចជាពីរបីឆ្នាំមុនសោះ ពេលប្អូនពាក់ [ មួកខោប៊យតូចពណ៌ក្រហមរបស់ប្អូន ] ។
សូមបន្តមានភាពផ្អែមល្ហែម និងស្អាតស្អំ ហើយសូមឲ្យមនុស្សគ្រប់គ្នាដឹងជានិច្ចថា សាសនាចក្រនេះមានន័យខ្លាំងប៉ុណ្ណាចំពោះប្អូន ។ ប្រសិនបើប្អូនធ្វើបែបនោះ ប្អូននឹងពុំធ្លាក់ទៅក្នុងស្ថានភាពមួយដែលប្អូនត្រូវធ្វើការសម្រេចចិត្ត ជាមួយនឹងសម្ពាធគ្រប់យ៉ាងពីមនុស្សអាយុស្របាលគ្នាដែលមានឥទ្ធិពលលើប្អូនឡើយ ។ ឧទាហរណ៍ ៖ នៅវិទ្យាល័យ មនុស្សគ្រប់គ្នាដឹងថា បងមិនចង់ផឹកស្រា ឬជក់បារីឡើយ គឺពុំចង់ទាល់តែសោះ ដូច្នេះគេពុំបានបបួលបងទៅពិធីជប់លៀងដែលមានទទួលគ្រឿងទាំងនោះទេ ។ មិត្តភក្ដិរបស់បងបានដឹងថា បងមិនផឹកមិនជក់ទេ ។…
ប្រសិនបើប្អូនឲ្យមនុស្សដទៃទៀតដឹងពីបទដ្ឋានរបស់ប្អូន នោះមនុស្សដែលមានបទដ្ឋានដូចប្អូននឹងចាប់អារម្មណ៍លើប្អូន ។ បងពុំមែនចង់និយាយថា ប្អូនត្រូវតែ ប្រាប់ មនុស្សគ្រប់គ្នានោះទេ ប៉ុន្តែសកម្មភាពវាមានឥទ្ធិពលខ្លាំងណាស់ ។ វិញ្ញាណរបស់ប្អូនគឺផ្អែមល្ហែមណាស់ ហើយប្អូនផ្អែមល្ហែមដូចទៅនឹងឈ្មោះរបស់ប្អូន ។ ហើយប្អូនមានភាពកំប្លុកកំប្លែងល្អ ។ រីករាយថ្ងៃខួបកំណើត ‹ អាយុ ១៦ ឆ្នាំ › ! » ប្រយោគចុងក្រោយមានគូសបន្ទាប់ក្រហមពីក្រោម ។ គ្មានអំណោយថ្ងៃខួបកំណើតណាផ្សេងទៀតល្អជាងនេះឡើយ ! ខ្ញុំបានអានវាម្តងហើយម្តងទៀត រហូតដល់ពេលគាត់ត្រឡប់មកពីប្រទេសជប៉ុនវិញ ហើយនៅទីបំផុតយើងនិយាយគ្នាដោយផ្ទាល់ ។
អស់ជាច្រើនឆ្នាំមកហើយចាប់តាំងពីខ្ញុំបានទទួលលិខិតនោះ ប៉ុន្តែខ្ញុំនៅតែទុកវា ។ មានអ្វីៗជាច្រើនបានផ្លាស់ប្តូរចាប់តាំងពីពេលនោះមក ប៉ុន្តែពុំមែនក្តីស្រឡាញ់របស់ខ្ញុំចំពោះបងប្រុសខ្ញុំឡើយ ។ ថ្ងៃនេះខ្ញុំគាំទ្រគាត់ពុំមែនគ្រាន់តែជាបងប្រុស និងមិត្តរបស់ខ្ញុំនោះទេ ប៉ុន្តែជាអែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ការទូន្មានដែលគាត់បានផ្តល់ឲ្យក្នុងនាមជាសាក្សីពិសេសមួយរូបរបស់ព្រះគ្រីស្ទ ប្រាប់ដល់មនុស្សលើពិភពលោកទាំងអស់ គឺជាកម្លាំងបន្ថែមនៅក្នុងជីវិតខ្ញុំ ដូចជាលិខិតដែលគាត់បានផ្ញើមកខ្ញុំកាលពីខួបកំណើតអាយុ ១៦ ឆ្នាំរបស់ខ្ញុំ ។