២០១៩
ជំហាន​ទាំង​ប្រាំមួយ​ដើម្បី​ទទួល​បាន​ការងារ
ខែ កក្កដា ឆ្នាំ ២០១៩


ពរជ័យ​នៃ​ភាព​ខ្លួន​ទីពឹងខ្លួន

ជំហាន​ទាំង​ប្រាំមួយ​ដើម្បី​ទទួល​បាន​ការងារ

ឥឡូវ​នេះ​អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

យើង​ពុំ​អាច​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ជា​បណ្តោះអាសន្ន​បាន​ទេ ប្រសិនបើ​យើង​ត្រូវការ​ការងារ​មួយ ហើយ​គ្មាន​ការងារ​នោះ ។ នេះ​គឺ​ជា​ជំហាន​ទាំង​ប្រាំមួយ​ដើម្បី​ទទួល​បាន​ការងារ ។

man looking up at ladders

រចនា​រូបភាព​ដោយ អ៊ីឃើរ អាយើស្តារេន

ជាមួយ​នឹង​ជម្រើស​ការងារ​នៅចំពោះ​មុខ​អ្នក តើ​ជំហាន​បន្ទាប់​ទៀត​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ការងារ ដែល​ត្រូវ​នឹង​អ្នក ?

តើ​អ្នក​ត្រូវការ​ការងារ​ថ្មី ឬ​ការងារ​មួយ​ដែល​ប្រសើរ​ដែរ​ឬ​ទេ ? តើ​អ្នក​ស្គាល់នរណា​ម្នាក់​ដែល​​ត្រូវការ​ការងារ​មួយ​ដែរ​ឬទេ ? ឧបសគ្គ​បច្ចុប្បន្ន​នេះ​សម្រាប់​មនុស្ស​ជាច្រើន​ដែល​ត្រូវការ​ការងារ​ជា​ខ្លាំង ឬ​ការងារ​មួយ​ដែល​ប្រសើរ​​គឺ​ថា ជារឿយៗ​ពួកគេ​ពុំ​ប្រាកដ​ចិត្ត​ពី​របៀប​ដើម្បី​ទទួល​បាន​ការងារ​ដែល​ពួកគេ​ចង់​​ធ្វើ​ឡើយ ។ ពួកគេ​សួរ​ថា « តើ​ខ្ញុំ​ត្រូវ​​សរសេរ​ប្រវត្តិរូប​សង្ខេប ដាក់​វា​នៅលើ​អ៊ិនធើរណែត ឬ​ត្រូវ​ធ្វើ​កិច្ចការ​ទាំង​ពីរ​នេះ​ដែរ​ឬ​ទេ ហើយ​តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ? » « តើ​អ្វី​ជា​របៀប​ត្រឹមត្រូវ​ដើម្បី​ឆ្លើយ​សំណួរ​ដូចជា ‹ តើ​អ្វី​ខ្លះ​ជា​ចំណុច​ខ្សោយ​របស់​អ្នក ? › និង ‹ ហេតុ​អ្វី​ខ្ញុំ​គួរតែ​ជួល​អ្នក​ឲ្យ​ធ្វើ​ការងារ​នេះ ? › »

អត្ថបទ​នេះ​ចែកចាយ​ពី​ផែនការ​នៃ​ជំហាន​ទាំង​ប្រាំ​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​អំពី​អ្វី​ដែល​អ្នក​ត្រូវដឹង ហើយ​បន្ទាប់​មក​ធ្វើ​ដើម្បី​ទទួល​បាន​ការងារ​ដែល​អ្នក​ចង់​បាន ។ ជំហាន​ទាំង​ប្រាំមួយ​នេះ​ផ្តោត​ទៅលើ​ផ្នែក​​នៃ​លទ្ធផល​នៃ​ការស្ទង់​មតិ​មួយ ដែល​ខ្ញុំ​បាន​ធ្វើ​ស្តីពី​ការអនុវត្ត​ការជួល​បុគ្គលិក​មក​ពី​នាយោជក​ចំនួន ៧៦០ រូប ដែល​​បាន​រើស​បុគ្គលិក​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។ ជំហាន​ទាំង​នេះ​ក៏​ត្រូវបាន​បង្កើត​ឡើង​មក​ពី​ព័ត៌មាន​ដែល​ខ្ញុំ​បាន​ទទួល​ពីអ្នក​ជំនាញ​ជួល​បុគ្គលិក និង​ការបំពាក់បំប៉ន​ផ្នែក​ការងារ និង​ការរើស​បុគ្គលិក​ដែល​ខ្ញុំ​បាន​បង្រៀន​ជាង ៣០ ឆ្នាំ​នេះ ដល់​មនុស្ស​រាប់ពាន់​នាក់​នៅក្នុង​ជាង ២០ ប្រទេស ។ ទីបំផុត ខ្ញុំ និង​ភរិយា​ទើប​តែ​បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀម​ច្បង ដែល​ត្រូវបាន​ចាត់តាំង​ឲ្យ​អនុវត្ត​សេវាកម្ម​ខ្លួន​ទី​ពឹង​ខ្លួន​នៅ​ទូទាំង​ទ្វីប​អ៊ឺរ៉ុប ។​ បទពិសោធន៍​របស់​យើង​បាន​ពង្រឹង​យើង​ថា អ្នក​ស្វែងរកការងារ​ត្រូវការ​ជំនួយ​ពិសេស ។ មិន​ថា​អ្នក​រស់នៅ​ទីណា​នៅក្នុង​ពិភពលោក​នេះ​ទេ ទោះ​អ្នក​មាន​ជំនាញ​ការងារ​ជា​អ្វី​ក្តី ឬ​មុខងារ​ការងារ​អ្វី​ដែល​អ្នក​ចង់​​ធ្វើ​ក្តី ទាំង​នេះ​គឺ​ជា​ជំហាន​ទាំង​ប្រាំមួយ​ដែល​អាច​ជួយ​អ្នក​បាន ។

ដំណើរការ​នៃ​ការទទួល​បាន​ការងារ​ដែល​អ្នក​ចង់​បាន អាច​ត្រូវ​ចំណាយ​ពេល​ពី ពីរ​បី​ថ្ងៃ ឬ​រហូត​ដល់​​សប្តាហ៍ ឬ​សូម្បី​តែ​ច្រើន​ខែ​ផងដែរ ។ ប៉ុន្តែ​ដំណឹងល្អ​នោះ​គឺ​ថា ដំណើរការ​នេះ​វា​មាន​ជោគជ័យ ។ ជំហាន​ទាំង​ប្រាំ​មួយ​នេះ​អាច​ជួយ​អ្នក​ស្វែងរក​ការងារ​នៅ​គ្រប់​កម្រិត​ទាំង​អស់ ដែល​ត្រូវ​នឹង​ចំណុច​មួយ​នៃ​ចំណុច​ទាំង​បី​នេះ ៖ (១) អ្នក​ដែល​ស្វែងរក​ការងារ​ជាលើក​ដំបូង (២) អ្នក​ដែល​ចង់​ប្តូរ​ការងារ​មួយ​ផ្សេង​ទៀត ឬ​ទទួល​បាន​ការតម្កើង​តំណែង​នៅក្នុង​ក្រុមហ៊ុន ឬ​អង្គការ​បច្ចុប្បន្ន និង (៣) អ្នក​ដែល​ចង់​ប្តូរ​តំណែង​​នៅ​ក្នុង​អង្គការ​មួយ​ផ្សេង​ទៀត ។

ជំហាន​ទី ១ ។ កំណត់​ពី​ការងារ​ជាក់លាក់​ដែល​អ្នក​ចង់បាន​ឥឡូវ​នេះ ។

អ្នក​ត្រូវ​កំណត់​ឲ្យ​ដឹង​ពី​ការងារ​ពិតប្រាកដ​ដែល​អ្នក​អាច​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ននេះ ដែល​ត្រូវ​នឹង​ជំនាញ​​ ប្រវត្តិ សមិទ្ធិផល ឬ​ការអប់រំ​ដែល​ទាក់ទង​នឹង​ការងារ​ផ្ទាល់​របស់​អ្នក ។ នៅពេល​អ្នក​សម្រេច​ចិត្ត​ សូម​កត់​ត្រា​ឈ្មោះ​ការងារ​នោះ ។ ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ នោះ​មាន​គេហទំព័រ​ជា​ច្រើន​​ដែល​រៀបរាប់​ពី​ឈ្មោះ​ការងារ​ផ្សេងៗ និង​ការបរិយាយ​ការងារ ។ សម្រាប់​ជំហាន​ទី ១ អ្នក​ពុំ​ចាំបាច់​ត្រូវស្វែងរក​ការងារ​ដែល​គេ​កំពុង​រើស​នោះ​ទេ គឺ​គ្រាន់តែ​កំណត់​ឲ្យ​ដឹង​ពី​ប្រភេទ​ការងារ​ដែល​អ្នក​មាន​សមត្ថភាពធ្វើ​បាន និង​ការងារ​ដែល​​ត្រូវ​នឹង​ចំណាប់​អារម្មណ៍​អ្នក​បាន​ហើយ ។

កំហុស​ធំ​បំផុត​ពីរ​ដែល​បេក្ខជន​ស្វែងរក​ការងារ​ធ្វើ​មាន​នោះ​គឺ ពុំ​សម្រេច​ចិត្ត​​រក​ការងារ​ជាក់លាក់​ដែល​ពួកគេ​ពិត​ជា​ចង់​ធ្វើ ឬ​ជ្រើសយក​មុខ​តំណែង​មួយ​ដែល​ពួកគេ​គ្មាន​សមត្ថភាព​​ធ្វើ ។​ ប្រសិនបើ​អ្នក​មិន​ប្រាកដ​ចិត្ត​ថា តើ​​ការងារ​ជាក់លាក់​អ្វី​ដែល​ត្រូវ​រក និង​ចាប់​យក នោះ​អ្នក​អាច​​បញ្ចប់​ដោយ​ពុំ​ទទួល​បាន​ការងារ​ណា​ទាំងអស់ ។ ការនិយាយ​ដូចជា​ឃ្លា​ថា « ខ្ញុំ​គ្រាន់តែ​ត្រូវការការងារ​មួយ ការងារ​ណា​ក៏​បាន » វា​គ្មាន​ប្រយោជន៍​ទេ ។ ការនិយាយ​បែប​នេះ​ពុំ​ធ្វើ​ឲ្យ​និយោជក​កោត​សរសើរ​ឡើយ ហើយ​បំផ្លាញ​កិច្ចខិតខំ​​នៃ​ការស្វែងរក​ការងារ​របស់​អ្នក​ផ្ទាល់​ទៀត​ផង ។ ដូច្នេះ​សូម​ជ្រើសរើស​ការងារ​ជាក់លាក់​មួយ​ដែល​អ្នក​អាចធ្វើ​បាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហើយ​បន្ទាប់​មក​ផ្តោត​ទៅលើ​ការទទួល​បាន​ការងារ​នោះ ។

ជំហាន​ទី ២ ។ សូម​រកមើល​ការបរិយាយ​ការងារ​សម្រាប់​​ការងារ​ដែល​អ្នក​ចង់​ធ្វើ ។

ការស្ទង់​មិត​ដែល​ខ្ញុំ​បាន​ធ្វើ​ជាមួយ​និយោជក​ចំនួន ៧៦០ នាក់ ដែល​បាន​ជ្រើសរើស​បុគ្គលិក​នៅ​សាកលវិទ្យាល័យ ព្រីកហាំ យ៉ង់ និង​បទពិសោធន៍​ការងារ​ជាច្រើន​ឆ្នាំ​របស់​ខ្ញុំ​នៅក្នុង​ប្រទេស​ជា​ច្រើន បាន​បង្ហាញ​ថា អ្នក​ជ្រើសរើស​បុគ្គលិក និង​អ្នក​គ្រប់គ្រង​ការជួល​បុគ្គលិក​ស្ទើរតែ​ទាំងអស់​តែងតែ​ពិចារណា​លើ​បេក្ខជន​ណា​ដែល​ស្វែងរក​ការងារ​ជាក់លាក់ ដែល​​មាន​ជំនាញ បទពិសោធន៍ សមិទ្ធិផល ឬ​ការអប់រំ​ត្រឹមត្រូវ​ដែល​ទាក់ទង​នឹង​ការងារ​នោះ​ប៉ុណ្ណោះ ។ ជា​ពិសេស​ ការណ៍​នោះពិត​ចំពោះ​អ្នក​​ដែល​រកការងារ​ដែល​មាន​តំណែង​មធ្យម និង​តំណែង​កម្រិត​ខ្ពស់ ។ នៅពេល​ពួកគេ​ពិចារណា​យ៉ាង​យកចិត្ត​ទុកដាក់​អំពី​បេក្ខជន នោះ​អ្នក​ជ្រើសរើស​បុគ្គលិក​ទាំង​នេះ​ប្រើ​ប្រាស់​គម្រោង​មួយ ឬ​បញ្ជី​មួយ​ហៅ​ថា ការបរិយាយ​ការងារ ដើម្បី​ចាំ​ពី​តម្រូវការ​សំខាន់​បំផុត​សម្រាប់​ការងារ​នីមួយៗ ។ បន្ទាប់​មក បុគ្គល​ដែល​ជួល​ប្រៀបធៀប​បេក្ខជន​ទាំងអស់​ទៅ​នឹង​ការបរិយាយ​ការងារ​ជាក់លាក់​នៃ​តំណែង​នោះ ។​

អ្នក​ត្រូវ​រក​ការ​បរិយាយ​ការងារ​សម្រាប់​​ការងារ​ដែល​អ្នក​ចង់​ធ្វើ ។ វា​នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​ចិត្ត​ថា តើ​អ្នក​ពិតជាបេក្ខជន​ល្អ​សម្រាប់​ការងារ​នោះ​ដែរ​ឬ​ទេ ។ វា​ក៏​នឹង​ជួយ​អ្នក​សម្រេច​ចិត្ត​​ពីអ្វីដែល​ត្រូវ​និយាយ និង​មិន​និយាយ​អំពី​ខ្លួន​អ្នក​នៅលើ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក នៅក្នុង​លិខិតអម​ប្រវត្តិរូប​សង្ខេប និង​នៅក្នុង​ការសម្ភាស​ជាមួយ​និយោជក ។ ជាទូទៅ និយោជក​ធ្វើ​បញ្ជី​បរិយាយ​ការងារ​សម្រាប់​ការងារ​ជ្រើសរើស​នីមួយៗ​របស់​ពួកគេ​នៅលើ​គេហទំព័រ​ពួកគេ នៅលើ​សារព័ត៌មាន និង​នៅលើ​គេហទំព័រ​ស្វែងរក​ការងារ ។ បុគ្គលិក​បច្ចុប្បន្ន​ដែល​ដឹង​ពី​​ការងារ​ក៏​អាច​ប្រាប់​អ្នក​អំពី​ការបរិយាយ​ការងារ និង​តម្រូវការការងារ​ដែល​ជ្រើសរើស ។

កិច្ចការ​របស់​អ្នក​នៅក្នុង​ជំហាន​ទី ២ គឺ​រកមើល​តម្រូវការ​ជាក់លាក់ ដែល​បាន​រៀបរាប់​នៅក្នុង​ការបរិយាយ​ការងារ​សម្រាប់​​ការងារ​ដែល​អ្នក​ចង់​ធ្វើ ។ បន្ទាប់​មក អ្នក​ត្រូវ​ប្រើ​ព័ត៌មាន​គន្លឹះ​នៅក្នុង​ជំហាន​ទី ៣–៦ ។

ជំហានទី ៣ ។ កំណត់​ពី​ជំនាញ បទពិសោធន៍ លទ្ធផល​ការងារ និង​ការអប់រំ​ដែល​ត្រូវ​នឹង​ការងារ​ដែល​អ្នក​បាន​ជ្រើសរើស ។

ចំណុច​នេះ​ជាកន្លែង​ដែល​អ្នក​កំណត់​ពី​ជំនាញ​ផ្ទាល់​ខ្លួន​របស់​អ្នក និង​សមិទ្ធិផល​សម្រេច​បាន​ដែល​ទាក់ទង​នឹង​ការងារ ដែល​បង្ហាញ​ថា ប្រវត្តិ​របស់​អ្នក​ពិតជា​ត្រូវ​គ្នា​នឹង​តម្រូវការ​សំខាន់​នៃ​ការងារ​ដែល​អ្នក​ចង់​បាន​បច្ចុប្បន្ន​នេះ ដូច​បាន​បរិយាយ​នៅក្នុង​ការបរិយាយ​ការងារ​ដែល​អ្នក​រកឃើញ​នៅក្នុង​ជំហាន​ទី ២ ។

នៅពេល​អ្នក​ធ្វើ​ចំណុច​នេះ សូម​ធ្វើ​បញ្ជី​នៃ​ជំនាញ និង​សមិទ្ធិផល​សម្រេច​បាន​ដែល​ទាក់ទង​នឹង​​ការងារ​របស់​អ្នក បន្ទាប់​មក​អ្នក​អាច​ប្រៀបធៀប​ប្រវត្តិការងារ​របស់​អ្នក​ជាមួយ​គុណសម្បត្តិ​គន្លឹះ ដែល​មាន​បង្ហាញ​នៅក្នុង​ការបរិយាយ​ការងារ​ដែល​អ្នក​រកឃើញ​នៅក្នុង​ជំហាន​ទី ២ ។ ប្រសិនបើ​បញ្ជី​របស់​អ្នក​បង្ហាញ​ថា ជំនាញ​របស់​អ្នក​ត្រូវ​គ្នា​យ៉ាង​ល្អ​ជាមួយ​តម្រូវការ​ការងារ​ដែល​អ្នក​បាន​ជ្រើសរើស​នៅក្នុង​ជំហាន​ទី ១ បន្ទាប់​មក​សូម​ឈាន​ឆ្ពោះ​ទៅកាន់​ជំហាន​ទី ៤–៦ ។ ប៉ុន្តែ ប្រសិនបើ​ជំនាញ និង​សមិទ្ធិផល​សម្រេច​បាន​របស់​អ្នក​ដែល​អ្នក​បាន​រៀបរាប់​នៅ​ក្នុង​ជំហាន​ទី ៣ ពុំ​ត្រូវ​គ្នា​យ៉ាង​ល្អ​ជាមួយ​ការបរិយាយ​ការងារ​ដែល​អ្នក​មាននៅក្នុង​ជំហាន​ទី ២ ទេ នោះ​អ្នក​គួរតែ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​​ដើម្បី​ជ្រើសរើស​ការងារ​មួយ​ផ្សេង​ទៀត ដើម្បី​ចាប់យក​វា​នា​គ្រា​នេះ គឺ​ការងារ​មួយ​ដែល​ត្រូវ​ខ្លាំង​បំផុត​នឹង​ជំនាញ និង​សមត្ថភាព​បច្ចុប្បន្ន​របស់​អ្នក ។​

ជំហានទី ៤ ។ សូម​សរសេរ​ប្រវត្តិ​រូប​សង្ខេប​​ដែល​ត្រូវ​នឹង​តម្រូវការ​របស់​និយោជក​មួយ ឬ​ពីរ​ទំព័រ ។

people writing resumes

គោលបំណង​ចម្បង​​នៃ​ប្រវត្តិរូប​សង្ខេប ឬ​ស៊ីវី​របស់​អ្នក គឺ​ដើម្បី​បាន​សម្ភាស​ជាមួយ​អ្នក​ជ្រើសរើស​បុគ្គលិក ឬ​បុគ្គល​ដែល​ជួល​បុគ្គលិក ដែល​កំពុង​រក​មនុស្ស​បំពេញ​មុខ​តំណែង​ដែល​ជ្រើសរើស ។ ប្រវត្តិរូប​សង្ខេប​របស់​អ្នក​សម្រេចការណ៍​នេះ តាមរយៈ​ការបង្ហាញ​ដោយ​សង្ខេប​​ដល់​បុគ្គល​ដែល​ជួល​បុគ្គលិក​ថា ជំនាញ បទពិសោធន៍ សមិទ្ធិផល​សម្រេច​បាន​ ឬ​ការអប់រំ​ដែល​ទាក់ទង​នឹង​ការងារ​របស់​អ្នក ត្រូវ​នឹង​ការបរិយាយ​​នៃ​ការងារ​របស់​និយោជក គឺ​ជា​លក្ខណៈ​សំខាន់​បំផុត​នៃ​បេក្ខជន​ល្អ​បំផុត​សម្រាប់ការងារ​នោះ ។

ប្រវត្តិរូប​សង្ខេប​​ដែល​អ្នក​សរសេរ​សម្រាប់​ការងារ​ជ្រើសរើស​​​ផ្សេងៗ​របស់​និយោជក ត្រូវតែ​តម្រូវ​ទៅតាម​តម្រូវការ​របស់​និយោជក ។ អ្នកពុំ​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​ទន្និន័យ​សំខាន់​ដូចគ្នា​ដែល​អ្នក​នឹង​បញ្ជូល​នៅលើ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​ឡើយ ដូចជា​ប្រវត្តិការងារ​របស់​អ្នក ព័ត៌មាន​សាលា​រៀន​របស់​អ្នក និង​ព័ត៌មាន​ទាក់ទង​បច្ចុប្បន្នភាព​របស់​អ្នក ។ ព័ត៌មាន​ទាំង​នោះ​នឹង​ដូច​គ្នា​នៅលើ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក ។ ប៉ុន្តែ​​ប្រសិនបើ​អ្នក​ដាក់ពាក្យ​ស្នើសុំ​ធ្វើការ​ងារ​មួយ​ ជាមួយ​និយោជក​ច្រើន​ជាង​ម្នាក់ នោះ​និយោជក​ម្នាក់ៗ​នឹង​មាន​ការបរិយាយ​ការងារ​ផ្សេង ឬ​ផ្សេង​​ខ្លាំង​ពី​គ្នា​​សម្រាប់​ការងារ​របស់​ពួកគេ ។ ហេតុដូច្នេះ​ហើយ អ្នក​ត្រូវ​ជ្រើសរើស​ជំនាញ និង​សមិទ្ធិផល​សម្រេច​បាន​ណា​មួយ​ដែល​ទាក់ទង​នឹង​ការបរិយាយ​ការងារ​នីមួយៗ ។ សូម​ដាក់​​ជំនាញ និង​សមិទ្ធិផល​សម្រេច​បាន​ទាំង​នោះ​នៅលើ​ប្រវត្តិរូប​សង្ខេប​របស់​អ្នកជា​សេចក្តីថ្លែង​ការណ៍​ច្បាស់ៗ​ ដែល​ចាប់ផ្តើម​ជាមួយ​នឹង​កិរិយាសព្ទពិពណ៌នា​ដូចជា « បាន​ស្រាវជ្រាវ », « បាន​បង្កើត », « បាន​ផលិត », « បាន​គ្រប់គ្រង » ជាដើម ។

ឧទាហរណ៍ ប្រសិនបើ​អ្នក​មាន​បទពិសោធន៍​ការងារ​ទាំង​ផ្នែក​លក់ និង​ផ្នែក​ទីផ្សារ ហើយ​អ្នក​កំពុង​ដាក់​ពាក្យ​ធ្វើការ​ពីរ​ផ្សេង​គ្នា—ការងារ​មួយ​ផ្តោត​លើ​ការលក់ និង​មួយ​ទៀត​ផ្តោត​លើ​ផ្នែក​ទីផ្សារ—នោះ​អ្នក​នឹង​​ធ្វើ​ប្រវត្តិ​រូប​សង្ខេប​ពីរ ប្រវត្តិរូប​សង្ខេប​មួយ​ចែកចាយ​​ឲ្យ​បាន​ច្រើន​ពី​សកម្មភាព និង​សមិទ្ធិផល​សម្រេច​បាន​​នៃ​ផ្នែក​លក់​របស់​អ្នក ហើយ​មួយ​ទៀតចែកចាយឲ្យ​បានច្រើន​ពី​​សកម្មភាព និង​សមិទ្ធិផល​សម្រេច​បាន​នៃ​​ផ្នែក​ទីផ្សារ​របស់​អ្នក ។ ( ប្រសិនបើ​អ្នក​ពុំ​មាន​បទពិសោធន៍​ច្រើន​​នៅឡើយ សូមមើល​គេហទំព័រ lds.org/go/71939 ដើម្បី​រៀន​របៀប​ប្រើ​បទពិសោធន៍​មក​ពី​ការបម្រើ​របស់​អ្នក​ក្នុង​សាសនាចក្រ​ដើម្បី​ដាក់​ក្នុង​ប្រវត្តិរូប​សង្ខេប​របស់​អ្នក ) ។

ជំហានទី ៥ ។ សូម​ស្វែងរក​និយោជក​ដែល​កំពុង​ជួល​មនុស្ស​ឲ្យ​ធ្វើ​ការងារ​ដែល​អ្នក​ចង់​ធ្វើ ។

មាន​ប្រភេទ​ការងារ​មួយ​ចំនួន​ដែល​ត្រូវ​ការបុគ្គលិក​ជានិច្ច ទោះបី​នៅពេល​ពុំ​សូវ​មាន​ការងារ​ក្តី ។ បុគ្គលិក​ចូលនិវត្តរ៍ ផ្លាស់ប្តូរ​ការងារ ឡើង​តំណែង បន្ទាប​តំណែង ឬ​ប្តូរ​ទៅ​រស់​នៅ​ឆ្ងាយ ។ ហើយ​​​តែងតែ​មាន​អាជីវកម្ម​មួយ​ចំនួន​រីកចម្រើន ហើយ​ត្រូវការ​បុគ្គលិក​កាន់តែ​ច្រើន ។ ស្ថានភាព​ទាំងអស់​នេះ​ដឹកនាំ​ទៅរក​តំណែង​ការងារ​នៅទំនេរ ដែល​ត្រូវ​តែ​បំពេញ​ដោយ​បេក្ខជន​ដែល​មាន​សមត្ថភាព ។ ជួនកាល មាន​ការជ្រើសរើស​បុគ្គលិក​តិច ហើយ​ជួនកាល​​ត្រូវការជ្រើសរើស​បុគ្គលិក​ច្រើន ។ ដូច្នេះ​​សូម​កុំ​បាក់ទឹកចិត្ត ប្រសិន​បើ​អ្នក​ពុំ​ទាន់​​រក​បាន​ការងារ​មួយ​នៅឡើយ ។ សូម​បន្ត​រកមើល​ការងារ​​នោះ​សម្រាប់​អ្នក ។

សូម​មើល​​គេហទំព័រ​របស់​និយោជក គេហទំព័រ​ការងារ សារព័ត៌មាន និង​ធនធាន​ផ្សេង​ទៀត​សម្រាប់​ការងារ​ដែល​អ្នក​ចង់​បាន ។ របៀប​មួយ​ដ៏​ល្អ​បំផុត​ដើម្បី​រក​ឃើញ​ការងារ​មួយ​គឺ​តាម​រយៈ​បណ្តាញ—ការទាក់ទង​មនុស្ស​ជាច្រើន​រៀងរាល់​ថ្ងៃ ដូចជា​អ្នក​ជិតខាង និង​សមាជិក​វួដ ដោយ​ប្រាប់​ពួកគេ​អំពី​ការងារ​ជាក់លាក់​ដែល​អ្នកកំពុង​ស្វែងរក ហើយ​សួរ​ពួកគេ ប្រសិនបើ​ពួកគេ​ដឹង​​​ថា​គេរើស​ការងារ​នោះ ឬ​ប្រសិនបើ​ពួកគេ​ស្គាល់​នរណា​ម្នាក់​ដែល​​ដឹង​​ថា​គេរើស​ការងារ​នោះ ។ សូម​ប្រាកដ​ថា អ្នក​ផ្តល់​ព័ត៌មាន​ទាក់ទង​ទៅ​កាន់​មនុស្ស​ទាំង​នោះ ពេល​អ្នក​ធ្វើ​បណ្តាញ​ប្រចាំ​ថ្ងៃ ។

ជំហានទី ៦ ។ សូម​រៀន​សម្ភាស​ឲ្យ​បាន​ល្អ​ពីមុន​ផ្ញើ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​ទៅកាន់​និយោជក ។

woman at an interview

ពីមុន​អ្នក​ចាប់ផ្តើម​ផ្ញើ​ប្រវត្តិរូប​សង្ខេបដ៏​ល្អ​របស់​អ្នក​ទៅកាន់​និយោជក អ្នក​ត្រូវ​តែ​រៀន​សម្ភាស​ឲ្យ​បានល្អជាមុន​សិន ។ មានមនុស្ស​ជាច្រើន​បាន​ចាប់ផ្តើម​ផ្ញើ​ប្រវត្តិរូបសង្ខេប​យ៉ាង​លឿន​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន ពីមុន​ពួកគេ​រៀបចំ​ខ្លួន​ដើម្បី​សម្ភាស​ឲ្យ​បាន​ល្អ ។ បញ្ហា​ត្រង់​ចំណុច​នេះ​គឺ​ថា អ្នក​ស្វែងរកការងារ​មួយ​ចំនួន​អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​ជួប​សម្ភាស​ភ្លាមៗ ។ បេក្ខជន​ទាំង​នេះ​មាន​ចិត្ត​រំភើប ទៅ​សម្ភាស ពីមុន​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ​គ្រប់គ្រាន់​សម្រាប់​ការសម្ភាស សម្ភាស​ពុំ​បាន​ល្អ ហើយ​ទីបំផុត​ពុំ​បាន​ទទួល​ការងារ​នោះ ។ នៅពេល​អ្នក​បាន​ធ្វើ​បែប​នេះ អ្នក​ពុំ​អាច​ត្រឡប់​ក្រោយ​​ទៅ​ក្រុម​ហ៊ុន ឬ​អ្នក​សម្ភាស​នោះ ហើយ​សូម​សម្ភាស​ម្តង​ទៀត ដោយ​និយាយ​ថា ឥឡូវ​នេះ​អ្នក​បានរៀន​របៀប​ឆ្លើយ​សំណួរ​ទាំង​នោះ​បាន​ត្រឹមត្រូវ​ហើយ !

របៀប​ដែល​អ្នក​ឆ្លើយ​គ្រប់​សំណួរ​នៅក្នុង​ការសម្ភាស​គឺ​សំខាន់​ដល់​ជោគជ័យ​ក្នុងការ​ទទួល​បាន​ការងារ​ដែល​អ្នក​ចង់​បាន ។ ទោះបី​អ្នក​ត្រូវ​តែ​មាន​ចិត្ត​ស្មោះត្រង់​ទាំងស្រុង​ជានិច្ច​ក្តី នោះ​តែ​មាន​របៀប​ឆ្លើយ​ត្រូវ និង​ខុស​ចំពោះ​សំណួរ​នីមួយៗ​នៅក្នុង​សម្ភាស​ដែរ ។ គេ​អាច​នឹង​សួរ​សំណួរ​ដូច​​នេះ​ដល់​អ្នក ៖

  • តើ​អ្វី​ជា​​ភាពខ្លាំង និង​ភាពខ្សោយ​របស់​អ្នក ?

  • តើ​បញ្ហា​អ្វី​ដែល​អ្នក​បាន​មាន​នៅ​កន្លែង​ការងារ​ចាស់​របស់​អ្នក ដែល​​ឥឡូវ​នេះ​អ្នក​នឹង​ដោះស្រាយ​វា​ដោយ​របៀប​ផ្សេង​នោះ ?

  • តើ​អ្នក​​ចង់​បាន​ប្រាក់​ខែ​ប៉ុន្មាន ?

  • តើ​អ្នក​ចង់​​ធ្វើការងារ​អ្វី​នៅក្នុង​អំឡុង​​ប្រាំ​ឆ្នាំ​ទៀត ?

ក្នុង​នាម​ជា​បេក្ខជន​ ចម្លើយ​ដែល​អ្នក​ឆ្លើយ​ចំពោះគ្រប់​សំណួរ​ដែល​គេ​សួរ​អ្នក ត្រូវតែ​មាន​ការលៃលក​ទុកជាមុន និងបាន​ដាក់ផែនការ​ជាមុន ។ សូម្បី​តែ​ចម្លើយ​អាក្រក់​មួយ​អាច​រារាំង​អ្នក​មិន​ឲ្យ​ទទួល​បាន​ការងារ ។ សូម​ឆ្លើយ​ចម្លើយ​ខ្លី ផ្តល់​ឧទាហរណ៍​ពីរ​មួយ​ទៅ​ពីរ​នាទី​ដែល​បង្ហាញ​​ថា ប្រវត្តិរូប ជំនាញ និង​សមិទ្ធិផល​សម្រេច​បាន​របស់​អ្នក​ពិត​ជា​ត្រូវ​នឹង​ការបរិយាយ​ការងារ​របស់​ពួកគេ ។ សិក្សាស្រាវជ្រាវ​អំពី​អង្គការ​ពីមុន​ការសម្ភាស​ដំបូង ដើម្បី​អ្នក​អាច​តម្រូវ​ចម្លើយ​ទៅតាម​តម្រូវការ​​ដែល​ពួកគេ​ចង់​បាន ។

ភាគច្រើន​នៅចុង​បញ្ចប់នៃ​​ការសម្ភាស អ្នក​នឹង​មាន​ឱកាស​សួរ​សំណួរ​ដល់​និយោជក​ពីរបីសំណួរ ។ សំណួរ​ដ៏​ល្អ​បំផុត​របស់​អ្នក​គឺ​អំពី​ការងារ​ដែល​ជ្រើសរើស​នោះ ។ « តើ​មាន​តម្រូវការ​អ្វី​ខ្លះ​ដែល​ត្រូវសម្រេច​ឲ្យ​បាន ឬ​ផ្លាស់ប្តូរ​ក្នុង​ការងារ​នេះ ? » ការណ៍​នេះ​នឹង​ជួយ​​អ្នក​ក្នុង​ការសម្ភាស​នាពេល​ខាង​មុខ​របស់​អ្នក ប្រសិនបើ​អ្នក​ត្រូវបាន​សូម​ឲ្យ​ត្រឡប់​មក​វិញ ។ ជាទូទៅ អ្នក​អាច​ទុក​សំណួរ​របស់​អ្នក​អំពី​គោលដៅ​ វប្បធម៌ការងារ ប្រាក់​ខែ​របស់​អង្គការ ( លុះត្រា​តែ​គេ​បាន​សួរ​អ្នក​អំពី​សំណួរ​​នេះ ) ម៉ោង​ធ្វើការ និង​ប្រយោជន៍​នានា​សម្រាប់​ការសម្ភាស​នា​ពេល​ខាង​មុខ ។

ឥឡូវ​នេះ​អ្នក​មាន​ជំហាន​ទាំង​ប្រាំ​មួយ​ដើម្បី​ទទួល​បាន​ការងារ​​​ដែល​អ្នក​ចង់​ធ្វើ ។ អ្នក​ពុំ​អាច​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ជា​បណ្តោះអាសន្ន​បាន​ទេ ប្រសិនបើ​អ្នក​ត្រូវការ​ការងារ​មួយ ហើយ​គ្មាន​ការងារ​នោះ ។ ប្រសិនបើ​អ្នក​ត្រូវការ​ការងារ ការងារ​មួយ​ដែល​ប្រសើរ​ជាង​នេះ ឬ​ស្គាល់​នរណា​ម្នាក់ដែល​ត្រូវការ​ចំណុច​ទាំង​នេះ សូម​ប្រើប្រាស់ ឬ​ចែកចាយ​ឧបករណ៍​ស្វែងរក​ការងារ​ដ៏​មាន​ឥទ្ធិពល​ដែល​បាន​បង្ហាញ​នេះ ។ វា​មាន​ប្រសិទ្ធភាព​ណាស់ ! សូម​ឲ្យ​ព្រះអម្ចាស់​ប្រទាន​ពរ​​ដល់​អ្នក​ក្នុង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ទ​ទួល​បាន​ការងារ​ដែល​អ្នក​ចង់​បាន ។