២០១៩
ការបង្កើត​ប្រវត្តិរូបសង្ខេប​មួយ​សម្រាប់​អ្នក​ដែល​គ្មាន​បទពិសោធន៍​ច្រើន
ខែ កក្កដា ឆ្នាំ ២០១៩


មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

ការបង្កើត​ប្រវត្តិរូបសង្ខេប​មួយ​សម្រាប់​អ្នក​ដែល​គ្មាន​បទពិសោធន៍​ច្រើន

តើ​អ្នក​ពុំ​សូវ​មាន​បទពិសោធន៍​ច្រើន​ដើម្បី​ដាក់​ក្នុង​ប្រវត្តិរូបសង្ខេប​របស់​អ្នក​ឬ ? សូម​ក្រឡេក​មើល​ទៅ​ការហៅ​បម្រើ​របស់​អ្នក​ក្នុង​សាសនាចក្រ !

វគ្គ​សំខាន់​មួយ​ចំនួន​ដែល​ឃើញ​មាន​ជា​រឿយៗ​នៅលើ​ប្រវត្តិរូបសង្ខេប​របស់​អ្នក​គឺ « បទពិសោធន៍​ការងារ », « បទពិសោធន៍​ស្ម័គ្រចិត្ត », « ការអប់រំ » និង « ជំនាញ » ។ ទោះបី​វា​ជា​បញ្ជី​ខ្លី​មួយ​ក្តី ការមាន​អារម្មណ៍​ថា អ្នក​គ្មាន​បទពិសោធន៍​ច្រើន​នៅក្នុង​ចំណុច​ទាំង​នេះ​អាច​ជាការភ័យ​ខ្លាច​មួយ ។ ប៉ុន្តែ​ចូរ​កុំ​អស់​សង្ឃឹម ! អ្នក​ប្រហែល​ជា​មាន​បទពិសោធន៍​ច្រើន​ជាង​អ្នក​គិត​ឃើញ​ទៅទៀត—ជាពិសេស​ការហៅ​បម្រើ​របស់​អ្នក​ក្នុង​សាសនាចក្រ​អាច​ផ្តល់​ដល់​អ្នកនូវ​បទពិសោធន៍​ដ៏​មាន​តម្លៃ ។ យើង​បំពេញ និង​ព្យាយាម​តម្កើង​ការហៅ​បម្រើ​របស់​យើង​ក្នុង​សាសនាចក្រ ដោយ​សារ​តែ​សេចក្តីស្រឡាញ់​ចំពោះ​ព្រះអម្ចាស់ និង​បំណង​ប្រាថ្នា​ដើម្បី​ជួយ​បុត្រាបុត្រី​របស់​ទ្រង់ ប៉ុន្តែ​ជំនាញ​ដែល​យើង​ទទួល​បាន​ពី​ការហៅ​បម្រើ​នោះ អាច​ជួយ​រៀបចំ​យើង​​សម្រាប់​ទីផ្សារ​ការងារ​ផងដែរ ។

ការធ្វើ​បញ្ជី​កិច្ចការ និង​ភាព​ញឹកញាប់

ទោះ​ការហៅបម្រើ​​ក្នុង​សាសនាចក្រ​អ្វី​ក៏​ដោយដែល​អ្នក​មាន អ្នក​ប្រហែល​ជា​មាន​សមិទ្ធិផល និង​ជំនាញ​នានា​ដែល​អ្នក​បាន​រៀន ដែល​អ្នក​អាច​ដាក់​បញ្ចូល​ទៅក្នុង​ប្រវត្តិរូប​សង្ខេប​របស់​អ្នក ។ សូម​ធ្វើ​បញ្ជី​កិច្ចការ​នានា​ដែល​អ្នក​បាន​ធ្វើ​នៅក្នុង​ការហៅ​បម្រើ​នីមួយៗ ហើយ​កត់ត្រា​ពី​ភាព​ញឹកញាប់​ដែល​អ្នក​បាន​ធ្វើ​កិច្ចការ​ទាំង​នោះ និង​ចំនួន​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការ​ទាំង​នោះ ។

សេចក្ដី​ថ្លែង​ការណ៍​អំពី​សមិទ្ធិផល

បន្ទាប់​មក សូម​បង្កើត « សេចក្ដី​ថ្លែង​ការណ៍​អំពី​សមិទ្ធិផល » វា​ជាសេចក្តីថ្លែងការណ៍​ដែល​ពិពណ៌នា​សង្ខេប​អំពី​អ្វី​ដែល​អ្នក​សម្រេច​បាន​អំឡុងពេល​នៃ​ការហៅ​បម្រើ​របស់​អ្នក ។ វា​បង្ហាញ​ឡើង​នៅលើ​ប្រវត្តិ​រូបសង្ខេប​របស់​អ្នក​ជា​ទម្រង់​បញ្ជី​ចំណុច នៅ​​ខាង​ក្រោម​បទពិសោធន៍​នីមួយៗ ។

សូម​ចាប់ផ្តើម​សេចក្តីថ្លែងការណ៍​របស់​អ្នក​ជាមួយ​នឹង « កិរិយាសព្ទ​សកម្មភាព »—ពាក្យ​កិរិយាសព្ទ​រឹងប៉ឹង​ដូចជា បាន​មើល​ការខុសត្រូវ​លើ បាន​កែលម្អ​អ្វី​មួយ​ឲ្យ​បាន​ប្រសើរ​ឡើង បាន​បង្រៀន ជាដើម ។

ឧទាហរណ៍

ទាំងនេះ​គឺជា​សេចក្តីថ្លែង​ការណ៍​អំពី​សមិទ្ធិផល​ដោយ​ផ្អែក​លើ​ការហៅ​បម្រើ​ពីរបី​ប្រភេទ ហើយ​ដាក់​បញ្ចូល​កិច្ចការ ភាពញឹកញាប់ និង​ចំនួន​​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ការហៅ​បម្រើ​នោះ ៖

  • ប្រសិនបើ​ជា​គ្រូបង្រៀន ៖

    • បាន​រៀបចំ​មេរៀន​​រៀងរាល់​សប្តាហ៍​ដោយ​សិក្សា​សៀវភៅ​សិក្សា និង​ព្រះគម្ពីរ ហើយ​ប្រមូល​ធនធាន​នានា ព្រមទាំង​បទពិសោធន៍​ផ្ទាល់​ខ្លួន

      • សម្រាប់​ភាព​ញឹកញាប់​វិញ សូម​ធ្វើ​បញ្ជី​មួយ​អំពី​ភាព​ញឹកញាប់​ដ៏​ច្រើន​បំផុត​ដែល​អ្នក​បាន​បំពេញ​កិច្ចការ​នោះ—ប្រចាំ​សប្តាហ៍ ពីរ​ដង​ក្នុង​មួយ​ខែ​ជាដើម ។

    • បាន​បង្រៀន​ថ្នាក់​មួយ​ដែល​មាន​សិស្ស​អាយុ​ចាប់​ពី ១៤ ដល់ ១៦ ឆ្នាំ រៀងរាល់​សប្តាហ៍​រយៈពេល ៥០ ​នាទី ។

      • ចំនួន​សិស្ស និង​ប្រភេទ​សិស្ស​គឺ​អាស្រ័យ​ទៅលើ​ការហៅ​បម្រើ​របស់​អ្នក ។

  • ប្រសិនបើ​ជា​គណៈប្រធាន ៖

    • បាន​បង្កើត និង​សម្រេច​បាន​នូវ​គោលដៅ​ប្រចាំ​ខែ និង​គោលដៅ​រយៈពេល​យូរ​សម្រាប់​ក្រុម ។

    • មើល​ថែ​ទាំ​សុខុមាលភាព​សម្រាប់​សមាជិក ៣០ នាក់​នៅក្នុង​អង្គភាព ។

    • បណ្តុះបណ្តាល​​អ្នកដឹកនាំ និងគ្រូបង្រៀន​ក្នុង​កាតព្វកិច្ច​របស់ពួកគេ ។

    • បាន​ដាក់​ផែនការ និង​រៀបចំ​សកម្មភាព​ប្រចាំ​ខែ​សម្រាប់​មនុស្ស ២៦ នាក់ ។

    • បាន​បង្កើត និង​ចាយ​តាម​ថវិកា​ប្រចាំ​ខែ ។

  • ប្រសិនបើ​ជា​អ្នក​ដឹកនាំតន្ត្រី ៖

    • បាន​រៀបចំ​កម្មវិធី​តន្ត្រី​ប្រចាំ​សប្តាហ៍ ។

    • បាន​រៀបចំ​ចម្រៀង​ពិសេស​​ដែល​ច្រៀង​ដោយ​សមាជិក​នៃ​ក្រុមជំនុំ ។

    • បាន​ដាក់ផែនការ​កម្មវិធី​តន្ត្រី​សម្រាប់​ថ្ងៃ​បុណ្យ​​ឈប់​សម្រាក និង​ព្រឹត្តិការណ៍​នានា ។

  • ប្រសិនបើ​អ្នក​បាន​បម្រើ​បេសកកម្ម ៖

    • បង្កើត និង​សម្រេច​បាន​​គោលដៅ​នៃ​ការបង្រៀន និង​គោលដៅ​កែលម្អ​ខ្លួន​ប្រចាំ​សប្តាហ៍ និង​រយៈពេល​យូរ ។

    • បាន​បង្រៀន​ជាមធ្យម​សិស្ស ១៦ នាក់ និង​មនុស្ស​ជាច្រើន​ក្រុម​រៀងរាល់​សប្តាហ៍ ស្តីពី​របៀប​ធ្វើ​ឲ្យ​ជីវិត​ពួកគេ​បាន​ប្រសើរ​ឡើង តាមរយៈ​ការអនុវត្ត និង​ការសិក្សា​ផ្ទាល់​ខ្លួន ។

    • ប្រសិនបើ​ជា​អ្នក​បណ្តុះបណ្តាល ៖ បាន​បណ្តុះបណ្តាល និង​ផ្តល់​ប្រឹក្សា​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ថ្មី ក្នុងការ​បង្រៀន និង​សម្របសម្រួល​ទៅ​តាម​កាលវិភាគ​យ៉ាងម៉ត់ចត់ ។

    • ប្រសិនបើ​ជា​ស៊ីស្ទើរ​ដែល​បាន​បណ្តុះបណ្តាល​គេ ជា​អ្នកដឹកនាំ​មណ្ឌល ឬ​អ្នក​ដឹកនាំ​ស្ស៊ូន ៖ ទទួល​ខុសត្រូវ​ក្នុងការ​ជំរុញ​ចិត្ត លើក​កម្ពស់ រាយការណ៍​ពី​ភាព​រីកចម្រើន និង​មើល​ថែទាំ​ដល់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ១៤ នាក់ ។

    • ប្រសិនបើ​ផ្សព្វផ្សាយ​នៅ​ក្រៅ​ប្រទេស ៖ បាន​រស់នៅ [ ឈ្មោះប្រទេស​ក្រៅ ] អស់រយៈពេល [ រយៈពេល​រស់នៅ ] ហើយ​បាន​ពង្រីក​ការ​យល់​ដឹង​របស់​ខ្ញុំ​អំពី​វប្បធម៌​របស់​ពួកគេ ។

    • ប្រសិនបើ​អ្នក​បាន​និយាយ​ភាសា​មួយ​ផ្សេង​ទៀត សូម​បង្ហាញ​ថា អ្នក​បាន​ចេះ​ភាសា​នោះ និង​រយៈពេល​នៃ​ការនិយាយ​ភាសា​នោះ ។

    • ឧទាហរណ៍​ទាំង​នេះ​គឺ​មាន​ភាព​សាមញ្ញ​ណាស់ ប៉ុន្តែ​កាលណា​ អ្នក កាន់តែ​មាន​ភាព​ជាក់លាក់​លើ​អ្វី​ដែល​អ្នក​សម្រេច​បាន និង​​កាន់តែ​ទាក់ទង​នឹង​ការងារ​របស់​អ្នក​ចង់​ធ្វើ នោះ​វា​កាន់តែ​ប្រសើរ ។

ការបង្កើត​ប្រវត្តិ​រូប​សង្ខេប​របស់​អ្នក

សូម​ដាក់​បញ្ជូល​បញ្ជី​នៃ​ការហៅ​បម្រើ​របស់​អ្នក និង​សេចក្តីថ្លែង​ការណ៍​អំពី​សមិទ្ធិផល​​ដែល​ត្រូវ​នឹង​ការងារ​ដែល​អ្នក​ចង់​ធ្វើ​ទៅក្នុង​ប្រវត្តិ​រូប​សង្ខេប​របស់​អ្នក ។ ដើម្បី​ជួយ​ឲ្យ​ការហៅ​បម្រើ​របស់​អ្នក​ទាក់ទង​នឹង​ប្រវត្តិរូប​សង្ខេប​របស់​អ្នក អ្នក​ត្រូវតែ​ភ្ជាប់​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​ទៅនឹង​ការបរិយាយ​ការងារ​ដែល​អ្នក​កំពុង​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​នោះ ។

បរិយាយ​ការងារ​ស្ទើរតែ​ទាំងអស់​មាន​ពាក្យ​គន្លឹះ​នៅក្នុង​វា​ជានិច្ច ។ ពាក្យ​គន្លឹះ​ទាំង​នេះ​គឺ​ជា​អ្វី​ជាក់លាក់ ដែល​ក្រុមហ៊ុន​កំពុង​ស្វែងរក​នៅក្នុង​បុគ្គល​ដែល​ពួកគេ​ជួល ហើយ​អ្នក​​ត្រូវ​ប្រាកដ​ថា អ្នកប្រើ​ពាក្យ​គន្លឹះ​ទាំង​នេះ​នៅក្នុង​ប្រវត្តិរូប​សង្ខេប​របស់​អ្នក ។ អ្នក​ក៏​អាច​បង្ហាញ​លក្ខណៈពិសេស​នៃ​ការហៅ​បម្រើ​របស់​អ្នក​ដែល​ត្រូវ​គ្នា​ខ្លាំង​បំផុត​ទៅ​នឹង​ការបរិយាយ​ការងារ​នោះ ។ ប្រសិនបើ​អ្នក​កំពុង​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​ជា​ជំនួយ​ការ​របស់​នរណា​ម្នាក់ សូម​ស្រង់​យក​ចំណុច​សំខាន់ៗ​នៃ​ការហៅ​បម្រើ​ដែល​ទាក់ទង​នឹង​ជំនាញ​នៃ​ការរៀបចំ​ ឬ​ប្រសិនបើ​អ្នក​កំពុង​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​គ្រូបង្រៀន​ជំនួស សូម​ធ្វើ​បញ្ជី​ការហៅ​បម្រើ​ដែល​ទាក់ទង​នឹង​ការបង្រៀន ។

ចំណុច​គន្លឹះ​បន្ថែម

  • សូម​ធ្វើ​បញ្ជី​នៃ​ការហៅ​បម្រើ​របស់​អ្នក​នៅក្រោម​វគ្គ « បទពិសោធន៍​ស្ម័គ្រចិត្ត » របស់​អ្នក ។

  • សូម​ដាក់​ឈ្មោះ​អង្គការ​ថា « សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ។

  • សូម​ដាក់​ឈ្មោះ​ការហៅ​បម្រើ​របស់​អ្នក​​ថា​ជា​មុខងារ​ការងារ​របស់​អ្នក ។

  • សូម​ប្រើ​ពាក្យ និង​ឃ្លា​ជា​សាកល​ឲ្យ​បាន​ច្រើន ដូចជា ក្រុមជំនុំ ជំនួស​ឲ្យ​ពាក្យ វួដសាខា និង​ពាក្យ សកម្មភាព​យុវវ័យ​ប្រចាំ​សប្តាហ៍ ជំនួស​ឲ្យ​ពាក្យ កម្មវិធី​ម៉្ញូតឆល ។

  • សូម​ពិពណ៌នា​អង្គការ​ដែល​មនុស្ស​ពុំ​អាច​ស្គាល់ ។

    • ឧទាហរណ៍ សូម​ពិពណ៌នា​អំពី​សមាគម​សង្គ្រោះ​ថា​ជា អង្គការ​ស្ត្រី​អន្តរជាតិ ។ អ្នក​អាច​ហៅ​សមាគម​សង្គ្រោះ​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក​ថា​ជា ក្រុម​ក្នុង​មូលដ្ឋាន ឬ​ជា​ផ្នែក​មួយ​នៃ​អង្គការ ។

អ្នក​ក៏​អាច​អនុវត្ត​គោលការណ៍​ខាង​លើ ដើម្បី​រកមើល​ជំនាញ និង​បទពិសោធន៍​នានា​មក​ពី​កិច្ចការ​ការងារ​ស្ម័គ្រចិត្ត​ផ្សេង​ទៀត និង​សកម្មភាព​ផ្សេងៗ​ដែល​អ្នក​បាន​ធ្វើ ។ វា​សំខាន់​ដើម្បី​បង្ហាញ​បទពិសោធន៍​ផ្សេងៗ ដែល​អនុវត្ត​ចំពោះ​មុខងារ​ដែល​អ្នក​ប្រាថ្នា​នឹង​ទទួល​បាន ។ ដូច្នេះ ជាមួយ​នឹង​ការហៅ​បម្រើ​របស់​អ្នក​ក្នុង​សាសនាចក្រ សូម​ព្យាយាម​ដាក់​បញ្ចូលឲ្យ​បាន​ច្រើន​​នូវ​បទពិសោធន៍​ដែល​ទាក់ទង នៅក្នុង​ប្រវត្តិ​រូប​សង្ខេប​របស់​អ្នក ។​ ទោះបី​អ្នក​ពុំ​ទាន់​អាច​ឃើញ​វា​ភ្លាមៗ​ក្តី អ្នក​មាន​បទពិសោធន៍​ជា​ច្រើន ដូច្នេះ​កុំ​បង្អាប់​ខ្លួន​ឯង​អី !