មេរៀនមកពីព្រះគម្ពីរសញ្ញាថ្មី
ពួកសាវកគឺជាសាក្សីរបស់ព្រះយេស៊ូវគ្រីស្ទ—ហើយ អ្នកក៏អាចធ្វើជាសាក្សីរបស់ទ្រង់ផងដែរ !
សូមស្រមៃថា អ្នក និងមិត្តភក្តិរបស់អ្នកកំពុងទទួលទានអាហារថ្ងៃត្រង់នៅឯសាលារៀន ។ មិត្តភក្ដិរបស់អ្នកហៀបនឹងបើកស្ករគ្រាប់មួយមកញាំ ពេលមានមនុស្សម្នាក់បានដើរមក ហើយចោទថា នាងបានលួចស្ករគ្រាប់នោះ ហើយបញ្ជាឲ្យ « ប្រគល់ » ស្ករគ្រាប់នោះវិញ ។ អ្នកបាននៅជាមួយគាត់ពេលគាត់ទិញស្ករគ្រាប់នោះ ដូច្នេះទោះបីជាអ្នកភ័យខ្លាចក្តី អ្នកប្រាប់អ្នកចោទប្រកាន់នោះថា មិត្តភក្ដិរបស់អ្នកពុំមែនជាចោរទេ ។
ពួកសាក្សីពិសេស
ការពារអ្វីដែលពិតដូចជារឿងនេះអាចត្រូវបានហៅថា « ការធ្វើជាសាក្សី » ។ នៅក្នុងឧទាហរណ៍នេះ អ្នកនឹងក្លាយជាសាក្សីនៃចរិតលក្ខណៈល្អរបស់មិត្តភក្តិអ្នក ។ ដូចអ្នកអាចធ្វើជាសាក្សីម្នាក់សម្រាប់មិត្តភិក្តដែរ ព្រះបានហៅពួកព្យាការី និងពួកសាវកឲ្យធ្វើជាសាក្សីពិសេសអំពីព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។ ពួកសាវក « ត្រូវបានបញ្ជូនទៅដោយមានសិទ្ធិអំណាច និងការទទួលខុសត្រូវជាក់លាក់ »១ ដើម្បីបង្រៀន ថ្លែងទីបន្ទាល់ និងបម្រើជា « សាក្សីដ៏ពិសេសចំពោះព្រះនាមនៃព្រះគ្រីស្ទ នៅក្នុងពិភពលោកទាំងមូល » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:២៣ ) ។
មិនយូរប៉ុន្មានបន្ទាប់ពីព្រះគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ នោះពួកសាវកត្រូវបានហៅឲ្យធ្វើជាសាក្សីរបស់ទ្រង់ ( សូមមើល កិច្ចការ ១:៨ ) ។ នៅពេលអ្នកសិក្សាគម្ពីរកិច្ចការនៅក្នុងព្រះគម្ពីរសញ្ញាថ្មី នោះអ្នកអាចអានអំពីឧទាហរណ៍ជាច្រើន ពេលពួកសាវកបានថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ( សូមមើល កិច្ចការ ២:៣៦; ៥:២៧–៣២; ១០:៣៦–៤៤ ) ។ បច្ចុប្បន្ននេះ ពួកសាក្សីបន្តនៅក្នុងការហៅនេះ ក្នុងនាមជាសាក្សីពិសេស—សូមស្តាប់សន្និសីទទូទៅណាមួយក៏បាន ហើយអ្នកនឹងឃើញពីរបៀបដែលពួកលោកថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ។
ព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ
ពួកសាវកមួយចំនួននៅក្នុងព្រះគម្ពីរសញ្ញាថ្មីបាននៅជាមួយព្រះគ្រីស្ទ កាលទ្រង់គង់នៅលើផែនដី ហើយបានឃើញទ្រង់យាងឡើងទៅស្ថានសួគ៌វិញ ( សូមមើល កិច្ចការ ១:៩–១១ ) ហើយពួកសាវកបច្ចុប្បន្ននេះអាចឃើញព្រះគ្រីស្ទផងដែរ២ ប៉ុន្តែពុំមែនជាការមើលឃើញព្រះយេស៊ូវដោយផ្ទាល់ទើបអាចធ្វើឲ្យបុគ្គលម្នាក់ធ្វើជាសាក្សីពីទ្រង់នោះទេ ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ( ឆ្នាំ ១៨៧៦–១៩៧២ ) បានមានប្រសាសន៍ថា « [ ព្រះវិញ្ញាណបរិសុទ្ធ ] គឺជារបៀបតែមួយគត់ដែលបុគ្គលម្នាក់អាចដឹងយ៉ាងពិតប្រាកដថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ហើយថាដំណឹងល្អរបស់ទ្រង់ពិត » ។៣ នេះមានន័យថា ទោះបីជាពួកសាវកអាចនឹងបានឃើញព្រះគ្រីស្ទក្តី ពួកលោកដឹងថា ទ្រង់គឺជាព្រះអង្គសង្គ្រោះ ដោយសារព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលប្រាប់ពួកលោក ។
អ្នកអាចក្លាយជាសាក្សីម្នាក់
អ្វីដែលកាន់តែអស្ចារ្យនោះគឺថា អ្នកក៏ត្រូវបានសន្យាថា អ្នកអាចដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះរបស់អ្នកតាមរយៈព្រះវិញ្ញាណបរិសុទ្ធដែរ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:១៣ ) ។ វាពុំមែនជាអ្វីមួយដែលពួកសាវកអាចដឹងប៉ុណ្ណោះទេ ! ទោះបីអ្នកពុំបានហៅឲ្យធ្វើជាសាក្សីពិសេសអំពីព្រះគ្រីស្ទក្តី ក៏អ្នកអាចស្វែងរកទីបន្ទាល់អំពីព្រះគ្រីស្ទ ហើយក្លាយជាសាក្សីរបស់ទ្រង់ដល់មនុស្សនៅក្នុងជីវិតអ្នក ។ អ្នកអាចធ្វើតាមការត្រាស់បង្គាប់របស់ព្រះអង្គសង្គ្រោះដល់ពេត្រុសថា ៖ « កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចម្រើនឲ្យ [ បងប្អូនប្រុសស្រី ] អ្នកបានខ្ជាប់ខ្ជួនឡើង » ( លូកា ២២:៣២ ) ។