ហេតុអ្វីព្រះពុំបានព្រមានខ្ញុំ ?
ឡាក ម៉នហ្គូមើរី រដ្ឋតិចសាស ស.រ.អា
ស្វាមីខ្ញុំ និងខ្ញុំបានរស់នៅក្នុងផ្ទះដែលស្ថិតនៅក្នុងបរិវេណមហាវិទ្យាល័យនៅវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋតិចសាស កាលនោះកូនច្បងពីរនាក់របស់យើងមានអាយុបួនឆ្នាំ និងពីរឆ្នាំ ។ វាជាបទពិសោធន៍ដំបូងរបស់យើងនៅក្នុងរដ្ឋតិចសាសក្នុងតំបន់កូនភ្នំ ហើយខ្ញុំចូលចិត្តវាណាស់ ! រៀងរាល់រដូវផ្ការីក នៅរដ្ឋតិចសាសភាគកណ្តាលសម្បូរទៅដោយផ្កា ។ នៅក្នុងសួនច្បារ ព្រៃ ទីវាលនានា នៅតាមចិញ្ចឹមថ្នល់ ខ្ញុំបានឃើញមានផ្ការីកនៅគ្រប់ទីកន្លែង ។
ខ្ញុំបានដាក់កូនខ្ញុំក្នុងរទេះ ហើយរុញពួកគេកម្សាន្តស្ទើរតែរាល់ថ្ងៃ ។ យើងបានរកឃើញកន្លែងថ្មីៗដើម្បីទៅលេង ហើយខ្ញុំបានឲ្យកូនៗខ្ញុំបេះផ្កាព្រៃលេងតាមចិត្តពួកគេចង់ ។ យើងបញ្ចប់ការដើរកម្សាន្តរបស់យើងរហូតដល់ភូមិមួយដែលមានផ្ទះភាគច្រើន មានសួនច្បារដែលបានថែទាំយ៉ាងស្រស់ស្អាត ។
ថ្ងៃមួយយើងបានទៅដល់កន្លែងផ្លូវកាច់ជ្រុងមួយ យើងបានឃើញក្រដាសជាច្រើនបានរសាត់ពេញសួនផ្កាមួយកន្លែង ។ រំពេចនោះខ្យល់បានបោកបក់ក្រដាសនោះឲ្យរសាត់ពេញលើវាលស្មៅ ។ ខ្ញុំបានសម្រេចចិត្តរើសក្រដាសដែលរាយប៉ាយនោះ ពីមុនវាកាន់តែរសាត់ថែមទៀត ។ ខ្ញុំបានចាប់ក្រដាសពេញមួយក្តាប់ដៃខ្ញុំ ហើយដាក់វាទៅក្នុងថង់ដាក់ខោទឹកនោមរបស់កូនខ្ញុំ ។
ពេលខ្ញុំមើលទៅក្រោម នោះខ្ញុំបានដឹងថា ខ្ញុំកំពុងកាន់រូបភាពអាសគ្រាម ។ ដោយក្តីភ្ញាក់ផ្អើល ខ្ញុំបានឲ្យកូនៗរបស់ខ្ញុំនៅលើរទេះរុញវិញ ពេលខ្ញុំរើសក្រដាសដែលនៅសល់ទាំងប៉ុន្មានយ៉ាងលឿន ។ ខ្ញុំបានអន់ចិត្តបន្តិច ពេលខ្ញុំបានឃើញអ្វីដែលខ្ញុំពុំចង់ឃើញនោះ ។ ក្នុងចិត្តខ្ញុំ ខ្ញុំចាប់ផ្តើមត្អូញត្អែរថា « ហេតុអ្វីព្រះពុំបានព្រមានខ្ញុំឲ្យទៅផ្ទះតាមផ្លូវផ្សេង ?
បន្ទាប់មកខ្ញុំបានឮសំឡេងឡានសាលាចាប់ហ្វ្រាំង ។ មានសិស្សប្រហែលដប់ពីរនាក់បានចុះចេញពីឡាន ។ ពួកគេទាំងអស់គ្នាបានដើរកាត់វាលស្មៅដែលទើបតែមានរូបភាពអាសគ្រាមកាលពីប៉ុន្មាននាទីមុននោះ ។
នៅគ្រានោះ ទស្សនវិស័យទាំងមូលបានផ្លាស់ប្តូរ ។ ឥឡូវខ្ញុំបានដឹងពីមូលហេតុដែលខ្ញុំពុំត្រូវបានព្រមានឲ្យទៅផ្ទះតាមផ្លូវផ្សេងទៀតហើយ ។ ខ្ញុំមានអំណរគុណដែលខ្ញុំបានទៅទីនោះ ដើម្បីរើសក្រដាសទាំងនោះចេញ ដើម្បីកុំឲ្យក្មេងៗទាំងនោះឃើញរូបភាពដ៏អាក្រក់នោះ ។ ពេលខ្ញុំដើរត្រឡប់ទៅផ្ទះវិញ ខ្ញុំបានគិតថា « ចុះមានអ្វីកើតឡើង ប្រសិនបើឡានសាលានោះបានមកដល់បន្ទាប់ពីក្រដាសនោះបានរសាត់ពេញទីនោះ ? ចុះមានអ្វីកើតឡើង ប្រសិនបើខ្ញុំពុំដឹងពីមូលហេតុដែលខ្ញុំជួបបទពិសោធន៍នោះ ? តើខ្ញុំនឹងអន់ចិត្តនឹងព្រះយូរប៉ុណ្ណាទៅ ?
ចាប់តាំងពីថ្ងៃនោះមក ឱកាសដែលព្រះអម្ចាស់បានប្រទានដល់ខ្ញុំឲ្យយល់ពី « មូលហេតុ » នៃបទពិសោធន៍នោះ បានជួយខ្ញុំឲ្យទុកចិត្តថា ព្រះតម្រិះ និងព្រះរាជបំណងរបស់ទ្រង់ប្រសើរជាងប្រាជ្ញា និងបំណងរបស់ខ្ញុំផ្ទាល់ ។
ជួនកាល ខ្ញុំនឹងដឹងពីមូលហេតុដែលអ្វីមួយបានកើតឡើង ជួនកាលខ្ញុំពុំបានដឹងឡើយ ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ខ្ញុំដឹងថា ខ្ញុំត្រូវមានសេចក្តីជំនឿថា ព្រះអម្ចាស់មានព្រះបំណងប្រសើរជាងខ្ញុំអាចយល់បានឆ្ងាយណាស់ ។