ស្ថានសួគ៌ជួយខ្ញុំ
វាជាឯកសិទ្ធិដ៏កម្រមួយដើម្បីសម្ភាសសមាជិកគ្រប់រូបក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដើម្បីសរសេរអំពីភាពជាសាវកដ៏បរិសុទ្ធ ( សូមមើល « យើងគឺជាសាក្សី » ទំព័រ ១២ ) ។
បន្ទាប់ពីប្រជុំជាមួយប្រធាន អិម រ័សុល បាឡឺដ ប្រធានស្ដីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ខ្ញុំបានបែរមើលទៅក្នុងការិយាល័យរបស់លោក ។ លោកកំពុងអង្គុយសរសេរសុន្ទរកថាសន្និសីទទូទៅមួយនៅតុធ្វើការរបស់លោក ។ លោកគឺជាអ្នកមានសិទ្ធិអំណាចទូទៅរបស់សាសនាចក្រ ដែលបានបម្រើយូរជាងគេបង្អស់—ដែលបានគាំទ្រជាសមាជិកក្នុងកូរ៉ុមទីមួយនៃពួកចិតសិបនាក់ក្នុងឆ្នាំ ១៩៧៦ ។ មើលទៅលោកមានភាពនឿយហត់ ហើយក៏ពោរពេញដោយថាមពលក្នុងពេលតំណាលគ្នានេះផងដែរ ។ លោកបានសួរខ្ញុំថា « តើប្អូនសុខសប្បាយជាទេ ? » បន្ទាប់មកលោកបានពោលពាក្យដាស់តឿនដ៏ទន់ភ្លន់ថា ៖ « កុំខំធ្វើការរហូតដល់បាក់កម្លាំងពេក » ។ ចេញមកពីបុគ្គលម្នាក់ដែលបានទទួលការហៅបម្រើ ដើម្បីធ្វើការពេញមួយជីវិតលោកយ៉ាងពិតប្រាកដនៅក្នុងការបម្រើរបស់ព្រះអម្ចាស់ នោះការសន្ទនានេះមានអត្ថន័យធំធេងចំពោះខ្ញុំណាស់ ។
ពួកដប់ពីរនាក់ត្រូវបានហៅដើម្បី « កាន់កាប់គ្រប់ទាំងកិច្ចការនៃ [ សាសនាចក្រ ] នៅគ្រប់សាសន៍ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:៣៣ ) ។ ប៉ុន្តែពេលអ្នកនៅជាមួយពួកលោក នោះការផ្តោតចិត្តទុកដាក់របស់ពួកលោកប្តូរពីលក្ខណៈជាសាសនាចក្រទូទាំងពិភពលោកទៅជាលក្ខណៈបុគ្គលម្នាក់ៗនៅចំពោះមុខពួកលោកទៅវិញ ។ ពួកលោកបានចេញពីមុខតំណែងដែលលោកិយគិតថា វាសំខាន់បំផុត ដើម្បីចូលមកកាន់ការហៅរបស់ពួកលោក ប៉ុន្តែពេលខ្ញុំចេញពីការិយាល័យរបស់ពួកលោក នោះពាក្យដែលសមក្នុងការបរិយាយពីពួកលោកគឺដូចគ្នាគ្រប់ពេលនោះគឺ—រាបសា និងសប្បុរស ។
ប្រធានបាឡឺដបានប្រាប់ខ្ញុំ « ជួនកាលខ្ញុំសួរខ្លួនឯងថា ‹ តើខ្ញុំនៅទីនេះជាមួយបុរសដ៏អស្ចារ្យទាំងនេះដោយរបៀបណា ? › » បន្ទាប់មក លោកបានថ្លែងទីបន្ទាល់ថា « ស្ថានសួគ៌ជួយខ្ញុំ » ។ ខ្ញុំសង្ឃឹមថា អ្នករីករាយនឹងការមើលឃើញមួយភ្លែតអំពីការហៅបម្រើជាសាវកមួយរូប ។
សារ៉ា ជេន វ៉េវើរ
និពន្ធនាយកព័ត៌មានសាសនាចក្រ