ជំពូកទី ១
ប្រមូលគ្នាជាក្រុម
ពួកបរិសុទ្ធថ្ងៃចុងក្រោយរាប់ពាន់នាក់បានអង្គុយស្ងាត់ស្ងៀមនៅពេលលូស៊ី ម៉ាក ស្ម៊ីធ បានថ្លែងលាន់រំពងនៅក្នុងសាលប្រជុំដ៏ធំមួយនៅជាន់ទីមួយនៃព្រះវិហារបរិសុទ្ធណៅវ៉ូដែលហៀបនឹងសាងសង់រួច ។
កាលនោះគឺនៅព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ ១៨៤៥ ជាថ្ងៃទីបី និងជាថ្ងៃចុងក្រោយគេនៃសន្និសីទរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយក្នុងរដូវស្លឹកឈើជ្រុះ ។ ដោយដឹងថាគាត់នឹងពុំមានឱកាសច្រើនទៀតដើម្បីនិយាយទៅកាន់ពួកបរិសុទ្ធ—ជាពិសេសឥឡូវនេះ ដែលពួកគេរៀបចំចាកចេញពីណៅវ៉ូដើម្បីតាំងលំនៅដ្ឋានថ្មីនៅទិសខាងលិចដ៏ឆ្ងាយ—នោះលូស៊ីបានថ្លែងដោយអានុភាពខ្លាំងជាងរាងកាយនៃមនុស្សចាស់ទន់ខ្សោយអាយុ ៧០ ឆ្នាំរបស់គាត់ ។
គាត់បានថ្លែងទីបន្ទាល់ថា « អស់រយៈពេលដប់ប្រាំបីឆ្នាំកន្លងទៅ កាលពីថ្ងៃទី ២២ ខែកញ្ញា យ៉ូសែប ស៊្មីធ បានយកផ្ទាំងចំណារចេញមកពីក្នុងដី គិតត្រឹមថ្ងៃចន្ទមុននេះ វាមានរយៈពេលដប់ប្រាំបីឆ្នាំហើយ ចាប់តាំងពីយ៉ូសែប ស្ម៊ីធ ធ្វើជាព្យាការីរបស់ព្រះអម្ចាស់— »១
គាត់បានឈប់មួយសន្ទុះ ដោយនឹកឃើញពីយ៉ូសែប ជាកូនប្រុសរបស់គាត់ដែលត្រូវបានគេសម្លាប់ ។ ពួកបរិសុទ្ធនៅក្នុងបន្ទប់បានដឹងរួចហើយអំពីរបៀបដែលទេវតារបស់ព្រះអម្ចាស់បាននាំគាត់ឲ្យទៅរកផ្ទាំងចំណារមាសដែលបានកប់លាក់ទុកនៅជើងភ្នំ ដែលហៅថាភ្នំកូម៉ូរ៉ានោះ ។ ពួកគេបានដឹងថា យ៉ូសែប បានបកប្រែផ្ទាំងចំណារដោយអំណោយទាន និងព្រះចេស្ដានៃព្រះ ហើយបានបោះពុម្ពកំណត់ត្រានោះជាព្រះគម្ពីរមរមន ។ ប៉ុន្តែតើមានពួកបរិសុទ្ធច្រើនប៉ុណ្ណានៅក្នុងសាលប្រជុំនោះ ដែលពិតជាបានស្គាល់លោកនោះ ?
លូស៊ី អាចនៅចាំកាលដែលយ៉ូសែប មានអាយុម្ភៃមួយឆ្នាំ បានប្រាប់គាត់ដំបូងថា ព្រះបានទុកចិត្តលោកឲ្យយកផ្ទាំងចំណារ ។ គាត់បារម្ភពេញមួយព្រឹក ដោយភ័យខ្លាចថាលោកនឹងត្រឡប់មកពីភ្នំវិញដោយដៃទទេរ ដូចដែលលោកបានធ្វើអស់រយៈពេលបួនឆ្នាំមុន ។ ប៉ុន្តែនៅពេលលោកត្រឡប់មកវិញ លោកបានរម្ងាប់ភាពភ័យរបស់គាត់ភ្លាម ។ លោកបានថ្លែងថា « សូមកុំថប់បារម្ភឡើយ » ។ « ស្រួលទាំងអស់ ! » លោកបានហុចឲ្យគាត់នូវវត្ថុបកប្រែដែលព្រះអម្ចាស់បានប្រទានឲ្យសម្រាប់បកប្រែផ្ទាំងចំណារ រុំនៅក្នុងកន្សែងដៃ ជាភស្ដុតាងថាលោកបានទទួលជោគជ័យនៅក្នុងការទទួលកំណត់ត្រានោះ ។
មានអ្នកជឿតែមួយក្ដាប់តូចប៉ុណ្ណោះកាលពីពេលនោះ ដែលភាគច្រើនគឺជាសមាជិកនៃគ្រួសារស្ម៊ីធ ។ ឥឡូវមានពួកបរិសុទ្ធជាងមួយម៉ឺនមួយពាន់នាក់មកពីអាមេរិកខាងជើង និងអឺរ៉ុបបានរស់នៅក្នុងទីក្រុងណៅវូ រដ្ឋ អិលលីណោយ ជាកន្លែងដែលសាសនាចក្របានប្រមូលផ្ដុំគ្នាអស់រយៈពេលប្រាំមួយឆ្នាំមុន ។ ពួកគេមួយចំនួន គឺជាសមាជិកថ្មីក្នុងសាសនាចក្រ ហើយពុំមានឱកាសជួបនឹងយ៉ូសែប ឬបងប្រុសរបស់លោក ហៃរ៉ុម ឡើយ ពីមុនមនុស្សកំណាចបានបាញ់សម្លាប់ពួកលោកទាំងពី កាលពីខែមិថុនា ឆ្នាំ ១៨៤៤ ។២ នោះជាមូលហេតុដែលលូស៊ីចង់និយាយថ្លែងអំពីការស្លាប់ ។ គាត់ចង់ថ្លែងទីបន្ទាល់អំពីការហៅឲ្យធ្វើជាព្យាការីរបស់យ៉ូសែប និងតួនាទីរបស់គ្រួសារគាត់នៅក្នុងការស្ដារដំណឹងល្អឡើងវិញ ពីមុនពួកបរិសុទ្ធផ្លាស់ចេញទៅ ។
អស់រយៈពេលជាងមួយខែ ពួកមនុស្សកំណាចគ្មានច្បាប់បានដើរដុតផ្ទះ និងហាងអាជីវកម្មរបស់ពួកបរិសុទ្ធនៅក្នុងភូមិស្រុកជិតខាង ។ ដោយភ័យខ្លាចស្លាប់ មានគ្រួសារជាច្រើនបានភៀសខ្លួនទៅផ្ទះបងប្អូនរបស់ពួកគេដើម្បីមានសុវត្ថិភាពនៅក្នុងទីក្រុងណៅវូ ។ ប៉ុន្តែពួកមនុស្សអាក្រក់កាន់តែមានកម្លាំងរបស់វាប្រមូលផ្ដុំខ្លាំងឡើងៗក្នុងពេលប៉ុន្មានសប្ដាហ៍កន្លងមក មិនយូរប៉ុន្មានក៏កើតមានជម្លោះគ្នារវាងពួកមនុស្សកំណាច និងពួកបរិសុទ្ធ ។ ក្នុងពេលនោះរដ្ឋាភិបាលថ្នាក់ជាតិ និងរដ្ឋ ពុំបានធ្វើអ្វីដើម្បីការពារដល់សិទ្ធិរបស់ពួកបរិសុទ្ធនោះទេ ។៣
ដោយជឿថា វាគឺជាពេលមួយសំខាន់ពីមុនពួកមនុស្សកំណាចបានវាយប្រហារមកលើទីក្រុងណៅវូ នោះថ្នាក់ដឹកនាំទាំងឡាយរបស់សាសនាចក្របានចរចារសុំភាពសុខសាន្ដដោយការយល់ព្រមជម្លៀសពួកបរិសុទ្ធចេញពីក្រុងត្រឹមនិទារឃរដូវ ។៤
ដោយមានវិវរណៈពីព្រះដឹកនាំ នោះព្រិកហាំ យ៉ង់ និងសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ផ្សេងទៀត បានរៀបចំផ្លាស់ពួកបរិសុទ្ធជាងមួយពាន់នាក់ធ្វើដំណើររាប់ពាន់គីឡូម៉ែត្រទៅទិសខាងលិច ហួសពីភ្នំថ្ម ដែលនៅក្រៅពីព្រំប្រទល់សហរដ្ឋ ។ ក្នុងនាមជាកូរ៉ុមអធិបតីនៃសាសនាចក្រ នោះពួកដប់ពីរនាក់បានប្រកាសអំពីការសម្រេចចិត្តនេះទៅដល់ពួកបរិសុទ្ធនៅថ្ងៃទីមួយក្នុងសន្និសីទនារដូវស្លឹកឈើជ្រុះ ។
សាវក ប៉ាលី ភី ប្រាត្ត បានប្រកាសថា « ព្រះអម្ចាស់បានរៀបចំដឹកនាំយើងទៅកាន់តំបន់សកម្មភាពកាន់តែធំមួយ ជាកន្លែងដែលយើង អាចរីករាយនឹងគោលការណ៍បរិសុទ្ធនៃសេរីភាព និងសិទ្ធិស្មើគ្នា » ។៥
លូស៊ី បានដឹងថា ពួកបរិសុទ្ធនឹងជួយគាត់ដើម្បីធ្វើដំណើរនេះ បើគាត់ជ្រើសរើសទៅ ។ វិវរណៈជាច្រើនបានបញ្ជាពួកបរិសុទ្ធឲ្យប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ ហើយពួកដប់ពីរនាក់ បានតាំងចិត្តដើម្បីធ្វើតាមព្រះឆន្ទៈរបស់ព្រះអម្ចាស់ ។ ប៉ុន្តែលូស៊ីមានវ័យចំណាស់ ហើយជឿថាគាត់នឹងរស់នៅពុំបានយូរទេ ។ នៅពេលគាត់ស្លាប់ គាត់ចង់កប់នៅក្នុងទីក្រុងណៅវូ ជិតយ៉ូសែប ហៃរ៉ុម និងសមាជិកគ្រួសារគាត់ដទៃៗទៀតដែលបានស្លាប់ទៅ រួមទាំងស្វាមីរបស់គាត់ យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រផងដែរ ។
ម្យ៉ាងទៀត សមាជិកគ្រួសារនៅរស់ភាគច្រើនរបស់គាត់ កំពុងរស់នៅក្នុងក្រុងណៅវូ ។ កូនប្រុសដែលនៅរស់តែម្នាក់គត់របស់គាត់ គឺ វិលលាម បានធ្វើជាសមាជិកនៃកូរ៉ុមនៃពួកដប់ពីរនាក់ ប៉ុន្តែគាត់បានបដិសេធមិនធ្វើ ហើយបដិសេធមិនទៅទិសខាងលិចទេ ។ កូនស្រីបីនាក់របស់គាត់—សូផ្រូនា ខាទេរិន និង លូស៊ី—ក៏នៅក្នុងក្រុងផងដែរ ។ ហើយកូនប្រសារស្រីរបស់គាត់ អិមម៉ា ភរិយាមេម៉ាយរបស់ព្យាការីក៏នៅក្នុងក្រុងផងដែរ ។
នៅពេលលូស៊ីថ្លែងទៅកាន់ពួកជំនុំ គាត់បានជម្រុញឲ្យអ្នកស្ដាប់របស់គាត់កុំឲ្យព្រួយពីការធ្វើដំណើរទៅមុខនោះឡើយ ។ គាត់និយាយថា « សូមកុំបាក់ទឹកចិត្ត ហើយនិយាយថាអ្នកមិនអាចយករទេះ និងរបស់របរទៅបាននោះឡើយ » ។ ក្រៅពីភាពក្រីក្រ និងការបៀតបៀន គ្រួសាររបស់គាត់ផ្ទាល់ បានបំពេញតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ដើម្បីបោះពុម្ពព្រះគម្ពីរមរមន ។ គាត់បានលើកទឹកចិត្តពួកគេឲ្យស្ដាប់តាមថ្នាក់ដឹកនាំរបស់ពួកគេ ហើយប្រព្រឹត្តល្អចំពោះគ្នាទៅវិញទៅមក ។
គាត់និយាយថា « នៅពេលព្រិកហាំ និយាយអ្វី នោះអ្នកត្រូវតែធ្វើតាមដោយស្មោះត្រង់ទាំងអស់គ្នា បើមិនដូច្នោះ អ្នកនឹងមិនអាចទៅដល់ទីនោះឡើយ » ។ « បើអ្នកមានអារម្មណ៍ជំទាស់ នោះអ្នកនឹងមានបញ្ហាហើយ » ។
លូស៊ីបានថ្លែងច្រើនទៀតអំពីគ្រួសារគាត់ ការបៀតបៀនដ៏សាហាវដែលពួកគេបានរងទុក្ខនៅរដ្ឋ មីសសួរី និងអិលលីណោយ និងការសាកល្បងដែលមាននៅចំពោះមុខពួកបរិសុទ្ធ ។ គាត់ថ្លែងថា « ខ្ញុំសូមអធិស្ឋានសូមឲ្យព្រះអម្ចាស់ប្រទានពរដល់ថ្នាក់ដឹកនាំសាសនាចក្រ ប្អូនប្រុស ព្រិកហាំ និងមនុស្សទាំងអស់គ្នា » ។ « ពេលខ្ញុំទៅពិភពម្ខាងទៀត ខ្ញុំចង់ជួបនឹងបងប្អូនទាំងអស់គ្នា » ។៦
នៅខែ មករា ឆ្នាំ ១៨៤៦ ព្រិកហាំ ជាញឹកញាប់បានជួបនឹងកូរ៉ុមនៃពួកដប់ពីរនាក់ និងក្រុមប្រឹក្សានៃពួកហាសិបនាក់ ជាអង្គការមួយដែលមើលខុសត្រូវទៅលើកង្វល់ខាងសាច់ឈាមនៃនគររបស់ព្រះនៅលើផែនដី ដើម្បីរៀបចំរបៀបដ៏ល្អបំផុត និងរហ័សបំផុតដើម្បីជម្លៀសចេញពីណៅវូ ហើយស្ថាបនាកន្លែងជួបជុំថ្មីសម្រាប់ពួកបរិសុទ្ធ ។ ហ៊ីប៊ើរ ឃិមបឹល ជាបងប្អូនសាវករបស់គាត់ បានចេញអនុសាសន៍ថា ពួកគេនាំក្រុមពួកបរិសុទ្ធតូចមួយទៅកាន់ទិសខាងលិចឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។
គាត់បានផ្ដល់ដំបូន្មានថា « ប្រមូលគ្នាជាក្រុម អ្នកដែលអាចរៀបចំខ្លួន ឲ្យត្រៀមខ្លួនជាស្រេចគ្រប់ពេលដើម្បីចេញទៅ ហើយរៀបចំកន្លែងមួយសម្រាប់គ្រួសារពួកគេ និងជនក្រីក្រ » ។
សាវក អួរសុន ប្រាត្ត បានចង្អុលបង្ហាញថា « បើមានក្រុមទៅដល់មុន ហើយដាក់ដាំដុះនៅក្នុងនិទារឃរដូវ វានឹងចាំបាច់ដើម្បីចាប់ផ្ដើមធ្វើដំណើរទៅត្រឹមថ្ងៃទីមួយខែកុម្ភៈ » ។ គាត់ងឿងឆ្ងល់បើសិនជាវានឹងល្អប្រសើរជាង បើពួកគេបោះទីតាំងនៅកន្លែងណាមួយជិតជាងនោះ ដែលនឹងអាចឲ្យពួកគេអាចដាំដំណាំបានឆាប់រហ័សជាង ។
ព្រិកហាំ ជំទាស់គំនិតនោះ ។ ព្រះអម្ចាស់បានដឹកនាំរួចស្រេចហើយថា ពួកបរិសុទ្ធត្រូវតាំងលំនៅនៅជិតនឹងបឹងអំបិលដ៏ធំ ។ បឹងនេះជាអាងដ៏ធំមួយ ដែលមានទម្រង់ជាចានគោមដ៏ធំមួយដែលហ៊ុំព័ទ្ធដោយជួរភ្នំ ។ ទំហំអាងនេះភាគច្រើនគឺជាដីវាលខ្សាច់ស្ងួត ហើយមានការលំបាកក្នុងការដាំដុះ ធ្វើឲ្យពួកអាមេរិកកាំងជាច្រើនពុំចង់ផ្លាស់លំនៅមកកាន់ទិសខាងលិចនេះទេ ។
ព្រិកហាំមានហេតុផលថា « បើយើងចេញទៅនៅចម្លោះជួរភ្នំទៅដល់កន្លែងដែលបានគិតទុកនោះ នោះវានឹងគ្មានការច្រណែនមកពីជាតិសាសន៍ណាមួយនោះទេ » ។ ព្រិកហាំ យល់ថា តំបន់នោះមានជនជាតិដើមតាំងលំនៅរួចហើយ ។ ប៉ុន្តែគាត់សង្ឃឹមថា ពួកបរិសុទ្ធនឹងអាចតាំងលំនៅដោយសុខសាន្ដនៅក្នុងចំណោមពួកគេ ។៧