២០១៩
នៅ​ពេល​ការកាន់ខ្ជាប់​ទទួល​ការឈឺចាប់
ខែ កក្កដា ឆ្នាំ ២០១៩


នៅ​ពេល​ការកាន់ខ្ជាប់​ទទួល​ការឈឺចាប់

ជេហ្វ ប៊តឌើរ រដ្ឋ​វ៉ាស៊ីនតោន ស. រ. អា.

នៅ​ថ្ងៃ​មួយ​ដ៏​ក្តៅ​ខ្លាំង​ក្នុង​ខែកក្កដា ខ្ញុំ​បាន​ជួយ​បង​ប្រុស​ថ្លៃ​របស់​ខ្ញុំ​រៀប​ជញ្ជាំង ។ ទីបំផុត ខ្ញុំ​ត្រូវ​ជីកគាស់​ឫស​ដើម​ឆើរី​ដែល​នៅ​ពាំង​ផ្លូវ ។​

ខ្ញុំ​បាន​គិត​ថា « វាស្រួល » ទេ ។

ខ្ញុំ​បាន​ប្រមូល​ឧបករណ៍​សមរម្យ​មួយ​ចំនួន ហើយ​ជីក​ជុំវិញ​ឫស​ឆើរី​នោះ ដើម្បី​មាន​កន្លែង​ធ្វើការ ។ បន្ទាប់​មក ខ្ញុំ​បាន​ចាប់​រណា​​មួយ ហើយ​ដោយ​ពុំ​បាន​គិត​យូរ ខ្ញុំ​បាន​ទៅ​ហើយ​កាត់​ឫស​ឆើរី​នោះ ។ ឫស​តូចៗ​ងាយ​ស្រួល​កាត់ ប៉ុន្តែ​ពេល​ខ្ញុំ​បាន​ប្តូរ​ទៅ​កាត់​ឫស​ធំៗ​វិញ ខ្ញុំ​បាន​ដឹង​ភ្លាម​ថា វា​មិន​ស្រួល​កាត់​ទេ ។ មាន​ឫស​មួយ​នោះ​ពិបាក​កាត់​ណាស់ ។

ដោយ​សង្កៀត​ធ្មេញ នោះ​ខ្ញុំ​បាន​ប្តេជ្ញាចិត្ត​ថា ខ្ញុំនឹង​កាត់​ឫស​នោះ​ឲ្យ​អស់ ។ ​ដោយសារ​ពន្លឺព្រះអាទិត្យ​ចាំងមក នោះ​ញើស​បាន​ហូរ​ចុះ​មក​ពី​ក្បាល​ដល់​ក​របស់​ខ្ញុំ ពេល​ខ្ញុំ​បាន​សង្កត់​រណា​កាន់តែ​ខ្លាំង ។ រណា​ញ័រ​រហូត​ខ្លួន​ប្រាណ​ខ្ញុំ​ទាំង​មូល​ក៏​ញ័រ​ដែរ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា​ដៃ​ស្តាំ​ខ្ញុំ—ដៃ​ដែល​សង្កត់​គន្លឹះ​រណា—ចាប់ផ្តើម​រលាក​ដោយ​ឈឺចាប់ ។ ខ្ញុំ​ពុំ​ខ្វល់​នឹង​ការឈឺ​នោះ​ឡើយ ហើយ​ខ្ញុំ​បន្ត​កាន់​វា​ទៀត ។

ទីបំផុត​រណា​បាន​កាត់​ឫស​នោះ​ដាច់​អស់ ។​ ខ្ញុំ​បាន​លែង​គន្លឹះ​រណា ហើយ​មាន​អារម្មណ៍​នៃជ័យជម្នះ​យ៉ាង​រីករាយ ។ ប៉ុន្តែ ពេល​ខ្ញុំ​ដក​ស្រោម​ដៃ​ចេញ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា ស្បែក​ដៃ​ខ្ញុំមួយ​ដុំ​តូច​បាន​​របក​ដាច់​ចេញ​ពី​ដៃ​ខ្ញុំ ។

នៅពេល​ខ្ញុំ​បាន​គិត​អំពី​បទពិសោធន៍​នេះ ខ្ញុំ​បាន​ដឹង​ថា ការកាន់​រណា​​គឺ​អាចប្រៀប​​ទៅ​នឹង​ការកាន់​ខ្ជាប់​នឹង​ដំបង​ដែក ។ យើង​ត្រូវបាន​ប្រាប់​ឲ្យ​កាន់​ដំបង​ដែក​​ពេល​យើង​ដើរ​ឆ្លង​កាត់​ជីវិត​នេះ ។ ប៉ុន្តែដោយសារ​យើង​កាន់​ខ្ជាប់​នឹង​វា ពុំមែន​មាន​ន័យ​ថា យើង​ពុំ​ទទួល​បទពិសោធន៍​នៃ​ការឈឺចាប់​នោះ​ទេ ។ ខ្ញុំ​មាន​របួស​ដៃ ពេល​ខ្ញុំ​កាន់​​រណា​ជាប់ ។ ស្រដៀង​គ្នា​នេះ​ផងដែរ យើង​នឹង​ឆ្លង​កាត់​ការសាកល្បង និង​សេចក្តីវេទនា នៅ​ពេល​ដែល​យើង​បន្ត​កាន់​ខ្ជាប់​នឹង​ដំបង​ដែក ។

ព្រះ​វរ​បិតា​សួគ៌​បាន​ជ្រាប​ថា ដំណើរ​ត្រឡប់​ទៅកាន់​ទ្រង់​វិញពោរពេញ​ដោយ​គ្រោះថ្នាក់ ។ ហេតុដូច្នោះ​ហើយ ទើប​ទ្រង់​ប្រទាន​ព្រះគម្ពីរ និង​ប្រសាសន៍​នៃ​ពួក​ព្យាការី​​ដល់​យើង​ដើម្បី​ជួយ​យើង ។ នៅពេល​យើង​កាន់ខ្ជាប់​នឹង​អ្វីៗ​ទាំង​នេះ​​ឆ្លង​កាត់​ការសាកល្បង និង​សេចក្តីវេទនា​របស់​យើង​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ នោះ​​ថ្ងៃ​ណា​មួយ​យើង​នឹង​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ទ្រង់​វិញ ។

ពេល​យើង​ត្រឡប់​ទៅកាន់​ទ្រង់​វិញ យើង​​អាច​នឹង​មើល​ទៅ​ដៃ​របស់យើង ដែល​បាន​កាន់​ខ្ជាប់​នឹង​ដំបង​ដែក​នោះ ជួនកាល​ទាំង​ឈឺចាប់ ឬ​លំបាក ។ ហើយ​យើង​នឹង​ដឹង​ថា ដោយ​មាន​ជំនួយ​ពី​ព្រះវរបិតាសួគ៌ និង​តាមរយៈ​ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​កាន់​ខ្ជាប់​យ៉ាង​ណែន មិន​ថា​យើង​ជួប​ឧបសគ្គ​អ្វី​នោះ​ទេ ។