ការបង្ហាញអំពីសេចក្តីជំនឿ
អ៊ីអូណា វីគៀរ៉ា
ទីក្រុងខៃខូ ប្រទេសនូវែលសេឡង់
ទោះបីជាគាត់ប្រឈមមុខនឹងឧបសគ្គក្នុងនាមជាមន្ត្រីកែប្រែក្តី អ៊ីអូណាបានរកឃើញកម្លាំង ហើយបន្តស្ងប់ចិត្ត តាមរយៈសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
គ្រីស្ទីណា ស្ម៊ីធ ជាងថតរូប
ខ្ញុំបានធ្វើការជាមន្ត្រីកែប្រែអស់រយៈពេលប្រាំពីរឆ្នាំហើយ ។ ខ្ញុំបានធ្វើការនៅពន្ធធានាគារសម្រាប់ស្ត្រីអស់រយៈពេលមួយឆ្នាំ បន្ទាប់មកខ្ញុំប្តូរទៅពន្ធធានាគារសម្រាប់បុរសវិញម្តង ជាកន្លែងដែលខ្ញុំបានធ្វើការអស់រយៈពេលប្រាំមួយឆ្នាំកន្លងមកនេះ ។
រឿងមួយដ៏រំជួលចិត្តនៅក្នុងគ្រាដែលខ្ញុំធ្វើជាមន្ត្រីកែប្រែនោះ គឺពេលខ្ញុំបានឃើញការជួបជុំរបស់ម្តាយម្នាក់ជាមួយកូនៗរបស់នាង ។ នាងពុំបានជួបកូនៗរបស់នាងអស់រយៈពេលបួនប្រាំឆ្នាំហើយ ។ អ្នកអាចស្រមៃឃើញទឹកភ្នែកនៅក្នុងកែវភ្នែកកូនៗ និងក្តីឈឺចាប់ដោយការរស់នៅបែកគ្នាអស់ពេលជាច្រើនឆ្នាំ ។ ការជួបជុំគ្នានោះវាធ្វើឲ្យរំជួលចិត្តណាស់ ប៉ុន្តែក្នុងនាមជាមន្ត្រីកែប្រែ អ្នកពុំបង្ហាញការរំជួលចិត្តនោះទេ ។ ខ្ញុំពិតជាពិបាកធ្វើរឿងនេះណាស់ ។ តាមពិតទៅ ខ្ញុំបានងាកមុខចេញ ហើយខំទប់អារម្មណ៍របស់ខ្ញុំ ។ ក្នុងនាមជាម្តាយមួយរូប ខ្ញុំពុំអាចស្រមៃឃើញពីការនៅឃ្លាតឆ្ងាយពីកូនៗរបស់ខ្ញុំអស់ជាច្រើនឆ្នាំ ហើយពុំអាចជួបពួកគេ និយាយជាមួយពួកគេ ឬសូម្បីតែចែកចាយអារម្មណ៍ដែលខ្ញុំមានចំពោះពួកគេនោះឡើយ ។
ក្នុងនាមជាអ្នកមន្ត្រីកែប្រែម្នាក់ អ្នកត្រូវតែមានភាពរឹងមាំ ។ អ្នកត្រូវតែអាចការពារ ហើយមានការគ្រប់គ្រងខ្លួនឯងបាន ។ ជួនកាល មានរឿងអាចឈានដល់ការចម្រូងចម្រាស ដូច្នេះអ្នកត្រូវតែរឹងប៉ឹង ពេលអ្នកនិយាយជាមួយមនុស្សដទៃ ។ ជាពិសេសពេលអ្នកនិយាយទៅកាន់អ្នកទោស និងដោះស្រាយឧបសគ្គ និងជួនកាលដោះស្រាយស្ថានភាពហិង្សារ ។ ការណ៍នេះអាចធ្វើឲ្យមនុស្សមួយចំនួនគិតថា ខ្ញុំជាមនុស្សកាច មនុស្សពិបាក ប៉ុន្តែខ្ញុំពុំមែនជាមនុស្សបែបនោះគ្រប់ពេលវេលានោះទេ ។
នៅកន្លែងធ្វើការ ខ្ញុំមានអារម្មណ៍ថា លោកិយហ៊ុមព័ទ្ធខ្ញុំ ប៉ុន្តែពេលខ្ញុំចេញពីធ្វើការ ហើយពេលខ្ញុំនៅផ្ទះ ឬព្រះវិហារ ខ្ញុំមានអារម្មណ៍ផ្សេង ដោយសារខ្ញុំទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។ អំណរមួយនៃការរស់នៅតាមដំណឹងល្អគឺថា អ្នកពុំចាំបាច់ធ្វើជារបស់លោកិយនោះទេ ។ អ្នករស់នៅក្នុងលោកិយ ប៉ុន្តែអ្នកពុំចាំបាច់ធ្វើជារបស់លោកិយនោះទេ ។
ខ្ញុំចូលចិត្តណាស់ពេលដល់ថ្ងៃអាទិត្យ ព្រោះខ្ញុំអាចនៅព្រះវិហារ ហើយទទួលទានអាហារខាងវិញ្ញាណ និងចងចាំព្រះអម្ចាស់យើង និងព្រះអង្គសង្គ្រោះគឺព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំចូលចិត្ត ដែលខ្ញុំអាចមានអ្វីៗទាំងនោះសម្រាប់ខ្លួនខ្ញុំ ។ ខ្ញុំរីករាយបម្រើនៅក្នុងសាសនាចក្រ និងអ្វីៗទាំងអស់ដែលដំណឹងល្អបានជួយយើង ។
កាលពីយូរមកហើយ ខ្ញុំធ្លាប់ជារបស់លោកិយ ហើយខ្ញុំបានរៀនមេរៀនលំបាកៗជាច្រើន ។ ឥឡូវនេះ ខ្ញុំមានអំណរគុណ ដើម្បីសកម្មពេញលេញទាំងស្រុងនៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ជារឿយៗ ខ្ញុំប៉ងប្រាថ្នាថា សូមឲ្យមនុស្សទាំងអស់នៅកន្លែងធ្វើការអាចទទួលអារម្មណ៍អំណរ ដែលខ្ញុំមានក្នុងនាមជាសមាជិកសាសនាចក្រ ។
ខ្ញុំបានឃើញថា ពេលមនុស្សនៅកន្លែងធ្វើការរបស់អ្នកដឹងថា អ្នកគឺជាសមាជិកសាសនាចក្រ នោះពួកគេនឹងគោរពអ្នក និងសាសនាចក្រ ពេលពួកគេឃើញថា អ្នកពុំបន្ទាបបទដ្ឋានរបស់អ្នក ដោយសារតែបរិយាកាសដែលអ្នកកំពុងស្ថិតនៅ ។ នោះគឺជាមូលហេតុដែលវាសំខាន់សម្រាប់ខ្ញុំ ឲ្យព្យាយាមធ្វើជាគំរូល្អនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
នៅក្នុងស្ថានភាពនីមួយៗ ខ្ញុំគិតថា « តើព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យខ្ញុំប្រព្រឹត្តដូចម្តេច ? » ឬ « តើទ្រង់សព្វព្រះទ័យឲ្យខ្ញុំដោះស្រាយបញ្ហានេះដោយរបៀបណា ? » នៅក្នុងបទពិសោធន៍របស់ខ្ញុំទាំងអស់ ខ្ញុំព្យាយាមធ្វើឲ្យប្រាកដថា ទង្វើរបស់ខ្ញុំឆ្លុះបញ្ចាំងពីអ្វីដែលព្រះអង្គសង្គ្រោះនឹងធ្វើ ។ ការណ៍នេះជួយខ្ញុំឲ្យមានហេតុផលកាន់តែច្រើនឡើង ហើយជាមនុស្សស្ងប់ចិត្តច្រើន ទោះបីស្ថិតនៅក្នុងភាពវឹកវរនៃបរិយាកាសការងារលំបាកក្តី ។
ខ្ញុំមានអំណរគុណចំពោះព្រះអង្គសង្គ្រោះ និងព្រះវរបិតាសួគ៌របស់ខ្ញុំ សម្រាប់ឧបសគ្គ និងការសាកល្បងដែលខ្ញុំអាចយកឈ្នះ តាមរយៈការមានសេចក្តីជំនឿ និងការជឿលើពួកទ្រង់ ។ រាល់ពេលដែលខ្ញុំបានជួបការសាកល្បង ហើយខ្ញុំបានអធិស្ឋាន នោះខ្ញុំមានអារម្មណ៍សុខសាន្តក្នុងចិត្តខ្ញុំជានិច្ច ។ ខ្ញុំដឹងថា ខ្ញុំពុំអាចរស់បានដោយគ្មានពួកទ្រង់ឡើយ ។ ខ្ញុំទទួលស្គាល់ជំនួយរបស់ពួកទ្រង់នៅក្នុងគ្រប់កិច្ចការដែលខ្ញុំធ្វើជានិច្ច ។