ពាក្យចុងក្រោយ
តើអ្នកនឹងរកឃើញអ្វីខ្លះនៅក្នុងព្រះគម្ពីរមរមន ?
ដកស្រង់ចេញពីសុន្ទរកថានៅក្នុងសន្និសីទទូទៅខែ តុលា ឆ្នាំ ២០១៦ ។
ពេលអ្នកស្វែងរកពេលវេលា និងកន្លែងស្ងាត់ដើម្បីអានព្រះគម្ពីរមរមន ខ្ញុំឃើញថា អ្នករកឃើញចម្លើយ ទទួលបានអារម្មណ៍នៃការណែនាំ ហើយទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនអ្នកអំពីព្រះគម្ពីរមរមន និងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
នៅពេលអ្នកអាន នោះអ្នកនឹងសិក្សាវគ្គបទគម្ពីរនៃសៀវភៅដ៏មានតម្លៃនេះ ហើយជួបនឹងព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់អ្នកគឺព្រះអម្ចាស់យេស៊ូវគ្រីស្ទនៅស្ទើរតែគ្រប់ទំព័រទាំងអស់ ។ វាត្រូវបានវាយតម្លៃថា ទម្រង់នៃព្រះនាមទ្រង់ត្រូវបានប្រើប្រាស់ជាមធ្យម ១.៧ ខគម្ពីរម្តង ។១ សូម្បីតែព្រះគ្រីស្ទបានថ្លែងទីបន្ទាល់ដោយទ្រង់ផ្ទាល់អំពីភាពពោរពេញពិតប្រាកដរបស់ព្រះគម្ពីរនេះ នៅថ្ងៃចុងក្រោយនេះដោយថ្លែងថា « ប្រាកដដូចជាព្រះអម្ចាស់របស់អ្នក និងព្រះរបស់អ្នក ទ្រង់មានព្រះជន្មរស់នៅការណ៍នោះពិតមែន » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៧:៦ ) ។
ខ្ញុំមានអំណរគុណចំពោះការអញ្ជើញ និងការសន្យាដែលព្រះអម្ចាស់បានប្រទានមកតាមរយៈព្យាការីមរ៉ូណៃដល់ពួកយើងម្នាក់ៗ—និងដល់មនុស្សគ្រប់គ្នាដែលអានព្រះគម្ពីរមរមនថា ៖ « ហើយកាលណាអ្នករាល់គ្នាបានទទួលនូវការណ៍ទាំងនេះ [ ព្រះគម្ពីរមរមន ] នោះខ្ញុំសូមទូន្មានដល់អ្នករាល់គ្នា ឲ្យសូមសួរដល់ព្រះជាព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ចដោយនូវព្រះនាមនៃព្រះ [ យេស៊ូវ ] គ្រីស្ទ បើសិនជាការណ៍ទាំងនេះមិនពិត ហើយបើសិនជាអ្នករាល់គ្នា សូមសួរដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ នោះទ្រង់នឹងសម្ដែងសេចក្ដីពិតនៃការណ៍នេះដល់អ្នក ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ » ( មរ៉ូណៃ ១០:៤ សូមមើលផងដែរ ខទី៣ និងទី៥ ) ។
សេចក្តីពិតដែលអ្នកនឹងរកឃើញនៅក្នុងព្រះគម្ពីរមរមននឹងលើកស្ទួយ ហើយបំផុសគំនិតដល់អ្នក ។ សេចក្តីពិតទាំងនោះនឹងពង្រឹងជំនឿអ្នក បំពេញព្រលឹងអ្នកដោយពន្លឺ ហើយរៀបចំអ្នកសម្រាប់អនាគតមួយ ដែលអ្នកកម្រនឹងមានសមត្ថភាពអាចយល់បាន ។
នៅក្នុងគម្ពីរមរមន អ្នកនឹងរកឃើញសេចក្តីស្រឡាញ់ដ៏ច្រើនលើសលុប និងព្រះគុណនៃព្រះដែលគ្មានអ្វីប្រៀបផ្ទឹមបាន ។ នៅពេលអ្នកព្យាយាមធ្វើតាមការបង្រៀន ដែលអ្នកឃើញនៅក្នុងគម្ពីរនេះ នោះអំណររបស់អ្នកនឹងកើនឡើង ការយល់ដឹងរបស់អ្នកចម្រើនឡើង ហើយទទួលចម្លើយដែលអ្នកស្វែងរកចំពោះឧបសគ្គជាច្រើនដែលមាននៅក្នុងជីវិតរមែងស្លាប់នេះ ។ នៅពេលអ្នកសិក្សាព្រះគម្ពីរ នោះអ្នករំពឹងទៅរកព្រះអម្ចាស់ ។