សម្រាប់តែឌីជីថលប៉ុណ្ណោះ ៖ យុវមជ្ឈិមវ័យ
ការគាំទ្រដល់ពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកពីបេសកកម្មវិញមុនកំណត់
ចំណុចគន្លឹះសម្រាប់លើកកម្ពស់ការព្យាបាលដល់ពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកផ្ទះវិញមុនការរំពឹងទុក ។
រឿងមួយដ៏គួរឲ្យចាប់អារម្មណ៍បំផុតមកពីព្រះគម្ពីរមរមនគឺ ពលទ័ពកម្លោះរបស់ហេលេមិន ២០០ នាក់ដែលបានដួលចុះដោយរងរបួសក្នុងចម្បាំង ( សូមមើល អាលម៉ា ៥៧:២៥ ) ។ ខ្ញុំគិតពីភាពដូចគ្នារវាងពលទ័ពកម្លោះទាំង ២០០ នាក់នោះ និងពួកអ្នកផ្សព្វផ្សាយសាសនាបច្ចុប្បន្ននេះ ដែលបានត្រឡប់មកផ្ទះវិញមុនការរំពឹងទុក ដោយសារហេតុផលមួយចំនួន ។
ទោះបីជាពលទ័ពទាំង ២០០ នាក់បានចេញពីផ្ទះរបស់ពួកគេដោយមានចិត្តក្លាហានបំផុតក្តី ពួកគេបានឃើញថា ពួកគេត្រូវបានសែងចេញពីសមរភូមិដែរ ។ ខ្ញុំសង្ឃឹមថា ពួកគេបានឃើញខ្លួនពួកគេថា ក្លាហាន បានថ្វាយអ្វីៗទាំងអស់ដែលពួកគេមាន ប៉ុន្តែខ្ញុំគិតថា ពួកគេបានជួបនឹងការសង្ស័យពីខ្លួនឯង ហើយមានចម្ងល់ពីមូលហេតុដែលពួកគេពុំត្រូវបានការពារ ដូចពលទ័ពកម្លោះផ្សេងទៀត ។
ដូចជាពលទ័ពកម្លោះរបស់ហេលេមិនដែរ ពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកផ្ទះវិញមុនកំណត់ពីបេសកកម្មរបស់ពួកគេ ជារឿយៗ មើលរំលងការពិតដែលថា ពួកគេបានស្ម័គ្រចិត្ត ហើយចេញទៅក្នុង « ចម្បាំង » ដោយវីរៈភាពដោយថ្វាយនូវអ្វីៗគ្រប់យ៉ាងដែលពួកគេមាន ។ ពួកគេបានរៀបចំខ្លួនសម្រាប់បេសកកម្មរបស់ពួកគេ ហើយបានពោរពេញដោយសេចក្តីជំនឿដ៏មហិមា ហើយមានបំណងប្រាថ្នាបម្រើព្រះអម្ចាស់ ។ ពេលពួកគេ « ដួលចុះដោយរងរបួស » ( ឧទាហរណ៍ ប្រឈមមុខនឹងបញ្ហាសុខភាពរូបកាយ ឬសុខភាពផ្លូវចិត្ត ឬសូម្បីតែការរំលងក្តី ) ជារឿយៗ ពួកគេផ្តោតចិត្តទៅលើអ្វីដែលពួកគេពុំសម្រេចបាន ហើយមានអារម្មណ៍ខកចិត្ត ខ្មាសអៀន ឬបាក់ទឹកចិត្ត ។ ពួកគេអាចងឿងឆ្ងល់ពីការបំផុសគំនិតដែលដឹកនាំពួកគេឲ្យបម្រើ ។ ពួកអ្នកផ្សព្វផ្សាយសាសនាត្រឡប់មកពីបេសកកម្មមុនកំណត់ទាំងនេះ អាចបារម្ភពីទស្សនរបស់មនុស្សដទៃមានមកលើពួកគេ ឬសូម្បីតែព្រះទ័យរបស់ព្រះអម្ចាស់ចំពោះពួកគេ ។ ពួកគេអាចមានអារម្មណ៍ថា ពួកគេបានបរាជ័យ ឬពុំមានគេទទួលយកខ្លួន ហើយអាចវិនិច្ឆ័យខ្លួនពួកគេដោយភាពអវិជ្ជមាន ។
ពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកផ្ទះវិញមុនកំណត់ ត្រូវការកិច្ចខិតខំរួមគ្នារបស់គ្រួសារ មិត្តភក្ដិ ថ្នាក់ដឹកនាំ និងសមាជិកវួដជួយពួកគេឲ្យ « ជាសះស្បើយ » ។ នេះគឺជាចំណុចគន្លឹះមួយចំនួនសម្រាប់ទាំងពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកផ្ទះវិញ និងសមាជិកគ្រួសារ ថ្នាក់ដឹកនាំសាសនាចក្រ មិត្តភក្ដិ និងសមាជិកវួដរបស់ពួកគេ ។
សម្រាប់មនុស្សជាទីស្រឡាញ់ ៖ រឿង ៦ យ៉ាងដែលអ្នកអាចធ្វើដើម្បីជួយពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកផ្ទះវិញជាសះស្បើយ
-
ឈោងទៅជួយដោយសេចក្តីស្រឡាញ់ ដើម្បីលួងលោម ធ្វើឲ្យទុកចិត្តឡើងវិញ និងមើលថែដល់ពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកវិញម្នាក់ៗ និងគ្រួសាររបស់ពួកគេ ដូចអ្នកជាពលទ័ពដែលដួលចុះដោយរងរបួសក្នុងចម្បាំង ។ សូមថ្លែងអំណរគុណដល់ការបម្រើដែលពួកគេបានធ្វើ សូមលើកទឹកចិត្តពួកគេឲ្យផ្តោតចិត្តលើអ្វីដែលពួកគេបានធ្វើ មិនមែនផ្តោតចិត្តលើអ្វីដែលពួកគេពុំបានធ្វើនោះទេ ។
-
សូមហៅពួកគេថាជា « អ្នកត្រឡប់មកពីបេសកកម្ម » ហើយកុំហៅពួកគេថា « អ្នកត្រឡប់មកពីបេសកកម្មមុនកំណត់ » ឬ « អ្នកផ្សព្វផ្សាយសាសនាដែលបានដោះលែងមុនកំណត់ » ឡើយ ។ ពាក្យពេចន៍ត្រឹមត្រូវអាចជួយដល់តម្រូវការនៃការព្យាបាល និងការជាសះស្បើយ ។
-
សូមស្តាប់ពួកគេ ដើម្បីញែកឲ្យដឹងពីរបៀបដែលអ្នកអាចជួយបានល្អបំផុត ។
-
គាំទ្រដល់ឪពុកម្តាយរបស់ពួកគេ ។ វាអាចជារឿងដ៏សំខាន់បំផុតមួយ ដើម្បីជះឥទ្ធិពលដល់ដំណើរការនៃការព្យាបាលរបស់ពួកអ្នកផ្សព្វផ្សាយសាសនាទាំងនោះ ។ សូមប្រុងប្រយ័ត្នកុំព្រងើយកន្តើយនឹងតម្រូវការផ្នែកសតិអារម្មណ៍របស់ឪពុកម្តាយនៃពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកផ្ទះវិញមុនកំណត់ ។
-
សូមស្វែងរកការប្រឹក្សាដែលមានវិជ្ជាជីវៈ ប្រសិនបើចាំបាច់ ។ អ្នកមានវិជ្ជាជីវៈផ្នែកសុខភាពផ្លូវចិត្តអាចជួយពួកអ្នកត្រឡប់មកពីបេសកកម្មវិញមុនកំណត់ សម្របខ្លួនទៅនឹងជីវិតដែលត្រឡប់មកផ្ទះវិញ ហើយជួយពួកគេឲ្យត្រឡប់មកលើផ្លូវវិញ ។ នៅកន្លែងដែលមាន សេវាកម្មគ្រួសារអិល.ឌី.អេស. ផ្តល់វគ្គប្រឹក្សាចំនួនប្រាំមួយដងដោយឥតគិតថ្លៃ ដោយផ្អែកលើការស្នើសុំ សម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកផ្ទះវិញមុនកំណត់ ។
-
សូមស្វែងរកការណែនាំខាងវិញ្ញាណ ។ សូមកុំមើលងាយអំណាចនៃការអធិស្ឋាន ។ សូមអធិស្ឋានទូលសូមការណែនាំអំពីរបៀបដែលអ្នកអាចផ្តល់ការគាំទ្របានល្អបំផុតដល់ពួកគេ និងបំពេញតាមតម្រូវការរបស់ពួកគេ ។
សម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកវិញមុនកំណត់ ៖ សេចក្តីពិត ៥ យ៉ាងដើម្បីចងចាំ ពេលអ្នកព្យាបាល
-
ព្រះស្រឡាញ់អ្នក ។ ពួកយើងទាំងអស់គ្នាជួបនឹងទុក្ខវេទនានៅគ្រាផ្សេងៗ នៅក្នុងជីវិតរមែងស្លាប់របស់យើង ។ សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទគឺពុំមែនជាថ្នាំបង្ការទប់ទល់នឹងសេចក្តីទុក្ខវេទនាទេ—វាគឺជាគោលការណ៍មួយដែលអាចជួយអ្នកឲ្យឆ្លងកាត់វាបាន ។ ដោយសារដង្វាយដ៏ធួនរបស់ទ្រង់ នោះព្រះគ្រីស្ទមានព្រះចេស្តាពុំគ្រាន់តែអាចលាងជម្រះយើងចេញពីអំពើបាបប៉ុណ្ណោះទេ ដង្វាយដ៏ធួននេះក៏ផ្តល់ការលួងលោម ការយល់ចិត្ត ការព្យាបាល និងការគាំទ្រផងដែរ ។ ( សូមមើលសុន្ទរកថាសន្និសីទរបស់អែលឌើរ ជេហ្វ្រី អ័រ ហូឡិន « Like a Broken Vessel » ) ។
-
បទគម្ពីរប្រាប់អំពីការព្យាបាល ។ ព្រះមានបន្ទូលតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលដឹងរឿងផ្សេងទៀត ដោយការសិក្សា និង អនុវត្តខគម្ពីរដោយស្មោះសរ ។ សូមអានអំពីពលទ័ពកម្លោះរបស់ហេលេមិន និងមនុស្សផ្សេងទៀតដែលបានដួលចុះដោយរងរបួសនៅក្នុងដំណើរនៃជីវិតរបស់ពួកគេ ដើម្បីរកឃើញការយល់ដឹង ។ សូមរកមើលឧទាហរណ៍ផ្សេងទៀតអំពីរបៀបដែល ព្រះវរបិតាសួគ៌បានប្រទានការងារបម្រើ និងជួយព្យាបាលដល់អ្នកដែលព្យាយាមធ្វើតាមទ្រង់កាលពីបុរាណ ។
-
ការបម្រើជួយព្យាបាលអ្នក ។ ព្រះសព្វព្រះទ័យឲ្យអ្នក « ឧស្សាហ៍ចូលរួម » នៅក្នុងប្រយោជន៍ល្អ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:២៧ ) ដោយនោះគឺជាអ្វីដែលជួយព្យាបាលអ្នក ។ សូមរកមើល ហើយអធិស្ឋានទូលសូមឱកាសដើម្បីបម្រើដល់មនុស្សដទៃ ។
-
ការអធិស្ថានអាចបើកភ្នែករបស់អ្នក ។ សូមបង្ហាញអំណរគុណចំពោះព្រះវរបិតាសួគ៌ ។ ទ្រង់សព្វព្រះទ័យចង់ជួយព្យាបាលអ្នក ។ ទូលសូមទ្រង់ឲ្យផ្តល់កម្លាំងដល់អ្នក ឲ្យបើកភ្នែកមើលឃើញអ្វីៗដែលទ្រង់កំពុងធ្វើ ដើម្បីប្រទានពរ និងព្យាបាលអ្នក ហើយក៏ទូលសូមកម្លាំង ដើម្បី រកវិធីនានាដើម្បីផ្តល់ពរដល់មនុស្សដទៃទៀត ។
-
មនុស្សដទៃពុំអាចយល់បានឡើយ ។ គ្រប់មនុស្សទាំងអស់ពុំអាចយល់ពីស្ថានភាពរបស់អ្នកទេ ហើយពួកគេអាចនិយាយអ្វីដែលពួកគេពុំដឹង ។ ប៉ុន្តែចូរកុំឲ្យរឿងនេះបំបាក់ទឹកចិត្តអ្នកឡើយ ! សូមផ្តោតចិត្តទៅលើការសម្តែងអំណរគុណចំពោះអ្នកដែលពង្រឹងអ្នក ហើយអធិស្ឋានទូលសូមជំនួយ ដើម្បីអភ័យទោសដល់មនុស្សដទៃ ប្រសិនបើពួកគេពុំយល់ពីស្ថានភាពរបស់អ្នកទាំងស្រុងនោះ ។