២០១៩
តើ​យើង​អាច​បង្កើត​វប្បធម៌​នៃ​ការរាប់រក​គ្នា​នៅ​ព្រះវិហារ​យ៉ាង​ដូចម្ដេច ?
ខែ កក្កដា ឆ្នាំ ២០១៩


គោលការណ៍​នៃ​ការងារបម្រើ

តើ​យើង​អាច​បង្កើត​វប្បធម៌​នៃ ការរាប់រក​គ្នា​នៅ​ព្រះវិហារ​យ៉ាង​ដូចម្ដេច ?

colorful geometrical people

រចនារូបភាព​មក​ពី Getty Images

ពេលយើង​ទៅ​​វួដ និង​សាខា​របស់​យើង នោះ​យើង​ឃើញ​មនុស្ស​ដែល​ហាក់​ដូច​ជា​ចូល​ចំណោម​យ៉ាង​ងាយ ។ អ្វី​ដែល​យើង​ពុំ​ចាប់អារម្មណ៍​នោះ​គឺថា ទោះបី​នៅក្នុង​​អ្នក​ដែល​ហាក់​ដូច​ជា​ចូល​ចំណោម​គ្នា​ក្តី ក៏​មាន​មនុស្ស​ជាច្រើន​ដែល​មាន​អារម្មណ៍​ថាគេ​មិន​ស្វាគមន៍​ខ្លួន​ដែរ ។ ឧទាហរណ៍ ថ្មីៗ​នេះ​ការសិក្សា​មួយ​បាន​រកឃើញ​ថា យុវវ័យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ស្ទើរតែ​ជិតពាក់កណ្តាល បាន​រាយការណ៍​ពី​ការមាន​អារម្មណ៍​ឯកោ គេ​មិន​លេងចូល ឬ​ផ្តាច់​ខ្លួន​ចេញ​ពី​មនុស្ស​ដទៃ ។

វា​សំខាន់​ដើម្បី​មាន​អារម្មណ៍​ថា​គេរាប់រក​យើង ។ វា​គឺជា​តម្រូវការ​គ្រឹះ​របស់​មនុស្ស ហើយ​ពេល​យើង​មាន​អារម្មណ៍​ថា​គេ​មិន​រាប់រក​យើង នោះ​យើង​ឈឺចាប់ ។ ការពុំត្រូវបាន​គេរាប់រក​អាច​បង្កើត​ឲ្យ​មាន​អារម្មណ៍​កើត​ទុក្ខ ឬ​កំហឹង ។ ពេល​យើង​មាន​អារម្មណ៍​ថា យើង​មិន​ចុះ​ចំណោម​គេ នោះយើង​ទំនង​ជារកមើល​កន្លែង​មួយ​ដែល​យើង​មានអារម្មណ៍​សុខ​ស្រួលជាង ។ យើង​ត្រូវ​ជួយ​មនុស្ស​គ្រប់​រូប​ឲ្យ​មាន​អារម្មណ៍​ថា ពួកគេ​គឺ​ផ្នែក​មួយ​នៃ​ព្រះវិហារ ។

ការរាប់រក​គ្នា​ដូច​​ព្រះអង្គសង្គ្រោះ

ព្រះអង្គ​សង្គ្រោះ​គឺ​ជា​គំរូ​ដ៏​ឥតខ្ចោះ​នៃ​ការផ្តល់​តម្លៃ និង​រាប់រក​មនុស្ស​ដទៃ ។ ពេល​ទ្រង់​បាន​ជ្រើសរើស​ពួកសាវករបស់​ទ្រង់ នោះ​ទ្រង់​ពុំ​ផ្តោត​ព្រះទ័យ​លើ​ស្ថានភាព​ជីវិត ទ្រព្យសម្បត្តិ ឬ​​វិជ្ជាជីវៈ​ដ៏​កោត​សរសើរ​នោះ​ឡើយ ។ ទ្រង់​បាន​ផ្តល់​តម្លៃ​ដល់​ស្ត្រី​សាសន៍សាម៉ារី​នៅ​ឯ​អណ្តូង​ទឹក ដោយ​ថ្លែង​ទីបន្ទាល់​ដល់​នាង​អំពី​ភាព​ជា​ព្រះ​របស់​ទ្រង់​ ទោះ​បី​ជា​ពួក​សាសន៍​សាម៉ារី​មើល​ងាយ​ពួក​សាសន៍​យូដា​បែប​ណា​ក្តី ( សូមមើល យ៉ូហាន ៤ ) ។ ទ្រង់​ទត​ទៅលើ​ដួងចិត្ត ហើយ​ពុំ​រើស​មុខ​អ្នក​ណា​ឡើយ ( សូមមើល សាំយូអែល​ទី​១ ១៦:៧; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣៨:១៦, ២៦ ) ។

ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ដូចនេះ ៖

« ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្តិ​មួយ​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ ។

គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង​គឺ ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ( យ៉ូហាន ១៣:៣៤–៣៥ ) ។

តើយើង​អាច​ធ្វើ​អ្វី​ខ្លះ ?

ជួនកាល វា​ពិបាក​ដើម្បី​ប្រាប់​​ថា បុគ្គល​ម្នាក់​មាន​អារម្មណ៍​ថា គាត់​ត្រូវបាន​គេ​មិន​រាប់​រក ។ ភាគ​ច្រើន​មនុស្ស​ពុំ​និយាយ​វា​ឡើយ—យ៉ាង​ហោច​ណាស់​​ពួកគេ​មិន​បង្ហាញ​វា​ច្បាស់​ក្រឡែត​ឡើយ ។ ប៉ុន្តែ​ដោយ​មាន​ដួងចិត្ត​នៃ​សេចក្តីស្រឡាញ់ ការដឹកនាំ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការខិតខំ​ដើម្បី​ដឹង នោះ​យើង​អាច​ដឹង ពេល​បុគ្គល​ណា​ម្នាក់​មាន​អារម្មណ៍​ថា គាត់​មិន​ត្រូវបាន​គេ​រាប់រក​នៅ​ការប្រជុំ និង​សកម្មភាព​នានា​នៅ​ព្រះវិហារ ។

សញ្ញា​​ដែល​អាច​មាន​ ពេល​នរណា​ម្នាក់​មាន​អារម្មណ៍​ថា​គេ​មិន​រាប់រក ៖

  • ភាសា​កាយវិការ​ដែល​បិទបាំង ដូចជា​ឈរ​ឱប​ដៃ​យ៉ាង​ណែន ឬ​ភ្នែក​សម្លឹង​មើល​ក្រោម​ជានិច្ច ។

  • អង្គុយ​នៅ​​ជួរ​ក្រោយ​គេ​ក្នុង​បន្ទប់ ឬ​អង្គុយ​តែ​ម្នាក់​ឯង ។

  • ពុំចូលរួម​ ឬ​ចូលរួម​ព្រះវិហារ​មិន​ទៀងទាត់ ។

  • ចេញ​ពី​ការប្រជុំ ឬ​សកម្មភាព​នានា​មុន​ម៉ោង​កំណត់ ។

  • ពុំ​ចូលរួម​នៅក្នុង​​ការសន្ទនា ឬ​មេរៀន ។

ទាំង​នេះ​អាច​ជា​សញ្ញា​​នៃ​អារម្មណ៍​ផ្សេង​ទៀត​ផងដែរ ដូចជា អៀន​ ថប់​បារម្ភ ឬ​រសាប់រសល់ ។ សមាជិក​អាច​មាន​អារម្មណ៍ « ផ្សេង​គ្នា » ពេល​ពួកគេ​ក្លាយ​ជា​សមាជិក​ថ្មី​នៅ​ក្នុ​ង​សាសនាចក្រ ពេល​ពួកគេ​មក​ពី​ប្រទេស ឬ​វប្បធម៌​ផ្សេង ឬ​មាន​បទពិសោធន៍ផ្លាស់ប្តូរ​ជីវិត​ដែល​​ប៉ះទង្គិច​អារម្មណ៍ ដូចជា​ការលះលែង មរណភាព​របស់​សមាជិក​គ្រួសារ ឬ​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​មុន​កំណត់ ។

មិន​ថា​វា​ជាហេតុផល​ណា​ទេ យើង​ពុំ​គួរ​រារែង​ក្នុង​ការឈោង​ទៅ​ជួយ​ដោយ​ក្តីស្រឡាញ់​ឡើយ ។ អ្វី​ដែល​យើង​និយាយ និង​អ្វី​ដែល​យើង​ធ្វើ​អាច​បង្កើត​អារម្មណ៍​មួយ​ដែល​មនុស្ស​ទាំង​អស់​មាន​អារម្មណ៍​ថា ពួកគេ​មាន​អ្នក​ស្វាគមន៍ ហើយ​ពួកគេ​មាន​អ្នក​ត្រូវការ​ពួកគេ ។

geometrial people holding hands

វិធី​មួយ​ចំនួន​ដើម្បី​ជួយ​ឲ្យ​មាន​អារម្មណ៍​រាប់​រក និង​ស្វាគមន៍

  • កុំ​អង្គុយ​ក្បែរ​មនុស្ស​ដដែលៗ​នៅ​ព្រះវិហារ ។

  • កុំ​មើល​តែ​សំបក​ក្រៅ​របស់​មនុស្ស តែ​ត្រូវ​មើល​ភាពពិត​នៃ​មនុស្ស​នោះ ។ ( សម្រាប់​ប្រធាន​បទ​នេះ សូមមើល « ការងារ​បម្រើ​គឺ​ការមើល​ទៅ​មនុស្ស​ដទៃ ដូច​ព្រះអង្គសង្គ្រោះ​ទ្រង់​ទត » លីអាហូណា ខែ មិថុនា ឆ្នាំ ២០១៩ ទំព័រ ៨–១១ ) ។

  • បញ្ចូល​មនុស្ស​ដទៃ​នៅក្នុង​ការសន្ទនា ។

  • អញ្ជើញ​​មនុស្ស​ដទៃ​ឲ្យ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​អ្នក ។ អ្នក​អាច​បញ្ចូល​ពួកគេ​ទៅក្នុង​សកម្មភាព​នានា​ដែល​អ្នក​​កំពុង​ដាក់​ផែនការ ។

  • ស្វែងរក និង​បង្កើត​ចំណាប់​អារម្មណ៍​រួម ។

  • សូមកុំ​ឈប់​រាប់អាន​មនុស្ស ដោយគ្រាន់តែ​​បុគ្គល​នោះ​ពុំ​មាន​អ្វី​ដូច​ដែល​អ្នក​រំពឹង​ចង់បាន ។

  • ពេល​អ្នក​ឃើញ​បុគ្គល​នោះ​មាន​អ្វី​មួយ​ពិសេស សូម​ចាប់អារម្មណ៍​លើ​លក្ខណៈ​ពិសេស​នោះ ជាជាង​​ការមើល​រំលង ឬ​ព្រងើយ​កន្តើយ​នឹង​លក្ខណៈ​ពិសេស​នោះ ។

  • បង្ហាញសេចក្តីស្រឡាញ់ និង​​ថ្លែង​ពាក្យ​សរសើរ​ដោយ​ស្មោះសរ ។

  • ឆ្លៀត​ពេល​គិត​អំពី​អត្ថន័យ​ពិតប្រាកដ​ នៅពេល​យើង​និយាយ​ថា សាសនា​ចក្រ​គឺ​សម្រាប់​មនុស្ស​គ្រប់​រូប ទោះពួកគេ​មាន​ភាព​ខុសប្លែក​គ្នា​ក្តី ។ តើ​យើង​អាច​ធ្វើ​ឲ្យ​រឿង​នេះ​ក្លាយ​ជា​ការពិតដោយ​របៀប​ណា ?

វា​ពុំ​ងាយស្រួល​​ជានិច្ច​ទេ ដើម្បី​មាន​អារម្មណ៍​សុខស្រួល​នៅ​ជុំ​វិញ​មនុស្ស​ដែល​មាន​ភាព​ខុសប្លែក​ពី​យើង​នោះ ។ ប៉ុន្តែ​ជាមួយ​នឹង​ការអនុវត្ត នោះ​យើង​អាច​ស្វែងរក​តម្លៃ​នៅក្នុង​ភាព​ខុសប្លែក​គ្នា​បាន​ប្រសើរ​ឡើង ហើយ​មាន​អំណរគុណ​ចំពោះ​លក្ខណៈ​ពិសេស​ដែល​បុគ្គល​ម្នាក់ៗ​បាន​រួម​ចំណែក ។ ដូច​អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ភាពផ្សេងៗ​គ្នា​របស់​យើង​អាច​ជួយ​យើង​​ឲ្យ​ក្លាយ​ជា​មនុស្ស​កាន់តែ​ប្រសើរ កាន់តែ​រីករាយ​ឡើង ៖ « ចូរ​មក​ជួយ​យើង​ស្ថាបនា និង​ពង្រឹង​វប្បធម៌​មួយ​នៃ​ការព្យាបាល សន្តានចិត្ត​ល្អ និង​មាន​សេចក្តីមេត្តា​ករុណា​ចំពោះ​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ » ។

បាន​ទទួល​ពរ​តាមរយៈ​ការរាប់រក

គ្រីស្ទ ហ្វិចធើរ បាន​ប្តូរ​ទៅ​រស់នៅ​ប្រទេស​មួយ​ផ្សេង​ទៀត​ បន្ទាប់​ពី​សង្គ្រាម​បាន​បំផ្លិចបំផ្លាញ​​ស្រុក​កំណើត​របស់​គាត់ ។ គាត់​ពុំ​និយាយ​ភាសា​ប្រទេស​នោះ​បាន​ល្អទេ ហើយ​ពុំ​ស្គាល់​មនុស្ស​ណា​ម្នាក់​នៅក្នុង​ភូមិ​ថ្មី​របស់​គាត់​ដែរ ដូច្នេះ​នៅ​គ្រា​ដំបូង​គាត់​មាន​អារម្មណ៍​ថា នៅ​ដាច់តែឯង និង​ឯកោ ។

ក្នុងនាម​ជា​សមាជិក​សាសនាចក្រ​ គាត់​បាន​លើក​ទឹកចិត្ត​​ខ្លួន​ឯង ហើយ​ចាប់ផ្តើម​ចូលរួម​វួដ​ថ្មី​របស់​គាត់ ។ គាត់​បាន​បារម្ភ​ថា តុង​ខាង​ភាសា​ដ៏​ពិបាក​ដែល​គាត់​មាន​នឹង​រារាំង​មនុស្ស​មិន​ឲ្យ​ចង់​និយាយ​ជាមួយគាត់ ឬ​គាត់​នឹង​ត្រូវគេ​វិនិច្ឆ័យ​ដោយ​សារ​គាត់​ជា​ស្ត្រី​នៅ​លីវ ។

ប៉ុន្តែ​គាត់​បាន​ជួប​មនុស្ស​ដទៃ​ដែល​មើល​រំលង​ភាព​ខុសប្លែក​របស់​គាត់ ហើយ​បាន​ស្វាគមន៍​គាត់​ទៅក្នុង​សហគមន៍​នៃ​មិត្តភក្តិ​របស់​ពួកគេ ។ ពួកគេ​បាន​ឈោង​ទៅរក​គាត់​ដោយ​សេចក្តីស្រឡាញ់ ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក គាត់​មាន​ភាព​មមាញឹក​ក្នុងការ​ជួយ​បង្រៀន​ថ្នាក់​អង្គការ​បឋម​សិក្សា ។ កុមារ​គឺជា​គំរូ​អស្ចារ្យ​បំផុត​ស្តីពី​ការទទួល​យក និង​អារម្មណ៍​​ថា​មាន​គេស្រឡាញ់ចូលចិត្ត និង​ត្រូវការ ដែល​បាន​ពង្រឹង​សេចក្តីជំនឿ​របស់​គាត់ ហើយ​បាន​ជួយ​​ពង្រឹង​ភក្តីភាព​ដ៏​យូរ​អង្វែង​របស់​គាត់​ចំពោះ​ព្រះអម្ចាស់ ។

កំណត់​ចំណាំ

  1. សូមមើល Alexa Lardieri « Study: Many Americans Report Feeling Lonely, Younger Generations More So » U.S. News ថ្ងៃ​ទី ១ ខែ ឧសភា ឆ្នាំ ២០១៨ គេហទំព័រ usnews.com ។

  2. សូមមើល Carly K. Peterson, Laura C. Gravens, and Eddie Harmon-Jones « Asymmetric Frontal Cortical Activity and Negative Affective Responses to Ostracism » Social Cognitive and Affective Neuroscience វ៉ុល​ទី ៦ លេខ ៣ ( ខែ មិថុនា ឆ្នាំ ២០១១ ) ទំព័រ ២៧៧–២៨៥ ។

  3. ឌៀថើរ អេស្វ អុជដូហ្វ « Believe, Love, Do » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៤៨ ។