ខុសគ្នាតែជាមួយគ្នា
អ្នកនិពន្ធរស់នៅរដ្ឋចចចារ ស.រ.អា. ។
« សូមបណ្ដោយឲ្យមនុស្សទាំងអស់មានសិទ្ធិដូចគ្នា ចូរឲ្យគេថ្វាយបង្គំតាមរបៀបណា នៅទីណា ឬអ្វីក៏ដោយដែលគេប្រាថ្នា » ( មាត្រានៃសេចក្ដីជំនឿ ១:១១ ) ។
អែលលី និងគ្រួសារនាងនឹងទៅលេងបងប្អូនជីដូនមួយរបស់ពួកគេដែលរស់នៅឆ្ងាយ ។ អែលលីរំភើបខ្លាំងណាស់ ! នាងពុំបានជួបបងប្អូនជីដូនមួយរបស់នាងជាយូរមកហើយ ។
មុនពេលធ្វើដំណើរ ប៉ាម៉ាក់របស់អែលលីបាននិយាយថា ពួកគាត់ចង់និយាយអំពីអ្វីមួយ ។
« ពេលយើងជួបជុំគ្នាជាមួយគ្រួសារ យើងតែងតែអធិស្ឋាននៅពេលញ៉ាំអាហារ ។ ហើយពេលខ្លះយើងនិយាយអំពីព្រះវិហារ មែនទេ ? » ប៉ាបានសួរ ។
« ត្រូវហើយ ! » អែលលីបានតប ។
ម៉ាក់បាននិយាយថា « មែនហើយ អ្វីៗនឹងខុសគ្នាបន្តិចក្នុងការជួបជុំនេះ » ។ « មីង និងពូរបស់កូនមិនទៅព្រះវិហារទៀតទេ ។ ហើយពួកគេមិនចូលចិត្តទេពេលមនុស្សនិយាយអំពីវា » ។
អែលលីបានជ្រួញចិញ្ចើម ។ « ហេតុអ្វី ? »
ប៉ាបាននិយាយថា « យើងពុំដឹងរាល់ហេតុផលនោះទេ » ។ « ប៉ុន្តែពួកគេស្រឡាញ់យើងខ្លាំងណាស់ ។ ប៉ាគិតថាពួកគេមិនចង់ប្រកែកនឹងយើង ឬធ្វើ ឲ្យប៉ះពាល់អារម្មណ៍យើង ទេ ។ ដូច្នេះពួកគេបានសូមយើងមិនឲ្យនិយាយអំពីរឿងព្រះវិហារជាមួយពួកគេទេ » ។
អែលលីបានងក់ក្បាល ។
ម៉ាក់បាននិយាយថា « យើងនៅតែអាចអានព្រះគម្ពីររបស់យើង ហើយអធិស្ឋានពេលយើងនៅទីនោះ ។ ប៉ុន្តែយើងនឹងធ្វើវាដោយខ្លួនយើង » ។
« ចុះពេលយើងញ៉ាំអាហារនោះ ? » បងស្រីរបស់អែលលីបានសួរ ។
ម៉ាក់បាននិយាយថា « ចាំមើលសិន » ។ « បើពួកគេមិនអធិស្ឋានមុនយើងញ៉ាំអាហារទេ យើងអាចអធិស្ឋានក្នុងចិត្តយើងម្នាក់ៗ » ។
អែលលីបាននិយាយថា « យល់ព្រម » ។ « កូនអាចធ្វើវាបាន ! »
នៅថ្ងៃបន្ទាប់ គ្រួសាររបស់អែលលីទាំងអស់គ្នាចូលក្នុងឡាន ។ ពួកគេបានបើកឡានរហូតដល់យប់ជ្រៅ ។ នៅទីបំផុត ពេលពួកគេបានទៅដល់ផ្ទះបងប្អូនជីដូនមួយរបស់ពួកគេ មីង និងពូរបស់អែលលីបានជួយពួកគេយកកាបូបរបស់ពួកគេចេញពីឡាន ។ បន្ទាប់មកគ្រប់គ្នាបានចូលគេង ។
ពេលព្រឹកឡើង អែលលីបានអធិស្ឋានមុននឹងទៅផ្ទះបាយដើម្បីញ៉ាំអាហារពេលព្រឹក ។ នាងមានអារម្មណ៍ភ័យបន្តិចក្នុងការជួបគ្រួសារនាង ។ ប៉ុន្តែបន្ទាប់មកមីងរបស់នាងបានអង្គុយចុះក្បែរនាងដោយស្នាមញញឹមដ៏កក់ក្ដៅ ។
« ពួកយើងខ្លះនឹងទៅហាងរបស់បងជីដូនមួយក្មួយនៅថ្ងៃនេះ ។ ក្មួយចង់ទៅទេ ? » មីងបានសួរអែលលី ។
« ហាងធ្វើសក់ ? » អែលលីបានសួរ ។
« មែនហើយ ! ក្មួយ និងបងស្រីក្មួយអាចធ្វើសក់បានបើក្មួយចង់ » ។
អែលលីបានញញឹម ហើយងក់ក្បាល ។ ស្ដាប់ទៅសប្បាយណាស់ !
បន្ទាប់ពីអាហារពេលព្រឹក ពួកគេបានជិះឡានក្រុងទៅហាងធ្វើសក់ ។ អែលលីចូលចិត្តមើលបងជីដូនមួយនាងធ្វើការ ។ ដៃរបស់គាត់អូសទៅមកៗ ពេលគាត់សិត និងក្រងសក់ ។ បន្ទាប់ពីគ្រប់គ្នាបានធ្វើសក់ហើយ ពួកគេបានលេងធ្វើជា អ្នកបង្ហាញម៉ូតនៅមុខកញ្ចក់ហាង ហើយសើចកក្អឹកនឹងម៉ូតសក់ថ្មីរបស់ពួកគេ ។
នៅថ្ងៃបន្ទាប់ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ។ ដូច្នេះ គ្រប់គ្នាបានសម្រេចចិត្តនៅផ្ទះ ហើយលេងល្បែងនានា ។ អែលលី និងប្អូនជីដូនមួយរបស់នាងម្នាក់នៅក្រុមជាមួយគ្នា ហើយលេងទល់នឹងក្មេងប្រុសដែលធំជាងពួកគេ ។ ពួកគេលគ្នាទៅវិញទៅមកលេងសើចនឹងគ្នាកាលដែលពួកគេប្រកួតល្បែងនោះ ។
« យើងឈ្នះហើយ ! » អែលលីបានស្រែកពេលដែលនាងបានរំកិលដុំល្បែងនោះទៅដល់ទីបញ្ចប់បន្ទះល្បែង ។ ពួកគេបានលើកដៃទះអបអរគ្នាទៅវិញទៅមក—សូម្បីតែបងជីដូនមួយដែលធំជាងបានធ្វើពុតជាខឹងដោយសារចាញ់ ។
ពីរបីថ្ងៃក្រោយមក វាដល់ពេលត្រឡប់ទៅផ្ទះវិញហើយ ។ ពេលអែលលីបានឡើងទៅខាងក្រោយឡានរបស់គ្រួសារនាង នាងបានឮគ្រួសារនាងនិយាយលាគ្នា ។
« យើងប្រាកដជានឹកពួកឯង ! »
« ត្រឡប់មកវិញឆាប់ៗណា ! »
« ពួកយើងស្រឡាញ់ពួកឯងខ្លាំងណាស់ ! »
អែលលីបានញញឹម ហើយគ្រវីដៃលាពេលដែលឡានបានបើកចេញទៅ ។ នាងសប្បាយណាស់ ។ សូម្បីតែពួកគេជឿរឿងខុសគ្នាមែន តែពួកគេនៅតែអាចជាគ្រួសារដ៏រីករាយ ។