« មេរៀនទី ៨ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះមែស៊ីដែលបានសន្យា » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ៨ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បរបស់ទ្រង់
មេរៀនទី ៨ ឯកសាររៀបចំសម្រាប់ថ្នាក់
ការទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះមែស៊ីដែលបានសន្យា
សូមគិតអំពីពេលមួយដែលអ្នកជួបប្រទះនឹងបញ្ហាផ្លូវកាយ ផ្លូវចិត្ត អារម្មណ៍ ឬខាងវិញ្ញាណ ។ តើអ្នកនឹងទៅរកជំនួយនៅកន្លែងណា ? ព្យាការីពីបុរាណបានថ្លែងទីបន្ទាល់ថា ព្រះមែស៊ីនឹងមកសម្រាលបន្ទុក ពង្រឹង និងព្យាបាលយើង ។ នៅពេលអ្នកសិក្សាការព្យាករដ៏ពិសិដ្ធមួយចំនួន សូមពិចារណាពីរបៀបដែលព្រះយេស៊ូវគ្រីស្ទ ព្រះមែស៊ីអាចជួយអ្នក ។
ផ្នែកទី ១
តើការទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះមែស៊ីនាំមកនូវការព្យាបាលដល់ខ្ញុំដោយរបៀបណា ?
ដូចដែលយើងកំពុងរង់ចាំការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ រាស្ត្រនៃសេចក្ដីសញ្ញានៅក្នុងព្រះគម្ពីរសញ្ញាចាស់បានរង់ចាំយ៉ាងអន្ទះសារនូវការយាងមកជាលើកដំបូងរបស់ព្រះមេស៊ី ដែលជាព្រះដ៏ប្រោសឲ្យរួច ។ យោងតាមព្យាការីក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះមែស៊ីនឹងជាពូជពង្សរបស់ស្តេចដាវីឌ ហើយនឹងដោះលែងរាស្ដ្ររបស់ទ្រង់ ។ « នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះដ៏ប្រោសឲ្យរួចត្រូវបានហៅថាព្រះគ្រីស្ទ ដែលជាភាសាក្រិចប្រហាក់ប្រហែលនឹងព្រះមែស៊ី » ( Bible Dictionary « Messiah » ) ។
អេសាយបានសរសេរការព្យាករមួយចំនួនអំពីព្រះមែស៊ី និងបេសកកម្មរបស់ទ្រង់ ( សូមមើល អេសាយ ៩:៦; ៧:១៤–១៥; ១១:១–៩; ៣៥:៥; ៥១:៤–៨; ៥២:៩–១០ ) ។ សូមមើល « Isaiah Prophesied of Christ » ( ៤:៥១ ) ហើយសញ្ជឹងគិតពីរបៀបដែលការព្យាកររបស់អេសាយអនុវត្តចំពោះតួនាទីរបស់ព្រះមែស៊ីនៅក្នុងជីវិតរបស់យើង ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍អំពី អេសាយ ៦១:១–៣ ថា « ខទាំងនោះ នឹងជាប់ចំណាត់ថ្នាក់ក្នុងចំណោមអត្ថន័យដ៏រំជើបរំជួល និងមានន័យបំផុតដែលមិនធ្លាប់មាន ជាពិសេសនៅក្នុងពន្លឺនៃអត្ថន័យពិតនៃព្រះមែស៊ី » ( Christ and the New Covenant [ ឆ្នាំ ១៩៩៧ ] ទំព័រ ៨៩ ) ។
ខណៈដែលការព្យាករបែបនេះបានបំពេញដល់ពួកសាសន៍យូដាដោយសេចក្តីសង្ឃឹម និងការរំពឹងទុកនៃការរំដោះឲ្យរួច នោះនៅជំនាន់ព្រះគម្ពីរសញ្ញាថ្មី មនុស្សជាច្រើន « បានរង់ចាំអ្នករំដោះឲ្យរួចពីអំណាចពួករ៉ូម ហើយនិងការចម្រើននៃប្រទេសឲ្យកាន់តែប្រសើរឡើង » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះមែស៊ី » ) ។ នៅពេលព្រះយេស៊ូវមិនបានបំពេញការរំពឹងទុកនោះ មនុស្សជាច្រើនបានបដិសេធការអះអាងរបស់ទ្រង់ដែលថាជាព្រះមែស៊ីដែលបានសន្យាជាយូរមកហើយ ។
ឧទាហរណ៍ ៖ នៅការចាប់ផ្ដើមនៃការបម្រើរបស់ទ្រង់ ព្រះយេស៊ូវបានត្រឡប់ទៅណាសារ៉ែតដែលជាស្រុកកំណើតរបស់ទ្រង់ ហើយបានចូលរួមក្នុងសាលាប្រជុំនៅថ្ងៃឈប់សម្រាក ។ ទ្រង់បានឈរអានព្រះគម្ពីរនៅទីនោះ បានបើកទៅគម្ពីរអេសាយ ហើយបានអានឮៗ អេសាយ ៦១:១–២ ។ បន្ទាប់មកទ្រង់បានប្រកាសថា ទ្រង់គឺមកបំពេញការព្យាករនៃព្រះមែស៊ីនេះ ( សូមមើល លូកា ៤:១៦–២១ ) ។ អ្នកដែលនៅទីនោះបានស្រឡាំងកាំង មានសេចក្ដីក្រោធ ហើយបានព្យាយាមរកធ្វើគតទ្រង់ ( សូមមើល លូកា ៤:២២–៣០ ) ។
អ្នកអាចមើលព្រឹត្តិការណ៍នេះនៅក្នុងវីដេអូ « Jesus Declares He Is the Messiah » ( ៣:២៣ ) ។
ដូចជាប្រជាជននៅណាសារ៉ែតដែរ យើងម្នាក់ៗត្រូវតែសម្រេចចិត្តថាតើយើងនឹងទទួលយកព្រះយេស៊ូវជាព្រះមែស៊ីឬយ៉ាងណា ។ អែលឌើរ ហ្គែរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់អំពីលក្ខណៈផ្ទាល់ខ្លួននៃបេសកកម្មដ៏ទេវភាពរបស់ព្រះអម្ចាស់ ៖
ទ្រង់មានព្រះជន្មរស់—មិនមែនតែពីមុនទេ ប៉ុន្ដែឥឡូវនេះផងដែរ មិនមែនសម្រាប់មនុស្សមួយចំនួនទេ ប៉ុន្ដែសម្រាប់មនុស្សទាំងអស់គ្នា ។ ទ្រង់បានយាងមក ហើយនឹងយាងមកដើម្បីព្យាបាលអ្នកខូចចិត្ត ដោះលែងអ្នកជាប់សេវកភាព ព្យាបាលមនុស្សខ្វាក់ ហើយដាក់ឲ្យអ្នករងទុក្ខមានសេរីភាព [ សូមមើល លូកា ៤:១៨ ] ។ នោះគឺយើងម្នាក់ៗ ។ ការសន្យាដ៏ប្រោសលោះរបស់ទ្រង់អនុវត្តបាន មិនថានៅក្នុងអតីតកាលរបស់យើង ក្នុងបច្ចុប្បន្នកាលរបស់យើង ឬកង្វល់នានាក្នុងអនាគតកាលរបស់យើងឡើយ ។ ( « Hosanna and Hallelujah—The Living Jesus Christ: The Heart of Restoration and Easter » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៥៣ )
ផ្នែកទី ២
តើព្រះមែស៊ីបានធ្វើអ្វីដែលអាចឲ្យទ្រង់ព្យាបាល និងជួយខ្ញុំ ?
អ្នកប្រហែលជាដឹងតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនយ៉ាងហោចណាស់បន្តិចបន្តួចអំពីការរងទុក្ខ និងការឈឺចាប់ ។ ហើយអ្នកប្រហែលជាធ្លាប់បានឃើញវាក្នុងជីវិតអ្នកដទៃដែលនៅជុំវិញអ្នក ។ សូមព្យាយាមស្រមៃមើលថាតើវាទៅជាយ៉ាងណាសម្រាប់ព្រះយេស៊ូវគ្រីស្ទក្នុងការដកពិសោធន៍នូវទុក្ខវេទនា ទាំងអស់ របស់មនុស្ស—ការឈឺចាប់ខាងរាងកាយ អារម្មណ៍ និងខាងវិញ្ញាណ សម្រាប់មនុស្សទាំងអស់គ្រប់ពេលវេលា រួមទាំងអ្នកផងដែរ ។
អេសាយ ៥៣ គឺជាវិវរណៈដ៏ប្រកបដោយការយល់ដឹងបំផុតនៅក្នុងព្រះគម្ពីរ អំពីការរងទុក្ខរបស់ព្រះយេស៊ូវគ្រីស្ទជំនួសយើង ។ ពិតណាស់ អែលឌើរ ហូឡិនបាននិយាយថា វាគឺជា « ការប្រកាសដ៏វិសេសបំផុត ការប្រកាសដ៏វែងបំផុត និងជាទំនុកច្រៀងដ៏ពិរោះបំផុតអំពីជីវិត ការសុគត និងដង្វាយធួនរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ » ( Christ and the New Covenant [ ឆ្នាំ ១៩៩៧ ] ទំព័រ ៨៩ ) ។
នៅពេលព្យាការី អាល់ម៉ាជាកូនកំពុងផ្សព្វផ្សាយទៅកាន់សាសន៍នីហ្វៃ លោកបានពិពណ៌នាអំពីទំហំ និងជម្រៅនៃការរងទុក្ខរបស់ព្រះមែស៊ី ។
ប្រធាន ជីន ប៊ី ប៊ីងហាំ ជាប្រធានសមាគមសង្គ្រោះទូទៅបានបង្រៀន ៖
ក្នុងរយៈពេល ៣៣ ព្រះវស្សារបស់ទ្រង់នៃជីវិតលើផែនដី [ព្រះយេស៊ូវគ្រីស្ទ] បានរងការបដិសេធ ការបៀតបៀន ការស្រេកឃ្លាន និងការនឿយហត់ ភាពឯកោ ការរំលោភបំពានខាងពាក្យសម្ដី និងខាងរូបកាយ ហើយទីបំផុតបានសុគតក្រោមដៃមនុស្សមានបាប ។ ក្នុងសួនច្បារគែតសេម៉ានី និងលើឈើឆ្កាងត្រង់កាលវ៉ារី ទ្រង់ជ្រាបនូវរាល់ការឈឺចាប់ ការរងទុក្ខ ការល្បួង ការឈឺ និងជំងឺរបស់យើង ។
មិនថាយើងបានរងទុក្ខដោយសារអ្វីនោះទេ ទ្រង់គឺជាប្រភពនៃការព្យាបាល ។ អស់អ្នកដែលធ្លាប់ជួបការរំលោភបំពាន ការបាត់បង់ដ៏ធំធេង ជំងឺរ៉ាំរៃ ឬពិការភាព ការចោទប្រកាន់មិនពិត ការបៀតបៀនដ៏សាហាវ ឬការបំផ្លិចបំផ្លាញខាងវិញ្ញាណដោយសារអំពើបាប ឬការយល់ខុសអាចបានជាសះស្បើយ ដោយសារព្រះដ៏ប្រោសលោះនៃពិភពលោក ។ ក៏ប៉ុន្តែ ទ្រង់នឹងពុំយាងចូលដោយគ្មានការអញ្ជើញឡើយ ។ យើងត្រូវមករកទ្រង់ ហើយអនុញ្ញាតឲ្យទ្រង់សម្ដែងអព្ភូតហេតុរបស់ទ្រង់ ។ ( « That Your Joy Might Be Full » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨៦ )
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានថ្លែងអំពីរបៀបដែលព្រះអម្ចាស់ជួយយើង ៖
ដោយសារដង្វាយធួនរបស់ទ្រង់ ព្រះអង្គសង្គ្រោះមានព្រះចេស្តាដើម្បីជួយប្រទាន—ជំនួយដែលជួយ—ដល់រាល់ការឈឺចាប់ និងការរងទុក្ខគ្រប់បែបយ៉ាងនៃជីវិតលើផែនដីនេះ ។ ពេលខ្លះ ព្រះចេស្តារបស់ទ្រង់ប្រោសអ្នកជំងឺម្នាក់ ប៉ុន្តែព្រះគម្ពីរ និងបទពិសោធន៍របស់យើងបង្រៀនថា ពេលខ្លះទ្រង់ជួយ ឬ ប្រទានជំនួយតាមរយៈការប្រទានដល់យើងនូវកម្លាំង ឬ ការអត់ធ្មត់ដើម្បីស៊ូទ្រាំនឹងជំងឺរបស់យើង ។ ( « Strengthened by the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦២ )