« មេរៀនទី ១១ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ រីករាយនឹងពរជ័យនៃសាសនាចក្ររបស់ព្រះអម្ចាស់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ១១ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ១១ ឯកសាររៀបចំសម្រាប់ថ្នាក់
រីករាយនឹងពរជ័យនៃសាសនាចក្ររបស់ព្រះអម្ចាស់
នៅពេលដែលការចូលរួមព្រះវិហារក្នុងចំណោមនិកាយផ្សេងៗកំពុងតែធ្លាក់ចុះនៅកន្លែងជាច្រើនជុំវិញពិភពលោក នោះវាអាចជាការសំខាន់ជាពិសេសក្នុងការស្វែងរកការយល់ដឹងឲ្យកាន់តែស៊ីជម្រៅអំពី មូលហេតុ ដែលព្រះយេស៊ូវគ្រីស្ទបានស្ថាបនាព្រះវិហារឡើងនៅអំឡុងពេលនៃការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ហើយបន្ទាប់មកបានស្តារព្រះវិហារឡើងវិញនៅសម័យចុងក្រោយនេះ ។ កាលដែលអ្នកសិក្សា សូមគិតអំពីរបៀបដែលសាសនាចក្រដែលបានស្តារឡើងវិញរបស់ព្រះអម្ចាស់បាននាំមក ឬអាចនាំមកជីវិតរបស់អ្នកនូវគោលបំណងបន្ថែមកម្លាំង និងអំណរ ។
ផ្នែកទី ១
តើពរជ័យពិសេសអ្វីខ្លះដែលអាចទទួលបានតែតាមរយៈសមាជិកភាពនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់តែប៉ុណ្ណោះ ?
សាវកប៉ុលបានបង្រៀនថា សាសនាចក្ររបស់ព្រះអម្ចាស់គឺ « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ( អេភេសូរ ២:២០ ) ។ នៅអំឡុងពេលនៃការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានជ្រើសរើសបុរសដប់ពីរនាក់ ហើយបានតែងតាំងពួកលោកឲ្យធ្វើជាសាវករបស់ទ្រង់ ។ ទ្រង់បានប្រទានដល់ពួកលោកនូវសិទ្ធិអំណាច និងកូនសោរបព្វជិតភាព ដើម្បីពួកលោកអាចដឹកនាំសាសនាចក្ររបស់ទ្រង់ បង្រៀនដំណឹងល្អរបស់ទ្រង់ ថ្លែងទីបន្ទាល់អំពីសេចក្តីពិតរបស់ទ្រង់ ហើយធ្វើការក្នុងព្រះនាមរបស់ទ្រង់ ( សូមមើល ម៉ាថាយ ១០:១, ៧–៨; ១៦:១៩; កិច្ចការ ១:២១–២២; គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:២៣ ) ។ អ្នកអាចមើល « Jesus Calls Twelve Apostles to Preach and Bless Others » ( ១:៣០ ) ដើម្បីរៀនបន្ថែមទៀត ។
បន្ទាប់ពីព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ ទ្រង់បានបន្តដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈពួកសាវករបស់ទ្រង់ ដែលកាន់កូនសោបព្វជិតភាពដើម្បីដឹកនាំកិច្ចការនៃសេចក្ដីសង្គ្រោះ ។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សជាច្រើនបានប្រឆាំងនឹងពួកអ្នកបម្រើរបស់ទ្រង់ ហើយសមាជិកសាសនាចក្រចាប់ផ្ដើមធ្វើខុស ។ បន្ទាប់ពីការស្លាប់របស់ពួកសាវក « មនុស្សបានបង្ខូចគោលការណ៍នៃដំណឹងល្អ ហើយបានធ្វើការផ្លាស់ប្តូរដោយគ្មានការអនុញ្ញាតក្នុងអង្គការសាសនាចក្រ និងពិធីបរិសុទ្ធនៃបព្វជិតភាព ។ ដោយសារការក្បត់សាសនាដ៏ធំនេះ ព្រះអម្ចាស់បានដកសិទ្ធិអំណាចបព្វជិតភាពចេញពីផែនដី » ( Gospel Topics « Apostasy » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។ ការណ៍នេះត្រូវបានហៅថា ការក្បត់សាសនាដ៏ធំ ។
ស្ថានភាពនៃការក្បត់សាសនានេះបានបន្ត រហូតដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយចំពោះយ៉ូសែប ស្ម៊ីធ ក្នុងឆ្នាំ ១៨២០ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦–២០ ) ។ ពីរបីឆ្នាំបន្ទាប់ពីការបង្ហាញព្រះកាយនេះ ព្រះយេស៊ូវគ្រីស្ទបានបញ្ជូនសារទូតជាច្រើនមកកាន់យ៉ូសែប ស្ម៊ីធ ដែលសារទូតទាំងនោះបានប្រគល់ដល់លោកនូវសិទ្ធិអំណាច និងកូនសោបព្វជិភាព ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧២; គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:១១–១៦; ១២៨:១៩–២១ ) ។ តាមរយៈសិទ្ធិអំណាចដ៏ទេវភាពទាំងនេះ ព្រះយេស៊ូវគ្រីស្ទ បានហៅពួកសាវកថ្មី ហើយបានស្ថាបនាសាសនាចក្ររបស់ទ្រង់នៅលើផែនដីនេះម្ដងទៀត ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣០ ) ។
សព្វថ្ងៃនេះ គណៈប្រធានទីមួយ និងកូរ៉ុមនៃសាវកដប់ពីរនាក់កាន់សិទ្ធិអំណាច និងកូនសោបព្វជិតភាពដែលចាំបាច់ទាំងអស់ ដើម្បីដឹកនាំសាសនាចក្ររបស់ព្រះអម្ចាស់ ។ ការណ៍នេះមានសារៈសំខាន់ជាពិសេសចំពោះយើងម្នាក់ៗ ដែលចង់ធ្វើឲ្យបានល្អជាងមុន ហើយចូលមកកាន់តែជិតព្រះគ្រីស្ទ ។
កាលនិយាយពីសារៈសំខាន់នៃការចូលរួមនៅក្នុងព្រះវិហារសម្រាប់ « មនុស្សដែលប្រកាន់ខ្ជាប់ខាងសាសនាដ៏ល្អ » ប្រធាន ដាល្លិន អេក អូកនៃគណៈប្រធានទីមួយបានមានប្រសាសន៍ថា « ការចូលរួម និងសកម្មភាពនៅក្នុងព្រះវិហារមួយ ជួយយើងឲ្យក្លាយជាមនុស្សកាន់តែប្រសើរឡើង ហើយជះឥទ្ធិពលកាន់តែខ្លាំងលើជីវិតរបស់មនុស្សដទៃផងដែរ » ( « The Need for a Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៤ ) ។ បន្ទាប់មកលោកបានមានប្រសាសន៍ ៖
ពិតណាស់ យើងអះអាងថា បទគម្ពីរទាំងសម័យបុរាណ និងសម័យទំនើប បង្រៀនយ៉ាងច្បាស់ពីដើមកំណើត និងការចាំបាច់ដើម្បីមានព្រះវិហារមួយ ដែលបានដឹកនាំដោយ និងជាមួយសិទ្ធិអំណាចរបស់ព្រះអម្ចាស់នៃយើងគឺព្រះយេស៊ូវគ្រីស្ទ ។ យើងក៏ថ្លែងទីបន្ទាល់ផងដែរថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញនេះ ត្រូវបានស្ថាបនាឡើង ដើម្បីបង្រៀនគោលលទ្ធិដ៏ពេញលេញរបស់ទ្រង់ និងដើម្បីគ្រប់គ្រងជាផ្លូវការដោយមានសិទ្ធិអំណាចបព្វជិតភាពរបស់ទ្រង់ សម្រាប់ធ្វើពិធីបរិសុទ្ធដែលចាំបាច់ ដើម្បីចូលទៅក្នុងនគររបស់ព្រះ [ សូមមើល យ៉ូហាន ៣:៥ ] ។ សមាជិកដែលបោះបង់ការចូលរួមក្នុងសាសនាចក្រ និងពឹងផ្អែកតែលើជីវភាពខាងវិញ្ញាណផ្ទាល់ខ្លួន ដោយញែកខ្លួនពួកគាត់ចេញពីកត្តាចាំបាច់ក្នុងដំណឹងល្អទាំងនេះ ៖ អំណាច និងពរជ័យនៃបព្វជិតភាព ភាពពេញលេញនៃគោលលទ្ធិដែលបានស្ដារឡើងវិញ និងការលើកទឹកចិត្ត និងឱកាសដើម្បីអនុវត្តគោលលទ្ធិនោះ ។ ពួកគាត់បាត់បង់ឱកាសរបស់ពួកគាត់ ដើម្បីមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានភាពដ៏នៅអស់កល្បជានិច្ច ។ ( « The Need for a Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៥ )
អែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ក៏បានបង្រៀនផងដែរ ៖
ប្រសិនបើគ្មានអំណាចបព្វជិតភាពនៅលើផែនដីនេះទេ នោះមារសត្រូវនឹងមានសេរីភាពដើម្បីរាតត្បាត ហើយគ្រងរាជ្យដោយគ្មានការរឹតបណ្ដឹង ។ វានឹងគ្មានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹកនាំ ហើយបំភ្លឺយើង គ្មានពួកព្យាការីដើម្បីថ្លែងនៅក្នុងព្រះនាមនៃព្រះអម្ចាស់ គ្មានព្រះវិហារបរិសុទ្ធដែលយើងអាចធ្វើសេចក្ដីសញ្ញាអស់កល្បជានិច្ចដ៏ពិសិដ្ឋ គ្មានសិទ្ធិអំណាចដើម្បីប្រសិទ្ធពរ ឬជ្រមុជទឹក ព្យាបាល ឬ លួងលោមឡើយ ។ ( « Blessings of the Priesthood » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៣២ )
ផ្នែកទី ២
តើការចូលរួមយ៉ាងសកម្មនៅក្នុងសាសនាចក្រផ្តល់ពរដល់ខ្ញុំ និងអ្នកដទៃដោយរបៀបណា ?
អែលឌើ ឌី.ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីពរជ័យទាំងឡាយនៃការចូលរួមនៅក្នុងសាសនាចក្រ ៖
វាពិតជាសំខាន់ដើម្បីដឹងថា ព្រះរាជបំណងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះគឺការរីកចម្រើនរបស់យើង ។ … ការណ៍នោះតម្រូវឲ្យមានលើសពីការគ្រាន់តែមានចិត្តល្អ ឬអារម្មណ៍ស្លូតបូតទៅទៀត ។ វាតម្រូវឲ្យមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត បុណ្យជ្រមុជទឹកដោយទឹក និងដោយព្រះវិញ្ញាណ និងការកាន់ខ្ជាប់ដរាបដល់ចុងបំផុតដោយសេចក្ដីជំនឿ ។ មនុស្សម្នាក់មិនអាចសម្រេចរឿងនេះបានពេញលេញតែម្នាក់ឯងបានឡើយ ដូច្នេះហេតុផលដ៏ចម្បងមួយ ដែលព្រះអម្ចាស់មានព្រះវិហារគឺដើម្បីបង្កើតសហគមន៍នៃពួកបរិសុទ្ធមួយឡើង ដែលនឹងជួយគ្នាទៅវិញទៅមកនៅក្នុង « ផ្លូវតូច ហើយចង្អៀតនោះដែលនាំទៅឯជីវិតដ៏នៅអស់កល្បជានិច្ច » [ នីហ្វៃទី២ ៣១:១៨ ] ។ ( « Why the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៨ )
សាវកប៉ុលបានបង្រៀនពីរបៀបដែលការក្លាយជាផ្នែកនៃសហគមន៍នៃពួកបរិសុទ្ធពង្រឹងយើង ហើយអាចទាញយើងឲ្យខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។
អែលឌើរ គ្រីស្តូហ្វឺសិន ក៏បានពន្យល់ដែរថា បទពិសោធន៍នានាជាមួយសមាជិកផ្សេងទៀតនៃសាសនាចក្រ ផ្តល់ឲ្យយើងនូវឱកាសចាំបាច់ដើម្បីអនុវត្តដំណឹងល្អរបស់ព្រះអម្ចាស់ ៖
ក្នុងនាមជារូបកាយនៃព្រះគ្រីស្ទ សមាជិកសាសនាចក្របម្រើគ្នាទៅវិញទៅមក នៅក្នុងជីវិតប្រចាំថ្ងៃ ។ យើងទាំងអស់គ្នាគឺមិនល្អឥតខ្ចោះនោះទេ យើងអាចអាក់អន់ចិត្ត ឬក៏ធ្វើឲ្យគេអាក់អន់ចិត្ត ។ ជាញឹកញាប់យើងសាកល្បងគ្នាទៅវិញទៅមកជាមួយនឹងលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់យើង ។ ក្នុងរូបកាយនៃព្រះគ្រីស្ទ យើងត្រូវធ្វើច្រើនឲ្យហួសពីការគិត និងពាក្យលើកតម្កើង ហើយឲ្យមានបទពិសោធន៍ « ផ្ទាល់ខ្លួន » ដ៏ពិតមួយ ពេលយើងរៀន « រស់នៅជាមួយគ្នាដោយនូវសេចក្ដីស្រឡាញ់ » [ គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:៤៥ ] ។ ( « Why the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៨ )
ផ្នែកទី ៣
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីជួយវួដ ឬសាខារបស់ខ្ញុំក្លាយជាកន្លែងដែលកាន់តែមានការស្វាគមន៍ចំពោះមនុស្សទាំងអស់ ?
សូមគិតថាតើវាមានអារម្មណ៍បែបណាដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងស្មោះត្រង់នៅពេលចូលរួមនៅព្រះវិហារ ។ តើនៅពេលណាដែលអ្នកបានជួយនរណាម្នាក់ក្នុងវួដ ឬសាខារបស់អ្នកឲ្យទទួលអារម្មណ៍បែបនោះ ?
សូមពិចារណាពីការធ្វើតាមគំរូនៃការរាប់អានដែលបានចែកចាយដោយស៊ីស្ទើរ ខារូល អិម ស្ទីហ្វិន អតីតទីប្រឹក្សានៅក្នុងគណៈប្រធានសមាគមសង្រ្គោះទូទៅ ។
[ ម៉ារៀ ] មានមិត្តភក្តិជាច្រើន ដែលមិនសូវសកម្ម ឬមិនទាន់បានឮអំពីសារលិខិតនៃដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទនៅឡើយ ។ នាងបានអនុវត្តសេចក្តីជំនឿរបស់នាង និងការអធិស្ឋានរាល់ថ្ងៃ ដើម្បីដឹងថាតើនរណាត្រូវការជំនួយរបស់នាង ហើយបន្ទាប់មកនាងធ្វើតាមការបំផុសគំនិតដែលនាងទទួលបាន ។ នាងបានហៅទូរសព្ទ បង្ហាញសេចក្តីស្រឡាញ់របស់នាង និងប្រាប់មិត្តភក្តិរបស់នាងថា « ពួកយើងត្រូវការបងប្អូន » ។ គាត់មានរាត្រីជួបជុំក្រុមគ្រួសារនៅអាផាតមិនរបស់នាងរាល់សប្តាហ៍ ហើយអញ្ជើញអ្នកជិតខាង សមាជិក និងពួកអ្នកផ្សព្វផ្សាយសាសនាមក—ហើយនាងធ្វើម្ហូបអាហារឲ្យពួកគេហូប ។ នាងបានអញ្ជើញពួកគេឲ្យមកព្រះវិហារ រង់ចាំពួកគេ ហើយអង្គុយនៅជិតពួកគេនៅពេលពួកគេមកដល់ ។ ( « We Have Great Reason to Rejoice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១១៦ )