« ឯកសារគ្រូបង្រៀន មេរៀនទី ១១ ៖ ការប្រមូលអ៊ីស្រាអែល » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសារគ្រូបង្រៀន មេរៀនទី ១១ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសារគ្រូបង្រៀន មេរៀនទី ១១
ការប្រមូលផ្ដុំអ៊ីស្រាអែល
ព្រះយេស៊ូវគ្រីស្ទបានសន្យាថានឹងប្រមូលរាស្ដ្ររបស់ទ្រង់នៅក្នុងថ្ងៃចុងក្រោយ ( សូមមើល នីហ្វៃទី៣ ២១:២២–២៩ ) ។ មេរៀននេះត្រូវបានរៀបចំឡើងដើម្បីជួយសិស្សឲ្យយល់ពីតួនាទីរបស់ពួកគេកាន់តែច្បាស់ នៅក្នុងការជួយព្រះអម្ចាស់ប្រមូលផ្ដុំអ៊ីស្រាអែល ។ វាក៏នឹងជួយសិស្សឲ្យដាក់ផែនការពីរបៀប ដែលពួកគេនឹងចូលរួមកាន់តែពេញលេញនៅក្នុងការប្រមូលផ្ដុំនេះ ។
យោបល់សម្រាប់ការបង្រៀន
ព្រះអម្ចាស់បានត្រាស់បង្គាប់ពួកបរិសុទ្ធរបស់ទ្រង់ឲ្យប្រមូលផ្ដុំគ្នា ។
សូមដាក់បង្ហាញរូបភាពដូចតទៅនេះ ហើយអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១–២ ឲ្យឮៗ ។
-
តើនិមិត្តរូបនៅក្នុងខគម្ពីរទាំងនេះអាចបង្រៀនយើងអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ? តើព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យធ្វើអ្វីខ្លះសម្រាប់រាស្រ្ដរបស់ទ្រង់ ?
សូមចង្អុលបង្ហាញពាក្យ « បានធ្វើឲ្យធួន » នៅក្នុង ខទី ១ ។ សូមពន្យល់ថា ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ជាភាសាហេព្រើរ ពាក្យឫសរបស់ពាក្យដង្វាយធួនគឺ kaphar ថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថា ‹ គ្របបាំង › » ( « The Atonement Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣៤ ) ។
-
យោងតាម ខទី ២ តើនរណាជារាស្ដ្ររបស់ព្រះអម្ចាស់ ដែលទ្រង់សព្វព្រះទ័យប្រមូលផ្ដុំ និងគ្របបាំងដោយព្រះហស្ដនៃសេចក្ដីមេត្តារបស់ទ្រង់ ?
សូមពន្យល់ថា ព្រះគម្ពីរប៊ីប ព្រះគម្ពីរមរមន និងវិវរណៈជាច្រើនទៀតដែលបានប្រទានដល់យ៉ូសែប ស្ម៊ីធ ទាំងអស់បង្រៀនថា ព្រះអម្ចាស់នឹងប្រមូលផ្ដុំរាស្ដ្ររបស់ទ្រង់ ដែលជាអ៊ីស្រាអែលដែលបានខ្ចាត់ព្រាត់នៅក្នុងថ្ងៃចុងក្រោយ ( សូមមើល អេសេគាល ២៨:២៥; នីហ្វៃទី២ ១០:៨; គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:៦ ) ។
សូមឲ្យសិស្សពន្យល់នូវអ្វីដែលពួកគេយល់អំពីការប្រមូលផ្ដុំអ៊ីស្រាអែល ។ ( សូមលើកទឹកចិត្តសិស្សឲ្យយោងទៅផ្នែកទី ១ នៃឯកសាររៀបចំ ) ។ បងប្អូនក៏អាចនឹងសួរសំណួរដូចខាងក្រោម ដើម្បីជួយឲ្យការពិភាក្សាកាន់តែស៊ីជម្រៅ ៖
-
ហេតុអ្វីបងប្អូនគិតថា ប្រធាន ណិលសុន បានហៅការប្រមូលផ្ដុំថាជា « ផ្នែកមួយដ៏ធំបំផុត បុព្វហេតុ ដ៏ធំបំផុត និង កិច្ចការ ដ៏មហិមាបំផុតនៅលើផែនដីសព្វថ្ងៃនេះ ? »( « ក្តីសង្ឃឹមនៃអ៊ីស្រាអែល » [ ការប្រជុំធម្មនិដ្ឋានសម្រាប់យុវវ័យទូទាំងពិភពលោក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ] បន្ថែមទៅនឹង New Era និង Ensignទំព័រ ៨ នៅលើគេហទំព័រ ChurchofJesusChrist.org អក្សរទ្រេតដើម ) ។
-
តើយើងអាចរៀនអ្វីខ្លះអំពីព្រះអម្ចាស់ និងគុណលក្ខណៈរបស់ទ្រង់តាមរយៈការពង្រាយខ្ចាត់ខ្ចាយ និងការប្រមូលរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ ?
-
តើមានហេតុផលមួយចំនួនណាខ្លះ ដែលព្រះអម្ចាស់ចង់ឲ្យពួកបរិសុទ្ធរបស់ទ្រង់ប្រមូលផ្ដុំគ្នា ?
សូមពន្យល់ថា នៅខែ ធ្នូ ឆ្នាំ ១៨៣០ យ៉ូសែប ស៊្មីធបានទទួលវិវរណៈមួយដែលត្រាស់បង្គាប់ឲ្យពួកបរិសុទ្ធប្ដូរទៅរដ្ឋអូហៃអូ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៧:១–៣ ) ។ នៅក្នុងសន្និសីទសាសនាចក្រនៅខែ មករា ឆ្នាំ ១៨៣១ យ៉ូសែបបានទទួលវិវរណៈបន្ថែមទៀត ដែលប្រាប់ពីមូលហេតុរបស់ព្រះអម្ចាស់ក្នុងការត្រាស់បង្គាប់ពួកបរិសុទ្ធឲ្យប្រមូលផ្ដុំគ្នា ហើយបានពន្យល់ពីពរជ័យដែលបានសន្យាក្នុងការធ្វើដូច្នោះ ។
សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៨, ៣១–៣៣ ហើយរកមើលរបៀបដែលពួកបរិសុទ្ធទទួលបានពរជ័យ បើពួកគេបានគោរពតាមបទបញ្ញត្តិឲ្យប្រមូលគ្នីគ្នានៅឯរដ្ឋអូហៃអូនោះ ។ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ ។
បងប្អូនអាចគូសបញ្ជាក់សេចក្ដីពិតដូចតទៅនេះ ៖ ព្រះអម្ចាស់ប្រមូលផ្ដុំរាស្ដ្ររបស់ទ្រង់ដើម្បីការពារពួកគេ និងពង្រឹងពួកគេខាងវិញ្ញាណ ។
-
តើការប្រមូលផ្ដុំគ្នានៅសព្វថ្ងៃនេះនៅក្នុងវួដ សេ្ដក និងព្រះវិហារបរិសុទ្ធរបស់យើងធ្វើឲ្យយើងអាចទទួលបានការការពារ និងកម្លាំងខាងវិញ្ញាណមកពីព្រះអម្ចាស់តាមរបៀបណា ?
-
តើបងប្អូនទទួលបានការការពារប្រភេទអ្វី កាលបងប្អូនបានជួបជុំគ្នាជាមួយពួកបរិសុទ្ធដទៃទៀត ?
ព្រះអម្ចាស់ហៅ និងជួយអ្នកបម្រើរបស់ទ្រង់ឲ្យប្រមូលផ្ដុំអ៊ីស្រាអែល ។
សូមយោងទៅរូបភាពមេមាន់កាងស្លាបប្រមូលកូនមាន់ម្ដងទៀត ។ សូមបង្ហាញសេចក្ដីពិតដូចតទៅនេះ ៖ ព្រះអម្ចាស់បានហៅយើង ហើយក៏នឹងជួយយើងឲ្យប្រមូលផ្ដុំអ៊ីស្រាអែល ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤–៧ និង ៨៤:៨៦–៨៨ ដោយរកមើលរបៀបដែលព្រះអម្ចាស់នឹងជួយយើង នៅពេលយើងជួយប្រមូលផ្ដុំអ៊ីស្រាអែល ។ សូមឲ្យសិស្សចែកចាយពីអ្វីដែលពួកគេរកឃើញ ។
សម្រាប់ជាឧទាហរណ៍ពីរបៀបដែលព្រះអម្ចាស់នឹងជួយយើងឲ្យប្រមូលផ្ដុំអ៊ីស្រាអែល សូមឲ្យសិស្សរំឭក ឬអានរួមគ្នានូវដំណើររឿងបេសកកម្មរបស់ ហេប៊ើរ ស៊ី ឃឹមបឹល នៅប្រទេសអង់គ្លេសដែលមាននៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ។ ការណ៍នេះអាចធ្វើឡើងជាក្រុមតូចៗបាន ។ សូមអញ្ជើញក្រុមនីមួយៗ ( ឬសិស្សក្នុងថ្នាក់ ) ឲ្យពិភាក្សាសំណួរខាងក្រោមនេះរួមគ្នា ក្រោយពីរំឭកដំណើររឿងរបស់អែលឌើរ ឃឹមបឹល ៖
-
តើខ្ញុំអាចរៀនបានអ្វីខ្លះ ចេញពីបទពិសោធន៍របស់ ហេប៊ើរ ស៊ី ឃឹមបឹល ដែលអាចផ្ដល់ទំនុកចិត្តកាន់តែខ្លាំងដល់ខ្ញុំឲ្យជួយប្រមូលផ្ដុំអ៊ីស្រាអែល តាមរយៈការចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ?
-
តើខ្ញុំមានអារម្មណ៍ដឹងពីជំនួយរបស់ព្រះអម្ចាស់ក្នុងការប្រកាសដំណឹងល្អនៅពេលណា ?
-
តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីអនុវត្តសេចក្ដីជំនឿរបស់ខ្ញុំ ហើយចែកចាយដំណឹងល្អជាមួយមនុស្សដទៃកាន់តែច្រើនថែមទៀត ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សអានសេចក្ដីថ្លែងការណ៍នេះ រួចហើយចែកចាយពីរបៀបដែលពួកគេបានចែកចាយសារលិខិតដំណឹងល្អជាមួយមនុស្សដទៃតាមរបៀបដ៏សាមញ្ញ និងមានប្រសិទ្ធភាព ។
មិនថាបងប្អូននៅកន្លែងណាលើផែនដីនេះទេ មានឱកាសច្រើនរាប់មិនអស់ដើម្បីចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយមនុស្សដែលបងប្អូនជួប សិក្សាជាមួយ រស់នៅ ឬធ្វើការជាមួយ និងប្រាស្រ័យទាក់ទងជាមួយ ។ … មានរបៀបដ៏សាមញ្ញា និងធម្មតាជាច្រើនដើម្បីធ្វើការណ៍នេះ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « កិច្ចការផ្សព្វផ្សាយសាសនា ៖ ការចែកចាយអំពីអ្វីដែលមាននៅក្នុងដួងចិត្តបងប្អូន » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៥, ១៧ )
យើងអាចចូលរួមក្នុងកិច្ចការដ៏អស្ចារ្យក្នុងការប្រមូលផ្ដុំអ៊ីស្រាអែលបាន ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធានណិលសុន ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
រាល់ពេលដែលប្អូនៗធ្វើអ្វីមួយដើម្បីជួយនរណាម្នាក់—ទាំងសង្ខាងនៃវាំងនន—បោះជំហានទៅធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះ ហើយទទួលពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក និងព្រះវិហារបរិសុទ្ធដ៏សំខាន់របស់ពួកគេ នោះប្អូនៗកំពុងជួយប្រមូលអ៊ីស្រាអែលហើយ ។ ( រ័សុល អិម ណិលសុន « សង្ឃឹមអ៊ីស្រាអែល » ទំព័រ ១៥, អក្សរទ្រេតដើម ) ។
-
ដោយផ្អែកលើការបង្រៀនរបស់ប្រធានណិលសុន តើយើងអាចធ្វើអ្វីផ្សេងទៀត ដើម្បីជួយព្រះអម្ចាស់ប្រមូលផ្ដុំអ៊ីស្រាអែល ? ( សូមជួយសិស្សឲ្យរកឃើញសេចក្ដីពិតដែលស្រដៀងគ្នាទៅនឹងអ្វីដូចតទៅនេះ ៖ យើងប្រមូលផ្ដុំអ៊ីស្រាអែល នៅពលយើងជួយបុត្រាបុត្រីរបស់ព្រះឲ្យបោះជំហានទៅរកការចុះ និងការរក្សាសេចក្ដីសញ្ញាជាមួយនឹងទ្រង់ ) ។
កំណត់ចំណាំ ៖ សិស្សនឹងអាចពិភាក្សាកាន់តែស៊ីជម្រៅអំពីការប្រមូលផ្ដុំអ៊ីស្រាអែលតាមរយៈពង្សប្រវត្តិ និងការបម្រើក្នុងព្រះវិហារបរិសុទ្ធនៅក្នុងមេរៀនទី ១៩ « ការប្រោសលោះមរណជន » ។
សូមឲ្យសិស្សរកមើលរបៀបជាក់លាក់បីបួន ដែលពួកគេអាចជួយក្នុងការប្រមូលផ្ដុំអ៊ីស្រាអែល ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។ បងប្អូនអាចសូមឲ្យសិស្សចែកចាយបទពិសោធន៍ ដែលពួកគេមានទាក់ទងទៅនឹងចំណុចនានានៅលើបញ្ជីនេះ ។
សូមទុកពេលឲ្យសិស្សសញ្ជឹងគិតពីសំណួរដូចតទៅនេះដែលមាននៅក្នុង ផ្នែកទី ២ នៃឯកសាររៀបចំ ហើយសរសេរគោលដៅមួយ ដែលពួកគេមានអារម្មណ៍ថា ពួកគេអាចសម្រេចបាន ។ ពួកគេអាចចង់បង្កើតគម្រោងមួយដើម្បីធ្វើតាមគោលដៅរបស់ពួកគេជាមួយនឹងមិត្តម្នាក់ ឬក្រុមមួយក្នុងថ្នាក់ ។ បងប្អូនក៏អាចសួរថា តើមានសិស្សណាខ្លះស្ម័គ្រចិត្តរាយការណ៍ពីបទពិសោធន៍របស់ពួកគេអំឡុងពេលការពិភាក្សាលើកក្រោយ ។
-
តើបងប្អូននឹងធ្វើអ្វីខ្លះនៅប៉ុន្មានថ្ងៃ និងសប្ដាហ៍ខាងមុខនេះ ដើម្បីទទួលផ្នែកដ៏សកម្មជាងនេះមួយក្នុងការប្រមូលផ្ដុំអ៊ីស្រាអែល ?
សូមបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់បងប្អូនថា ព្រះអម្ចាស់កំពុងប្រមូលផ្ដុំអ៊ីស្រាអែលនៅក្នុងថ្ងៃចុងក្រោយនេះ ។ សូមធានាប្រាប់សិស្សពីការការពារ និងកម្លាំងដែលព្រះនឹងប្រទានដល់ពួកគេ នៅពេលពួកគេប្រជុំគ្នាជាមួយនឹងពួកបរិសុទ្ធផ្សេងទៀត និងនៅពេលពួកគេជួយប្រមូលផ្ដុំអ៊ីស្រាអែល ។
សម្រាប់ពេលក្រោយ
សូមពន្យល់ថា ការប្រមូលផ្ដុំអ៊ីស្រាអែលទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងកិច្ចការរបស់ព្រះអម្ចាស់ក្នុងការស្ថាបនាក្រុងស៊ីយ៉ូននៅលើផែនដីនេះ ដើម្បីរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ សូមអញ្ជើញសិស្សឲ្យសិក្សាក្នុងឯកសាររៀបចំសម្រាប់មេរៀនលើកក្រោយ ហើយមករៀនដោយបានរៀបចំខ្លួនដើម្បីពិភាក្សាពីអត្ថន័យនៃស៊ីយ៉ូន និងពរជ័យដែលកើតមកពីការជួយស្ថាបនាក្រុងស៊ីយ៉ូននៅក្នុងគេហដ្ឋាន និងស្ដេករបស់ពួកគេ ។