« សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ៦ ៖ ព្រះគម្ពីរមរមន—ជាមូលដ្ឋាននៃសាសនារបស់យើង » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ៦ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ៦
ព្រះគម្ពីរមរមន—ជាមូលដ្ឋាននៃសាសនារបស់យើង
តើអ្វីជាទីបន្ទាល់របស់បងប្អូនអំពីព្រះគម្ពីរមរមន ? តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីបន្ដពង្រឹងវា ? កាលបងប្អូនសិក្សាមេរៀនដូចតទៅនេះ បងប្អូនគួរតែអាចពន្យល់ពីមូលហេតុដែលព្រះគម្ពីរមរមនគឺជាមូលដ្ឋាននៃសាសនារបស់យើង និងទីបន្ទាល់របស់យើងបានកាន់តែប្រសើរ ។
ផ្នែកទី ១
តើមានភស្តុតាងណាខ្លះអំពីភាពពិតពេញលេញ និងសារសំខាន់នៃព្រះគម្ពីរមរមន ?
មិនយូរប៉ុន្មានក្រោយពីព្រះគម្ពីរមរមនត្រូវបានបោះពុម្ពនៅខែ មីនា ឆ្នាំ ១៨៣០ ព្រះអម្ចាស់បានបញ្ជាយ៉ូសែបឲ្យរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានចាប់ផ្ដើមលក់ព្រះគម្ពីរមរមន នៅពេលពួកគេបានធ្វើដំណើរ ។ ព្រះគម្ពីរនេះបានចាប់ផ្ដើមមានឥទ្ធិពលដ៏ខ្លាំងលើការប្រមូលផ្ដុំមនុស្សមកកាន់សាសនាចក្រ ។
នៅឆ្នាំដដែលដែលព្រះគម្ពីរមរមនបានបោះពុម្ពនោះ យុវជនម្នាក់ឈ្មោះ ប៉ាលី ភី ប្រាត្ត បានមានអារម្មណ៍បំផុសឲ្យលក់ចម្ការរបស់គាត់ក្នុងរដ្ឋអូហៃអូ ដើម្បីគាត់អាចប្រកាសពីព្រះគម្ពីរប៊ីប ។ ក្រោយពីលក់ចម្ការហើយភា្លម ប៉ាលី និងភរិយារបស់គាត់ឈ្មោះ សេងហ្វូល បានធ្វើដំណើរទៅភាគខាងកើត ។ នៅពេលពួកគេមកដល់ភូមិប៉ាល់ម៉ៃរ៉ា ទីក្រុងនូវយ៉ោក ប៉ាលីបានមានការបំផុសគំនិតមួយឲ្យឡើងចេញពីទូក ។ គាត់បានចាកចេញទៅ ហើយសេងហ្វូលបានបន្ដដំណើររបស់នាង ។ រួចហើយប៉ាលីបានដើរ ១៦ គីឡូម៉ែត្រមកដល់ផ្ទះរបស់ឌីកុនពួកជំនឿបាទីស្ទម្នាក់ ។ ឌីកុននោះបានប្រាប់គាត់អំពីគម្ពីរមួយ ដែលគាត់បានទិញ ដែលបានបកប្រែពីផ្ទាំងចំណារមាស ។ ក្រោយមក ប៉ាលីបានកត់ត្រាដូចតទៅនេះ ៖
ខ្ញុំបានបើកមើល [ ព្រះគម្ពីរមរមន ] ដោយមានចិត្តចង់ដឹងជាខ្លាំង ហើយបានអានទំព័រចំណងជើងនៃសៀវភៅនេះ ។ ក្រោយមក ខ្ញុំបានអានទីបន្ទាល់របស់សាក្សីមួយចំនួនដែលទាក់ទងទៅនឹងរបៀបដែលវាត្រូវបានចងក្រងឡើង និងបកប្រែ ។ បន្ទាប់មក ខ្ញុំបានចាប់ផ្ដើមអានមាតិកាមួយវគ្គម្ដងៗ ។ ខ្ញុំបានអានពេញមួយថ្ងៃ ដោយមិនខ្វាយខ្វល់ពីការទទួលទានអាហារទៀតឡើយ ខ្ញុំពុំចង់បរិភោគអាហារទេ កាលរាត្រីចូលមកដល់ ការសម្រាន្ត ក៏ពុំសូវសំខាន់ដែរ ដ្បិតខ្ញុំចង់អានជាងការសម្រាន្តទៅទៀត ។
ពេលខ្ញុំអាន ព្រះវិញ្ញាណនៃព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ហើយខ្ញុំដឹង ថែមទាំងយល់ថា ព្រះគម្ពីរនេះពិត ច្បាស់ និងជាក់ស្ដែងដូចមនុស្សម្នាក់យល់ ហើយដឹងថាគាត់មានជីវិតដូច្នោះដែរ ។ ( Autobiography of Parley P. Pratt ed. Parley P. Pratt Jr. [ ឆ្នាំ ១៩៣៨ ] ទំព័រ ៣៧ )
តាំងពីជំនាន់ដើមនៃសាសនាចក្រ មនុស្សរាប់លាននាក់បានរកឃើញអ្វីដែលប៉ាលីត្រូវបានបង្រៀនដោយព្រះវិញ្ញាណបរិសុទ្ធនាយប់នោះ—ថាព្រះគម្ពីរមរមនគឺពិត ។ វាមានព្រះបន្ទូលរបស់ព្រះ ។
កាល យ៉ូសែប ស៊្មីធបានបញ្ចប់ការបកប្រែព្រះគម្ពីរមរមននៅខែ មិថុនា ឆ្នាំ ១៨២៩ ព្រះអម្ចាស់អង្គទ្រង់បានថ្លែងទីបន្ទាល់អំពីសេចក្ដីពិតពេញលេញរបស់វា ។
ក្រោយមក ព្រះអម្ចាស់បានបញ្ជាក់ពីសេចក្ដីពិតពេញលេញនៃព្រះគម្ពីរមរមន ហើយផ្ដល់មូលហេតុដែលទ្រង់បាននាំវាចេញមក ។
ជាច្រើនឆ្នាំក្រោយមកនៅថ្ងៃអាទិត្យមួយនាឆ្នាំ ១៨៤១ ព្យាការី យ៉ូសែប ស៊្មីធបានចំណាយពេលមួយថ្ងៃនៅក្នុងក្រុមប្រឹក្សាជាមួយពួកសាវកដប់ពីរនាក់នៅផ្ទះរបស់ប្រធាន ព្រិកហាំ យ៉ង់ ដែលបានបម្រើជាប្រធានកូរ៉ុមនៅពេលនោះ ។ ខណៈជជែកជាមួយពួកលោកអំពីប្រធានបទផ្សេងៗ យ៉ូសែបបានបង្រៀនពីសារសំខាន់នៃព្រះគម្ពីរមរមន ៖
ខ្ញុំបានប្រាប់បងប្អូនប្រុសថា ព្រះគម្ពីរមរមនគឺជាគម្ពីរដ៏ត្រឹមត្រូវបំផុតជាងគម្ពីរនានាទាំងអស់នៅលើផែនដីនេះ ហើយជាមូលដា្ឋននៃសាសនារបស់យើង ហើយបុគ្គលម្នាក់នឹងចូលទៅជិតព្រះបាន ដោយសារការធ្វើតាមសក្ខីយបទទាំងឡាយនៃគម្ពីរនេះជាជាងគម្ពីរណាៗទាំងអស់ ។ ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ២០០៧ ] ទំព័រ ៦៤ ) ។
សូមសិក្សាផ្នែកខាងក្រោមនេះដើម្បីរៀនបន្ថែមទៀតអំពីសេចក្ដីពិតទាំងនេះ ដែលបានបង្រៀនដោយព្យាការីយ៉ូសែប ។
ផ្នែកទី ២
តើឃ្លាថា ព្រះគម្ពីរមរមនគឺជាគម្ពីរដ៏ត្រឹមត្រូវបំផុតជាងគម្ពីរនានាទាំងអស់នៅលើផែនដីនេះ មានន័យដូចម្ដេច ?
អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ព្រះគម្ពីរមរមនគឺជាគម្ពីរដ៏ត្រឹមត្រូវបំផុតជាងគម្ពីរនានាទាំងអស់នៅលើផែនដីនេះ ដោយសារវាផ្ដោតលើសេចក្ដីពិត ( សូមមើល យ៉ូហាន ១៤:៦; នីហ្វៃទី១ ១៣:៤០ ) និងព្រះយេស៊ូវគ្រីស្ទ ហើយវាស្ដារឡើងវិញនូវសេចក្ដីដែលច្បាស់លាស់ និងមានតម្លៃ ដែលត្រូវបានដកចេញពីដំណឹងល្អដ៏ពិត ( សូមមើល នីហ្វៃទី១ ១៣:២៦, ២៨–២៩, ៣២, ៣៤–៣៥, ៤០ ) ។ ការរួមបញ្ចូលគ្នាដ៏វិសេសនៃកត្តាទាំងពីរនេះ—ការផ្ដោតលើព្រះអង្គសង្គ្រោះ និងសេចក្ដីច្បាស់លាស់នៃការបង្រៀនទាំងឡាយ—អញ្ជើញសាក្សីបញ្ជាក់ដ៏មានអនុភាពនៃសមាជិកទីបីនៃក្រុមព្រះ គឺជាព្រះវិញ្ញាណបរិសុទ្ធ ។ ជាលទ្ធផល ព្រះគម្ពីរមរមនថ្លែងទៅកាន់វិញ្ញាណ និងដួងចិត្តរបស់អ្នកអាន មិនដូចជាបទគម្ពីរផ្សេងទៀតឡើយ ។ ( ដេវីឌ អេ បែដណា « Watching with All Perseverance » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៤១ ) ។
ផ្នែកទី ៣
តើព្រះគម្ពីរមរមនគឺជាមូលដ្ឋាននៃសាសនារបស់យើងយ៉ាងដូចម្តេច ?
នៅពេលដែលកំណោងទ្វារមួយត្រូវបានសង់ឡើង នោះគែមជ្រុងទាំងពីរត្រូវបានសង់ឡើងដោយមានប្រដាប់ទ្រដើម្បីទ្រវា ។ នោះនៅចំនុចចន្លោះប្រហោងខាងលើនៃកំណោងទ្វារត្រូវបានវាស់យ៉ាងប្រុងប្រយ័ត្ន ហើយផ្ទាំងសិលាមួយត្រូវបានកាត់ដើម្បីដាក់បិទឲ្យចំទីតាំងត្រឹមត្រូវ ។ នៅពេលដែលផ្ទាំងសិលានោះត្រូវបានដាក់នៅចំកន្លែង ហើយសម្ពាធពីថ្មផ្សេងទៀតគៀបលើវា នោះកំណោងទ្វារឈរយ៉ាងរឹងមាំដោយគ្មានការគាំទ្រ ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹនបានពន្យល់អំពីរបៀបដែលព្រះគម្ពីរមរមនគឺជាមូលដ្ឋាននៃសាសនារបស់យើង ។
វាមានរបៀបបីយ៉ាង ដែលព្រះគម្ពីរមរមនគឺជាមូលដ្ឋាននៃសាសនារបស់យើង ។ វាគឺជាមូលដ្ឋានក្នុងសាក្សីរបស់យើងអំពីព្រះគ្រីស្ទ ។ វាគឺជាមូលដ្ឋាននៃគោលលទ្ធិរបស់យើង ។ វាគឺជាមូលដ្ឋាននៃទីបន្ទាល់ ។
ព្រះគម្ពីរមរមនគឺជាមូលដ្ឋាននៃសក្ខីយភាពរបស់យើងអំពីព្រះយេស៊ូវគ្រីស្ទ ។ … គ្រិស្តសាសនិកជាច្រើននៅក្នុងពិភពលោកសព្វថ្ងៃនេះបដិសេធទេវភាពនៃព្រះអង្គសង្គ្រោះ ។ ពួកគេសង្ស័យពីកំណើតដ៏មិនគួរឲ្យជឿរបស់ទ្រង់ ជីវិតរស់នៅដ៏ល្អឥតខ្ចោះ និងភាពពិតប្រាកដនៃការមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងរបស់ទ្រង់ ។ ព្រះគម្ពីរមរមនបង្រៀនក្នុងលក្ខខណ្ទយ៉ាងច្បាស់លាស់ និងគ្មានកំហុសអំពីសេចក្តីពិតនៃគ្រប់ការណ៍ទាំងអស់នោះ ។ វាក៏បានផ្តល់នូវការពន្យល់ដ៏ពេញលេញបំផុតពីគោលលទ្ធិនៃដង្វាយធួនផងដែរ ។ …
ព្រះគម្ពីរមរមនក៏ជាមូលដ្ឋាននៃគោលលទ្ធិនៃការរស់ឡើងវិញផងដែរ ។ … ព្រះគម្ពីរមរមនពង្រីកនូវការចេះដឹងរបស់យើងយ៉ាងច្រើនពីគោលលទ្ធិនៃសេចក្តីសង្គ្រោះ ។ បើគ្មានគម្ពីរនេះទេ អ្វីដែលបានបង្រៀនដ៏ច្រើនក្នុងព្រះគម្ពីរដទៃផ្សេងទៀត នឹងមិនអាចមានភាពច្បាស់លាស់ និងមានតម្លៃដូច្នេះបានឡើយ ។ …
…ព្រះគម្ពីរមរមនគឺជាមូលដ្ឋាននៃទីបន្ទាល់ ។ ក៏ដូចជាកំណោងទ្វារបាក់ស្រុតនៅពេលសិលាគន្លឹះត្រូវបានដកចេញ ក៏ដូចគ្នានឹងការឈរឡើង ឬការធ្លាក់ចុះរបស់សាសនាចក្រដែរ គឺវាអាស្រ័យលើភាពពេញលេញនៃព្រះគម្ពីរមរមនយ៉ាងនោះដែរ ។… បើសិនព្រះគម្ពីរមរមនពិត…នោះបុគ្គលម្នាក់ត្រូវតែទទួលការប្រកាសអំពីការស្តារឡើងវិញ និងអ្វីៗទាំងអស់ដែលមានមកជាមួយវាផងដែរ ។ ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៥–៦, បានបន្ថែមអក្សរទ្រេត ) ។
ផ្នែកទី ៤
តើព្រះគម្ពីរមរមនជួយយើងឲ្យខិតទៅជិតព្រះដោយរបៀបណា ?
សូមពិចារណាគូសចំណាំពាក្យ ឬឃ្លានៅក្នុងសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដែលបង្រៀនពីរបៀបដែលព្រះគម្ពីរមរមនជួយយើងឲ្យខិតទៅជិតព្រះ ហើយប្រទានពរដល់ជីវិតរបស់យើង ។
ប្រធានប៊ែនសឹនបានបង្រៀនថា ៖
មានអំណាចមួយនៅក្នុង [ ព្រះគម្ពីរមរមន ] ដែលនឹងចាប់ផ្ដើមហូរចូលមកក្នុងជីវិតរបស់អ្នក ពេលអ្នកចាប់ផ្ដើមសិក្សាដោយហ្មត់ចត់អំពីព្រះគម្ពីរនេះ ។ អ្នកនឹងរកឃើញអំណាចកាន់តែមហិមា ដើម្បីទប់ទល់នឹងការល្បួង ។ អ្នកនឹងរកឃើញអំណាច ដើម្បីចៀសផុតពីការបោកបញ្ឆោត ។ អ្នកនឹងរកឃើញអំណាចដើម្បីឈរនៅលើផ្លូវតូច និងចង្អៀត ។ ខគម្ពីរទាំងឡាយត្រូវបានហៅថា « ព្រះបន្ទូលទាំងឡាយខាងជីវិត » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៨៥ ) ហើយគ្មានព្រះគម្ពីរណាទៀតដែលពិតជាងព្រះគម្ពីរមរមនឡើយ ។ នៅពេលអ្នកចាប់ផ្តើមស្រេកឃ្លាននូវព្រះបន្ទូលទាំងនោះ អ្នកនឹងឃើញថា ជីវិតនឹងកាន់តែមានភាពរីកចម្រើនយ៉ាងមហិមា ។ ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon—Keystone of Our Religion » ទំព័រ ៧ ) ។
ប្រធាន ហិនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយក៏បានថ្លែងទីបន្ទាល់ផងដែរ ៖
អនុភាពនៃព្រះគម្ពីរមរមនលើអត្តចរិត អំណាច និងទឹកចិត្តក្លាហានរបស់អ្នកឲ្យធ្វើជាសាក្សីម្នាក់សម្រាប់ព្រះគឺមានពិត ។ គោលលទ្ធិ និងគំរូដ៏ស្មោះត្រង់ទាំងឡាយនៅក្នុងព្រះគម្ពីរនោះនឹងលើកតម្កើង ដឹកនាំ និងធ្វើឲ្យអ្នកក្លាហាន ។… ការសិក្សានៅក្នុងព្រះគម្ពីរមរមនប្រកបដោយការអធិស្ឋាន នឹងស្ថាបនាសេចក្តីជំនឿទៅលើព្រះជាព្រះវរបិតា ទៅលើព្រះរាជបុត្រាជាទីស្រលាញ់របស់ទ្រង់ និងទៅលើដំណឹងល្អរបស់ទ្រង់ ។ ព្រះគម្ពីរមរមននឹងស្ថាបនាសេចក្ដីជំនឿរបស់អ្នកទៅលើព្យាការីរបស់ទាំងពីបុរាណ និងសម័យទំនើប ។ វាអាចនាំអ្នកខិតទៅជិតនឹងព្រះ ជាជាងគម្ពីរណាៗទាំងអស់ ។ ព្រះគម្ពីរមរមនអាចផ្លាស់ប្តូរជីវិតឲ្យកាន់តែប្រសើរឡើង ។ … ខ្ញុំសូមអង្វរអ្នកឲ្យផឹកកាន់តែជ្រៅ ហើយជាញឹកញាប់ចេញពីទំព័រនៃគម្ពីរនេះ ។ ( ហិនរី ប៊ី. អាវរិង « A Witness » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦៩–៧១ ) ។
ហើយប្រធាន រ័សុល អិម ណិលសុន បានសន្យាថា ៖
ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមន រាល់ថ្ងៃប្រកបដោយការអធិស្ឋាន នោះបងប្អូននឹងធ្វើការសម្រេចចិត្តដែលប្រសើរ—រៀងរាល់ថ្ងៃ ។ ខ្ញុំសូមសន្យាថា ពេលបងប្អូនសញ្ជឹងគិតនូវអ្វីដែលបងប្អូនសិក្សា នោះបង្អួចស្ថានសួគ៌នឹងបើកឡើង ហើយបងប្អូននឹងទទួលចម្លើយចំពោះសំណួរផ្ទាល់ខ្លួន និងការដឹកនាំសម្រាប់ជីវិតបងប្អូនផ្ទាល់ ។ ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមនរាល់ថ្ងៃ បងប្អូនអាចត្រូវបានការពារឲ្យផុតពីអំពើអាក្រក់នៃថ្ងៃនោះ ជំងឺដ៏ធំនៃរូបអាសគ្រាម និងការញៀនផ្សេងទៀតដែលធ្វើឲ្យគំនិតស្ពឹក ។ ( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២–៦៣ )