ថ្នាក់​វិទ្យាស្ថាន
ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៧ ៖ បន្ត​ស្មោះត្រង់​នៅក្នុង​ការណ៏​ផ្ទុយ និង​ទុក្ខវេទនា


« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៧ ៖ បន្ត​ស្មោះត្រង់​នៅក្នុង​ការណ៏​ផ្ទុយ និង​ទុក្ខវេទនា » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៧ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៧

បន្ត​ស្មោះត្រង់​នៅក្នុង​ការណ៏​ផ្ទុយ និង​ទុក្ខវេទនា

យប់​ដ៏​ត្រជាក់​នៅ​រដ្ឋ​មិសសួរី ដោយ យ៉ូសែប ព្រិកឃី

យើង​ទាំងអស់​គ្នា​មាន​បទពិសោធន៍ ដែល​សាកល្បង​សេចក្ដី​ជំនឿ​របស់​យើង ។ ឧបសគ្គ​របស់​យើង​មួយ​នៅក្នុង​ជីវិត​គឺ​ត្រូវ​បន្ដ​ក្លាហាន និង​ខ្ជាប់ខ្ជួន​តាម​ព្រះ នៅពេល​យើង​ប្រឈម​មុខ​នឹង​គ្រា​លំបាក​ទាំងនោះ ។ នៅពេល​បងប្អូន​សិក្សា​ចំណុច​មេរៀន​ខាងក្រោម​នេះ សូម​រកមើល​គោលការណ៍​នានា ដែល​អាច​ជួយ​ដឹកនាំ​បងប្អូន​អំឡុង​ពេល​សាកល្បង​សេចក្ដី​ជំនឿ​នេះ ។

ផ្នែក​ទី ១

តើ​ពួកបរិសុទ្ធ​បាន​ដក​ពិសោធន៍​បទបញ្ហា​អ្វីខ្លះ​នៅ​ក្រុង​ខឺតឡង់ រដ្ឋអូហៃអូ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៨៣០ ?

ព្រិកហាំ យ៉ង់ បាន​ពោល​អំពី​វិបត្តិ​ដែល​បាន​រួមរឹត​សាសនាចក្រ​នៅ​ឆ្នាំ ១៨៣៧ ថា « ជង្គង់​របស់​បុរស​ដ៏​រឹងមាំ​ជាច្រើន​នៅ​ក្នុង​សាសនាចក្រ​បាន​ស្រុតចុះ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៣១៧ ) ។ ទើប​ឆ្នាំ​មុន​ពួកបរិសុទ្ធ​បាន​រីករាយ​នឹង​សេចក្ដី​សុខសាន្ដ ព្រមទាំង​ការចាក់​ស្រោច​វិវរណៈ​នៅ​ឯ​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺត​ឡង់ ។ ប៉ុន្ដែ​ប៉ុន្មាន​ខែ​បន្ទាប់ពី​ការឧទ្ទិស​នេះ « វិញ្ញាណ​នៃ​ការប៉ាន់ស្មាន » ដែល​បាន​តាម​ទាន់​ជាតិសាសន៍​នេះ ក៏​បាន​ចាប់ផ្ដើម​យកឈ្នះ​លើ​ពួកបរិសុទ្ធ​ផងដែរ ។ ហើប៊ើរ ស៊ី ឃឹមបឹល បាន​សរសេរ​ថា ក្រុង​ខឺតឡង់ « ហាក់​ដូច​រីកចម្រើន​ក្នុង​សន្ទុះ​ដ៏​ខ្លាំង​មួយ ហើយ​មនុស្ស​ទាំងអស់​ហាក់​តាំងចិត្ត​ថា​នឹង​ក្លាយជា​អ្នកមាន​ស្ដុកស្ដម្ភ តែ​ក្នុង​អារម្មណ៍​ខ្ញុំ ពួកគេ​មាន​ស្ដុកស្ដម្ភ​ក្លែង​ក្លាយ ឬ​ក្នុង​ក្ដី​ស្រមៃ​ប៉ុណ្ណោះ ។ ការលេច​រូបរាង​នៃ​ការរីកចម្រើន​នេះ​បាន​ដឹកនាំ​ពួកបរិសុទ្ធ​ជាច្រើន​ឲ្យ​ជឿ​ថា ពេលវេលា​បាន​មក​ដល់​ហើយ ដែល​ព្រះអម្ចាស់​នឹង​ចម្រើន​ពួកគេ​ដោយ​ទ្រព្យ​សម្បត្តិ​នៃ​ផែនដី​នេះ ហើយ​ការជឿ​ដូច្នោះ វា​បាន​ជម្រុញ​ឲ្យ​ពួកគេ​មាន​ការខំ​ប្រឹង​យ៉ាង​ក្រៃលែង យ៉ាង​ខ្លាំង​រហូត​ដល់​ពួកសាវក​ពីរ​នាក់​ក្នុង​ចំណោម​ពួកដប់​ពីរ​នាក់​គឺ លីម៉ាន អ៊ី ចនសុន និង​ចន អេហ្វ ប៊យថុន បាន​ទៅ​ក្រុង​ញូវ យ៉ក ហើយ​ទិញ​ទំនិញ​ដែល​មាន​តម្លៃ​ចំនួន ២០០០០ ដុល្លារ ហើយ​បាន​ប្រឡូក​ចូល​ក្នុង​អាជីវកម្ម​ឈ្មួញ​កណ្ដាល ទៅ​ខ្ចី​លុយ​ច្រើន​ពី ផលលី វូសស៍ និង​ពួកបរិសុទ្ធ​ផ្សេងទៀត​នៅ​ក្រុង​បុសថុន និង​តំបន់​នៅ​ជុំវិញ​នោះ ហើយ​ដែល​ពួកគេ​មិន​ដែល​បាន​សង​វិញ​នោះ​ទេ » ( នៅក្នុង Orson F. Whitney, The Life of Heber C. Kimball [ ឆ្នាំ ១៨៨៨ ] ទំព័រ ១១១–១១២ ) ។

វិញ្ញាណ​នៃ​ការឆ្មើងឆ្មៃ ការរិះគន់ និង​ការក្បត់​សាសនា​បាន​ចាប់ផ្ដើម​រីករាល​ដាល​នៅក្នុង​ចំណោម​ពួក​បរិសុទ្ធ​ជាច្រើន ។ អេលីស្សា អ័រ ស្នូ បាន​រំឭក​ថា ៖

មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​បាន​បន្ទាបខ្លួន និង​ស្មោះត្រង់​ដើម្បី​ធ្វើ​កាតព្វកិច្ច​រៀងរាល់​ថ្ងៃ… បាន​ប្រែជា​ក្រអឺតក្រទម ហើយ​លើក​ចិត្ត​ខ្លួន​ឡើង​ក្នុង​ការឆ្មើងឆ្មៃ​របស់​គេ ។ កាល​ពួកបរិសុទ្ធ​បាន​ឈ្លក់​ក្នុង​សេចក្ដី​ស្រឡាញ់ និង​វិញ្ញាណ​នៃ​ពិភពលោក​នេះ នោះ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​បាន​ដក​ថយ​ចេញពី​ដួងចិត្ត​របស់​ពួកគេ ។ ( នៅក្នុង ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៣១៧ )

ដ្បិត​បើ​មាន​ជំនឿ​ខុស​លើ​ការរីកចម្រើន ក៏​មាន​សម្ពាធ​ខាង​ហិរញ្ញវត្ថុ​កើន​ឡើង​យ៉ាង​ខ្លាំង​លើ​សាសនាចក្រ បន្ទាប់​ពី​ការចំណាយ​លើ​ការសង់​ព្រះវិហារ​បរិសុទ្ធ និង​ការទិញ​ដី ដែល​បាន​បណ្ដាល​ឲ្យ​សាសនាចក្រ​ជំពាក់​បំណុល​គេ​រាប់​រយ​ពាន់​ដុលា្លរ ។ ឥឡូវ​នេះ ពួកបរិសុទ្ធ​នៅ​ទីក្រុង​ខឺតឡង់ និង​ក្នុង​រដ្ឋ​មិសសួរី​បាន​ពុះពារ​ក្នុង​ការធ្វើតាម​ការបញ្ជា​របស់​ព្រះអម្ចាស់​ឲ្យ​ទិញ​ដី​បន្ថែម​ទៀត ហើយ​សាងសង់​ជម្រក​ថ្មី​នៅ​ហ្វា វ៉េស និង​នៅ​ស្រុក​ចាកសុន ។ ក្នុង​បំណង​ជួយ​បន្ថយ​សម្ពាធ​ខាង​ហិរញ្ញវត្ថុ​លើ​សាសនាចក្រ យ៉ូសែប ស៊្មីធ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត​បាន​បង្កើត​ជា​ធនាគារ​តូច​មួយ ដែល​ហៅ​ថា​ជា​សង្គម​សុវត្ថិភាព​ខឺតឡង់ ។ ពួកបរិសុទ្ធ​ជាច្រើន​នាក់​បាន​ទិញ​ភាគហ៊ុន​នៅ​ក្នុង​ធនាគារ​ថ្មី​នោះ រួមទាំង​យ៉ូសែប​ផងដែរ ។ ពួកបរិសុទ្ធ​ជាច្រើន​បាន​ជឿ​ថា អនាគត​នឹង​នាំ​មកនូវ​ភាពរីកចម្រើន និង​ទ្រព្យធន ប្រសិនបើ​ពួកគេ​ស្មោះត្រង់ ។

លុយ​ប្រាំ​ដុល្លារ​ធនាគារ​ខឺតឡង់

ប៉ុន្ដែ​ជា​លទ្ធផល​នៃ​ការស្រុតចុះ​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​នៅ​ដើម​ឆ្នាំ ១៨៣៧ ធនាគារ​ជាច្រើន​បាន​រលំ​នៅ​ទូទាំង​សហរដ្ឋ ។ ភាពជ្រួល​ច្របល់​ខាង​សេដ្ឋកិច្ច​ទូទាំង​ប្រទេស​ជាតិ រួមនឹង​ការប្រឆាំង​ដ៏​ខ្លាំង​ពី​សំខាន់​ប្រជាជន​ដែល​មិន​មែន​ជា​សមាជិក​មួយ​ចំនួន បាន​រួម​ចំណែក​ឲ្យ​ធ្លាក់​ក្នុង​បរាជ័យ​នៃ​សង្គម​សុវត្ថិភាព​ខឺតឡង់ ប្រហែល​ប្រាំពីរ​ខែ ក្រោយពី​វា​បាន​បើក ។ អ្នក​វិនិយោគ​ពីរ​រយ​នាក់​នៅក្នុង​ធនាគារ​បាន​បាត់បង់​អ្វីៗ​ស្ទើរ​តែ​ទាំងអស់ ដោយ​មាន យ៉ូសែប ស្ម៊ីធ ទទួលរង​ការការខូចខាត​ខ្លាំងជាង​គេ ។

ទោះបីជា​ពួកបរិសុទ្ធ​ភាគច្រើន​បាន​ឆ្លើយតប​ដោយ​សេចក្ដី​ជំនឿ ហើយ​បន្ដ​ពិត​ចំពោះ​ទីបន្ទាល់​របស់​ពួកគេ​អំឡុង​ពេល​នៃ​ការសាកល្បង​នេះ​ក្ដី ក៏​មនុស្ស​ផ្សេងទៀត​ជាច្រើន​រួមទាំង​ថ្នាក់ដឹកនាំ​សាសនាចក្រ​មួយ​ចំនួន​ផងដែរ បាន​បន្ទោស​យ៉ូសែប ស៊្មីធ​ចំពោះ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ពួកគេ​ដែរ ។ មនុស្ស​មួយ​ចំនួន​បាន​អះអាង​ថា លោក​គឺជា​ព្យាការី​ក្លែងក្លាយ ហើយ​ចង់​តែងតាំង​ប្រធាន​សាសនាចក្រ​ថ្មី​មួយ​ជំនួស​តំណែង​របស់​លោក ។

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បន្ដ​នៅ​រឹងមាំ និង​ខ្ជាប់ខ្ជួន នៅពេល​សេចក្ដី​ជំនឿ​ខ្ញុំ​ត្រូវបាន​សាកល្បង​នោះ ?

ផែនទី​សហរដ្ឋ​ភាគ​ឦសាន

នៅ​ដើម​ឆ្នាំ ១៨៣៧ ថូម៉ាស ប៊ី ម៉ាស ដែល​ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ជួយ​ដឹកនាំ​សាសនាចក្រ​នៅ​រដ្ឋ​មិសសួរី ។ ក្រោយពី​ដឹង​ថា សមាជិក​មួយ​ចំនួន​ក្នុង​កូរ៉ុម​បាន​រិះគន់ យ៉ូសែប ស៊្មីធ និង​បាន​ចាប់ផ្ដើម​ឈ្លោះជាមួយគ្នា នោះ​ថូម៉ាស​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ដោយ​សង្ឃឹម​ថា​នឹង​បង្រួប​បង្រួម​ពួកដប់​ពីរ​នាក់​បាន ។

នៅតាម​ផ្លូវ​របស់​លោក​ទៅកាន់​ទីក្រុង​ខឺតឡង់ ថូម៉ាស​បាន​ដឹង​ថា ព្យាការី​បាន​ហៅ​សមាជិក​ពីរ​នាក់​ក្នុង​កូរ៉ុម​ឲ្យ​ទៅ​បម្រើ​បេសកកម្ម​នៅ​ប្រទេស​អង់គ្លេស ។ ថូម៉ាស​បាន​ជឿ​ថា ក្នុង​នាម​ជា​ប្រធាន​កូរ៉ុម វា​គឺជា​កាតព្វកិច្ច​របស់​លោក​ដើម្បី​ហៅ​ពួកគេ​ឲ្យ​ទៅ​បេសកកម្ម ។ នៅពេល​ថូម៉ាស​មក​ដល់​ទីក្រុង​ខឺតឡង់ លោក​បាន​ចែកចាយ​កង្វល់​របស់​លោក​ជាមួយ​នឹង យ៉ូសែប ស៊្មីធ ហើយ​ព្យាការី​បាន​ទទួល​វិវរណៈ​មួយ​ដែល​មាន​ការប្រឹក្សា​ដល់​ថូម៉ាស ( សូមមើល Revelations in Context [ ឆ្នាំ ២០១៦] ទំព័រ ៥៥–៥៧ ) ។

នៅពេល​បងប្អូន​អាន​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅកាន់​ថូម៉ាស សូម​ពិចារណា​ពី​ដំបូន្មាន និង​សេចក្ដីពិត​មកពី​វគ្គ​គម្ពីរ​នេះ ថា​តើ​វា​អាច​ជួយ​នរណាម្នាក់​ដែល​ពុះពារ​នឹង​សេចក្ដីជំនឿ​របស់​គេ​បាន​យ៉ាង​ណា ។ សូម​គិត​ពី​ការគូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

រូបតំណាង ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:១០, ១២–១៥ ។

រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​គោលការណ៍​អ្វីខ្លះ ដែល​បាន​កត់ត្រា​នៅក្នុង​វិវរណៈ​នេះ ដែល​អាច​ជួយ​បងប្អូន​ឲ្យ​នៅ​បន្ដ​រឹងមាំ និង​ខ្ជាប់ខ្ជួន​អំឡុង​ពេល​សាកល្បង​នៃ​សេចក្ដីជំនឿ​របស់​បងប្អូន ?

ផ្នែក​ទី ៣

តើ​ឧបសគ្គ​អាច​ជួយ​រៀបចំ​ខ្លួន​យើង​សម្រាប់​ការរៀនសូត្រ​ដ៏​សំខាន់​បំផុត​មួយ​ចំនួន​បាន​យ៉ាង​ដូចម្ដេច ?

មនុស្ស​ពីរ​បី​រូប​នៅ​ទីក្រុង​ខឺតឡង់​ដែល​បាន​ចាកចេញ​ពី​សាសនាចក្រ បាន​ព្យាយាម​សម្លាប់​យ៉ូសែប ស៊្មីធ ។ ដោយ​បាន​ព្រមាន​ពី​ព្រះអម្ចាស់​នៅក្នុង​វិវរណៈ​មួយ លោក និង​ស៊ីឌនី រិកដុន បាន​ចាកចេញ​នៅពេល​យប់ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ហ្វា វ៉េស រដ្ឋ​មិសសួរី ហើយ​មក​ដល់​នៅ​ខែ មីនា ឆ្នាំ ១៨៣៨ ។ អំឡុង​រដូវ​ក្ដៅ និង​រដូវ​ស្លឹកឈើ​ជ្រុះ​នៅ​ឆ្នាំ​នោះ ការយល់​ច្រឡំ និង​ភាពតានតឹង​រវាង​ពួកនៅ​រដ្ឋ​មិសសួរី និង​សមាជិក​សាសនាចក្រ​បាន​នាំ​ទៅរក​វិបត្តិ​ដោយ​ប្រើ​គ្រឿង​សព្វាវុធ​នៅ​រដ្ឋ​មិសសួរី​ភាគ​ខាង​ជើង ។ ដោយ​ពឹងផ្អែក​លើ​របាយការណ៍​និយាយ​បំផ្លើស​ស្ដីពី​វិបត្តិ​នេះ នោះ​អភិបាល​រដ្ឋ​មិសសួរី​បាន​ចេញ​បញ្ជា​វិនាសកម្ម ឲ្យ​បណ្ដេញ​ពួកបរិសុទ្ធ​ចេញពី​រដ្ឋ​នេះ​ដោយ​កម្លាំង​កំហិត ។ ភ្លាមៗ​ក្រោយពី​ការចេញ​បញ្ជា​នេះ នៅ​ខែ វិច្ឆិកា ឆ្នាំ ១៨៣៨ ព្យាការី យ៉ូសែប ស៊្មីធ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត​ត្រូវបាន​គេ​ចាប់ខ្លួន ចោទប្រកាន់​ដោយ​ខុសឆ្គង​ពី​បទ​ក្បត់​នឹង​រដ្ឋ ហើយ​នៅ​ទីបំផុត​ត្រូវបាន​គេ​ដាក់​គុក​នៅ​លិបើធី ក្នុង​ស្រុក​ក្លេ រដ្ឋ​មិសសួរី ។

រូបថត​នៃ​គុក​លិបើធី

រូបថត​ប្រវត្តិសាស្ដ្រ​នៃ​គុក​លិបើធី នៅ​ក្រុង​លិបើធី រដ្ឋ​មិសសួរី ។

ជីវិត​ក្នុង​គុក​បាន​ធ្វើឲ្យ​យ៉ូសែប​អស់​កម្លាំង​ពលំ ។ អ្នកឆាឆៅ​នឹង​ឡើង​តាម​បង្អួច​របារ​ដែក​មក​សំឡឹង​ស្លឺ ឬ​ស្រែក​ពាក្យ​អាសគ្រាម​ដាក់​លោក ។ ជាញឹកញាប់ លោក និង​អ្នកទោស​ផ្សេងទៀត​គ្មាន​អ្វី​បរិភោគ​ឡើយ ក្រៅពី​នំប៉័ង​ពោត​បន្ដិច​បន្ដួច​ទុក​បរិភោគ ។ ចំបើង​ដែល​ពួកលោក​បាន​ប្រើ​ធ្វើ​ជា​គ្រែ​តាំង​ពី​ខែ​ធ្នូ​មក ឥឡូវ​នេះ​បាន​ក្រាំង​ជាប់​គ្នា និង​លែង​ដេក​ស្រួល​ទៀត​ហើយ ។ នៅពេល​ពួកលោក​បាន​ដុត​ភ្លើង​ដើម្បី​កម្ដៅ​ខ្លួន​លោក នោះ​បន្ទប់​គុក​បាន​ពេញ​ដោយ​ផ្សែង ហើយ​បាន​ធ្វើ​ឲ្យ​ពួកគេ​ឈ្លក់ ។ …

តាំង​ពី​បាន​ទទួល​ការហៅ​បម្រើ​ដ៏​ទេវភាព​របស់​លោក​មក យ៉ូសែប​បាន​ឈាន​ទៅមុខ​ក្នុងការ​ប្រឈម​នឹង​ការប្រឆាំង ខិតខំ​គោរពតាម​ព្រះអម្ចាស់ និង​ប្រមូលផ្ដុំ​ពួកបរិសុទ្ធ ។ ប៉ុន្ដែ​ទោះ​សាសនាចក្រ​បាន​រីកចម្រើន​ក្នុង​ពេល​កន្លង​ទៅ​ច្រើន​ប៉ុណ្ណា​ក្ដី ក៏​វា​មើល​ទៅ​ហាក់​ជិត​ដួល​រលំ​ទៅ​វិញ​ហើយ​ដែរ​នា​ពេល​នេះ ។

ពួកឧក្រិដ្ឋជន​បាន​បណ្ដេញ​ពួកបរិសុទ្ធ​ចេញ​ក្រុង​ស៊ីយ៉ូន​នៅ​ស្រុក​ចាកសុន ។ ការខ្វែង​យោបល់​ផ្ទៃក្នុង​បាន​បំបែក​បំបាក់​សាសនាចក្រ​នៅ​ទីក្រុង​ខឺតឡង់ ហើយ​បាន​ទុក​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ដៃ​របស់​ម្ចាស់​បំណុល ។ ហើយ​ឥឡូវ​នេះ ក្រោយពី​សង្គ្រាម​ដ៏​ព្រៃផ្សៃ​មួយ​ជាមួយ​នឹង​អ្នកជិតខាង​របស់​ពួកគេ នោះ​ពួកបរិសុទ្ធ​ត្រូវបាន​ធ្វើឲ្យ​ខ្ចាត់ខ្ចាយ​តាម​មាត់​ទន្លេ​មិសស៊ីស៊ិបភី​ភាគ​ខាងកើត បាន​បាក់​ទឹកចិត្ត និង​គ្មាន​ជម្រក ។ …

[ យ៉ូសែប​បាន​មាន​អារម្មណ៍​ថា ] ពួកបរិសុទ្ធ​គឺជា​មនុស្ស​ល្អ ដែល​បាន​ស្រឡាញ់​ព្រះ ។ ពួកគេ​មិន​សម​នឹង​ត្រូវបាន​គេ​បណ្ដេញ​ចេញពី​ផ្ទះ​របស់​គេ ត្រូវ​គេ​វាយដំ និង​ទុក​ឲ្យ​ស្លាប់​ដូច្នេះ​ឡើយ ។( ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយវ៉ុល ១ បទដ្ឋាន​នៃ​សេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៣៨៤–៣៨៥ )

យ៉ូសែប ស៊្មីធ​នៅក្នុង​គុកលីប៊ើធី ដោយ ហ្គ្រេក ខេ អូលសិន

នៅក្នុង​សំបុត្រ​មួយ​ទៅកាន់​ថ្នាក់ដឹកនាំ​សាសនាចក្រ និង​ពួកបរិសុទ្ធ​នៅ​ឯ​ផ្ទះ យ៉ូសែប ស៊្មីធ​បាន​ស្រែក​អំពាវនាវ​ក្នុង​ការអធិស្ឋាន​ថា « ឱ​ព្រះ​អង្គ​អើយ តើ​ព្រះ​អង្គ​គង់នៅ​ទីណា ? … តើ​ព្រះហស្ត​ទ្រង់​នឹង​ទប់​ទុក ហើយ​ព្រះនេត្រ​ទ្រង់ …​ដែល​ទត​មើល​មក​ពី​ស្ថានសួគ៌​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នូវ​កំហុស​ទាំងឡាយ​នៃ​រាស្ត្រ​របស់​ទ្រង់ និង​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​នឹង​ព្រះ​កាណ៌​ទ្រង់ ដែល​ឮ​សម្រែក​របស់​ពួក​គេ​ដល់​ណា​ទៅ ? »( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:១–២ ) ។

សូម​គិត​អំពី​គ្រា​ដែល​បងប្អូន​បាន​ពុះពារ​នឹង​ឧបសគ្គ ហើយ​បាន​ស្រែក​អំពាវនាវ​ដល់​ព្រះ​ឲ្យ​ជួយ ។ នៅពេល​បងប្អូន​សិក្សា​បន្ទូល​របស់​ព្រះអម្ចាស់​ខាងក្រោម​នេះ​ទៅកាន់​យ៉ូសែប​នៅក្នុង​គុក​លិបើធី សូម​ស្រមៃ​ថា ព្រះអម្ចាស់​បាន​មាន​បន្ទូល​នោះ​មកកាន់​បងប្អូន ។ សូម​ពិចារណា​ធ្វើការ​គូស​ចំណាំ​ឃ្លា និង​គោលការណ៍​ទាំងឡាយ​ដែល​បងប្អូន​ចាប់​អារម្មណ៍ ។

រូបតំណាង ការសិក្សា

សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៧–១០ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២:៧–៩ ។

រូបតំណាង​ការកត់ត្រា

កត់ត្រា​គំនិត​របស់​បងប្អូន

នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​បងប្អូន ឬ​នៅ​កន្លែង​ដែល​ផ្ដល់​មក សូម​សរសេរ​ពាក្យ និង​គោលការណ៍​នានា​ដែល​បងប្អូន​ចាប់​អារម្មណ៍​ចេញពី​វគ្គ​បទគម្ពីរ​ខាងលើ​នេះ ។ សូម​ត្រៀម​ខ្លួន​ចែកចាយ​នៅក្នុង​ថ្នាក់រៀន​នូវ​អ្វី​ដែល​បងប្អូន​បាន​រៀន ។ តើ​បងប្អូន​បាន​ដកពិសោធន៍​ដោយ​ខ្លួន​បងប្អូន​នូវ​សេចក្ដីពិត​ពេញលេញ​នៃ​គោលការណ៍ ដែល​ព្រះអម្ចាស់​បាន​បង្រៀន​យ៉ូសែប ស៊្មីធ​នៅក្នុង​គុក​លិបើធី​ដោយ​របៀប​ណា ?